​មេដឹកនាំ​កីឡា​៖ កីឡាករ​-​កីឡាការិនី​ម្នាក់ មាន​សិទ្ធិ​ជ្រើសរើស ប្រភេទ​កីឡា តែមួយ​មុខ​គត់ ដើម្បី​លេង​

255
ចែករម្លែក
  • 101
    Shares

​ដោយ​៖​រ៉ូ​ហ្សា
​ភ្នំពេញ​៖ លោក អ៊ុក សិទ្ធិ​ជាតិ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កីឡាករ​-​កីឡាការិនី គ្រប់​ប្រភេទ​ទាំងអស់ ក្នុង​មួយ​នាក់ អនុញ្ញាត​ឲ្យ​លេង តែមួយ​ប្រភេទ​កីឡា ហើយ​បើ​ប្រភេទ​កីឡា តែមួយ​អាច​លេង​បាន ២ ឬ ៣ វិញ្ញាសា តាម​លក្ខខណ្ឌ​បច្ចេកទេស​កំណត់​។​

​លោក​បាន​បន្តថា សហព័ន្ធ​កីឡា​ជាតិ ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​គោលការណ៍ “​កីឡាករ​ម្នាក់ ជំនាញ​ពិសេស​មួយ​” ក្នុងនោះ សហព័ន្ធ​កីឡា​ជាតិ គ្រូបង្វឹក កីឡាករ – កីឡាការិនី ត្រូវ​រៀបចំ​តម្រង់ទិស​ជំនាញ ដោយ​កីឡាករ ឬ​កីឡាការិនី​ម្នាក់ ត្រូវ​ជ្រើសរើស​ប្រភេទ​កីឡា​តែមួយ​មុខ វិញ្ញាសា​តែមួយគត់​។ កីឡាករ​-​កីឡាការិនី​ម្នាក់ៗ ត្រូវ​កំណត់​ដុសខាត់ សម្រួច​ឯកទេស​ជំនាញ នៃ​ទេពកោសល្យ បច្ចេកទេស​ណាមួយ ឬ​ក្នុងតួនាទី​បច្ចេកទេស ប្រចាំ​ក្រុម​ឲ្យ​បាន​គត់មត់​។ ការ​សម្រួច​ឯកទេស​បែបនេះ គឺ​ដើម្បី​ក្ដីសង្ឃឹម នៃ​ការដណ្ដើម​មេដាយ ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

លោក អ៊ុក សិទ្ធិ​ជាតិ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា

​ដោយឡែក លោក ថោង ខុន ប្រធាន​គណៈកម្មាធិកា​ជាតិ អូឡាំពិក​កម្ពុជា ក៏បាន​មានប្រសាសន៍​ដែរ​ថា ដើម្បី​អភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់ ឲ្យ​មាន​ប្រសិទ្ធភាព​នោះ គឺ​ត្រូវ​ឈរលើ​ទ្រឹស្ដី​វិទ្យាសាស្ដ្រ​កីឡា ដែល​ទាមទារ​ឲ្យ​តែមាន សកម្មភាព​ជាប្រចាំ ក្នុង​ការហាត់​ហ្វឹកហ្វឺន និង​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន ។​

​ក្នុង​ការហាត់​ហ្វឹកហ្វឺន គឺ​ត្រូវមាន​មូលដ្ឋាន​ហ្វឹកហាត់ លើ​គុណភាព​កម្លាំងកាយ បច្ចេកទេស​ស្មារតី ដោយមាន​សាល ឧបករណ៍​សម្ភារ បង្កើន​គុណភាព​កម្លាំង កាយ​គ្រប់គ្រាន់ គ្រូបង្វឹក​មានគុណ​ភាព មានបទពិសោធន៍​ខ្ពស់ មាន​គ្រូ​ជំនាញ​ចិត្តសាស្ដ្រ ធ្វើ​លំ​ហាត់​ចិត្តសាស្ដ្រ បាន​ត្រឹមត្រូវ មាន​ពេទ្យ​ព្យាបាល ទាន់ពេលវេលា មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ការ​ស្នាក់នៅ​សមរម្យ និង​មាន​វិន័យ​ម៉ត់ចត់​ល្អ​។​

លោក ថោង ខុន ប្រធាន​គណៈកម្មាធិកា​ជាតិ អូឡាំពិក​កម្ពុជា

​លោក ថោង ខុន បាន​លើកឡើងថា កន្លងមក មាន​កីឡាករ កីឡាការិនី​ខ្លះ ហ្វឹកហាត់ និង​ចូលរួម​ប្រកួត ២ ឬ ៣ ប្រភេទ​កីឡា ផ្សេងៗ​គ្នា ។ ម្យ៉ាងទៀត កីឡាករ​-​កីឡាការិនី​ខ្លះ ចាប់យក​វិញ្ញាសា​ច្រើន ច្របូកច្របល់​គ្នា ពេលខ្លះ ត្រូវ​ផ្លាស់ប្ដូរ​វិញ្ញាសា​ហ្វឹកហាត់ ជាច្រើន​ដង ឬ​ប្ដូរ​មុខងារ ក្នុង​ក្រុម​ច្រើនដង ដែល​ធ្វើបែបនេះ មិនអាច​រក្សាបាន នូវ​និរន្ដ​ភាព​ជំនាញ និង​ព​ន្លឿ​ន​គុណ​ផល​កីឡា បាន​នោះឡើយ ៕v