​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ទទួល​ថវិកា​ជិត​៣​ម៉ឺន​ដុ​លា្ល​រ​ពី​សប្បុរសជន​

220
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​បានទទួល​អំណោយ​សប្បុរសធម៌​ពី​សប្បុរសជន​៣​ក្រុម​ជិត​៣​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​តំណាង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​និង​លោក​គីស​ន់ទី​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​បាន​ជួប​សំណេះសំណាល និង​ទទួល​ថវិកា​បរិច្ចាគ​ស​រុ​ប​ចំនួន​២៨.៥៨៩​ដុល្លារ​អាមេរិក​។​

​ក្នុងនោះ​ថវិកា​ចំនួន​២១.១៥០​ដុល្លារ​អាមេរិក​បានមក​ពី​ការបរិច្ចាគ​ពី​លោក​ឧកញ៉ា​ជឹម​ឃាន​ប្រធាន​ក្រុមហ៊ុន​បូរី​សែន​សុខ​និង​លោកស្រី​ឈឹម​ណារិន​ព្រមទាំង​ក្រុមគ្រួសារ​។​ថវិកា​ចំនួន​៧.៤៣៩​ដុល្លារ​អាមេរិក​ទៀត​បា​ន​មកពី​ការបរិច្ចាគ​ពី​សំណាក់​សមាគម​អតីត​និស្សិត​ខ្មែរ​នៃ​សកល​វិទ្យាល័យ​ហួរ​ឈៀវ​ប្រទេស​ចិន​ដែល​ដឹកនាំ​ដោយ លោក​ជឹម​សុផល​ប្រធាន​សមាគម​និង​លោកស្រី​វ៉ា​សុ​ជិន​អនុប្រធាន​សមាគម​។

​ក្នុងឱកាស​នោះ​តំណាង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ជម្រាបជូន​សប្បុរសជន​អំពី​ប្រភេទ​ចំនួន​និង​លក្ខខណ្ឌ​នៃ​ការចូល​ជា​សមាជិក​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែល​រួមមាន​សមាជិក​ស្ថាបនិក​សមាជិក​កិត្តិយស​និង​សមាជិក​គាំទ្រ​។​ព្រមទាំង​បាន​សំណូមពរ​ដល់​ភាគី​ភ្ញៀវ​ឱ្យចូល​រួម​បំផុស​ចលនា​បរិច្ចាគ​ចូល​ជា​សមាជិក​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក្នុងចំណោម​គណៈ​ក្រប់គ្រង​និង​បុគ្គលិក​របស់​របស់​ក្រុមហ៊ុន​និង​សមាគម ដែល​រួមមាន​សមាជិក​កិត្តិយស​ដោយ​បរិច្ចាគ​ចាប់ពី ២០.០០០.០០០​រៀល​/៥.០០០​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​។ ឬ​សមា​ជិ​គាំទ្រ​ដោយ​បរិច្ចាគ​ចាប់ពី​៥.០០០​រៀល​ក្នុង​មួយខែ​/៦០.០០០​រៀល ក្នុង​មួយឆ្នាំ​។​


​ដោយឡែក​លោក​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​បាន​ជម្រាបជូន​ភ្ញៀវ​ពី​ទំហំ​ចំណាយ​ប្រចាំឆ្នាំ​ដែលមាន​ប្រមាណ​៤០​ទៅ​៤៥​លាន​ដុល្លារ​អាមេរិក​និង​ប្រភព​ថវិកា​ដែល​រួមមាន​តាមរយៈ​មូលនិធិ​គន្ធបុប្ផា​ស្វី​ស រាជរដ្ឋាភិបាល​កម្ពុជា​និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ដោយ​លោក​បញ្ជាក់​បន្ថែមថា​ក្នុង​ឆ្នាំ​២០១៩​នេះ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានប្រគល់​ថវិកា​ជិត​១១​លាន​ដុល្លារ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​ជួសមុខ​ឱ្យ​កុមារ​កម្ពុជា​,​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​និង​មន្ទីរពេទ្យ​គន្ធបុប្ផា​សូម​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់លោក​ឧកញ៉ា​ជឹម​ឃាន​និង​លោកជំទាវ​ឈឹម​ណារិន​ព្រមទាំង​ក្រុមគ្រួសារ​,​លោក​ជឹម​សុផល​និង​លោកស្រី​វ៉ា​សុ​ជិន​។​លោក​បាន​បំផុស​ចលនា​កៀរគរ​ថ​វិកា​បរិច្ចាគ​និង​បាន​ប្ដេជ្ញា​ចូលរួម​បង្កើត​សមាជិក​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅតាម​ក្រុមហ៊ុន​និង​សមាគម​រៀងៗ​ខ្លួន​ដើម្បី​ជួយសង្គ្រោះ​កុមារ​កម្ពុជា​ដែល​ត្រូវការ​សេវា​ពិនិត្យ​ពិគ្រោះ​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​និង​ប្រកបដោយ​គុណភាព​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​។​

​លោក​ឧកញ៉ា​ជឹម​ឃាន​ប្រធាន​ក្រុមហ៊ុន​បូរី​សែន​សុខ​បាន​មានប្រសាសន៍ថា​៖​នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​ក្រុមហ៊ុន​បូរី​សែន​សុខ​បាន​បរិច្ចាគ​ថវិកា​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​ក្រុមហ៊ុន​របស់លោក​នឹង​បន្ត​បរិច្ចាគ​ក្នុង​មួយឆ្នាំ​ជាង​២​ម៉ឺន​ដុល្លារ​ជា​រៀងរាលឆ្នាំ​។​លោក​ឧកញ៉ា​ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ផ្សេងៗ​ទៀត​ជួយ​បរិច្ចាគ​ធនធាន​ដើម្បី​ជួយ​គាំទ្រ​និង​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាននិងកំពុង​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​រាបលាន​នាក់​។​

​លោកស្រី វ៉ា សុ​ជិន អនុប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ នៃ​សកល​វិទ្យាល័យ​ហួរ​ឈៀវ ប្រទេស​ចិន បាន​មានប្រសាសន៍ថា​៖​សមាគម​អតីត​និស្សិត​ខ្មែរ​នៃ​សកល​វិទ្យាល័យ​ហួរ​ឈៀវ​ដែលមាន​សមាជិក​ជាង​១០០​នាក់​បាន​ប្រមូល​ថវិកា​បាន​ជាង​៧​ពាន់​ដុល្លារ​ដើម្បី​យកមក​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖​និស្សិត​ទាំង​ទាំងអស់​មាន​សេចក្តី​រីករាយ​និង​រំភើប​បំផុត​ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​និង​ផ្តល់​ស្នាមញញឹម​ដល់​កុមារ​កម្ពុ​ជាមាន​ជំងឺ​រាប់លាន​នាក់​។​សមាគម​នឹង​បន្ត​ប្រមូល​ថវិកា​ជា​បន្តបន្ទាប់​ទៀត ដើម្បី​មកជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​សូម​ជម្រាបជូន​ផងដែរ​ថា ក្នុងករណី ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា​មានបំណង​ចូលរួម​បរិច្ចាគ​ដោយផ្ទាល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​សូមមេត្តា​ផ្តល់ដំណឹង​ជាមុន​មក​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​ក្រុមការងារ​យើង​អាច​រៀបចំ​កត់ត្រា​ថវិកា​បរិច្ចាគ​ទាំងអស់​ក្នុង​បញ្ជី​រួម​តែមួយ​ដែល​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី​“​ខ្មែរ​ជួយ​ខ្មែរ​”​។​

​សូម​បរិច្ចាគ​ចូល​ជា​សមាជិក​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដោយ​ឥត​បង់ថ្លៃ​សេវា​តាមរយៈ​៖​ធនាគារ​កាណាឌីយ៉ា​,​ធនាគារ​អេស៊ីលីដា​,​ធនាគារ​ABA,​ធនាគារ​ឯកទេស​,​និង​ភ្នាក់ងារ​វេ​ប្រាក់​Wing,​ភ្នាក់ងា​រវេ​ប្រាក់​TrueMoney,​ភ្នាក់ងា​រវេ​ប្រាក់​DaraPay,​ឬ​ទំនាក់ទំនង​មក​លេខាធិកា​ដ្ឋា​ន​ដែលមាន​ទីតាំង​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​,​ទូរស័ព្ទ​លេខ 061 701 111 / 096 701 1111 និង​គេហទំព័រ www.ckf.org.kh​។​

​សូមបញ្ជាក់​ផងដែរ​ថា​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០១៩​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានប្រគល់​ថវិកា​សរុប​ចំនួន​១០.៨៩២.៤០៤​ដុល្លារ​អាមេរិក​ដែល​បានមកពី​ការបរិច្ចាគ​នានា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ចូលរួម​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​នេះ​ក៏ដូចជា​ការបន្ត​នាំមក​នូវ​ភាព​ញញឹម​ដល់​កុមារ​ដែលជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​មូលនិធិ​គន្ធបុប្ផា​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៣០​ធ្នូ​ទទួល​ថវិកា​ជិត​៣​ម៉ឺន​ដុ​លា្ល​រ​ពី​បុរី​សែន​សុខ​,​សមាគម​អតីត​និស្សិត​ខ្មែរ​នៃ​សកល​វិទ្យាល័យ​ហួរ​ឈៀវ​និង​សប្បុរសជន​លោក​អ៊ឹង​លាង​សួ​និង​លោកស្រី ជឹម សុ​រី​ដា​(​រូប​សុផល​)