​មេធាវី​ម្នាក់​ប្តឹង​ព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញារង​ខេត្ត​ព្រះសីហនុ​ទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​និង​ក្រសួងយុត្តិធម៌​

529

(​ភ្នំពេញ​)៖​លោក​មេធាវី​ពុធ ធា​វី​បាន ប្តឹង​លោកស្រី ចា​ត សូរ​ស្មី ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង លោក កៀង សុន្ទរោ ជា​ព្រះរាជអាជ្ញារង ទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ក្រសួងយុត្តិធម៌ ករណី​មិន​ព្រម​អនុវត្ត​សេចក្ដីសម្រេច​របស់​តុលាការ​ជាន់ខ្ពស់ ។ លោក​មេធាវី ចាត់ទុកថា ទង្វើ​អ្នក​ទាំងពីរ គឺជា​ចេតនា​ទុច្ចរិត​ល្មើ​សនឹង​ច្បាប់ ប្រឆាំង​ទៅនឹង​អំណាច​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ទាំងស្រុង ។​

​ក្នុង​ពាក្យបណ្ដឹង​ដាក់ចូល​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ហើយ​អ្នកសារព័ត៌មាន​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២៤ ខែសីហា នេះ លោក​មេធាវី ពុធ ធា​វី បញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បើកសវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​:២២៣ ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តឹងឧទ្ធរណ៍​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន របស់លោក​មេធាវី ពុធ ធា​វី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ឈន ផ្លុំ ។​

​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ប្រកាស​ភ្លាមៗ​សម្រេច​ឲ្យ​ឈ្មោះ ឈន ផ្លុំ បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន និង បង្គាប់​មក​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ឲ្យ​ដោះលែង​ជាបន្ទាន់ ។​សាលដីកា​នេះ ត្រូវបាន​សមត្ថកិច្ច​សាលាឧទ្ធរណ៍ និង មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ចាត់ការ​ត្រឹមត្រូវ​តាម​បែបបទ​រដ្ឋបាល ។​

លោក​មេធាវី​អះអាងថា ទង្វើ​របស់​ព្រះរាជអាជ្ញារង កៀង សុន្ទរោ ជា​ព្រះរាជអាជ្ញា​ប្រចាំការ រួមទាំង​លោកស្រី​ព្រះរាជអាជ្ញា ចា​ត សូរ​ស្មី គឺជា​ចេតនា​ទុច្ចរិត​ល្មើ​សនឹង​ច្បាប់ ប្រឆាំងនឹង​អំណាច​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ។​

​លោក​មេធាវី​សង្កត់ធ្ងន់ថា ” ខ្ញុំ​ធ្លាប់​បានឃើញ​ព្រះរាជអាជ្ញា រួម​នឹង​ចៅក្រម​ស៊ើបសួរ​បាន​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ រួមទាំង​ថ្ងៃបុណ្យ​…​។​ល​។ មិនដែល​លឺ​ចោទថា ខ្វះ​មន្ត្រីរដ្ឋបាល​សោះឡើយ ចុះ​ករណីនេះ​វា​ដូច​ម្ដេចទៅ ? ” ។​លោក​សូម​ឲ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ពិនិត្យ​លើផ្លូវ​ច្បាប់ និង ដាក់ទណ្ឌកម្ម​តាមច្បាប់ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ ពុំទាន់​មានការ​ឆ្លើយតប​បែបណា​ពី​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅឡើយ​ទេ ក្រោយពី​អ្នកសារព័ត៌មាន​សួរ​សំណួរ​តាម​បណ្ដាញ​សង្គម Telegram ។ អ្នកសារព័ត៌មាន​នឹង​រង់ចាំ​ការឆ្លើយតប​បញ្ហា​នេះ ៕S/​ដោយ​៖​ឆាយា​នាថ​