​មឿ​ន សុខ​ហ៊ុ​ច អាច​ស្ដារ​មុខមាត់​បាន​ឬទេ ក្នុងជំនួប​សប្ដាហ៍​នេះ ?

245
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ថ្ងៃទី​៨ ធ្នូ ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ចឹក សា​យ៉ា​ម (Chiek Sayam) ។​

​មួយរយៈ​នេះ អ្នក​ប្រដាល់ មឿ​ន សុខ​ហ៊ុ​ច ហាក់ដូចជា​ស្រុតចុះ​ច្រើន ការប្រកួត​របស់គេ ភាគច្រើន ជួប​បរាជ័យ មិនតែប៉ុណ្ណោះ កម្លាំង​របស់គេ បង្ហាញ​ពី​ភាព​ទ្រុឌទ្រោម ទៀតផង ។ គេ​វ៉ៃ​បានល្អ​ត្រឹមតែ ៣ ទឹក​ប៉ុណ្ណោះ បន្ទាប់ពីនោះ​ទៅ បើ​គេ​ផ្ដួល​គូប្រកួត មិនបាន​ទេនោះ គេ​ក្លាយជា​អ្នកការពារ និង​ដកថយ​វិញ​ហើយ ។​

មឿ​ន សុខ​ហ៊ុ​ច និង ចឹក សា​យ៉ា​ម​

​ចំពោះ ចឹក សា​យ៉ា​ម វិញ គេ​ជា​អ្នក​ប្រដាល់​មួយរូប ដែល​មិន​អន់​នោះទេ គេ​ទាត់​ចេញ​បានល្អ និង​មាន​កណ្ដាប់ដៃ​រហ័ស ចំពោះ​ជង្គង់​វិញ ក៏​មិន​ស្រួល​ទប់ទល់ ប៉ុន្មាន​ដែរ មិនតែប៉ុណ្ណោះ កម្លាំង​របស់គេ អាច​តស៊ូ​បាន ៥ ទឹក ដោយ​មិន​ទ្រុឌទ្រោម​ទៀតផង ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​ដង ឈ្នះ​៨២​ដង ចាញ់​៦​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ ដោយឡែក មឿ​ន សុខ​ហ៊ុ​ច វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៧២​ដង ឈ្នះ​១៤២​ដង ចាញ់​២៥​ដង និង​ស្មើ​ពិន្ទុ​៥​ដង ។ ជំនួប​មួយ​នេះ មឿ​ន សុខ​ហ៊ុ​ច មានឱកាស ដើម្បី​ស្ដារ​មុខមាត់ បាន​ឬទេ ?​។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ សេក គឹម​អាន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ អ្នក​ប្រដាល់ សារឿន ទិ​ត្យ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នៅលើ​សង្វៀន គេ​មិនដែល​ទុក​ឱកាស​ឲ្យ​គូប្រកួត បាន​ឈរ​ដកដង្ហើម​ស្រួល​នោះឡើយ គឺ​គេ​តែងតែ​បើក​ការវាយប្រហារ​គ្នា តាំងពីដើម​ទឹក​ទី​១ ទៅ​តែម្ដង ។ ភាគច្រើន គេ​តែង​ឆក់​ឱកាស ផ្ដួល​គូប្រកួត​ឲ្យ​បាន មុន​ទឹក​ទី​៥ ចាំមើល​ជំនួប​មួយ​នេះ ជ័យជំនះ បាន​ទៅលើ សារឿន ទិ​ត្យ ឬ សេក គឹម​អាន ? ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

​អ្នក​ប្រដាល់​ជើង​ខ្លាំង លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ។ លន់ សៀកឡេង ជា​អ្នក​ប្រដាល់ ស្រករ​ក្រោយ​មែន តែមួយ​រយៈ​នេះ មាន​អ្នក​ប្រដាល់​ជើងចាស់ មិនតិច​ទេ ដែល​ត្រូវគេ​ផ្ដួល​បាន ។ សម្រាប់ ស៊ឹម ប៊ុនឆៃ ទំនងជា​លំបាក​ជាមួយ លន់់ សៀកឡេង ហើយ​។​

​ធន ស៊ិ​ហុង ក្លិប​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដូចគ្នា មិនដឹងថា នរណា ជួប​សំណាងល្អ នៅក្នុង​ការប្រកួត​នេះឡើយ ។​

​យួន ប៊ុន​ស៊ី​ង ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អេ​លី​ត ឡូ​លី ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v