​មិនទាន់​ចាប់បាន​ជនដៃដល់​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​ក្មេងស្រី​នៅឡើយ​

1230
ចែករម្លែក

(​ស្វាយរៀង​)៖​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់បាន​ជនដៃដល់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​រំលោភ​សម្លាប់​ក្មេងស្រី​ម្នាក់​នៅ​ក្រុង​បាវិត​នៅឡើយ​ទេ​។​លោក​វរសេនីយ៍ទោ កែវ សុថា​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៧​ថា​”​រហូត​នឹង​ពេលនេះ​សមត្ថកិច្ច​ជំនាញ​នៅ​មិនទាន់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនដៃដល់​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​រំលោភ​សម្លាប់​ទៅលើ​ក្មេងស្រី​វ័យ​១៨​ឆ្នាំ​ដែលជា​បុគ្គលិក​ការ​ស៊ី​ណូ​ហ្គោ​ត​ឡាក់​បាន​នៅឡើយ​នោះទេ​”​។​

​លោក​វរសេនីយ៍ទោ កែវ សុថា បាន​បន្តថា កាលពី​អំឡុង​ថ្ងៃទី​៥​ខែសីហា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ហៅ​មនុស្ស​មួយចំនួន​មក​សាកសួរ ព្រោះ​ជា​វិធានការ​នៃ​ការស្រាវជ្រាវ​តាម​ជំនាញ​របស់​សមត្ថកិច្ច​តែប៉ុណ្ណោះ​។​តែ​ក្រោយពី​ការសាកសួរ​និង​ស្រាវជ្រាវ​តាម​លក្ខណ​:​ជំនាញ​របស់​សមត្ថកិច្ច​រួចមក​ឃើញថា​បុគ្គល​ដែល​សមត្ថកិច្ច​សាកសួរ​នេះ​មិនមាន​ការជាប់​ពាក់ព័ន្ធ​ណាមួយ​ជាមួយនឹង​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះឡើយ​។​

រហូតមកទល់​ពេលនេះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុងតែ​ដុតដៃ ដុតជើង ក្នុងការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​កំណត់​បាន​មុខសញ្ញា​ជនដៃដល់​ខាងលើ​ឈានទៅដល់​ការឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​គួរ​រំលឹក​ផងដែរ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​តា​ពៅ​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​នារី​ម្នាក់​ដេក​ផ្កាប់មុខ​ស្លាប់​។​សព​គេ​ប្រទះឃើញ​នៅ​ចំណុច​ក្បែរ​របង​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត​ខេត្តស្វាយរៀង ដោយ​សភាព​នៃ​សព ស្ថិតក្នុង​ភាព​អាក្រាតកាយ ដោយមាន​ខោ​ក្នុង​នៅជាប់​កជើង​ខាងស្ដាំ​ព្រមទាំង​មាន​ដុំថ្ម​សង្កត់ពីលើ​ក្បាល​ផ្នែក​ខាងក្រោយ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​នគរបាល​ជំនាញ​របស់​ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កម្លាំង​នគរបាល​ក្រុង​បាវិត កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បាវិត​បាន​ទៅដល់​កន្លែងកើតហេតុ​និង​ធ្វើការ​ពិនិត្យ​កន្លែង​កើត​និង​សាកសព​ឃើញថា​សាកសព​ឈ្មោះ​សុវណ្ណ​សុ​ម៉ា​លីន​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​ការ​ស៊ី​ណូ​ហ្គោ​ត​ឡាក់​ស្ថិតនៅក្នុង​ក្រុង​បាវិត​មាន​ទីលំនៅ​ភូមិ​ដូន​ម៉ៅ​លើ​ឃុំ​ទន្លេ​បិត​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​បាន​ដេកស្លាប់​ផ្កាប់មុខ​នៅក្នុង​ទឹក​ស្រែ​៕ S/​ដោយ​៖​ហូ​សាន់​

​មិនទាន់​ចាប់បាន​ជនដៃដល់​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​ក្មេងស្រី​នៅឡើយ​(រួប៖វ៉េបសាយ)