​មូលហេតុ​នាំ​ឲ្យ​មាន​ក្លិន​មាត់អាក្រក់​

431
ចែករម្លែក

កង្វះ​អនាម័យ​មាត់​ធ្មេញ ធ្មេញ​ពុក ជំងឺ​អញ្ចាញធ្មេញ ការជក់បារី សុទ្ធតែ​ត្រូវបាន​គេ​ដឹងថា ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ក្លិន​មាត់អាក្រក់​បាន​ទាំងអស់​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ដែលមាន​ក្លិន​មាត់អាក្រក់​ក៏​អាច​បណ្តាលមកពី​មូលហេតុ​ផ្សេង​ពីនេះ​ដែរ ដែល​មនុស្ស​ជាច្រើន​មិនសូវ​ដឹង​ទេ​។ បើសិនជា​អ្នក​ចង់ដឹង​បន្ថែម ចូរ​តាមដាន​បន្ថែម​ដូចខាងក្រោម​នេះ​៖

​ច្រាល​ទឹក​អាស៊ីត​ក្រពះ​

​ខណៈពេលដែល​អ្នក​ត្រូវបាន​គ្រូពេទ្យ​រកឃើញថា​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ វា​ក៏​ទំនងជា​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្លិន​មាត់​ខ្លាំងណាស់​។ ពេលខ្លះ​អ្នក​អាច​ធំក្លិន​ខ្យល់​ដង្ហើម​ខ្លួនឯង​ដូចជា​អាស៊ីត​អ៊ីចឹង ដោយសារតែ​វា​ត្រូវបាន​ច្រាល​ចេញពី​ក្រពះ​មកវិញ​។ ករណី​ធំក្លិន​បែបនេះ​មានន័យថា​ក្រពះ​ពី​ត​ជា​មិនអាច​ធ្វើការ​បានល្អ​ទេ ហើយក៏​ប្រឈម​កាន់តែខ្លាំង​នឹង​បញ្ហា​ពុក​ធ្មេញ​ថែមទៀត​។

​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ​

​តើ​អ្នក​កំពុង​តែមាន​ជំងឺ​ផ្តាសាយ ឬ​រលាក​ប្រហោង​ឆ្អឹង​នៅមុខ​មែន​ទេ​? បើសិនជា​អ៊ីចឹង​មែន​ក៏​កុំ​ភ្ញាក់ផ្អើល​អី​ដែរ​បើសិនជា​គេ​ឲ្យ​អ្នក​ទំពារ​ស្ករ​កៅស៊ូ​បំបាត់​ក្លិន​មាត់ ព្រោះ​ការបង្ក​រោគ​បែបនេះ​អាចធ្វើ​ឲ្យ​ក្លិន​មាត់​មិនល្អ​បាន​។ នេះ​ដោយសារ​តែមាន​ការហូរ​ទឹកសម្បោរ​នៅក្រោយ​បំពង់ក និង​វត្តមាន​ក្លិន​បង្កឡើង​ដោយ​បាក់តេរី ឬ​វីរុស​ក្នុង​មាត់​តែម​ត្ង​។

​បញ្ហា​សួត​

​មាន​បញ្ហា​ក្លិន​មាត់អាក្រក់​ច្រើនណាស់​ដែលមាន​ប្រភពពី​ផ្លូវដង្ហើម ហើយក៏​ចេញពី​សួត​ផងដែរ​។ តាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា បញ្ហា​សួត​ស្រួចស្រាវ​មួយចំនួន​ដូចជា រលាក​ទងសួត និង​រលាក​សួត​អាច​នាំ​ឲ្យ​អ្នកជំងឺ​ដកដង្ហើម​មក​មាន​ក្លិន​មាត់អាក្រក់​បាន​។ ប៉ុន្តែ​បញ្ហា​នេះ​នឹង​ល្អ​មកវិញ​នៅពេល​ព្យាបាល​ជំងឺ​ជា​។

​ជំងឺ​ទឹកនោមផ្អែម​

​បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ហើយ ចូរ​ប្រាកដថា អ្នក​ត្រូវមាន​វិធានការ​ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ផង ព្រោះ​ជំងឺ​មួយ​នេះ​អាចធ្វើ​ឲ្យ​មាន​ក្លិន​មាត់អាក្រក់​ភាគច្រើន​តែម្តង​បើសិនជា​គ្រប់គ្រង​វា​មិន​បានល្អ​។ ក្លិន​មាត់អាក្រក់​ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ អាចមាន​លក្ខណៈ​ដូចជា ថ្នាំលាបក្រចក ឬ​ផ្លែឈើ ដោយសារតែ​កម្រិត​ចំនួន Ketones កើនឡើង​ច្រើន​ក្នុង​ឈាម​។

​ជំងឺថ្លើម ឬ​តម្រងនោម​

​រាងកាយ​របស់​យើង​ត្រុ​វ​បាន​បង្កើតឡើង​ដោយមាន​សរីរាង្គ​ជាច្រើន​ដើម្បី​ជួយ​បន្សាប ឬ​បញ្ចេញ​ចោល​សារធាតុ​ដែល​គ្រោះថ្នាក់​ពី​ក្នុង​ខ្លួន ហើយ​សរីរាង្គ​មួយចំនួន​ដែល​ពេញនិយម​លើ​ការងារ​ទាំងនេះ​ជាងគេ​នោះ​គឺ​តម្រងនោម និង​ថ្លើម​តែម្តង​។ ការ​ដែលមាន​បញ្ហា​ទៅលើ​សរីរាង្គ​ទាំងពីរ​នេះ សុទ្ធតែ​អាច​បង្កើន​ចំនួន​ជាតិពុល​ក្នុង​រាងកាយ​បាន ក៏ដូចជា​បន្សល់​ជា​ក្លិន​មាត់អាក្រក់​បាន​ទាំងអស់​៕ ដោយ​: health.com.kh