“​មា​សស​” ៖ ស្វែងយល់​ពី​រតនសម្បត្តិ​ថាមពល​ធម្មជាតិ​របស់​ប៊ូ​តង់​

1212
ចែករម្លែក
  • 22
    Shares

​ចាប់តាំងពី​គ្រា ដែល​លោក បុ​ប វូដ​រ៉ា​ហ្វ អ្នកនិពន្ធ​របស់​សារព័ត៌មាន ABC News បាន​ទស្សនា​អាស៊ី​កាលពី ៣០ ឆ្នាំមុន ក្តី​សុបិន​របស់គាត់​គឺ​ចង់ឃើញ​សម្រស់​និង​វប្បធម៌​ដ៏​អស្ចារ្យ​របស់​ប្រទេស​ប៊ូ​តង់ ដែល​គេ​ស្គាល់​ថា “​ព្រះរាជាណាចក្រ​នាគ​រន្ទះ​”​។

​មកទល់​សព្វថ្ងៃ លោក​បុ​ប​បាន​ទស្សនា​ប្រទេស​ប្រហែល ១២០ ហើយ​នៅក្នុង​ជីវិត​របស់គាត់ ហើយ​ប៊ូ​តង់​គឺជា​ប្រទេស​ស្រស់ស្អាត​បំផុត​ដែល​គាត់​ធ្លាប់​បានឃើញ​។ វត្ត​ព្រះពុទ្ធសាសនា​អស្ចារ្យ​ជាច្រើន​ត្រូវបាន​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ​ខៀវស្រងាត់ និង ទន្លេ​ហូរ​ជាច្រើន​ខ្សែ​។ គ្មាន​ភ្លើងស្តុប​នោះឡើយ​នៅ​ទូទាំងប្រទេស​ប៊ូ​តង់ ហើយ​សូម្បី​ក្នុង​រាជធានី​ធី​ម​ភូ ក៏​មិនសូវមាន​ឡាន​បើក​នោះដែរ​។

​ប៊ូ​តង់​តែង​ត្រូវបាន​គេ​ហៅថា “​ទីកន្លែង​រីករាយ​បំផុត​នៅលើ​ផែនដី​” បន្ទាប់ពី​ព្រះមហាក្សត្រ​របស់​ប្រទេស​នេះ​បាន​មានបន្ទូល​នៅ​ដើម​ទសវត្សរ៍ ១៩៧០ ថា ប្រទេស​នេះ​នឹង​អភិវឌ្ឍ​តែ​ក្នុង​ល្បឿន​ដែល​នឹង​ធ្វើឱ្យ​ប្រជាជន​រីករាយ​ប៉ុណ្ណោះ​។

​សម្រាប់​អំឡុង​សតវត្សរ៍​ទី​២០ ប៊ូ​តង់​គឺជា​ប្រទេស​ឯកោ​បំផុត​នៅលើ​ផែនដី​។ ប្រទេស​ប៊ូ​តង់​ពុំមាន​ផ្លូវថ្នល់​កៅស៊ូ​នោះទេ​រហូតដល់​ឆ្នាំ ១៩៦១ ជា​ឆ្នាំ​ដែល​លោក​បុ​ប​ទើបតែ​កើត​។ ទូរទស្សន៍​ក៏​មិនទាន់មាន​នោះដែរ​រហូតដល់​ឆ្នាំ ១៩៩៩​។

​អ្នកទេសចរ​មិនអាច​ត្រាច់ចរ​តាម​ទីក្រុង​និង​ភ្នំ​តែម្នាក់ឯង​បានឡើយ ពួកគេ​ត្រូវតែ​រុករក​ប្រទេស​នេះ​ជាមួយ​មគ្គុទេសក៍​ម្នាក់​។ បើ​ប្រៀបធៀប គឺ​មិន​ខុស​អី​ពី​ការដើរ​លេង​នៅ​កូរ៉េខាងជើង​ទេ ដែល​តម្រូវឱ្យមាន​អ្នកដើរ​តាម​ម្នាក់ និង “​អ្នកឃ្លាំមើល​ជាច្រើន​នាក់​” នឹង​រង់​ចាំមើល​អ្នកគ្រ​ប់​ពេល​។

​ប៉ុន្តែ​មគ្គុទេសក៍​នៅ​ប៊ូ​តង់​មិនមែន​ការពារ​ការសម្ងាត់​រប​ស់​រដ្ឋាភិបាល​នោះទេ ពួកគេ​ចង់​ការពារ​រ​បៀ​ប​របប​ប្រពៃណី​នៃ​ការរស់នៅ និង ការពារ​ទេសភាព​ធម្ម​ជាតិ​ពី​ការបំផ្លាញ​ដោយសារ​វិស័យ​ទេសចរណ៍​និង​ការបំពុល​បរិស្ថាន​។

​ព្រះមហាក្សត្រ​និង​ព្រះ​អគ្គមហេសី​នៅតែ​ត្រូវបាន​ប្រជាជន​ស្រឡាញ់​ខ្លាំង​នៅ​ប្រទេស​នេះ​។ ប្រជាពលរដ្ឋ​គឺ​តម្រូវឱ្យ​ស្លៀកពាក់​ប្រពៃណី​វប្បធម៌​ជាតិ​រាល់ថ្ងៃ ហើយ​ស្ថាបត្យកម្ម​ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​។

​ប៊ូ​តង់​ជា​ប្រទេស​ឯកោ​ជា​យូរ​មកហើយ​ដោយសារតែ​ហេតុផល​មួយចំនួន រួមមាន សាសនា ទីតាំង​ភូមិសាស្ត្រ​នៅ​ទី​ខ្ពស់​ជាងគេ​លើ​ផែនដី និង​តួនាទី​របស់ខ្លួន​ជា​ប្រទេស​ទ្រនាប់​តូច​តែ​ខ្លាំងក្លា​នៅ​ចន្លោះ​ប្រទេស​មហាអំណាច​ទាំង​២ គឺ​ចិន និង ឥណ្ឌា​។ ប៊ូ​តង់​ជា​ប្រទេស​តូច មាន​ប្រជាជន​ប្រហែល ៨១៥.០០០ នាក់ ដែល​នៅ​កៀប​សងខាង​ដោយ​មហា​យក្ស​ទាំង​២ ដែលមាន​ប្រជាជន​សរុប​រួមគ្នា ២,៧ ពាន់​លាន​នាក់​។

​ទោះបី​ប្រវត្តិសាស្ត្រ​វប្បធម៌​របស់​ប៊ូ​តង់​មាន​ភាព​អស្ចារ្យ ប៉ុន្តែ​បេសកកម្ម​របស់លោក​បុ​ប​នៅលើ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​គឺ​ស្វែងយល់​របស់​ផ្សេង​ពីនេះ​។ នោះ​គឺ​ធនធាន​ដ៏​មានតម្លៃ​និង​ដ៏​មាន​សារៈសំខាន់​ចំពោះ​ការរស់រាន​របស់​ប្រទេស​នេះ​នៅក្នុង​ពិភពលោក​ទំនើប ដែល​គេ​ហៅថា “​មា​សស​”​។

​ដោយមាន​ទីតាំង​នៅលើ​តំបន់​ខ្ពស់បំផុត ដែល​គេ​ហៅថា “​ប៉ូល​ទី​៣” ក្នុង​តំបន់​ទួល​ទី​បេ​តិ៍ ប្រទេស​ប៊ូ​តង់​ទទួល​ទឹក​រាប់ពាន់​លាន​ហ្គា​ឡុង​ពី​ការ​រលាយ​ព្រិល​នៅលើ​ភ្នំ​ហេមពាន្ត ដែលមាន​កម្ពស់​ប្រមាណ ៧.៩២៩ ម៉ែត្រ​ធៀប​នឹង​នីវ៉ូ​សមុទ្រ​។ ទឹកទន្លេ​ដ៏​ច្រើន​អនេក​បាន​ផ្គត់ផ្គង់​ទឹក​ទៅ​ប្រជាជន ១ ភាគ ៤ នៃ​ប្រជាជន​លើ​ពិភពលោក ដែល​រស់នៅក្នុង​បណ្តា​ប្រទេសជិតខាង​ប៊ូ​តង់​។

​ទំនង​ដោយសារតែ​ការឡើង​កម្តៅ​ផែនដី ទឹកកក​បាន​រលាយ​លឿន​ជាង​មុន ដោយ​នាំឱ្យ​បរិមាណ​ទឹក​យ៉ាងច្រើន​ហូរ​ចូលក្នុង​ប្រទេស​ប៊ូ​តង់​។ តាម​ប្រវត្តិសាស្ត្រ ទឹកកក​រលាយ​បាន​បង្ក​ទឹកជំនន់​ច្រើន​នៅ​ប៊ូ​តង់ ហើយ​ទឹកទន្លេ​កាន់តែ​រីក​មាឌ ព្រោះ​ទឹក​កាន់តែ​កើនឡើង​។

​ប៊ូ​តង់​គឺជា​ប្រទេស “​គ្មាន​កាបូន​” តែមួយគត់​នៅលើ​ពិភពលោក ព្រោះ​ប៊ូ​តង់​ស្រូបយក​កាបូន​ច្រើនជាង​ការបញ្ចេញ​។ ដោយសារតែ​ខ្វះ​ការការពារ​បរិស្ថាន ប៊ូ​តង់​នៅតែ​រងគ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ ដែល​ទាក់ទង​នឹង​ការបញ្ចេញ​កាបូនឌីអុកស៊ីត​ពី​បណ្តា​ប្រទេសជិតខាង​។

​នាយករដ្ឋមន្ត្រី​ប៊ូ​តង់ លោក សឺ​រីង តូប​ហ្គា​យ និយាយថា “៧២ ភាគរយ​នៃ​ប្រទេស​នេះ​គឺ​គ្របដណ្តប់​ដោយ​ព្រៃឈើ និង ជាង​ពាក់កណ្តាល​នៃ​ប្រទេស​ប៊ូ​តង់​គឺ​ត្រូវបាន​ការពារ​ជា​ឧទ្យាន​ជាតិ ទីជម្រក​សត្វព្រៃ និង​ធនធានធម្មជាតិ​បម្រុង​”​។

​លោក បុ​ប វូដ​រ៉ា​ហ្វ សង្ឃឹមថា ប៊ូ​តង់​នឹង​រក្សាបាន​អនាម័យ​ល្អ សម្រស់​ស្រស់ស្អាត និង​ស្មារតី​ថែរក្សា​វប្បធម៌​បែបនេះ​ជា​ដរាប​ឱ្យបាន​រាប់​សតវត្សរ៍​តទៅ​មុខ​។ អ្នកទេសចរ​នឹង​បន្ត​មកលេង​ប្រទេស​នេះ ហើយ​តម្រូវការ​ពី​ប្រជាជន​ក៏​នឹង​កើនឡើង​ទៅតាម​នេះដែរ​។

​ក្នុង​ពិភពលោក​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ប៊ូ​តង់​មកទល់​ឥឡូវ​នៅតែ​ប្រយ័ត្នប្រយែង​អំពី​ការអភិវឌ្ឍ​។ ក្តី​សុបិន​របស់​ប៊ូ​តង់​គឺថា នាគ​រន្ទះ​នឹង​បន្ត​រស់ ដូច​របៀប​របស់​ពួកគេ​ដដែល​។ ប៉ុន្តែ​ដើម្បី​ធ្វើដូច្នេះបាន ប៊ូ​តង់​ត្រូវតែមាន​កម្លាំង​និង​អំណាច​ក្នុងនាម​ជា​ប្រទេសមួយ​ដែល​រីកចម្រើន​សន្សឹមៗ​នាពេល​អនាគត​៕ ដោយ៖ កញ្ញាដាលីស

ប៊ូ​តង់ ជា​ប្រទេស​តែមួយគត់​លើ​ពិភពលោក ដែល​មិន​បញ្ចេញ​កាបូន