​មានការ​ចោទ​មេ​ភូមិបាល​ស្រុក​ទឹកផុស ថា​គាប​យកលុយ​ហើយ​បង្កក​ឯកសារ​ជិត​មួយឆ្នាំ​

1407
ចែករម្លែក

ដោយៈ​ក​ង្រី​/​កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅក្នុង​ភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ជៀប ស្រុក​ទឹកផុស បាន​សម្តែង​នូវ​ការមិនសប្បាយចិត្ត ចំពោះ​ទង្វើ​របស់លោក​សុខ សម្បត្តិ ប្រធានការិយាល័យ​ភូមិបាល​ស្រុក ដោយសារតែ​លោក​បាន​គាប​យកលុយ​ពី​ពួកគាត់​ជិត​ពីរម៉ឺន​ដុល្លារ​។​ទំនងជា​ចង់បាន​លុយ​បន្ថែមទៀត​ទើប​បង្កក​ឯកសារ​ជិត​មួយឆ្នាំ​អត់​ទាន់​ចេញរួច​។​ចំណែក​ប្រធាន​ភូមិបាល​ដែល​រង​ការចោទប្រកាន់​បាន​បដិសេធថា​មិនបាន​ប្រព្រឹត្តិ​ដូច​ការលើក​ឡង​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ​។​

លោកប្រធានភូមិបាលស្រុកទឹកផុសដែលរងនូវការចោទប្រកាន់ពីពលរដ្ឋ

​ប្រភពពី​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ បាន​ប្រាប់ថា កន្លងទៅ​មាន​ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ នៅក្នុង​ភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ជៀប ស្រុក​ទឹកផុស បាន​ឯកភាពគ្នា​លក់​ដី ដែលមាន​ទំហំ​ប្រមាណ​៩០​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ ។
​ពេល​ធ្វើ​ឯកសារ​ផ្ទេរ​កាត់ឈ្មោះ​លោក​សុខ សម្បត្តិ មេ​ភូមិបាល​ស្រុក​ទឹកផុស​បានទាមទារ​លុយ​ក្រៅ​សេវា​ពី ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​ទាំងអស់​សរុប​ជិត​២​ម៉ឺន​ដុល្លារ ។ ទំនងជា​ចង់បាន​លុយ​បន្ថែមទៀត ទើប​លោក​សុខ សម្បត្តិ​បង្កក​ឯកសារ​ដី​នេះ​មិន​ព្រម​ចេញ អស់​រយពេល​៨​ខែ​មកហើយ ។​

​ប្រជាពលរដ្ឋ​រងគ្រោះ​ចង់​សួរថា តើ​ការធ្វើ​ឯកសារ​ផ្ទេរ​កាត់ឈ្មោះ​រវាង​អ្នកលក់​និង​អ្នកទិញ ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ និង ប៉ុន្មាន​ឆ្នាំ ? ហើយ​នៅក្នុង​ច្បាប់​មានកំណត់​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​រាប់ម៉ឺន​ដុល្លារ ក្រៅ​សេវា ទៅ​ឲ្យ​មន្ត្រី​ភូមិបាល​ដែរឬទេ ?

​មន្ត្រី​សាលាស្រុក​ទឹកផុស​មួយរូប​បាន​ឲ្យ​ដឹង​ដែរ​ថា រឿង​ដូចគ្នានេះ​ក៏ត្រូវ​បាន​លោក​សុខ សម្បត្តិ ធ្លាប់​បានធ្វើ​ចំពោះ​លោកស្រី​មេភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល​ម្តង​រួចមកហើយ ទំរាំ​បាន​ឯកសារ​អង្គា​ម​នៅសល់តែ​ឆ្នឹង ។​

​ករណីនេះ​លោក​លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបណីយកម្ម សំណង់​និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង ហាក់​ស្ងាត់ឈឹង​មិន​អើពើ​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក​សុខ សម្បត្តិ​​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ទឹកផុស បាន​បដិសេធថា​លោក​មិនបាន​យកលុយ​ក្រៅ​សេវា ពី​ប្រជាពលរដ្ឋ​ទាំង​នោះឡើយ​។​ចំពោះ​ការយឺតយ៉ាវ​ក្នុង​ការចេញ​ប័​ណ្ឌ​នេះ ដោយសារតែ​ខាង​ភាគី​អ្នកទិញ​ខ្វះ​ឯកសារ​។​

​ចំពោះ​លោក​លី សុភា ដែលជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបណីយកម្ម សំណង់​និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង​វិញ រស្មី​កម្ពុជា​មិនអាច​សុំ​ការបំភ្លឺ​បានទេ ពីព្រោះ​ទូរស័ព្ទ​របស់លោក​ប្រធាន​នៅ​ថ្ងៃទី​២៤​និង​ថ្ងៃទី​២៥ ខែមេសា​នេះ មិនអាច​ទំនាក់ទំនង​បាន​៕​មន

#