​មេឃ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ទឹកស្ទឹង​សង្កែ​ហក់​ឡើង​ចង់​លិច​សរសរ​ស្ពានថ្ម

1254
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៨​ទឹកស្ទឹង​សង្កែ​ខេត្តបាត់ដំបង បាន​ឡើង​ខ្ពស់​រហូត​ចង់​លិច​សរសរ​ស្ពាន​ជិត​ដល់​កម្រិត​ប្រកាសអាសន​ខណៈ​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​មេឃ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ដែល​ពី​ពេល​ថ្មីៗ​នេះ ទឹកស្ទឹង​សង្កែ​នៅ​បាត​ស្ទឹង​ប៉ុណ្ណោះ​។​

​យោង​នៅលើ Facebook របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៨នេះ បាន​បញ្ជាក់ថា​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​នៅ​តំបន់​ព្រំដែន កម្ពុជា ថៃ​។ ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​បាន​បង្ក​ឲ្យ​ទឹក​នៅក្នុង​អាងទឹក​ពហុ​បំណង​បាត់ដំបង​ក្នុងស្រុក​រតនមណ្ឌល​បាន​កើនឡើង​យ៉ាងគំហុក​កាលពី​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៨​។​

​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​បាន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់​ចិន​ធ្វើការ​បើកទ្វារ​ទឹក​អាង​ទាំង​៧​ប្រឡោះ ដើម្បី​រំដោះ​ធារទឹក​មួយផ្នែក​ទៅកាន់​ប្រព័ន្ធធារាសាស្ត្រ​ក​ង្ហ​ត សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការងារ​បង្កបង្កើនផល​របស់​កសិករ​និង​មួយផ្នែក​ទៀត​ទម្លាក់​តាម​ស្ទឹង​សង្កែ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​។​

​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ដងស្ទឹង​សង្កែ​ក្នុង​ក្រុង​បាត់ដំបង​បានលើកឡើង​ថា​ឥទ្ធិពល​អាកាសធាតុ​ប៉ុន្មាន​ថ្ងៃនេះ​បាន​បង្ក​ឲ្យ​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅក្នុង​ខេត្តបាត់ដំបង​និង​នៅ​តំបន់​ប៉ែក​ខាងលើ​ជាប់​ខេត្តបាត់ដំបង​ដូចជា​នៅ​ប្រទេស​ថៃ​តំបន់​ខេត្ត​ប៉ៃលិន​និង​ស្រុក​សំឡូត​។​ជាដើម​ជាហេតុ​រុញច្រាន​ទឹក​យ៉ាងគំហុក​ចូលមកក្នុង​ស្ទឹង​សង្កែ​រហូត​កម្ពស់​១២​ម៉ែត្រ​។​

​ចាប់តាំងពី​ថ្ងៃទី​៩​មកដល់​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៨​ទឹកស្ទឹង​សង្កែ​បាន​ឡើង​យ៉ាងគំហុក​ចង់​លិច​សរសរ​ស្ពានថ្ម​ជិត​ដល់​កម្រិត​ប្រកាសអាសន​ខណៈពេល​មុន​ថ្មីៗ​នេះ​ទឹកស្ទឹង​សង្កែ​មាន​កម្ពស់​ត្រឹម​បាត​ស្ទឹង​ប៉ុណ្ណោះ​។​

លោក ឡុង ផល្គុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ធ្លាប់បាន​លើកឡើង​កន្ល​ង​មក​ថា កាលណា​ទឹកភ្លៀង​បន្ត​ធ្លាក់​ច្រើន​នៅ​ប៉ែក​ខាងលើ​ជាហេតុ​នាំ​ឲ្យ​ទឹកភ្លៀង​ហូរ​ចាក់​ចូលមក​ចាល់​និង​ទំនប់​ពហុ​បំណង​សេក​សក​ក្នុងស្រុក​រតនៈមណ្ឌល​និង​សំណង់​ទ្វា​ទឹក​ធារាសាស្ត្រ​ក​ង្ហ​ត​ក្នុងស្រុក​បាណន់ ។​មន្ត្រី​ជំនាញ​បាន​បើកទ្វារ​ទឹក​នោះ​ដើម្បី​រក្សា​កម្ពស់​ទឹក​ក្នុង​ទំនប់​ឲ្យ​នៅ​ដដែល​ធ្វើ​ឲ្យ​ទឹក​ក្នុង​ស្ទឹង​សង្កែ​ឡើង​ខ្ពស់​តែម្តង​៕S/

​មេឃ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ទឹកស្ទឹង​សង្កែ​ហក់​ឡើង​ចង់​លិច​សរសរ​ស្ពានថ្ម