​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៨​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦​ខែវិច្ឆិកា​

1029
ចែករម្លែក

ដោយៈ បញ្ញា​សាស្ត្រ​,​សុផល​
​ភ្នំពេញៈ មូលនិធិ​ជប៉ុន រួមសហការ​ជាមួយ​ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត​Major Cineplex AEON 1 និង​រោងភាពយន្ត Legend សាខា​ទួ​ក​គោ​កនៅ​រាជធានី​ភ្នំពេញ និង​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត Major Cineplex ខេត្តសៀមរាប​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៃ​សា្ថ​ន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​។

​ប្រភព​ដដែល​បញ្ជាក់ថា​ភាពយន្ត​ជាច្រើន​ប្រភេទ​ក្នុង​មហោស្រព​នេះ ដែល​ត្រូវបាន​សម្រិតសម្រាំង​សម្រាប់​ការដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ល្បីៗ​ដូចដែល​បាន​ជម្រាបជូន​ខាងលើ​។ ភាពយន្ត​ទាំងនោះ​រួមមាន ភាពយន្ត​បែប​មនោសញ្ចេតនា ស្រមើស្រមៃ អាថ៌កំបាំង ភាពយន្ត​ប្រឌិត​បែប​បច្ចេកវិទ្យា ភាពយន្ត​គំនូរជីវចល ភាពយន្ត​បែប​រន្ធត់ និង​កំប្លែង​ជាដើម ហើយ​ក្នុងនោះ​មាន​ខ្សែភាពយន្ត​ខ្លះ​ធ្លាប់​ទទួលបាន​ពានរង្វាន់​ផងដែរ​។ ភាពយន្ត​ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​នេះ ឆ្លុះបញ្ចាំង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន សង្គម និង​វប្បធម៌​ជប៉ុន ហើយ​មហោស្រព​នេះ​ក៏​ផ្តល់ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នកទស្សនា​អាច​ស្គា​ល់ពី​ប្រទេស និង​ប្រជាជន​ជប៉ុន​។

​សម្រាប់​ឆ្នាំនេះ ភាពយន្ត​ជប៉ុន​ចំនួន​១១​រឿង នឹងត្រូវ​បាន​ចាក់​បញ្ចាំង​ជាមួយ​ចំណងជើង​រង​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ សម្រាប់​កម្មវិធី​លម្អិត​នៃ​ការចាក់​បញ្ចាំង​មាន​ផ្សព្វផ្សាយ នៅលើ​គេហទំព័រ នៃ​មហោស្រព​ភាពយន្ត​ជប៉ុន​៖ (http://kh.japanesefilmfest.org/)​។ ការចូលរួម​គឺ​ដោយ​សេរី និង​មិន​គិតថ្លៃ​។

​មហោស្រព​ភាពយន្ត​ជប៉ុន ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៥​មក រួមគ្នា ជាមួយ​ការផ្លាស់ប្តូរ​រវាង​ផលិតករ​ភាពយន្ត​កម្ពុជា និង​ជប៉ុន​។ កំឡុង​មហោស្រព​ឆ្នាំនេះ មូលនិធិ​ជប៉ុន​បាន អញ្ជើញ លោក Koji ICHIHASHI ដែលជា​ផលិតករ​ភាពយន្ត​បែប​រន្ធត់ និង​កំប្លែង ក្រោម​ចំណងជើង «One Cut of the Dead» ចូលរួម និង​រៀបចំ​សិក្ខាសាលា​សម្រាប់​ផលិតករ​ភាពយន្ត ព្រមទាំង​ចាក់​បញ្ចាំងភាពយន្ត ជា​លក្ខណៈពិសេស ដោយមាន​វគ្គ​សំនួរ​-​ចម្លើយ ជាមួយនឹង​ផលិតករ​ក្រោយ​ការចាក់​បញ្ចាំង​ផងដែរ​៕ ល​