​មើ​ក ស្ងួន សមាជិក​វរ​សេនា​តូច​២៣៣ វរ​សេនា​ធំ​២៣ កងពល​២៩០​តំបន់​២១ ភូមិភាគ​បូព៌ា​

ដកស្រង់​ចេញពី​ឯកសារ​ចម្លើយសារភាព​លេខ J៥០១០៥

668
ចែករម្លែក

ដោយ ៖ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​នៅក្នុង​ចម្លើយសារភាព​ដែលមាន​កម្រាស់​៦៧​ទំព័រ មើ​ក ស្ងួន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៧៧​។ ស្ងួន ត្រូវបាន​បញ្ជូន​មកកាន់​គុក​ទទួល​ស្លែង និង​រង​ការសួរចម្លើយ​ចំនួន​ពីរលើក​។ លើកទីមួយ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៧៧ និង​លើក​ទី​ពីរ​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​១៩៧៧ ដោយមាន​អ្នក​សួរចម្លើយ​ឈ្មោះ ស្រ៊ឹ​ម​, សេង និង ផុង​។ ខាងក្រោម​នេះ​ជា​ចម្លើយសារភាព​របស់ មើ​ក ស្ងួន ៖

​ខ្ញុំ​ឈ្មោះ មើ​ក ស្ងួន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​នៅ​ឆ្នាំ​១៩៧៧)​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​វាល​ម្លូ ស្រុក​ពញាក្រែក (​តំបន់​២១) ខេត្តកំពង់ចាម​។ នៅ​អាយុ​១៣​ឆ្នាំ ខ្ញុំ​បាន​ចូលរៀន​នៅ​សាលា​វត្ត​វាល​ម្លូ​។ ក្រោយមក​នៅពេល​ខ្ញុំ​រៀន​ដល់​ថ្នាក់​ទី​១០ ខ្ញុំ​បាន​ឈប់រៀន​។ ខ្ញុំ បានមក​រស់នៅ​ជាមួយ​ឪពុកម្ដាយ និង​ជួយ​ឃ្វាលគោ​រហូតដល់​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ​។ នៅក្នុង​ឆ្នាំ​១៩៦២ ខ្ញុំ​បានមក​រស់នៅ​ជាមួយ​បងស្រី ស្ថិតនៅ​ភូមិ​ជាំ​ត្រ​គួ​ន ឃុំ​ជាំ​ខ្ទុំ (​បច្ចុប្បន្ន​ឃុំ​ទឹក​ជ្រៅ​) ស្រុក​ទឹក​ជ្រៅ (​បច្ចុប្បន្ន​ស្រុក​តំបែ​) ដោយ​ជួយ​ធ្វើស្រែ​ចម្ការ​គាត់​។ ពេល​ខ្ញុំ​ធ្វើស្រែ​នៅ​ទីនោះ​ក៏បាន​ស្គាល់ឈ្មោះ ឈន គឺជា​មេឃុំ​។ ឈន ជា​អ្នកដើរ​ទារប្រាក់ពន្ធ​ពី​ប្រជាជន​នៅក្នុង​ភូមិ​។ ក្រោយមក ឈន បាន​ហៅ​ខ្ញុំ​ទៅ​រស់នៅ​ជាមួយ​គាត់ ប៉ុន្តែ​ខ្ញុំ​បាន​បដិសេធ​។ ឈន ក៏បាន​ឲ្យ​លុយ​ខ្ញុំ​ចាយ​ក្នុង​គោលបំណង​អូសទាញ​ខ្ញុំ​។

​នៅក្នុង​ឆ្នាំ​១៩៦៣ មេឃុំ ឈន បាន​អប់រំ​ខ្ញុំ និង​ចាត់តាំង​ខ្ញុំ​ធ្វើជា​គិញ ហើយ​គាត់​បាន​ឲ្យ​ប្រាក់ខែ​ខ្ញុំ​ចំនួន​១៥០០​រៀល​ក្នុង​១​ខែ​។ ពេលនោះ​ខ្សែ​ដែល​បាន​ចាត់តាំង​ជាមួយ​ខ្ញុំ​មានឈ្មោះ ម៉ម លី​ស្រ៊ាង គឺជា​អតីត​ជាងឈើ (​បច្ចុប្បន្ន គឺជា​លេខា​វរ​សេនា​តូច​ដឹកជញ្ជូន​របស់​កងពល​២៩០)​។ ឈ្មោះ មាស មុំ អតីត​ប្រធាន​ចម្ការកៅស៊ូ​ក្រែក (​បច្ចុប្បន្ន​លេខា​វរ​សេនា​តូច​២២១ វរ​សេនា​ធំ​២២ កងពល​២៩០)​។ ឈ្មោះ ជា ជួន អតីត​ជាង​អា​ឈើ (​បច្ចុប្បន្ន​សមាជិក​វរ​សេនា​តូច របស់​តំបន់​២១)​។ សកម្មភាព​របស់ ម៉ម លី​ស្រាង​, មាស មុំ​, ជា ជួន និង ខ្ញុំ​គឺ​ស៊ើប​រកមើល​ខ្មែរក្រហម​នៅក្នុង​ភូមិ​វាល​ម្លូ ដោយ​ក្លែង​ធ្វើជា​អ្នកទិញ​ជ្រូក និង​មាន់​។ ពេល​យកការណ៍​បាន ឈន ក៏បាន​នាំ​ទាហាន​ពី​បន្ទាយ​ក្រែក មករា​ត្បា​ត​នៅ​ភូមិ​ទឹក​ជ្រៅ​, ភូមិ​ស្រែ​វែង និង​ភូមិ​ស្រឡៅ​ច្រឹង (​ឃុំ​វាល​ម្លូ​)​។

​នៅក្នុង​ឆ្នាំ​១៩៦៥ មេឃុំ ឈន បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​នៅផ្ទះ ប៉ាន់ សាន ដែលមាន​អ្នកចូលរួម​ប្រជុំ​មានឈ្មោះ សាន់ ខឿន (​សមាជិក​កងពល​២៩០), ជា ជួន​, ភី គន់ (​លេខា​វរ​សេនា​តូច​២២៤ វរ​សេនា​ធំ​២២ កងពល​២៩០), សុខ សាមឿន (​សមាជិក​កង​វរ​សេនា​កង​ធំ​ភូមិភាគ​បូព៌ា​) និង ម៉ម លី​ស្រ៊ាង​។ ការប្រជុំ​នេះ​មាន​ផែនការ ៖ បញ្ជាក់​ពី​សភាពការណ៍​ខ្មែរក្រហម​ដែល​ធ្វើ​សកម្មភាព​នៅ​ស្រុក​ដំបែ​, ស៊ើបការណ៍​រក​ក្រុមខ្មែរក្រហម​ដែល​ចូលក្នុង​ភូមិ​និង​ប្រជាជន​ទាំងឡាយណា​ដែល​បាន​ជួយ​ឧ​ប​ត្ត​ម្ភ​ដល់​ខ្មែរក្រហម​។ មេឃុំ ឈន ក៏​ចាត់តាំង​ឲ្យ​ឈ្មោះ ភី​ម គន់​, សុក សារឿន និង ប៉ាន់ សាន (​ភ័ស្តុភារ​កងពល​២៩០) ត្រូវ​រាយការណ៍​ឲ្យ​ឈ្មោះ សាន់ ខឿន នៅពេលណា​ទទួលបាន​ព័ត៌មាន​។ ចំណែក ខ្ញុំ​, ជា ជួន​, សុខ សាមឿន និង ម៉ម លី​ស្រ៊ាង បាន​រាយការណ៍​ឲ្យ​មេឃុំ ឈន ដោយផ្ទាល់​តែម្ដង​។

​នៅក្នុង​ឆ្នាំ​១៩៦៧ ខ្ញុំ​និង​បក្ខពួក​ទាំងអស់​មក​ប្រជុំ​នៅផ្ទះ តា​ចង្កូម ហៅ តាស (​បច្ចុប្បន្ន​លេខា​ស្រុក​ក​ញ្ជៀ​ច​) ដែលមាន​អ្នកចូលរួម​ឈ្មោះ ទ្រី (​លេខា​វរ​សេនា​ធំ​២៣ កងពល​លេខ​២៩០), រស់ សារឿន (​សមាជិក​កងពល​២៩០), ម៉ែន ម៉េង (​អនុ​វរ​សេនា​តូច​២៣៣ វរ​សេនា​ធំ​២៩០), ភិន (​លេខា​កងពលតូច​២៣៣ កងពលធំ​២៩០), សំបុក (​លេខា​ស្រុក​ពារាំង​តំបន់​២២), ហង់ បូរ (​លេខា​វរ​សេនា​តូច​២៣១ កងពល​២៩០)​។ អ្នកចូលរួម​ត្រូវបានធ្វើ​ការណែនាំ​ឲ្យ​ស្គាល់​ព្រះ​តេជគុណ គង់ ឈុំ​, មាស ម៉ុម​, ប៉ាន់ សាន​, ជា ជួន​, ម៉ម លី​ស្រ៊ាង​,​ភី គន់​, សុក សារឿន​, មេឃុំ ឈន​, សាន់ ឃឿន និង ញ៉ែម ម៉ុ​ន​។ ក្រោយមក តា​ចង្កូម ក៏​ប្រកាស​រៀបចំ​ខ្សែ​នីរសារ​សម្រាប់​ទាក់ទង​។

​នៅក្នុង ឆ្នាំ​១៩៦៨ ខ្ញុំ​បាន​ទៅ​ប្រជុំ​ជាមួយ​ឈ្មោះ រស់ សារឿន​, តា​ចង្កូម​, ទ្រី​, ទូច សារឿ​ម​, ហង់ បូរ​, ម៉ែន ម៉េង​, ញ៉ែម ម៉ុ​ន​, គង់ ឈុំ​, ជា ជួន​, ភិ គន់​, សុក សារឿន​, សាន់ ខឿន​,​ប៉ាន់ សាន​, មាស ម៉ុម​, ម៉ម លី​ស្រ៊ាង និង​មេឃុំ ឈន​។ ការប្រជុំ​នេះ​ប្រព្រឹត្តទៅ​នៅផ្ទះ សារឿន ស្ថិតនៅ​ភូមិ​ដូន​ដី ស្រុក​ក​ញ្ជៀ​ច ដោយ​លើកឡើង​អំពី​សកម្មភាព​ពង្រីក​ម្លាំ​ង និង​សកម្មភាព​កម្ទេច​បដិវត្ត​ន៍​។ អ្នកចូលរួម​មានឈ្មោះ សាវឿន​, តា​ចង្កូម (​ប្រធាន​) និង​មាន​អ្នកទទួល​បន្ទាប់​មានឈ្មោះ សាន់ ខឿន​, សំបុក និង មេឃុំ ឈន​។

​នៅក្នុង​ឆ្នាំ​១៩៧០ ពេលដែល​កើតមាន​រដ្ឋប្រហារ ខ្សែ​ដែល​បង្កប់​នៅក្នុង​តំបន់​២១ បានមក​ជួបជុំគ្នា មានឈ្មោះ សាន់ ខឿន (​ប្រធាន​កង​ធំ​តំបន់​) ឈ្មោះ កែវ ម៉ុ​ន (​សមាជិក​តំបន់​) តា​ចង្កូម ជា​លេខា​ស្រុក​ពញាក្រែក​, គង់ ឈុំ សមាជិក​ស្រុក​មេមត់ ម៉ៃ ផូ (​លេខា​ស្រុក​មេ​ម៉ត់​), ទ្រី (​កង​ធំ យោធា​តំបន់​២១) មេឃុំ ឈន (​លេខា​ឃុំ​វាល​ម្លូ​), សំបុក (​លេខា​ស្រុក​ពារាំង​តំបន់​២២)​។ ចំណែក​អ្នក​ក្តោប​ក្ដាប់​ឈ្មោះ សាន់ ខឿន​, កែវ ម៉ុ​ន ដោយ​រក​គ្រប់​វិធី កម្ទេច​កម្លាំង​បដិវត្តន៍​ក្នុង​សមរភូមិ និង​បង្កទំនាស់​ជាមួយ​ប្រជាជន​។ នៅក្នុង​ខែកក្កដា ឆ្នាំ​១៩៧០ អង្គការ​បានរៀបចំ​យោធា​ក្នុង​វរ​សេនា​តូច​តំបន់​២១​។ កែវ ម៉ុ​ន បាន​ចាត់តាំង​បក្ខពួក​ឲ្យ​ចូល​គ្រប់គ្រង​ក្នុង​វរ​សេនា​តូច​លេខ​១ ដោយមាន​ឈ្មោះ សាន់ ខឿន (​ជា​លេខា​វ​សេនា​តូច​)​។ ភិ គន់ (​អនុ​យោធា​កង​ធំ​ទី​១), ប៉ាន់ សាន (​ប្រធាន​យោធា​កង​ធំ​ទី​២)​។ សុខ សារឿន (​ប្រធាន​នយោបាយ​កង​ធំ​ទី​៣)​។ មាស ម៉ម (​នយោបាយ​), ស្ងួន អនុប្រធាន​, ម៉ម លី​ស្រ៊ាង សមាជិក​ក្នុង​កង​ធំ​ទី​៥​។

​នៅក្នុង​ឆ្នាំ​១៩៧១ ខ្ញុំ​មាន​បក្ខពួក មានឈ្មោះ មាស ម៉ុ​ន​, ជា ជួន​, តូច សាមឿន​, ញ៉ែម ម៉ុ​ន និង ភី គន់​។ នៅពេលដែល​ខ្មាំង​វាយ​ចូលមក​ខ្លាំង ខ្ញុំ​បាន​បើកផ្លូវ​ឲ្យ​ខ្មាំង​ចូលមក​រាល​ត្បា​ត​ប្រជាជន​ក្នុងភូមិ​កំពង់​ឫស្សី​, ភូមិ​បឹង​កំបោរ​, ភូមិ​បឹង​ព្រួល ដោយ​នាំគ្នា​ដក​កម្លាំង​រត់ចោល​យុទ្ធជន​ទុក​ឱកាស​ឲ្យ​ខ្មាំង​កម្ទេច​កម្លាំង​អស់​មួយចំនួន​។ នៅក្នុង​ខែធ្នូ ឆ្នាំ​១៩៧២ អង្គការ​បាន​បញ្ជូន​អង្គភាព​របស់ខ្ញុំ​មក​នៅ​អង្គភាព​របស់​ភូមិភាគ​បូព៌ា​។ មុនពេល​បញ្ជូន​ឲ្យ​មក​នៅ​កងពល​របស់​ភូមិភាគ កែវ ម៉ុ​ន​, សាន់ ខឿន បាន​រៀប​បក្ខពួក​នៅក្នុង​កង​វរ​សេនា​តូច​លេខ​១៩ មានឈ្មោះ ភី គន់ ឲ្យ​ទទួល​អនុ​នយោបាយ​, ម៉ម លី​ស្រ៊ាង សមាជិក ក្រៅពីនេះ​ទទួល​កង​ធំ​មានឈ្មោះ ប៉ាន់ សាន​, មាស ម៉ុ​ន​, ស្ងួន​, ញ៉ែម ម៉ុ​ន ចំណែក សាន់ ខឿន ទទួល​រួម​នាំ​វរ​សេនា​តូច​មក​ភូមិភាគ​។ កែវ ម៉ុ​ន ឡើងមក​ទទួល​សមាជិក​គណ​យោធា​ភូមិភាគ​បូព៌ា​។ ចំណែក ជា ជួន​, សុក សារឿន ទទួល​ជា​កង​ធំ​កង​តំបន់​២១​វិញ​។

​នៅក្នុង​ឆ្នាំ​១៩៧៣ ខ្ញុំ​និង​បក្ខពួក​បានមក​នៅក្នុង​អង្គភាព​ភូមិភាគ​បូព៌ា កាលនោះ សាន់ ខឿន ទទួល​ជា​សមាជិក​វរ​សេនា​ធំ​លេខ​១៩២​។ នៅក្នុង​ខែឧសភា កែវ ម៉ុ​ន មាន​ផែនការ ដក​ខ្ញុំ​ទៅ​ទទួល​ជា​លេខា​កងកាំភ្លើងធំ​របស់​វ​រ​សេនា​ធំ​១៩២ ឲ្យ ញ៉ែម ម៉ុ​ន ឡើង​ជំនួស​ខ្ញុំ​វិញ ហើយ​ឈ្មោះ តូច សា​ខឿន ជា​ប្រធាន​យោធា​។ នៅក្នុង​ខែកក្កដា ឆ្នាំ​១៩៧៣ សាន់ ខឿន បាន​ដក ម៉ម លី​ស្រ៊ាង ពី​វរៈ​សេនា​តូច​១៩ ទៅកាន់​ភ័ស្តុភារ​វរ​សេនា​ធំ​១៩២​។ កាលនោះ​ខ្វះ​កម្លាំង​ដឹកជញ្ជូន ខឿន ក៏​ទៅសុំ​កម្លាំង​ពី​ឈ្មោះ សំបុក ជា​បក្ខពួក​នៅក្នុង​ស្រុក​ពារាំង​។ សំបុក ក៏​ឲ្យ​ឈ្មោះ ហង់ សំបូរ គឺជា​ខ្សែ​ចាស់​យុទ្ធជន​កង​តូច​មក ខឿន​។ ខឿន បាន​ឲ្យ ហង់ សំបូរ នៅ​ជាមួយ ម៉ម លី​ស្រ៊ាង ដើម្បី​ចូល​បំផ្លាញ​បដិវត្តន៍​។​

​នៅក្នុង​ឆ្នាំ​១៩៧៤ វរ​សេនា​ធំ​១៩២, វរ​សេនា​ធំ​១២៨, វរ​សេនា​ធំ​៤៧ រួមគ្នា​រៀបចំ​ជា​កងពល​ទី​២ របស់​ភូមិភាគ​បូព៌ា ដោយមាន កែវ ម៉ុ​ន ជា​លេខា​។ នៅពេលដែល​កងពល​នេះ​ចុះទៅ​វាយ​នៅ​សមរភូមិ​ព្រៃវែង ស្វាយរៀង ខ្ញុំ​និង​បក្ខពួក​ទាំ​អស់ បាន​ជួបជុំ​ខ្សែ​ចាស់​របស់គេ​ពីមុន​ដែរ​។

​នៅក្នុង​ខែសីហា ឆ្នាំ​១៩៧៤ អង្គការ​បាន​លើក​ផែន​ការវាយរំដោះ ក្រុង​ស្វាយរៀង ក្នុង​រយៈពេល​៣​ខែ​ឲ្យ​បានទទួល​ជោគជ័យ​ដោយបាន​ចាត់តាំង​វរ​សេនា​ធំ របស់​ឈ្មោះ សាវឿន​, វរ​សេនា​ធំ​របស់ ខឿន​។ នៅក្នុង​ខ្លឹមសារ​នោះ​គ្រាន់តែ​វាយ​រំខាន​ដើម្បី​ឲ្យ​ខ្មាំង កម្ទេច​កម្លាំង​បដិវត្តន៍ ហើយ​បានធ្វើការ​ឧទ្ទេសនាម​ខ្សែ​នៅ​មូលដ្ឋាន​មានឈ្មោះ ឈូក លេខា​តំបន់​២៤, សា​មិ​ត លេខា​ស្រុក​មានជ័យ​ថ្មី​តំបន់​២៣, យ​ន អនុ​លេខា​ស្រុក​ចន្ទ្រា តំបន់​២៣ (​ត្រូវជា​បងថ្លៃ​របស់ សាន់ ខឿន​)​។​

​នៅក្នុង​ឆ្នាំ​១៩៧៥ កង​របស់ខ្ញុំ​មក​ប្រចាំការ​នៅ​សមរភូមិ​ទន្លេមេគង្គ​ក្រោម​។ ពេលនោះ ខ្ញុំ​, សុក សាមឿន​, ញ៉ែម ម៉ុ​ន​, ឌុ​ច សុផល​, ភី គន់​, ប៉ាន់ សាន ដែល​ទទួល​ផែនការ​ពី សាន់ ខឿន ទប់ទល់​ការ​វាយ​ចូល​ទីក្រុង​ភ្នំពេញ ដោយ​បើកដៃ​ឲ្យ​កប៉ាល់​ចូល​ទីក្រុង​ភ្នំពេញ​បាន ដោយ​មិនបាន​បាញ់ ថែមទាំង​បំផ្លាញ​គ្រាប់​កាណុង​ធំៗ​ទៀត​។​

​នៅក្នុង​ឆ្នាំ​១៩៧៦ នៅ​ខែ​ដាំពោត និង​ជីក​ប្រឡាយ ខ្ញុំ​, ភី គន់ បានដាក់​ផែនការ​ឲ្យ​ខ្សែ​នៅ​ខាងក្រោម​បំផ្លាញ​ពោត ដោយ​ដាក់​គ្រាប់ពោត​ពី​១០​ទៅ​២០​គ្រាប់​បាច​តាម​គន្លងនង្គ័ល ធ្វើ​ឲ្យ​គ្រាប់ពោត​អណ្តែត​ក្រហម​ពេញ​ដី​ប្រមាណ​ជា​២០​ហិច​តា ដែល​អស់​ពូជ​ជាង​១​តោន​។​នៅក្នុង​រដូវ​ធ្វើស្រែ​ប្រាំង ខ្ញុំ​, ញ៉ែម មុន​, មាស ម៉ុ​ន​, ឌុ​ក សុផល និង ភី គន់ ក្រោម​ការ​ក្ដាប់​របស់ សាន់ ខឿន បាន​បន្ត​ការបំផ្លាញ​បដិវត្តន៍ ដោយ​មិន​ឲ្យ​លើក​ភ្លឺ​, ស្ទូងស្រូវ​ស្រាល​លាយ​ស្រូវធ្ងន់​, ស្ទូង​ក្នុង​ស្រែ​មាន​ស្មៅ​, ស្ទូង​ក្នុង​ទឹក​ជ្រៅ និង​ដីគោក​គ្មាន​ទឹក​។ នៅក្នុង​ខែសីហា ឆ្នាំ​១៩៧៦ ខ្ញុំ​និង​បក្ខពួក​មានឈ្មោះ ឌុ​ក សុផល​, ភី គន់​, មាស ម៉ុម​, ញ៉ែម ម៉ុ​ន​, ប៉ែន ពិន​, ធា​រី​, នួន សារឿន​, ឌី​, ស្រេង​, ទ្រី​, ផែន​, សាវុធ​, ភិន​, ខេន​, ម៉ែន ម៉េង​, ប៉ាន់ សាន​, ម៉េង លី​ស្រ៊ាង​និង ហង់ បូរ មក​ទទួល​ផែនការ​ពី យិន​, សារឿន និង សាន់ ខឿន​។ បងៗ​បាន​ត្រៀមលក្ខណៈ​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​បក្ស​នៅ​ចុងខែ​កញ្ញា ឆ្នាំ​១៩៧៦ ហើយ​ប្រសិន​មិន​សម្រេច​ត្រូវ​លើក​ទៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៧​។

​នៅក្នុង​ឆ្នាំ​១៩៧៧ ប្រសិនបើ​អង្គ​ការចាប់​បក្ខពួករ​បស់​ខ្ញុំ យើង​នឹងរ​ត់ទៅ​ប្រទេស​យួន​។ នៅក្នុង​ខែកុម្ភៈ​នៅពេលដែល​អង្គ​ការដក​កម្មាភិបាល​ពី​វរ​សេនា​ធំ​២២ ទៅ​ក្ដាប់​នៅ​វរ​សេនា​ធំ​២៣ ស្របពេលនោះ សារឿន សមាជិក​កងពល ក៏បាន​ឲ្យ ឌុ​ក សុផល សម្រេច​ដក​ខ្ញុំ​, ញ៉ែម ម៉ុ​ន​, ទៅ​ក្ដាប់​វរ​សេនា​តូច​លេខ​២៣៣ នៃ​វរ​សេនា​ធំ​២៣ ព្រោះ​កម្លាំង​នៅ​កន្លែង​នោះ​តិច​។ នៅ​ខែមិថុនា សាវឿន​, ទ្រី​, ឌុ​ក សុផល បាន​មាន​ផែនការ​ដឹក​ពោត និង​អង្ករ​យកទៅ​លាក់​នៅក្នុង​ស្រុក​ចន្ទ្រា ដោយ​ឲ្យ ឃ​ន លាក់​ពោត​៥០​បាវ អង្ករ​៤០​បាវ ដើម្បី​ត្រៀម​វាយ​បដិវត្តន៍​លើក​ក្រោយ​។ នៅ​ខែកក្កដា សាវឿន បាន​ហៅ​បក្ខពួក​ទៅ​ប្រជុំ​នៅ​វត្ត​ស្ទឹង​ស្លូត បក្ខពួក​ដែល​ប្រជុំ​មានឈ្មោះ ឌុ​ក សុផល​, មាស ម៉ុ​ន​, ភី គន់​, សា មិន​, ផេ​ន​, សាវុធ​, ភិន​, ម៉េង​,​ហង់ បូ​, ប៉ាន់ សាន​, ម៉ម លី​ស្រ៊ាង និង​ខ្ញុំ​។ កិច្ច​ប្រជុំបាន​ផ្តោត​ទី​លើ​ការពង្រីក​កម្លាំង សេ​.​អ៊ី​.​អា ថ្មី និង​ចាស់ ហើយ​បន្ត​ផែនការ​បំផ្លាញ​បដិវត្តន៍ ប្រឆាំង​បដិវត្តន៍​បន្តទៀត​។ រហូតមកដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៧៧ អង្គការ​បាន​ចាប់ខ្លួន​ខ្ញុំ​តែម្ដង​។​

​កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ​យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ មើ​ក ស្ងូ​ន ពិត​ឬ​យ៉ាងណា​នោះទេ​៕ ល​