​មេភូមិ ស៊ឹម ចំរើន

605
ចែករម្លែក

ដោយ ៖ សោម ប៊ុនថន អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ស៊ឹម ចំរើន ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​មេភូមិ​បន្ទាប់ពី​សមាហរណកម្ម​នៅ​តំបន់​អន្លង់វែង​។ អន្លង់វែង គឺ​អតីត​តំបន់​តស៊ូ​ដ៏​រឹង​មុំ​ា​របស់​កម្លាំង​ខ្មែរក្រហម​នៅក្នុង​អំឡុង​ទសវត្សរ៍ ឆ្នាំ​៨០ និង​៩០​។ បន្ទាប់ពី​អតីត​កងកម្លាំង​យោធា និង​កម្មាភិបាល​ខ្មែរក្រហម​នៅ​តំបន់​អន្លង់វែង បានធ្វើ​សមាហរណកម្ម​ចុះចូល​ចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ដើមឆ្នាំ​១៩៩៩ អតីត​យោធា និង​កម្មាភិបាល​មួយចំនួន ត្រូវបាន​បានជ្រើសរើស​ឲ្យ​ដឹកនាំ​ប្រជាជន​ក្នុង​តំបន់​របស់ខ្លួន​រស់នៅ​រហូតមកដល់​សព្វថ្ងៃ​។​

ស៊ឹម ចំរើន នៅផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​អតីត​យុទ្ធ​នារី​ខ្មែរក្រហម ស៊ឹម ចំរើន អាយុ​៦២​ឆ្នាំ បាន​មានប្រសាសន៍ថា «​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ធ្វើការ និង​រៀនសូត្រ​បន្ថែម បន្ទាប់ពី​សមា​រណកម្ម ទើប​ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​មេភូមិ និង​ក្រោយ​មកជា​ក្រុមប្រឹក្សាឃុំ និង​ស្រុក​ត្រពាំង​ប្រាសាទ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ប្រជាជន​ដែល​ធ្លាប់បាន​ស្គាល់​ខ្ញុំ​ពីមុនមក​មិន​ជឿថា ខ្ញុំ​អាចធ្វើ​កិច្ចការ​នេះ​បានឡើយ ព្រោះ​កាលពី​សង្គមចាស់​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១១​តែប៉ុណ្ណោះ ដែល​ស្មើនឹង​ថ្នាក់​ទី​២​នៅពេល​បច្ចុប្បន្ន​»​។

​ស៊ឹម ចំរើន ពិពណ៌នា​ជីវិត​របស់គាត់​ដូចខាងក្រោម​នេះ ៖
​ខ្ញុំ​កើត​នៅ​ភូមិ​ខ្នារ​ទ្រនង់ ឃុំ​ស្វាយ​រំពារ ស្រុក​បរ​សេធ ខេត្តកំពង់ស្ពឺ​។ ខ្ញុំ​បាន​ចូលរួម​ជាមួយ​ចលនា​បដិវត្តន៍​នៅ​ឆ្នាំ​១៩៧៣ បន្ទាប់ពី​កងទ័ព​រំដោះ​ខ្មែរក្រហម​បាន​ចូលមក​គ្រប់គ្រង​ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ​។ ពេលនោះ​ខ្ញុំ​បាន​ចូលរៀន​ជាមួយ​គ្រូបង្រៀន​ខ្មែរក្រហម​នៅក្រោម​ម្លប់ឈើ​ម្តងទៀត ប៉ុន្តែ​ខ្ញុំ​មិនបាន​រៀន​ទៀងទាត់​ឡើយ​។ ទោះបីយ៉ាងណា​ក៏ដោយ ក៏​ខ្ញុំ​ខិតខំ​តស៊ូ​រៀន រហូត​ចេះ​អាន និង​សរសេរ​អក្សរ​មកដល់​សព្វថ្ងៃ បន្ទាប់ពី​ខ្ញុំ​បាន​ដឹកនាំ​កងកុមារ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ចប់​រួចរាល់​។ នៅ​សម័យ​នោះ ទោះបី​ខ្ញុំ​នៅ​វ័យក្មេង​ក៏ដោយ ក៏​អង្គការ​ចាត់តាំង​ឲ្យ​ខ្ញុំ​ធ្វើការ​ងារ​លើក​ទំនប់​នៅ​ស្ទឹង​កាត់​ភ្លុក ដូច​មនុស្ស​ធំ​ពេញវ័យ​ដែរ​។

​ឃ្លាត​ពី​ស្រុកកំណើត​
​បន្ទាប់ពី​យោធា​ខ្មែរក្រហម​បានទទួល​ជ័យជម្នះ​លើ​របប លន់ នល់ បាន​រយៈពេល​៦ ខែ គឺ​នៅ​តុលា ឆ្នាំ​១៩៧៥ អង្គភាព​យោធា​តំបន់​បាន​បញ្ជូន​ខ្ញុំ​តាម​រថភ្លើង​មក​ទីក្រុង​ភ្នំពេញ ដោយ​ប្រាប់ថា​ឲ្យ​មក​ធ្វើការ​នៅ​រោងចក្រ​។ ខ្ញុំ​បានមក​ឈប់​នៅ​ចំណត​រថភ្លើង​ក្នុង​ក្រុងភ្នំពេញ ហើយ​ចៃដន្យ​ក៏បាន​ជួប​បងស្រី​របស់ខ្ញុំ​ឈ្មោះ ស៊ឹម ឃិន ធ្វើការ​នៅក្នុង​កង​នារី​ភូមិ​ខ្នារ​ទ្រនង់ ដែល​ត្រូវបាន​អង្គភាព​យោធា​បញ្ជូនមក​ភ្នំពេញ​ដំណាលគ្នា​ដែរ​។ ខ្ញុំ​បាន​ស្នាក់នៅ​ភ្នំពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង អង្គភាព​យោធា​បាន​ចាត់តាំង​ខ្ញុំ និង​បងស្រី​ខ្ញុំ​ឲ្យ​ឡើង​ជិះ​កប៉ាល់​បន្តទៀត ហើយ​នៅពេលនោះ​មាន​យុវជន និង​យុវនារី មកពី​ខេត្តតាកែវ កំពង់ស្ពឺ និង​សៀមរាប ប្រមាណ​ជាង​១.០០០​នាក់ ជិះ​កប៉ាល់​ចំនួន​ពីរ​គ្រឿង​ទៀ​តទៅ​ជាមួយ​ខ្ញុំ​ដែរ​។ ខ្ញុំ​និង​បងស្រី​បាន​ទៅដល់​ខេត្តក្រចេះ ហើយ​អង្គភាព​យោធា​ក៏បាន​បញ្ចូល​ខ្ញុំ​ទៅក្នុង​កងពល​៩២០ ក្រោម​ការគ្រប់គ្រង​រប​ស់ តា​ឈិន និង សយ​។ នៅក្នុង​អង្គភាព ឈិន និង សយ បាន​អប់រំ​មាគ៌ា​របស់​បក្ស និង​អំពី​ប្រទេស​វៀតណាម​ដែល​ចង់​លេប​ត្របាក់​ទឹកដី​ខ្មែរ​។ ទោះបីយ៉ាងណា​នៅពេលនោះ​ការហូបចុក​នៅក្នុង​អង្គភាព​យោធា​របស់ខ្ញុំ​មិនបាន​គ្រប់គ្រាន់​ឡើយ គឺ​ខាង​ចុងភៅ​បាន​ចែក​របប​ឲ្យ​ខ្ញុំ​រួមជាមួយ​សមាជិក​ទ័ព​ក្នុង​ម្នាក់​ទទួលបាន​បាយ​មួយ​ចាន​តូច​ប៉ុណ្ណោះ​ក្នុង​មួយពេល ដោយ​ដួស​ដាក់​នៅលើ​តុ​រួចជាស្រេច​។ ខ្ញុំ​បាន​ឡើងមក​ហូប​របប​បាយ​ដែល​ចុងភៅ​ដួស​ទុក​ឲ្យ បន្ទាប់ពី​ខ្ញុំ​ធ្វើ​ការងារ​ស្រែចម្ការ​រួចរាល់​។ ដោយឡែក​ប្រជាជន​រស់នៅក្នុង​សហករណ៍ ទទួលបាន​របប​បប​រ​បី​វែក​ក្នុង​មួយពេល ដោយ​ក្នុង​មួយថ្ងៃ​ទទួលបាន​បបរ​បី​ពេល ចំណែក​អ្នក​ដែល​ឈឺ​ជើង​ទៅធ្វើ​មិន​រួច គឺ​ទទួលបាន​របប​បបរ​មួយ​វែក​ប៉ុណ្ណោះ​ក្នុង​មួយពេល​។

​ការងារ​ថ្មី​នៅ​មណ្ឌលគិរី​
​ខ្ញុំ​បាន​ជួយ​ធ្វើស្រែ​ប្រជាជន​នៅ​ខេត្តក្រចេះ​រយៈពេល​បី​ខែ​។ នៅ​ដើមឆ្នាំ​១៩៧៦ អង្គភាព​យោធា​បាន​យក​រថយន្ត​តុង​ហ្វឹ​ង​ចំនួន​១២​គ្រឿង​ដែល​ផលិត​នៅ​ប្រទេស​ចិន​មក​ដឹក​ខ្ញុំ បងស្រី​របស់ខ្ញុំ ព្រមទាំង​យុវជន និង​យុវនារី​ផ្សេងទៀត​បន្តទៅ​ខេត្តមណ្ឌលគិរី​។ ខ្ញុំ​មិនដែល​ស្គាល់​ខេត្តមណ្ឌលគិរី​ពីមុនមក​ទេ គឺ​ខ្ញុំ​ធ្លាប់តែ​ឮ​យាយ​តា​របស់ខ្ញុំ​តំណាល​ប្រាប់ថា ខេត្ត​នេះ​មាន​ជនជាតិ​ព្នង​រស់នៅ​ច្រើន ហើយ​មិន​ពាក់អាវ និង​កាច​សាហាវ​។ ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​ភ័យខ្លាច​យ៉ាងខ្លាំង ម្យ៉ាងទៀត​ខ្ញុំ​ត្រូវ​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​ផ្ទះ និង​ស្រុកកំណើត​ថែម​ទៀតផង​។ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅដល់​ខេត្ត​នោះ ខ្ញុំ​ឃើញ​ជនជាតិ​ព្នង​រស់នៅ និង​ស្លៀកពាក់​ដូច​ប្រជាជន​ខ្មែរ​ដែរ ហើយ​ទទួល​ការអប់រំ​ពី​ខ្មែរក្រហម​ដូច​ប្រជាជន​ខ្មែរ​ដ៏ទៃទៀត​។

​ខ្ញុំ​ត្រូវបាន​អង្គភាព​ចាត់តាំង​ឲ្យ​ទៅ​នៅ​ស្រុក​កោះ​ញែក ចំណែក​បងស្រី​របស់ខ្ញុំ​ទៅ​នៅ​កោះ​យើ​ល​។ ពេលនោះ​អង្គភាព​យោធា​កាត់ឈ្មោះ​ខ្ញុំ​ចេញពី​កងពល​៩២០ រួច​បញ្ចូល​ទៅ​នៅ​យោធា​តំបន់​មណ្ឌលគិរី​ក្រោម​ការគ្រប់គ្រង​របស់ តា​ហម ដែល​បោះ​ទីស្នាក់ការ​ទ័ព​នៅតាម​មាត់​អូរ និង​ព្រៃ​នៅក្នុង​ស្រុក​នេះ​។ ក្រោយមក​អង្គភាព​យោធា​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​លើកភ្លឺស្រែ និង​បង្កបង្កើនផល​ដើម្បី​កែប្រែ​ទីតាំង​ដែល​ខ្ញុំ​រស់នៅ​ឲ្យ​ទៅជា​ភូមិដ្ឋាន​សម្រាប់​ប្រជាជន​រស់នៅ​។ ក្រៅពី​ធ្វើ​ការងារ​ស្រែចម្ការ ខ្ញុំ​ក៏ត្រូវ​ត្រៀម​ការពារ​ព្រំដែន​ដែរ​។​

​តាំងពី​ចេញពីផ្ទះ ឪពុកម្តាយ​របស់ខ្ញុំ​មិនដឹងថា​ខ្ញុំ​រស់នៅ​ទីណា​ឡើយ ហើយ​ខ្ញុំ​ក៏​មិនដែល​ទៅលេង​ផ្ទះ​ដែរ ទោះបី​ខែ​បុណ្យទាន ព្រោះ​ខ្ញុំ​នៅ​គ្រប់គ្រង​សមាជិក​ង​។ ទោះបីយ៉ាងណា នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​ម្តងៗ យើង​បាននាំគ្នា​វេច​នំ​រួច​ហៅ​ចាស់ៗ​ដែល​ធ្លាប់​កាន់សីល និង​ចេះ​ធម៌អាថ៌ មក​រៀបចំ​ពិធី​សែន​គម្រប់​កិច្ច ព្រោះ​តាំងពី​ឆ្នាំ​១៩៧៣ ខ្មែរក្រហម​មិន​ឲ្យ​មាន​លោកសង្ឃ​ទៀត​ទេ​។ បងប្រុស​ទី​១​របស់ខ្ញុំ​ម្នាក់​បាន​បួស​ជា​ព្រះសង្ឃ​បាន​រយៈពេល​៨​ឆ្នាំ​ហើយ​នៅពេលដែល​ខ្ញុំ​រស់នៅ​ស្រុកកំណើត ប៉ុន្តែ​ពេល​ខ្មែរក្រហម​ចូលមកក្នុង​ភូមិ​នៅ​ឆ្នាំ​១៩៧៣ ខ្មែរក្រហម​បាន​ឲ្យ​គាត់​សឹក​វិញ​។ ដោយឡែក​នៅពេល​បុណ្យចូលឆ្នាំ​ខ្មែរ អង្គការ​បានអនុញ្ញាត​ឲ្យ​សមាជិក​នៅក្នុង​អង្គភាព​យោធា ឈប់សម្រាក​រយៈពេល​បី​ថ្ងៃ ទៅមួយ​អាទិត្យ ដូច្នេះ​យើង​បាននាំគ្នា​បេះ​ផ្លែឈើព្រៃ និង​ទៅរក​ក្តួច​យកមក​ហូប​ជុំគ្នា រួចហើយ​វាយ​ស្គរ និង​ធុង​ដើម្បី​រាំ​កម្សាន្ត​នៅ​មន្ទីរ​។

​ការបាត់​ខ្លួន​ថ្នាក់ដឹកនាំ​
​នៅ​អំឡុង​ឆ្នាំ​១៩៧៧-១៩៧៨ សភាពការណ៍​ចាប់ខ្លួន​កម្មាភិបាល និង​យោធា​បានកើត​ឡើងជា​បន្តបន្ទាប់ ដោយ​អង្គការ​បាន​ចាប់ខ្លួន​ប្រធាន​កងពល​៩២០ តា​ឈិន និង សយ រហូតដល់​ប្រធាន​វរ​សេនា​ធំ ដោយ​ចោទថា ក្បត់ និង​មាន​ទំនាក់ទំនង​ជាមួយ​វៀតណាម រួចហើយ​បញ្ជូន​ពី​ខេត្តក្រចេះ​មក​ឃុំឃាំង​បណ្តោះអាសន្ន​នៅ​តំបន់​របស់ខ្ញុំ​។ ខ្ញុំ​បាន​លួច​សាកសួរ​អ្នក​ធ្លាប់​ធ្វើការ​ជាមួយ​ខ្ញុំ​នៅ​ខេត្តក្រចេះ ទើប​ដឹងថា ការចាប់ខ្លួន​អ្នក​ទាំងនោះ​ដោយសារ​ប្រជាជន​ហូប​មិន​គ្រប់គ្រាន់​។​

​បន្ទាប់មក អង្គការ​បាន​បញ្ជូន តា​ឈិន និង សយ តាម​រថយន្ត​បន្ត​មក​ភ្នំពេញ​ទៀត​។ ចំណែក​គណៈ​តំបន់​នៅ​មណ្ឌលគិរី រួមមាន ៖ តា​ហម​, តា​ឡាំង និង តា​កំភួន ក៏​បាត់​ខ្លួន​ជា​បន្តបន្ទាប់​ដែរ ដោយ​អង្គ​ការហៅ​ទៅ​ប្រជុំ​ដោះស្រាយ​បាតុភាព​ការងារ​នៅ​ភ្នំពេញ​។ នៅ​ឆ្នាំ​១៩៧៩ ការ​ចាប់ខ្លួនបាន​ស្ងប់ស្ងាត់ ហើយ​ប្រធាន​តំបន់​ថ្មី​ឈ្មោះ តា​សារុន ក៏បាន​ឡើង​គ្រប់គ្រង​ជំនួស​។ នៅ​អំឡុង​ពេលនោះ​សភាពការណ៍​ច្រួលច្របល់​ពី​សង្គ្រាម​ជាមួយ​ប្រទេស​វៀតណាម​ក៏​កើតឡើង​ដែរ ដូច្នេះ​ខ្ញុំ​ក៏ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ប្រចាំការ​នៅ​ខ្សែត្រៀម​ទាំងយប់​ទាំង​ថ្ងៃ​។

ផ្លូវ​ទៅ​ច្រក​ជប់​រុន​ព្រំដែន​ខ្មែរ​-​ថៃ ស្ថិត​ក្នុងភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

រស់នៅ​លាក់​ខ្លូន​ក្នុងព្រៃ​
​នៅពេល​កងទ័ព​វៀតណាម​បាន​វាយ​ចូលដល់​ក្នុង​ទីរួមស្រុក​កោះ​ញែក ខ្ញុំ និង​អង្គភាព​យោធា​ខ្មែរក្រហម​បាន​រត់​ចូល​ព្រៃ​មេ​ម៉​ង់ ដែលជា​ព្រៃ​ក្រាស់​មើលមិនឃើញ​ពន្លឺ​ថ្ងៃ​ដើម្បី​លាក់ខ្លួន ចំណែក​ប្រជាជន​បានរស់នៅ​តាម​ភូមិ​ឃុំ​ដដែល​។ អង្គភាព​ទ័ព​របស់ខ្ញុំ​ដែល​ដឹកនាំ​ដោយ តា ផាំង និង តា​នូ មិនបាន​រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​ឡើយ ព្រោះ​ខ្លាច​ប្រជាជន​រាយការណ៍​ប្រាប់​កងទ័ព​វៀតណាម​។ នៅ​អំឡុង​ពេលនោះ ក៏មាន​ការឃោសនា​ថា កងទ័ព​វៀតណាម​ធ្វើបាប និង​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្មែរ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ភ័យខ្លាច​ថែមទៀត​។ ដោយឡែក​ការរស់នៅ​របស់​ប្រជាជនមាន​ការខ្វះខាត​អាហារ​ហូបចុក កើត​ជំងឺ​រាករូស គ្រុនចាញ់ និង​គ្មាន​ថ្នាំសង្កូវ បណ្តាល​ឲ្យ​ស្លាប់​ជាច្រើន​។

មុំ​បី​
​ខ្ញុំ​បានរស់នៅ​ក្នុងព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី រហូតដល់​ឆ្នាំ​១៩៨០ ទើប​ឆ្លង​ទឹក​មក​នៅ​ខេត្តក្រចេះ​មួយរយៈ​។ ខ្ញុំ​និង​អង្គភាព​ទ័ព​តំបន់​បានរស់នៅ​ក្នុងព្រៃ ដោយ​ហូប​តែ​ក្តួច និង​ដំឡូង​ប៉ុណ្ណោះ​។ មកដល់​ឆ្នាំ​១៩៨១ ទើប​ខ្ញុំ​និង​អង្គភាព​ទ័ព​បានធ្វើ​ដំណើរ​បន្ត​ឆ្លង​មក​ស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​ទុក​អ្នកជំងឺ​ណា​ដែល​ដើរ​មិន​រួច​ឲ្យ​ធ្វើដំណើរ​មក​តាម​ក្រោយ​។ នៅតាម​ផ្លូវ​ខ្ញុំ​បាន​ជីក​ដំឡូង និង​ក្តួច​ហូប​បន្ថែម ដោយសារតែ​គ្មាន​ស្បៀងអាហារ​ហូប​គ្រប់គ្រាន់​។ ពេលមកដល់​ទន្លេ​ល្ពៅ (​តំបន់​មុំ​បី ឬ ច្រក​១០០១) ជាប់​ព្រំដែន​ឡាវ ថៃ និង​កម្ពុជា ទើប​ខ្ញុំ​មាន​អង្ករ​ហូប​ដោយ សុន សេន (​អតីតរដ្ឋមន្ត្រី​ការពារជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥-៧៩) បាន​ទាក់ទង​ដឹក​អង្ករ​មកពី​ខាង​ថៃ​។ ក្រៅពី​អង្ករ​ក៏មាន​ជំនួយ​ជា​អាហារ​កំប៉ុង​ពី​អង្គការ​អន្តរជាតិ​ដែរ​។ មាន​ជនភៀសខ្លួន​ជាច្រើន​បានមក​រស់នៅ​មុំ​បី ហើយ​ក៏មាន​ថ្នាំពេទ្យ និង​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​នៅ​ទី​នោះដែរ ដែលមាន​ប្រធាន​ឈ្មោះ តា​ឡូ​ន​។

​ជួប​ជាមួយ​បងស្រី​
​ខ្ញុំ​បាន​ជួប​ជាមួយ​បងស្រី​របស់ខ្ញុំ​វិញ​ពេលមកដល់​មុំ​បី ប៉ុន្តែ​គាត់​បាន​រៀបការ​រួចហើយ​។ ក្រោយមក​អង្គភាព​ទ័ព​ក៏បាន​បំបែក​ខ្ញុំ​ឲ្យ​ធ្វើការ​នៅ​កង​ដឹកជញ្ជូន ចំណែក​បងស្រី​ខ្ញុំ​ដែល​រៀបការ​រួច អង្គភាព​ទ័ព​ឲ្យ​ទៅ​នៅ​កង​មីងៗ​វិញ​។

​ខ្ញុំ​មក​នៅ​ផ្នែក​ដឹកជញ្ជូន​ក្នុង​កង​វរ​សេ​ធំ​លេខ​២៥៩ ដឹកនាំ​ដោយ តា​ពិន (​ឆន​) នៃ​កងពល​លេខ​៨០២ គ្រប់គ្រង​ដោយ តា​សារឿន វិញ​។ រៀងរាល់ថ្ងៃ ខ្ញុំ​ត្រូវ​ងើប​ពី​ព្រលឹម​ដឹកជញ្ជូន​អង្ករ និង​គ្រាប់រំសេវ ចុះ​ពីលើ​ភ្នំ​យកទៅ​ឲ្យ​យោធា​ខ្មែរក្រហម​ដែល​បោះ​ទីតាំងនៅ​វាល​ជៀស និង​អូរ​ជុច ហើយ​ពេល​ថ្ងៃរសៀល​ខ្ញុំ​សែង​អ្នករបួស​ឡើងទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅលើ​ភ្នំ​វិញ​។ យូរ​ម្តងៗ ខ្ញុំ​បាន​ដឹកជញ្ជូន​ស្បៀង និង​គ្រាប់រំសេវ​ពី​ទន្លេ​ល្ពៅ ទៅ​ភ្នំ​រូង និង​ច្រក​អានសេះ ក្នុងស្រុក​ជាំ​ក្សាន្ត​។ ចំណែក​ខាង​ប្រជាជន​គឺ តា​អាន ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​ដែល​ពេល​នោះបាន​បង្កើត​ភូមិ​មួយ​សម្រាប់​ប្រជាជន​ទាំងនោះ​រស់នៅ​ដោយ​ដាក់ឈ្មោះថា ភូមិ តា​អាន តែម្តង​។​

រៀបការ​លើកដំបូង
​នៅ​ឆ្នាំ​១៩៨២ ខ្ញុំ​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​ធ្វើជា​យោធា​នៅក្នុង​កង​វរ​សេ​ធំ​លេខ​២៥៩ ជាមួយ​ខ្ញុំ​នៅ​ទន្លេ​ល្ពៅ​។ ខ្ញុំ​សម្រាល​បានកូន​ប្រុស​ម្នាក់​ដោយពេល​នោះ​មាន​ឆ្មប​មក​បង្កើតកូន​ឲ្យ​ខ្ញុំ​នៅផ្ទះ​។ នៅ​អំឡុង​ឆ្នាំ​១៩៨៤ ក្រោយពេល​ខ្ញុំ​សម្រាល​បានកូន​ស្រី​ទី​ពីរបាន​រយៈពេល​មួយអាទិត្យ ប្តី​របស់​របស់ខ្ញុំ​ក៏បាន​ដើរ​ជាន់មីន​ផ្ទុះ​ស្លាប់​។ នៅក្នុង​ឆ្នាំ​ដដែល កងទ័ព​វៀតណាម និង​កងទ័ព​រដ្ឋាភិបាល​បានចាប់ផ្តើម​វាយ​សម្រុកចូល​មកកាន់​តែ​ខ្លាំង ដូច្នេះ​ខ្ញុំ​និង​ប្រជាជន​ក៏បាន​នាំគ្នា​រត់គេចខ្លួន​ឡើង​ទៅលើ​ភ្នំ​។​

​ខ្ញុំ​ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ត្រូវ​នៅ​មើលថែទាំ​កូនតូចៗ ត្រូវ​រក​អង្ករ​ដាំបាយ​ឲ្យ​កូន​ហូប និង​នាំ​កូនរ​ត់រក​កន្លែង​លាក់ខ្លួន ដោយសារ​កងទ័ព​វៀតណាម និង​កងទ័ព​រដ្ឋាភិបាល​បាន​វាយ​ចូលមក​ទន្លេ​ល្ពៅ​ជា​ញឹកញាប់​។ ដូច្នេះហើយ​នៅ​ឆ្នាំ​១៩៨៦ អង្គភាព​យោធា​ក៏​រៀបចំ​ឲ្យ​ខ្ញុំ​មាន​ប្តី​ក្រោយ​ទៀត​ដើម្បី​ជួយ​មើលថែរក្សា​គ្នា​។ គាត់​គឺជា​យោធា​ពិការ​នៅក្នុង​កងពល​៨០២​។
​នៅពេលនោះ​រដ្ឋាភិបាល​ថៃ​មិនទាន់​អនុញ្ញាត​ឲ្យ​យោធា​ខ្មែរក្រហម និង​ប្រជាជន​ចូលទៅក្នុង​ទឹកដី​របស់គេ​ឡើយ​។ ក្រោយមក​ក៏មាន​ការចរចា​រវាង​ថ្នាក់ដឹកនាំ​ខ្មែរក្រហម និង​រដ្ឋាភិបាល​ថៃ ទើប​យោធា​ថៃ​យល់ព្រម​អនុញ្ញាត​ឲ្យ​ប្រជាជន​ឆ្លង​ចូលក្នុង​ទឹកដី​របស់គេ ដូច្នេះ​ខ្ញុំ​ក៏បាន​នាំ​កូន​ចាក​ចេញពី​មុំ​បី ទៅ​រស់នៅ​ម្តុំ​ចងក ជិត​ច្រក​១០០៣ វិញ​។ នៅ​អំឡុង​ពេលនោះ មាន​ប្រជាជន និង​យោធា​ខ្មែរក្រហម​ជាច្រើន​កងវរសេនាធំ និង​កងពល​ភៀសខ្លួន​ទៅ​ម្តុំ​ចងក​ដែរ​។

នៅ​ជំរំ​
​ពី​កន្លែង​ដែល​ខ្ញុំ​រស់នៅ​ម្តុំ​ចងក ទៅ​ជំរំ​អូរ​ត្រាវ នៅ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ខ្ញុំ​មិនបាន​ចូលទៅ​រស់នៅ​ជំរំ​ទេ ព្រោះ​ប្តី​របស់ខ្ញុំ​មានឈ្មោះ​ជា​កងទ័ព (​អ្នក​ដែលមាន​ប្តី​ប្រពន្ធ​ធ្វើជា​កងទ័ព​មិនត្រូវ​អនុញ្ញាត​ឲ្យ​រស់នៅក្នុង​ជំរំ​ឡើយ​)​។ ទោះបីយ៉ាងណា​ខ្ញុំ​បាន​កត់​ឈ្មោះ​បើក​របប​ពី​ជំរំ ដូច​បងស្រី​របស់ខ្ញុំ និង​អ្នក​ប្រជាជន​ទូទៅ​ដែល​រស់នៅក្នុង​ជំរំ​ដែរ​។ នៅ​រាល់ពេល​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំ​ម្តងៗ ខ្ញុំ​តែងតែ​ទទួល​របប​ស្ករ ទឹកត្រី ទឹកដោះគោ ប៊ីចេង សណ្តែក និង​អង្ករដំណើប​ពី​អង្គការ​មនុស្សធម៌ យកមក​វេច​នំ​សម្រាប់​សែន​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​ទុក​ហូប​ក្នុង​គ្រួសារ​។​

ចូលមក​នៅ​ដី​ខ្មែរ​
​បន្ទាប់ពី​វៀតណាម​ដក​កងទ័ព​ចេញពី​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៨៩ ខ្ញុំ​បាន​ចូលមក​ស្នាក់នៅ​ចល័ត​តាម​បណ្តា​យ​ព្រំដែន​ក្នុង​ទឹក​ខ្មែរ រហូតដល់​មានការ​ចរចា​រក​សន្តិ​ភាព​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។ នៅ​ឆ្នាំ​១៩៩៣ តា​ម៉ុក បាន​យក​រថយន្ត​ដឹក​ខ្ញុំ រួមជាមួយ អតីត​យោធា កម្មាភិបាល​ខ្មែរក្រហម និង​ជនភៀសខ្លួន​ពី​ជំរំ​មក​រស់នៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ វិញ ដែល​ពេល​ចូល​មកដល់​ដំបូង​ខ្ញុំ​ឃើញ​ព្រៃឈើ​ដុះ​ណែនណាន់តាន់តាប់​ស្ទើរតែ​ដើរចូល​មិន​ចុះ​។ នៅ​ខណៈពេល​នោះដែរ រថយន្ត​ឈូស​ផ្លូវ និង​ដឹកឈើ​របស់​ថៃ​ក៏បាន​បើក​ចេញចូល​ក្នុង​ដី​ខ្មែរ​រាល់​យប់​ស្ទើរតែ​ធ្វើ​ឲ្យ​ខ្ញុំ​ដេក​មិន​លក់​ដែរ​។ ថៃ​បាន​ផ្តល់ប្រាក់ រថយន្ត​ធ្វើ​ផ្លូវ និង​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ដល់ តា​ម៉ុក វិញ​ជាការ​ដោះដូរ​ជាមួយ​ឈើ​ទាំងនោះ​។​

​រត់គេច​ពី​ការ​វាយ​ប្រយុទ្ធ​
​មួយរយៈ​ក្រោយមក ខ្ញុំ​ក៏​ឃើញ​មាន​វត្តមាន​កង​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា «​អ៊ុនតាក់​» មកដល់​តំបន់​របស់ខ្ញុំ​រស់នៅ​ដែរ​។ ប៉ុន្តែ​បន្ទាប់ពី​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ «​អ៊ុនតាក់​» ការ​វាយ​ប្រយុទ្ធ​បានកើត​ឡើង​ម្តងទៀត​រវាង​កងកម្លាំង​របស់​ខ្មែរក្រហម និង​កងកម្លាំង​របស់​រាជរដ្ឋាភិបាល​។ នៅ​អំឡុង​ពេលនោះ ខ្ញុំ​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​នៅ​ស្រុក​អន្លង់វែង ដោយ​ទុក​តែ​កម្លាំងយោធា​ខ្មែរក្រហម​នៅ​ឈរជើង ហើយ​កង​យោធា​ខ្មែរក្រហម​ទាំងនោះ​ក៏​ចាប់​រាយ​មីន​ដើម្បី​ការពារ​ទីតាំង​ឈរជើង​របស់ខ្លួន​។​

​នៅ​រដូវវស្សា ខ្ញុំ​បាន​ត្រឡប់មក​ធ្វើស្រែ និង​ចម្ការ​នៅផ្ទះ​នៅ​ស្រុក​អន្លង់វែង​វិញ (​ក្រោយមក​ក៏​បំបែក​ទៅជា​ស្រុក​ត្រពាំង​ប្រាសាទ​រហូតដល់​សព្វថ្ងៃ​) ព្រោះ​កងកម្លាំង​ទ័ពថ្មើរជើង និង​រថក្រោះ​របស់​រដ្ឋា​ភិ​បាល​ចូល​មិន​ដល់​តំបន់​របស់ខ្ញុំ​រស់នៅ​ឡើយ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​មានទឹក​ហូរ​កាត់​ផ្លូវ​។ ប៉ុន្តែ​ចាប់ពី​ខែតុលា ដល់ ខែធ្នូ ខ្ញុំ​ត្រូវ​ត្រៀម រត់គេចខ្លួន​ឡើងទៅ​លើ​ភ្នំ និង​រត់​ចូលទៅក្នុង​ដី​ថៃ​វិញ ព្រោះ​កងកម្លាំង​រដ្ឋាភិបាល​វា​យ​សម្រុកចូល​មកដល់​។

​ស្ថានការណ៍​ប្រែប្រួល​
​មកដល់​ឆ្នាំ​១៩៩៨ កងកម្លាំង​ខ្មែរក្រហម​ខ្លះ​ចាប់ផ្តើម​ចរចា​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ នៅ​អំឡុងពេល​ស្ថានការណ៍​នយោបាយ​ច្រួលច្របល់​នោះ តា​ម៉ុក បាន​ចាប់ខ្លួន​ប្រធាន​កងពល​៨០២ ដែលមាន​ឈ្មោះ សារឿន ដែល​គ្រប់គ្រង នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង​បាន​យក​ឡាន​មក​ដឹក​ប្រជាជន​ទាំងយប់​ចូលទៅក្នុង​ទឹកដី​ថៃ​វិញ​។ ឃើញ​ស្ថានភាព​ដូច្នេះ ជុំ ជាតិ គឺជា​មេ​របស់ខ្ញុំ និង តា​លាវ ក៏បាន​គេចខ្លួន​ទៅ​សារភាព និង​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​បែបនេះ តា​ម៉ុក បាន​បញ្ជា​ឲ្យ​ចាប់​ប្រពន្ធ​កូន​របស់​អ្នក​ដែលរ​ត់ទៅ​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ដើម្បី​ជាការ​គំរាមកំហែង​។

​សមាហរណកម្ម​
​ក្រោយមក​ខ្ញុំ​ក៏បាន​ឆ្លង​ទំនប់​ដាច់ ទៅ​សារភាព និង​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្តព្រះវិហារ​ដែរ​។ រយៈពេល​៤-៥​ក្រោយមក សភាពការណ៍​បាន​ស្ងប់ស្ងាត់​ទើប​ខ្ញុំ​ត្រឡប់មក​រស់នៅ​ស្រុក​ត្រពាំង​វិញ​។ ពេលនោះ សហរដ្ឋមន្ត្រី​ការពារជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម ទា បាញ់ ក៏បាន​ជិះ​យន្តហោះ​មក​ចូលរួម​ពិធី​សមាហរណកម្ម​ជា​ផ្លូវការ បន្ទាប់ពី តា​ម៉ុក ត្រូវបាន​ចាប់ខ្លួន​។ ទោះបីយ៉ាងណា​ខ្ញុំ​នៅតែ​បារម្ភ និង​ខ្លាច​យោធា​ខ្មែរក្រហម​គ្នាឯង​ដែល​នៅមាន​ចិត្ត​គុំ​គួ​ន​ចូលមក​វាយប្រហារ​ដដែល ហើយ​មួយ​យប់ៗ​ខ្ញុំ​ដេក​មិន​លក់​ឡើយ​។

​ភ្លាមៗ​បន្ទាប់ពី​សមាហរណកម្ម ឧទ្ធម្ភាគចក្រ​ខាង​រដ្ឋាភិបាល​ក៏បាន​ហោះ​មក​ចុះចត​នៅ​តំបន់​ខ្ញុំ​រស់នៅក្នុង​មួយថ្ងៃ​ចាប់​៤​ទៅ​៥​គ្រឿង ហើយ​ខាង​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​ឲ្យ​ប្អូន​ណា​ដែល​ចង់​ទៅលេង​ស្រុកកំណើត អាចមក​ជិះ​ឧទ្ធម្ភាគចក្រ​ដែល​នឹង​ហោះ​ទៅ​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង ដោយ​មិន​យកឈ្នួល​ឡើយ​។ ខ្ញុំ​មិនបាន​សម្រេចចិត្ត​ទៅលេង​ស្រុកកំណើត​ទេ​នៅពេលនោះ ព្រោះ​ខ្ញុំ​គ្មាន​ទ្រព្យសម្បត្តិ​អ្វី​ឡើយ ខ្ញុំ​ខ្មាស់​អ្នកស្រុក ម្យ៉ាងទៀត​ខ្ញុំ​បាន​បែក​ពី​ស្រុក​ជាង​៣០​ឆ្នាំ​មកហើយ​។​

រដូវ​បុណ្យ​ភ្ជុំ​ខ្ញុំ​នឹក​ស្រុក​
​នៅ​រដូវ​បុណ្យ​ភ្ជុំ ឆ្នាំ​១៩៩៨ ខ្ញុំ​មាន​អារម្មណ៍​នឹក​ស្រុកកំណើត​យ៉ាងខ្លាំង ដូច្នេះ​ខ្ញុំ ក៏បាន​ពរ​កូន​ដើរកាត់​ព្រៃ​ពី​ត្រពាំង​ប្រាសាទ​សំដៅ​មក​ខេត្តសៀមរាប ដើម្បី​រក​តាក់ស៊ី​ជិះ​បន្ត​មក​ភ្នំពេញ​។
​នៅតាម​ផ្លូវ​ធ្វើដំណើរ អ្នកបើករថយន្ត​បាន​និយាយ​អំពី​អំពើអាក្រក់​ជាច្រើន​របស់​ក្រុមខ្មែរក្រហម ដែល​បានធ្វើការ​វាយប្រហារ ដាក់​គ្រាប់​ម៉ី​ន​ផ្តាច់​ស្ពាន និង​ថ្នល់ ដោយ​អ្នកបើកបរ​មិនដឹងថា​អ្នកជិះ​ទាំងអស់​នៅក្នុង​រថយន្ត​គឺជា​អតីត​ខ្មែរក្រហម​ឡើយ​។ ចំណែក​ខ្ញុំ និង​អ្នកជិះ​ផ្សេងទៀត​ក៏​មិន​ហ៊ាន​តបត និង​និយាយ​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន​ដែរ ព្រោះ​ខ្លាច​អ្នកបើកបរ​ស្គាល់​។
​មកដល់​ភ្នំពេញ ខ្ញុំ​បាន​ជិះ​ម៉ូតូឌុប​ទៅ​ផ្សារ​ដើម​គរ​ដើម្បី​រក​រថយន្ត​ជិះ​បន្តទៅ​ស្លាប​លែង ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ដោយសារ​រថយន្ត​ទៅ​ខេត្តកំពង់ស្ពឺ​ចេញទៅ​ផុត​អស់ ទើប​ខ្ញុំ​សម្រេចចិត្ត​ជិះ​រថយន្ត​នៅ​ខេត្តតាកែវ ដោយ​ជិះ​វាង​ផ្លូវ​ទៅ​ឈប់​នៅ​ផ្សារ​ស័ង្កសី​នៅពេល​យប់​ងងឹត ព្រោះ​មាន​វាយ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំងយោធា និង​ប៉ូលីស​របស់​រដ្ឋាភិបាល​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​។ ពី​ផ្សារ​ស័ង្កសី​ទៅ​ស្រុកកំណើត​របស់ខ្ញុំ​នៅ​ស្រុក​ប​សេធ ខេត្តកំពង់ស្ពឺ ខ្ញុំ​បាន​កុហក​អ្នកបើក​ម៉ូតូឌុប​ដែល​ដឹក​ខ្ញុំ​ថា ខ្ញុំ​មកពី​ខេត្តកំពង់ធំ ព្រោះ​ខ្លាច​អ្នកនោះ​ដឹង​ការពិត ហើយ​ស្អប់​ខ្ញុំ​ជា​អតីត​ខ្មែរក្រហម​ដែល​មកពី​តំបន់​អន្លង់វែង​។ ខ្ញុំ​បានមក​ដល់​ផ្សារ​ស្លាប​លែង​នៅពេល​យប់ និង​បាន​សុំ​សំយាបផ្ទះ​ប្រជាជន​នៅ​ទីនោះ​ដើម្បី​ចង​អង្រឹង​ឲ្យ​កូនតូច​របស់ខ្ញុំ​ដេក​បណ្តោះអាសន្ន ព្រោះ​ខ្ញុំ​បាន​ចាក​ចេញពី​ស្រុក​ជាង​៣០​ឆ្នាំ ដូច្នេះ​ចំណាំ​ផ្ទះ​មិន​បានឡើយ​។ ប៉ុន្តែ​ក្រោយពី​ម្ចាស់​នោះ​សួរនាំ​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​ពី​ប្រវត្តិរូប​ពិត ទើប​ដឹងថា យើង​ត្រូវជា​បងប្អូន​នឹង​គ្នា​។ ខ្ញុំ​បាន​សូម​ឲ្យ​ម្ចាស់ផ្ទះ ជូន​ខ្ញុំ​ទៅ​ជួប​ឪពុកម្តាយ​។ ពេលទៅដល់​ផ្ទះ ឪពុកម្តាយ​ខ្ញុំ​បាន​ភ្ញាក់​ស្រឡាំងកាំង និង​គាំង​រក​ហារ​ស្តី​មិន​រួច​ដោយ​គិតថា ខ្ញុំ​មិនអាច​មានជីវិត​រស់នៅ​ឡើយ ព្រោះ​យុវជន​និង​យុវនារី​នៅក្នុង​ភូមិ​ជាច្រើន​ដែល​បាន​ចាក​ចេញទៅ​បម្រើ​បដិវត្តន៍​ខ្មែរក្រហម​ដំណាល​ខ្ញុំ បាន​ស្លាប់​អស់ហើយ​។ ចំណែក ខ្ញុំ​ក៏មាន​អារម្មណ៍​ថា ដូច​បាន​រស់​ម្តងទៀត​ដែរ​នៅពេល​ជួប​ឪពុកម្តាយ​វិញ​។
​ខ្ញុំ​បាន​ស្នាក់នៅ​ភូមិកំណើត​រយៈពេល​កន្លះ​ខែ ក៏​ត្រឡប់មក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិន​ស្គាល់​ទីតាំង​ភូមិសាស្ត្រ និង​ផ្លូវ​ដើរមក​ផ្ទះ​ច្បាស់លាស់​ក៏​វង្វេង​នៅ​ព្រៃ​ម្តុំ​ស្រែ​ណូយ ព្រោះ​អំឡុង​ពេលនោះ​ពី​សៀមរាប​ទៅ​អន្លង់វែង​មិនទាន់មាន​ផ្លូវ​សម្រាប់​រថយន្ត​បើកបរ​ទេ គឺ​មានតែ​ផ្លូវ​ថ្មើរជើង​និង​រទេះ​បរ​ឆ្លងកាត់​ប៉ុណ្ណោះ​។ ខ្ញុំ​ស្នាក់នៅ​ស្រែ​ណូយ​រយៈពេល​ពីរ​ថ្ងៃ ទើប​ពរ​កូន​ដើរកាត់​ព្រៃ​មកដល់​ផ្ទះ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​។ ជា​រៀងរាល់ឆ្នាំ ខ្ញុំ​បាន​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​រហូតដល់​ឪពុក​របស់ខ្ញុំ​ស្លាប់​។

​វត្ត​អារាម​
​បន្ទាប់ពី​សមាហរណកម្ម​ឆ្នាំ​១៩៩៩ យើង​បាននាំគ្នា​រៀបចំ និង​បោសសម្អាត​កន្លែង​សម្រាប់​គោរពបូជា ដោយ​ជ្រើស​រើសយក​ទីតាំង​ដែលមាន​ប្រាសាទបុរាណ​ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ​។ ក្រោយមក​ប្តី​របស់ខ្ញុំ​បានរៀបចំ​សាងសង់​សាលាឆទាន សម្រាប់​ចាស់ៗ​មកសុំ​សីល​។ បន្ទាប់មក ខ្ញុំ និង​ប្តី​របស់ខ្ញុំ ព្រមទាំង​ប្រជាជន​នៅក្នុង​ក៏​និមន្ត​ព្រះសង្ឃ​មក​គង់ ហើយ​ចាប់តាំងពី​ពេលនោះ​ក៏មាន​ការជួយ​ឧ​ត្ថ​ម្ភ​ឈើ ស័ង្កសី ដែក និង​សម្ភារ​ពី​អតីត​កម្មាភិបាល​ខ្មែរក្រហម ដើម្បី​សាងសង់​សំណង់​ផ្សេងៗ​នៅក្នុង​វត្ត​បន្ថែមទៀត​។ ក្រៅពី​ព្រះពុទ្ធសាសនា ក៏មាន​អ្នក​ផ្សព្វផ្សាយ​ពី​គ្រិស្តសាសនា​ចូលមកក្នុង​តំបន់​ខ្ញុំ​រស់នៅ​ដែរ​។ មាន​ប្រជាជន​ចំណូល​ថ្មី​ជាច្រើន​បាន​ប្រណិប័តណ៍​គ្រិស្តសាសនា តាមរយៈ​បងប្អូន​ដែល​ធ្វើការ​នៅក្នុង​ស្ថាប័ន​សាសនា​នេះ ចំណែក​អតីត​ខ្មែរក្រហម​មាន​តិចតួច​ប៉ុណ្ណោះ​។​

​ការដឹកនាំ​ភូមិ​ឃុំ​
​ខ្ញុំ​ត្រូវបាន​ប្រជាជន​ជ្រើសរើស​ឲ្យ​ធ្វើជា​មេភូមិ បន្ទាប់ពី​សមាហរណកម្ម​នៅ​ដើមឆ្នាំ​១៩៩៩​។ ពេលនោះ​យោធា កម្មាភិបាល និង​គ្រួសារ​ខ្មែរក្រហម បានមក​រស់នៅ​លើដី ដែល​ខ្លួន​បានកា​ប់រាន ចាប់តាំងពី​កងកម្លាំង​អាជ្ញាធរ​បណ្តោះអាសន្ន​រប​ស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា «​អ៊ុនតាក់​» ចូលមក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩៣ មកម្ល៉េះ​។ នៅពេលនោះ គ្រួសារ​របស់​អតីត​ខ្មែរ​បាន​រាន​ដី​ដើម្បី​ដាំ​ដំណាំ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ដោយ​មិន​កំណត់​ទំហំ​ដី​ឡើយ​។ ចំណែក​ខ្ញុំ​បានមក​នៅ​ឃុំ​ទំនប់​ដាច់ ព្រោះ​ខ្ញុំ​មាន​ដី​ទទឹង​៦០​ម៉ែត្រ និង​បណ្តោយ​១.០០០​ម៉ែត្រ​ដែល​បាន​រាន​តាំង​ពីមុនមក​។ ប្រជាជន​ចាប់ផ្តើម​សង់ផ្ទះ​តូចៗ​សម្រាប់​ស្នាក់នៅ ហើយក៏​ចាប់ផ្តើម​បង្កើត​ផ្សារ​លក់ដូរ​ដែរ​។ ប្រជាជន​បាន​ដាំដំឡូង និង​សណ្តែក​សម្រាប់​លក់​ដែល​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ធូរធា​។ ខ្ញុំ​ក៏បាន​លើក​ផែនការ​អាទិភាព​ដែល​ថ្នាក់ជាតិ​បានផ្តល់​ឲ្យ (​វិមជ្ឈការ​) ដែលជា​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​នៅក្នុង​មូលដ្ឋាន​។ ចាប់តាំងពី​ពេលនោះ​មក ប្រជាជន​នៅក្នុង​ភូមិ​រវល់​ធ្វើ​ការងារ និង​មុខរបរ​ស្រែចម្ការ​រៀង​ខ្លូន ដោយ​មិនសូវមាន​ពេល​ជួបជុំគ្នា​ដូច​មុន​ឡើយ​។ ទោះបីយ៉ាងណា​យើង​នៅតែ​ឆ្លៀតពេល​ជួបជុំគ្នា​នៅពេល​មានការ​ងារ​នៅក្នុង​ភូមិ និង​ពិធី​បុណ្យទាន​ផ្សេងៗ​។ ខ្ញុំ​សង្កេតឃើញថា ប្រជាជន​ដែល​ខិតខំ​តែ​ទទួលបាន​ផល​ច្រើន​។ សម្រាប់​ប្រជាជន​ដែល​មិន​ខិតខំ បាន​ជួប​ការលំបាក និង​ខ្វះខាត​រហូតមកដល់​ស​ព្វ​ថ្ងៃ​។ ប្រជាជន​មួយចំនួន​បាន​លក់​ដី​ធី ហើយ​មួយចំនួនទៀត​បាន​ញៀន​ស្រា និង​លេងល្បែង​។ ខ្ញុំ និង​ប្រជាជន​បាន​ជួយ​ដោយ​ផ្តល់​ជា​អង្ករ និង​សម្ភារ​ប្រើប្រាស់​ដល់​គ្រួសារ​ដែល​ជួប​បញ្ហា និង​ខ្វះខាត​ទាំងនោះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​សម្ភារ​ដែល​យើង​ផ្តល់​ឲ្យ​ទាំងនោះ មិន​នៅ​គង់វង្ស​បានយូរ​ដែរ​។ បញ្ហា​ទាំងនេះ​នៅតែ​កើតមាន​នៅក្នុង​ភូមិ​រប​ស់​ខ្ញុំ​។

ការនិយាយ​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​
​នៅពេល​ខ្ញុំ​និយាយ​ពី​រឿងរ៉ាវ​របស់ខ្ញុំ ពេល​រត់​ចូល​ក្នុងព្រៃ​លាក់ខ្លួន ការអត់ឃ្លាន ជំងឺ គ្មាន​ថ្នាំ​ព្យាបាល និង​ការ​វាយ​ប្រយុទ្ធ​គ្នា​បណ្តាល​ឲ្យ​ស្លាប់ កូន​របស់ខ្ញុំ​បាន​តប​មក​ខ្ញុំ​វិញ​ថា «​ម៉ែ​ឯង​ចេះតែ​ថាៗ គ្មាន​អ្នកណា​លំបាក​ដល់​ថ្នាក់​ហ្នឹង​ទេ​»​។ នៅ​អំឡុង​របប​ខ្មែរក្រហម​ខ្ញុំ​មិនដែល​គិតថា​ខ្លូន​ខ្ញុំ​នៅ​រស់រានមានជីវិត​ម​ក​ដល់​សព្វថ្ងៃ​ឡើយ​។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​មានការ​បង្រៀន និង​និយាយ​រឿងរ៉ាវ​ពី​ក្នុង​របប​ខ្មែរក្រហម​កាន់តែច្រើន​ដើម្បី​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​យល់ដឹង​៕ ល​