​មុខរបរ​មួយ​ដែល​ពុំគួរ​មើលរំលង​កំពុង​ជំរុញ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​រហូត​ស្មាន​មិន​ដល់​

1055

(​សៀមរាប​)៖​មុខរបរ​មួយ​ដែល​អ្នកផង​ទាំងពួង​ពុំបាន​ដាក់​អារ​ម្ម​ណ៏​ជា​ចំណី​នៃ​កែវភ្នែក​ហើយ​ក្រឡេកមើល​ពី​ចម្ងាយ​ហាក់ដូចជា​សាមញ្ញ​ធម្មតា បាន​កំពុង​ក្លាយជា​ទីផ្សារ​ប្រកួតប្រជែង​មួយ សម្រាប់​ក្នុងប្រទេស​និង ក៏​ពុង​រមៀល​ខ្លួន​ឈានទៅរក​ទីផ្សារ​បរទេស​ផងដែរ គឺ​មុខរបរ​ធ្វើ​ចេកឆាប​។​
​មុខរបរ​មួយ​នេះ​ពុំមែន​ថា ទើបតែ​ច្នៃប្រឌិត​បង្កើតឡើង​នាពេល​បច្ចុប្បន្ននេះ​នោះទេ វា​ជា​មុខរបរ​របស់​ប្រជាជន​ខ្មែរ ដែល​ធ្លាប់មាន​តាំងពី​ដូនតា​មក​ម្លេះ​។ ប៉ុន្តែ​វា​ហាក់ដូច​មិនមែនជា​ចំណី នៃ​កែវភ្នែក របស់​ពលរដ្ឋ​នាពេល​បច្ចុប្បន្ន ដោយ​គិតថា​វា​សាមញ្ញ និង​មិនអាច​នាំយក​ប្រាក់ចំណូល​បាន​ខ្ពស់​សម្រាប់​ជីវភាព​គ្រួសារ​។

ផ្ទុយទៅវិញ មុខរបរ​ចេកឆាប​មួយ​នេះ មិនគួរ​មើលរំលង​ឡើយ​។ មិន​ត្រឹមតែ​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ពី​កម្រិត​ទាប​ទៅ​ខ្ពស់​នោះទេ ថែមទាំង​ជួយ​មនុស្ស គ​.​ថ្លង់​.​ឬ សមត្ថ​ភាពមិន​ពេញលេញ មានការ​ងារ​ធ្វើ មាន​ប្រាក់ចំណូល តាមរយៈ​ការលក់​ចេញ​ទៅតាម​ទីផ្សារ​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បណ្តា​សណ្ឋាគារ និង​ទីផ្សារ​បរទេស​ផងដែរ​។​

​ជួប​ជាមួយ​ស្ត្រី​ម្ចាស់​អាជីវកម្ម​មុខរបរ​ចេកឆាប​អ្នកស្រី​សុខ​សារ៉ាន់​បាន​បរិយាយ​ថា​គាត់​ផ្តើម​បង្កើត​មុខរបរ​មួយ​នេះ​មាន​រយៈពេល​ជាង​៧​ឆ្នាំ​ហើយ​។​ដំបូង​ឡើយ​ក្នុង​មួយថ្ងៃ​ធ្វើ​ត្រឹមតែ​ចេក​៥០​ទៅ​១០០​ស្និត​ប៉ុណ្ណោះ​និង​លក់​ចេញ​បាន​ពី​៣០​ទៅ​៥០​គីឡូក្រាម​។​ក្នុងនោះ​លក់​នៅ​កន្លែង​ធ្វើ​ផង ដឹក​ដើរ​លក់​ខ្លួនឯង​ផង​។

ក្នុង​គ្រានោះ​ដោយសា​តែ​លក់បាន​តិចតួច ប្រាក់ចំណូល​ស្ទើ​ផ្គត់ផ្គង់​គ្រួសារ​មិន​គ្រប់ រូបគាត់​បម្រុង​បោះបង់ចោល ដោយ​ប្តូរ​មុខរបរ​ថ្មី​វិញ​។ តែ​ការព្យាយាម​បន្ត​ពីមួយ​ខែ​ទៅមួយ​ខែ មានការ​លូតលាស់​បន្តិច​ម្តងៗ គាត់​ក៏បាន​ព្យាយាម​រហូតមកទល់​សព្វថ្ងៃ​នេះ​។

អ្នកស្រី​សុខ​សារ៉ាន់​បាន​បន្តថា ដោយ​ការព្យាយាម​មានការ​រីក​លូតលាស់ ក្នុងអំឡុងពេល​ជាង​មួយឆ្នាំ​មុន គាត់​បាន​ជួល​ដី​គេ​មួយកន្លែង​ដើម្បី​ពង្រីក​មុខរបរ​នេះ​ឲ្យ​កាន់តែ​ធំ​។ ក្នុងនោះដែរ​គាត់​បានដាក់​បុគ្គលិក​រហូតដល់​១០​នាក់ សម្រាប់ធ្វើ​ចេញ​ជា​ចេកឆាប​ក្នុង​មួយថ្ងៃ​ពី​២០០​គីឡូក្រាម​ឡើងទៅ ដំឡូង​ឆ្វៀ​រ​១០០​គីឡូ​និង​ត្រាវ​១០០​គីឡូក្រាម​ទៀត​។ លទ្ធផល​ដែល​ធ្វើបាន ក៏​លក់​ចេញ​វិញ​អស់​ដូចគ្នា​ដែរ​ទាំង​ចេក​.​ដំឡូង​និង​ត្រាវ​។

​មូល​ហេតុដែល​មុខរបរ​នេះ​ដំណើរការ​និង​លក់ដាច់​រាប់រយ​គីឡូក្រាម ក្នុង​មួយថ្ងៃ​គឺ​ដោយសារ មាន​អតិថិជន​ទិញ​ញ៉ាំ​ប្រចាំថ្ងៃ អ្នក​ទី​ពីរ​ទទួល​ទិញ​យកទៅ​ចែកចាយ​លក់​បន្ត និង​បន្ត​លក់​តាម​បណ្តា​សណ្ឋាគារ ក៏ដូចជា​ការនាំ​ចេញទៅ​ប្រទេស​ក្បែរ​ខាង​ខ្លះៗ​ផងដែរ ដែល​មិនចាំបាច់​ដឹក​ដើរ​លក់​ដូច​គ្រា​មុន​។​

ស្ត្រី​ដដែល​បាន​បន្ថែមថា ដោយ​ទីផ្សារ​ចេកឆាប​នេះ​រលូន​ទៅ​មុខជា​លំដាប់ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​អាច​នាំចូល​ផ្លែ​ចេក​ពី​៦០០​ទៅ​៧០០​ស្និត ហើយក៏​លក់​ចេញទៅ​វិញ​អស់​ក្រោយ​ធ្វើជា​ចេកឆាប ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដូចគ្នា​។ ទន្ទឹមនឹងនោះ​ប្រាក់ចំណូល​កាន់តែ​ហក់​ឡើង​ខ្ពស់ ទោះបី​ត្រូវ​ចំណាយ​ទាំង​ថ្លៃ​ដី ទាំង​បុគ្គលិក​រហូត​ជាង​១៣០០​ដុល្លារ​ក្នុង​១​ខែ ក៏​គាត់​ទប់ទល់​យ៉ាង​ស្រួល រហូត​សល់​មួយចំនួនទៀត​ក្នុង​១​ខែៗ​។

ពីព្រោះ​រដូវវស្សា​តម្លៃ​ចេក​មួយ​ស្និត​ត្រឹមតែ​១.៤០០​រៀល ឯ​រដូវប្រាំង​មួយ​ស្និត​១.៧០០, ១.៨០០​រៀល​។​ពេល​លក់​ចេញ​វិញ​ជា​ចេកឆាប មួយ​គីឡូ​១២.០០០​រៀល​សម្រាប់​លក់រាយ និង​បោះ​ដុំ​ពី​៨.៥០០​ទៅ​៩.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

​បើទោះបីជា​បែបនេះ​ក្តី ក៏​នៅមាន​ការបា​រម្ម​ណ៏​ខ្លះៗ ចំពោះ​ទីផ្សារ​ដោយហេតុថា មុខរបរ​នេះ​មាន​អ្នកធ្វើ​រហូតដល់ ៤​នាក់​ផ្សេងទៀត​ក្នុង​ក្រុង​សៀមរាប​។ តែ​ក៏មាន​មោទនភាព​ខ្លះៗ​ដោយ​អ្នកស្រី​សុខ សារ៉ាន់​ជួយ​ឲ្យ​មាន​ការងារ​ធ្វើ​ដល់​បុគ្គលិក ដែលជា​មនុស្ស​.​គ​.​ថ្លង់​.​និង​សមត្ថភាព មិន​គ្រប់គ្រាន់ ៣​ទៅ​៤​នាក់​៕S/​ដោយៈ​អង្គរតូច​

​មុខរបរ​មួយ​ដែល​ពុំគួរ​មើលរំលង​កំពុង​ជំរុញ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​រហូត​ស្មាន​មិន​ដល់​(រូប៖អង្គរតូច)