​មេ​ប៉ូលិស​បញ្ជា​ឱ្យ​បើក​ការស៊ើបអង្កេត​ជន​ដែល​បង្ហោះ​វីដេអូ​កាត់ត​ជនជាតិ​ចិន​កាប់​គ្នា​

1001
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​បើក​ការ ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជន​ដែល​បង្ហោះ​វីដេអូ​កាត់ត ជនជាតិ​ចិន​កាប់​គ្នា នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​ចេតនា​ដើម្បី​បំពុលបរិយាកាស ឬ​ចេតនា​អាក្រក់​ណាមួយ ចំពោះ​រាជរដ្ឋាភិបាល​។

​នេះ​បើតាម​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ឃឿន​អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រោយ​បញ្ចប់​ពិធី​ប្រកាស​មុខតំណែង​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ប្រធាន​អង្គភាព​អន្ដរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ឃឿន​បាន​ថ្លែងថា​ដោយសារ​មាន​បញ្ហា​បង្ហោះ​វិ​ដេ​អូ​ឃ្លី​ប​កាត់ត​ក្រុម​ជនជាតិ​ចិន​កាប់​គ្នា នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជា​ឱ្យ​ស្រាវជ្រាវ​កេ​ណី​នេះ​។​​នេះ​ជា​អំពើ​ល្មើស​មួយ ដែលមាន​ចេតនា​ធ្វើ​ឲ្យ​ខូច​បរិយាកាស​សង្គម ឬ​អាច​ជ្រៅ​ជាងនេះទៅទៀត បម្រើ​ឲ្យ​នយោបាយ​ក៏​អាច​ថា​បាន​។ ដូច្នេះ​ជនបង្ក​នេះ​ត្រូវតែ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត ដើម្បី​បញ្ជា​ក់រក​ការពិត ព្រោះ​មិនអាច​ឲ្យ​មក​បំពុល​ចឹ​ង​បានទេ​។​

​ទាក់ទង​ករណីនេះ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បានធ្វើ​ការបដិសេធ​ទាំងស្រុង​នូវ​ខ្សែ​វីដេអូរ​ឃ្លី​ប​ដែល​បាន​បង្ហោះ នូវ​រូបភាព​ឃោរឃៅ​កាប់​ចាក់​គ្នា​មួយ​របស់​ជនបរទេស​ថា បាន​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាងថា ករណីនេះ គឺជា​ការរៀបចំ​នូវ​រូបភាព​កាត់ត​ដោយ​បង្ហាញ​ជា​អំពើ​ឃោរឃៅ​តាមរយៈ​ខ្សែ​វីដេអូរ​ដូច​បានឃើញ​តាម​បណ្តាញ​សង្គម​។​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានបញ្ជាក់​ទៀតថា​វីដេអូ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​នេះ មិនមែនជា​ការពិត​ដូច​កើតមាន​តាម​ខ្សែ​វីដេអូ​នេះឡើយ​។

​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​នៃ​ក្រុម​ជំនាញ​បាន​បញ្ជាក់ថា​វីដេអូរ​នេះ​មានការ​កាត់ត​រូបភាព​ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម​បង្កអោយមាន​ការភ័ន្តច្រឡំ​និង​បង្កើតឱ្យមាន​ការរើសអើង​ពូជសាសន៍​ក្នុងប្រទេស​កម្ពុជា​។ ជាថ្មី​ម្តងទៀត ក្នុងនាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានធ្វើការ​បញ្ជាក់ថា រឿងនេះ​មិនមាន​ការ កើតឡើង​ក្នុងប្រទេស​កម្ពុជា​ឡើយ​។

​ចំណែក​សម្លេង​ដែល​បាន​ថត​ក្នុង​សាច់រឿង​នោះ​គឺជា​សម្លេង​ថត​បញ្ចូល​ក្នុង​បំណង​ធ្វើអោយមាន​ការយល់ច្រឡំ​ក្នុង​បំណង​ចង់​បំពុល​រិ​យា​កាស​សន្តិសុខ​៕S/​

​មេ​ប៉ូលិស​បញ្ជា​ឱ្យ​បើក​ការស៊ើបអង្កេត​ជន​ដែល​បង្ហោះ​វីដេអូ​កាត់ត​ជនជាតិ​ចិន​កាប់​គ្នា​