​មាន​អ្នករត់​ការសម្របសម្រួល​រឿង​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ម្នាក់​បាញ់​រថយន្ត​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន CPS

1212
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន​,​ឆាយា​នាថ / ភ្នំពេញ​: អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឈ្មោះ ដួង ណាគ្រី​បាន​បាញ់ ប្រហារ​យ៉ាង​សាហាវ​ដូច​ក្នុង​រឿងកុន​ទៅលើ​រថយន្ត រ៉ែ​ង រ៉ូ​វ័រ របស់​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន CPS កាលពី​ម៉ោងជាង​១២​យប់​ឈានចូល​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ កែង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ខ្មាន់កាំភ្លើង និង​បក្ខពួក​ជិះ​រថយន្ត LEXLIS RX330 ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ា​ន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS និង​ប្រពន្ធ​ឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របប បុគ្គលិក ណាហ្គា​វើ​ល ជិះ​រថយន្ត រ៉ែ​ង រ៉ូ​វ័រ ពណ៌​កណ្ដុរ​ល្មែះ​ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448​។​

​តាមរយៈ​វីដេអូ​ដែល​ប្រជាពលរដ្ឋ​ថត​បាន គឺ​គេ​ឃើញ​ខ្មាន់កាំភ្លើង​ជិះ​តាម​រករឿង​ជនរងគ្រោះ​តាំងពី​ចំណុច​មុខ​រ៉ក់ (​បឹងត្របែក​) រហូត​ទៅដល់​ជិត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ខ្មាន់កាំភ្លើង​បាន​ចុះ​ពីលើ​រថយន្ត​ឈរ​ជំទែង​បាញ់ប្រហារ ទៅលើ​រថយន្ត​ជនរងគ្រោះ​ផ្នែក​ខាងក្រោយ​។ តែ​សំណាងល្អ​គ្រាប់កាំភ្លើង​មិនត្រូវ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​។ ដោយសារ​ភាព​តក់​ស្ល​ត់ និង​ការភ័យខ្លាច​ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​សន្លប់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ឈ្មោះ ដួង ណាគ្រី អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​

​បន្ទាប់ពី​បាញ់​រួច​ខ្មាន់កាំភ្លើង​បាន​ជិះ​ចេញពី​កន្លែងកើតហេតុ​។ ប៉ុន្តែ​បាន​មួយសន្ទុះ ស្រាប់តែ​ខ្មាន់កាំភ្លើង​បាន​ជិះ​រថយន្ត​មកវិញ ក៏ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​។ លុះ​ព្រឹក​ឡើង​គេ​ឃើញ​ក្រុមប៉ូលិស​ស្នងការ​ក្រុង​បាន​នាំ​ខ្មាន់កាំភ្លើង ចេញពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ យកទៅ​ស្នងការ​ក្រុង​។ ក្រុមប៉ូលិស​ក្រុង​ទាំងនោះ ក៏បាន​ហាមឃាត់​ក្រុមអ្នកកាសែត​មិន​ឲ្យ​ថតរូប​ខ្មាន់កាំភ្លើង​នោះទេ​។​

​ទាក់ទង​ករណីនេះ បុរសរងគ្រោះ​ឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ា​ន់ បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ ប្រពន្ធ​របស់លោក​មិនសូវ​ស្រួល​ស្រួល ក៏បាន​ឈប់​ឡាន​នៅមុខ​រ៉ក់​មួយ​ភ្លេ​ត បន្ទាប់មក​បាន​បើករថយន្ត​បន្តទៀត​ទៅផ្ទះ តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស ៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប 2B-5153 បាន​បើក​ដេញ​រថយន្ត​លោក​ពីក្រោយ ហើយ​បាន​កៀរ​រថយន្ត​លោក​។​មកដល់​កន្លែង​លក់ ២៥០០​រៀល ក្បាលថ្នល់​ឲ្យ​ឈប់ រួច​បាន​ជជែក​គ្នា​មួយ​ភ្លេ​ត បន្ទាប់មក​លោក​ខិតខំ​បើករថយន្ត​គេច​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី រហូតដល់​កែង​ជិត​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ ជនបង្ក​បាន​ដក​អាវុធខ្លី​ម៉ាករូ​ឡូ​បាន​បាញ់​មកលើ​រថយន្ត​លោក​ពីក្រោយ​បែក​កញ្ចក់ បន្ទាប់មក​ប្រពន្ធ​លោក​បាន​សន្លប់​ដោយសារ​ភ័យ​ពេក​បាន​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​មានជ័យ​។

រហូតមកដល់​ល្ងាច​ថ្ងៃទី​២​ខែឧសភា​មិនឃើញ​ប៉ូលិស​ស្នងការ​ក្រុងភ្នំពេញ​បញ្ជូន​ខ្លួន​ខ្មាន់កាំភ្លើង​ទៅ​តុលាការ​នោះទេ​។

ជនរងគ្រោះ​ពី​រនាក់​ប្តី​ប្រពន្ធ​

​លោក ម៉ៅ សឿត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ ប្រាប់​រស្មី​កម្ពុជា​ថា នគរបាល​បាន​បញ្ជូន​សំណុំរឿង​និង​ជនបង្ក ទៅ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​បង្វែ​ឲ្យ​សួរ​ទៅ​ប្រធាន​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​។​

​រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍ ង៉ែ​ង ជួរ ប្រធាន​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​និយាយថា ជាប់រវល់​។​

​បើតាម​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ឲ្យ​ដឹងថា ចំពោះ​ករណីនេះ កំពុង​តែមាន​អ្នករត់​ការសម្របសម្រួល​ជាមួយ​ជនរងគ្រោះ និង​ថែមទាំង​មាន​អ្នករត់​ការដើរ​បិទបាំង​ព័ត៌មាន​។ ក៏មាន​អ្នករត់​ការ​ដល់​ថ្នាក់លើ​ដើម្បី​កុំ​ឲ្យ​ដក​ឈ្មោះ ដួង ណាគ្រី ពី​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។​

រថយន្ត RANGE ROVER របស់​ជនរងគ្រោះ​ដែល​រង​ការបាញ់ប្រហារ​

​ប្រភព​បាន​បន្តថា ឈ្មោះ ដួង ណាគ្រី ធ្លាប់​ធ្វើជា​ប៉ូលិស​នៅ​ខេត្តបាត់ដំបង និង​មាន​អាស្រូវ​ដែរ​ក៏បាន​ផ្ទេរ​មក​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ គឺជា​មន្ត្រី​។ ប៉ុន្តែ​ដោយសារ​មាន​ខ្នង​ឈ្មោះ ដួង ណាគ្រី បាន​រត់ការ​ឡើងជា​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​។​

​មានការ​រង់ ចាំមើល​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​មកពី​ប្រទេស​កូរ៉េ​វិញ នឹង​សម្រេច​យ៉ាងណា​លើ​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​រូបនោះ​?

​វិ​ដេ​អូ​ឃ្លី​ប​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាញ់ប្រហារ​លើ​រថយន្ត​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន CPS ត្រូវបាន​បង្ហោះ​ចែកចាយ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន​។

​សូមជម្រាបថា មាត្រា​២៧​នៃ​ក្រមព្រហ្មទណ្ឌ ចែងថា “​ការប៉ុនប៉ង​ក្នុង​បទឧក្រិដ្ឋ ឬ ក្នុងករណី​ដែល​ច្បាប់​បានចែង​ទុក​ក្នុង​បទមជ្ឈិម អា​ច​ត្រូវ​ផ្តន្ទាទោស​បាន កាលណា​លក្ខខណ្ឌ​ខាងក្រោម​នេះ ត្រូវបាន​បំពេញ ៖ -​ចារី​បានចាប់ផ្ដើម​អនុវត្ត​បទល្មើស មានន័យថា ចារី​បាន​ប្រព្រឹត្ត​អំពើ​ដែលមាន​គោលបំណង​ដោយផ្ទាល់​ដើម្បី​ប្រព្រឹត្ត​បទល្មើស និង ចារី​មិនបាន​បញ្ឈប់​អំពើ​របស់​ខ្លូន​ទៅវិញ​ដោយ​ស្ម័គ្រចិត្ត តែ​ត្រូវបាន​រាំងស្ទះ ឬ អាក់ខាន ដោយ​ឥទ្ធិពល​នៃ​កាលៈទេសៈ​ក្រៅ​ឆន្ទៈ​របស់​ខ្លូន ។ អំពើ​ត្រៀម​បម្រុង​ដែល​ពុំមាន​គោលបំណង​ដោយផ្ទាល់ ដើម្បី​ប្រព្រឹត្ត​បទល្មើស មិនមែនជា​ការចាប់ផ្ដើម​អនុវត្ត​ទេ ។ ការប៉ុនប៉ង​ក្នុង​បទលហុ ពុំ​ទទួល​ការផ្តន្ទាទោស​ទេ​”​។​
​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ចែងថា​”​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បានកំណត់​ក្នុង​មាត្រា​២០០(​បទ​ឃាតកម្ម​គិតទុក​ជាមុន​)​ដល់​មាត្រា​២០៥(​បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺ ជា​ឃាតកម្ម​។ ឃាតកម្ម ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ​៕ ល​