​មិន​អនុញ្ញាតឱ្យ​លក់ដូរ​និង​ប្រើប្រាស់​សម្លៀកបំពាក់​ប្រហាក់ប្រហែល​ឯកសណ្ឋាន​កងកម្លាំង​

284
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ក្នុងអំឡុងពេល​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៩​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតឱ្យ​បងប្អូន​លក់ដូរ​ការទិញ​និង​ប្រើប្រាស់​នូវ​សម្លៀកបំពាក់​។​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ​គឺមាន​អក្សរ​POLICE,PM,ARMY​ជាដើម​និង​វិទ្យុទាក់ទង​ឬ​ឧបករណ៍​ផ្សេងៗ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​រូបភាព​នេះ​ធ្វើឱ្យ​មហាជន​មានការ​ភ័ន្តច្រឡំ​ថា​ជា​កម្លាំង​សមត្ថកិច្ច​ហើយ​អាច​បន្លំ​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​បង្កចលាចល​ក្នុងសង្គម​ឡើយ​។​បើ​ទង្វើ​នោះ​បង្ក​ជា​បទល្មើស​ជាក់ស្តែង​នឹងត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​៥​វិច្ឆិកា​នេះ​មានន័យ​ដើម​ទាំងស្រុង​ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន​និង​បងប្អូន​អាជីវករ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា​។​នៅក្នុង​អំឡុងពេល​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​ឆ្នាំ​២០១៩​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតឱ្យ​បងប្អូន​លក់ដូរ​ការទិញ​និង​ប្រើប្រាស់​នូវ​សម្លៀកបំពាក់​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ​ទេ​។​

ទន្ទឹមនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ពិនិត្យ​តាមដាន​ការលក់ដូរ​ការប្រើប្រាស់​សម្លៀកបំពាក់​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ​និង​ការប្រើប្រាស់​វិទ្យុទាក់ទង​ដែល​មិន​ប្រក្រតី​។​ប្រសិនបើ​ពិនិត្យឃើញថា​មាន​សកម្មភាព​នេះ​កើតឡើង​ត្រូវ​ចាត់វិធានការ​អប់រំ​ណែ​នាំឱ្យ​បញ្ឈប់​ការលក់ដូរ​ការទិញ​និង​ការប្រើប្រាស់​ជាបន្ទាន់​។​

​ក្នុងករណី​ទង្វើ​នេះ​បង្ក​ជា​បទល្មើស​ជាក់ស្តែង​ត្រូវ​ឃាត់ខ្លួន​និង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្តីសង្ឃឹម​ទុកជាមុន​ថា​សាធារណជន​និង​បងប្អូន​អាជីវករ​ទាំងអស់​ចូលរួម​អនុវត្ត​សេចក្តីជូនដំណឹង​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕S/​