​មេទ័ព​កម្ពុជា​បាន​ទៅ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ឡាវ​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​៧០​ឆ្នាំ​

668
ចែករម្លែក

​ដោយ​៖​សុខុម​/​ស្ទឹងត្រែង​៖​មេទ័ព​កម្ពុជា​ស្ថិតនៅ​ខេត្ត​ពីរ​ជាប់​ព្រំដែន​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​ដើម្បី​ចូលរួម​ក្នុង​ខួប​លើក​ទី​៧០​ថ្ងៃកំណើត​កងទ័ព​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ​នៅក្នុង​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​មាន​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៧​មករា​ដល់​ថ្ងៃទី​២៩​មករា​២០១៩​។​

​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នោះ​ភាគី​គណប្រតិភូ​យោធា​កម្ពុជា​នៃ​យោធភូមិភាគ​ទី​១​ដឹកនាំ​ដោយ​មេបញ្ជាការរង​យោធភូមិភាគ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុន ដា​រ៉ា នាយរង​សេនាធិការ​យោធភូមិភាគ
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​នី​សុវត្ថិ​នា​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ដឹកនាំ​ដោយ​មេបញ្ជាការរង​យោធា​ខេត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ាន់ ដា​រ៉ា​សិទ្ធិ និង នាយសេនាធិការ​យោធា​ខេត្ត លោក ខាំ ធឹ​ប ។ រីឯ គណប្រតិភូ​យោធភូមិភាគ​ទី​៤ ដឹកនាំ​ដោយ​មេបញ្ជាការរង​ភូមិភាគ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូន្យ ណា​រ៉ា និង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ដឹកនាំ​ដោយ​នាយសេនាធិការ​សឹក​រង​ខេត្ត គឺ​លោក​វរៈសេនីយ៍ឯក​ម៉ៅ​សុវណ្ណ​។​

​ដោយឡែក​ភាគី​យោធា​ឡាវ​គឺមាន​មេបញ្ជាការ​យោធា​ខេត្ត​ចំប៉ា​សាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ូ​កៃ ភី​ម​ម៉ា​សាន​និង​មេបញ្ជាការ​កងពលតូច​លេខ​៥​លោក​វរៈសេនីយ៍ឯក​វ៉ាន់​ថង​ប៊ុ​ត្ត​វង្ស​បាន​ស្វាគមន៍​គណប្រតិភូ​យោធា​កម្ពុជា​។

​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧០​កំណើត​កងទ័ព​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ​នោះ​ត្រូវគេ​មើលឃើញថា​បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​បំផុត​ក្រោម​ការបង្ហាញ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ​គឺ​លោក​ថោង​លន់​ស៊ី​សូលី​ត​ក្រោម​ការអបអរសាទរ​ពី​កងកម្លាំង​គ្រប់​ប្រភេទ និង​ប្រជាជន​ឡាវ ដ៏​ច្រើន​កុះករ​ផង​នោះដែរ​។​

​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​វ៉ាន់ដា​រ៉ា​សិទ្ធិ​បាន​និយាយ​ដឹងថា នៅក្នុង​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ ដើម្បី​ចូលរួម​អបអរសាទរ ខួប​លើក​ទី​៧០ ថ្ងៃកំណើត​កងទ័ព ប្រជាធិបតេយ្យ ប្រជាជន​ឡាវ រយៈពេល​៣​ថ្ងៃ​មកនេះ គណប្រតិភូ​យោធា​កម្ពុជា មាន​យោធភូមិភាគ​ទី​១ និង​យោធភូមិភាគ​ទី​៤ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​។

​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​បាន​ឈ្លាត​ឧិ​កាស​ក្នុង​កិច្ចការងារ​ដ៏​មមាញឹក​ដើម្បី​ចុះ​ជួប​សួរសុខទុក្ខ កងទ័ព​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ​នៅក្នុង​អង្គភាព​កងពល​តូ​ចលេ​ខ​៥​និង​ចូលជួប​សម្តែង​ការគួរសម ជាមួយ​មេបញ្ជាការ​យោធា​ខេត្ត​ចម្ប៉ា​សាក់ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ូ​កៃ ភី​ម​ម៉ា​សាន ជា​មេបញ្ជាការ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា នៅក្នុង​ជំនួប​រវាង​មេទ័ព​កម្ពុជា និង​មេទ័ព​ឡាវ​នោះ មេទ័ព​ទាំងពីរ បាន​ពិភាក្សា​ការងារ​យោធា​សំខាន់ៗ​មួយចំនួន​ហើយ​កិច្ចពិភាក្សា​រួមគ្នា​នោះបាន​បញ្ចប់ទៅ​ដោយមាន​ការយោគយល់​គ្នា​និង​មេទ័ព​កម្ពុជា​-​ឡាវ​បាន​សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ព្រំដែន​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ជាង​នេះ​ថែមទៀត​។​

​យោងតាម​ឯក​សារបាន​បង្ហាញថា ប្រទេស​ឡាវ​បានទទួល​ឯករាជ្យ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​១៩៤៩ នោះមក ហើយ​មកដល់​ខែមករា ឆ្នាំ​២០១៩​នេះ កងទ័ព​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ​ទទួលបាន​ឯករាជ្យ រស់ក្នុង​សុខសន្តិភាព​មាន​ចំនួន​៧០​ឆ្នាំ​គត់​និង​ក៏​ព្រោះតែ​ប្រទេស​ឡាវ​មាន​ព្រំដែន​រួមគ្នា​ជាមួយ​ប្រទេស​កម្ពុជា ដោយ​ប្រទេស​កម្ពុជា មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ៕S/​