​មិនគួរ​ដោយសារ​នារី​ម្នាក់ ដោះស្រាយ​ដោយ​អាវុធ​!

260
ចែករម្លែក

ហេតុការណ៍​ប៉ូលិស​បាញ់សម្លាប់​ប៉ូលិស បានកើត​ឡើង នៅ​ហាង​កាហ្វេ ក្រុង​បា​លុង​ទី​រួម​ខេត្តរតនគិរី កាលពី​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ នៅក្នុង​ហាង​កាហ្វេ ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ។​ ជនរងគ្រោះ​ឈ្មោះ ផន ទុំ ភេទ​ប្រុស មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តរតនគិរី រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។

រីឯ​ជនដៃដល់​ឈ្មោះ នួន មករា ហៅ ក្រឹម ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ក៏​ជា​នគរបាល នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដែលមាន​ទីលំនៅ ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។​ខ្មាន់កាំភ្លើង​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​គេចខ្លួន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​កើតហេតុ​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា​មូលហេតុ​ដែល​ជនដៃដល់​បាញ់សម្លាប់​ប៉ូលិស​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តរតនគិរី ព្រោះតែ​រឿង​គំនុំ​ផ្ទាល់ខ្លួន​។​រឿង​ហេតុដែល​បញ្ចេញ​ជាបឋម​គឺ​ផ្តើមចេញពី​ទំនាក់ទំនង​ស្នេហា រវាង​ជនរងគ្រោះ​ជាមួយ​ប្រពន្ធ​របស់ខ្លួន​(​ជនសង្ស័យ​)​ដែល​លែងលះ​ពុំទាន់​ដាច់ស្រេច​នៅឡើយ​។​

ករណីនេះ​គឺជា​ជម្លោះ​ក្នុង​អង្គភាព​ប៉ូលិស ដែល​មិនគួរ​កើតឡើង ក្លាយ​ជាការ​ចងអាឃាត រហូតដល់​បាញ់សម្លាប់​គ្នា​នោះទេ​។ ជម្លោះ​រវាង​ប៉ូលិស និង​ប៉ូលិស ដែល​អាង​បុណ្យស័ក្តិ និង​មាន​កាំភ្លើង​រៀងខ្លួន​នេះ ទីបំផុត អ្នកចាញ់ គឺ​ស្លាប់​។ រីឯ​អ្នកឈ្នះ ដេក​គុក​។​

ប៉ូលិស​ទាំងពីរ​សុទ្ធតែ​ជ្រើសរើស​ផ្លូវ​ចាញ់​ដូចគ្នា​។ អ្នកស្លាប់​ក៏បាន​ស្លាប់ចោល​សាច់ញាតិ​។ រីឯ​ប៉ូលិស​ដៃដល់ ដែល​បាញ់​គេ​ស្លាប់ ក៏ត្រូវ​ដេក​គុក​ដូចគ្នា​។​ ​សរុបមក ការជ្រើសរើស​យក​វិធី​ដោះស្រាយ ដោយ​ហិង្សា វាយតប់ បាញ់សម្លាប់​នេះ មិនមែនជា​វិធីសាស្ត្រ​ដោះស្រាយ​ជម្លោះ តាម​នយោបាយ​ឈ្នះ​ឈ្នះ​នោះឡើយ ព្រោះថា “​អ្នកចាញ់ បាន​ស្លាប់ រីឯ​អ្នកឈ្នះ ត្រូវ​ដេក​គុក​អស់​មួយជីវិត ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​”​។

គ្មាន​អ្វីដែល​មិនអាច​ដោះស្រាយបាន​នោះទេ ឲ្យ​យើង​អង្គុយ​ជជែក​ដោះស្រាយ ហើយ​បើ​គូ​ជម្លោះ​មិនអាច​និយាយ​គ្នា​បានទេ ក៏​គួរតែមាន​អាជ្ញាធរកណ្តាល អ្នក​ទី​៣ ដែលជា​អាជ្ញាធរ​សមត្ថកិច្ច ឬក៏​ជា​មេ​អង្គភាព ចេញមុខ​សម្របសម្រួល ដោះស្រាយ នោះ​រឿង​ធំ នឹង​ក្លាយជា​រឿង​តូច ហើយ​រឿង​តូច នឹង​ក្លាយជា​អត់​រឿង​ជាក់​ជាមិនខាន​។ សូម​ជ្រើស​រើសយក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ នោះ​សង្គម​យើង នឹង​បាន​សុខ​ទាំងអស់គ្នា​។​សូមកុំ​ព្រោះតែ​នារី​ម្នាក់​ធ្វើ​ឲ្យ​ជីវិត​យើង​បាត់បង់​អ្វីៗ​ទាំងអស់​៕ ដោយៈ ម៉េង​ឆៃ​