ដោយៈសុផល/ភ្នំពេញៈមូលនិធិជប៉ុនរួមសហការជាមួយស្ថានទូតជប៉ុន,ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននឹងរៀបចំមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (រោងភាពយន្តMajorCineplex AEONI,រោងភាពយន្តMajorCineplexAEONIIនិងរោងភាពយន្តLegendសាខាទួលគោក)និងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ នៅខេត្តសៀមរាប (រោងភាពយន្ត Major Cineplex) ។
កំឡុងពេលមហោស្រពមានភាពយន្តជាច្រើនប្រភេទត្រូវបានសម្រិតសម្រាំងសម្រាប់ការចាក់បញ្ចាំងនៅរោងភាពយន្តល្បីៗដូចដែលបានជម្រាបជូនខាងលើ។ភាពយន្តទាំងនោះរួមមានភាពយន្តបែបមនោសញ្ចេតនា ស៊ើបអង្កេត បែបតន្ត្រី គំនូរជីវចល ប្រវត្តិសាស្ត្រ និងកំប្លែងជាដើម។
ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងទាំងនេះឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជនសង្គមនិងវប្បធម៌ជប៉ុនហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនាអាចស្គាល់ពីប្រទេសនិងប្រជាជនជប៉ុន។ភាពយន្តជប៉ុនចំនួន១០រឿងនឹងត្រូវចាក់បញ្ចាំងជាមួយចំណងជើងរងជាភាសាខ្មែរនិងភាសាអង់គ្លេស។សម្រាប់តារាងកាលបរិច្ឆេទនៃការចាក់បញ្ចាំងមានផ្សព្វផ្សាយនៅលើគេហទំព័រមហោស្រពភាពយន្តជប៉ុន៖ (http://kh.japanesefilmfest.org/screening-schedule/)។សម្រាប់ការចូលរួម គឺដោយសេរី និងឥតគិតថ្លៃ។
សូមជម្រាបថាមហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ ដើម្បីជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងកម្ពុជា៕S/
ចំណងជើងរូបថត៖ភាពយន្តជប៉ុនចំនួន១០រឿងនឹងត្រូវចាក់បញ្ចាំងនៅភ្នំពេញនិងសៀមរាបនៅក្នុងមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ២០១៩