​មេ​ប៉េអឹម​ស្រុក​វ៉ារិន​ថយ​ឡាន​មក​វ៉ៃ​យុវជន​ម្នាក់​ឲ្យ​រងរបួស​

803

(​សៀមរាប​)៖​មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ស្រុក និង​ជា​មេ​ស្នាក់ការ​លេខ​៦៧២​ប្រចាំ​ស្រុក​វ៉ារិន ពីរ​នាក់​ឪពុក​កូន បាន​ថយ​ឡាន​ចុះមក​វ៉ៃ​យុវជន​ម្នាក់​ប្រ​ម៉ាណ​ជា​១០​ដៃ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដោយសា​ស៊ី​ផ្លេ​ឡាន​សុំ​វ៉ា​មិនបាន​តាម​បំណង​។ ​ក្រោយ​វ៉ៃ​ឲ្យ​របួស​លោក​មេបញ្ជាការ​ង​ខាងលើ​បញ្ជា​កម្លាំង​ឲ្យ​លើក​ម៉ូតូ​និង​នាំខ្លួន​ជនរងគ្រោះ​យកទៅ​កាន់​ស្នាក់​ការសម្រួល​បញ្ចប់រឿង​។​

ហេតុ​ការ​ណ៏​ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​រហូត​ពលរដ្ឋ​ក្នុងស្រុក​មានការ​ភ័យខ្លាច​នោះបាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦៧ (​ផ្លូវ​ហាយ​វេ​)​ដែល​ត​ភ្ចា​ប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅកាន់​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រង់ចំណុច​មុខ​សាលាឃុំ​ស្រែ​ណូយ ក្នុងភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។​

​មេបញ្ជាការ​ង និង​ជា​មេ​ស្នាក់ការ​លេខ​៦៧២ នៃ​អាវុធហត្ថ​ស្រុក​វ៉ារិន​មានឈ្មោះ ហេ យ៉ែម​( ហៅ​ដូ​) មាន​ឋានៈ​ជាវរ​សេនី​យ៏​ត្រី​(​ស័ក្តិ​៤) ។​ចំណែក​កូនប្រុស​លោក​ស័ក្តិ​៤ ដែលជា​ជនដៃដល់ ពុំបាន​ស្គាល់ឈ្មោះ​ទេ តែ​ដឹងថា​មាន​អាយុ​១៧​ឆ្នាំ ដោយ​ពួកគាត់​បើកឡាន​ម៉ា​កវី​ហ្គោ​ពណ៌​ស្ក​ពាក់​ស្លាក​លេខ​សៀមរាប​2B2122 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ជនដៃដល់​ជា​អ្នកបើក​។ រីឯ​យុវជន​ដែលជា​ជនរងគ្រោះ​មានឈ្មោះ​ឃឹម បូ​ទី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​(​អ្នក​ចំណូល​ថ្មី​)​ជិះ​ម៉ូតូ​ម៉ាក និក​ក្នុង​ដំណើរ​ស្រប​ទិស ពី​ជើង​ទៅ​ត្បូង​។​

​ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨ ស្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ត្រូវជា​បង​បង្កើត​របស់​យុវជន​រងគ្រោះ បាន​បញ្ជាក់ថា “​រឿងនេះ​ខ្ញុំ​បានបញ្ចប់​ហើយ ខ្ញុំ​មិន​ប្តឹង​តតាំង​អី​ទេ ខ្ញុំ​សុខចិត្ត​នាំ​ប្អូនប្រុស​ទៅ​ចាក់​ថ្នាំ ដោយ​ចំណាយលុយ​ខ្លួនឯង​។ ខ្ញុំ​អ្នក​ចំណូល​ថ្មី ខ្ញុំ​រស់នៅ​តែ​ពីរ​នាក់​បងប្អូន​ខ្ញុំ​ខ្លាច​។ ព្រោះ​គេ​ជា​សមត្ថកិច្ច មាន​ស័ក្តិ​។​ខ្ញុំ​ត្រឹមតែ​ចង់​រស់​នៅមាន​សេចក្តីសុខ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ឲ្យ​នគរបាល​ប៉ុស្តិ៍ ចាត់វិធានការ​ជនបង្ក​ខាងលើ​តាមផ្លូវ​ច្បាប់​ដែរ​”​។

​ស្ត្រី​ដដែល​បន្តថា រឿងហេតុ​ដំបូង​ប្អូនប្រុស​(​ជន​ត្រូវគេ​វ៉ៃ​)​បាន​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង ហើយ​កាច់​ស៊ីញ៉ូ​បម្រុង​បត់ ស្របពេលនោះ​ឡាន​ជនបង្ក​បានមក​ដល់​ក៏​ស៊ី​ផ្លេ​មិន​ឲ្យ​បត់​។ ពេលនោះ​ម៉ូតូ​ក៏​មិនបាន​បត់​ដែរ គឺ​ឈប់ តែ​ត្រូវ​ឡាន​នោះ​ឈប់​ពីមុខ​ហើយ​ចុច​កញ្ចក់​ស្រែក​ស្តីបន្ទោស រឿង​បម្រុង​បត់​មិន​មើល​។ ភ្លាមនោះ​ប្អូនប្រុស​តប​វិញ​ថា អត់​អី​ផង​.!​មាន​បត់​ណា​..!​។​

ឆ្លើយតប​ពាក្យ​ចឹ​ង ក៏​ស្រាប់តែ​កូនប្រុស​លោក​ស័ក្តិ​៤ ថយ​ឡាន​មក​ក្រោយ​បើកទ្វារ​ចុះ​វ៉ៃ​. វ៉ៃ​ហើយ​. វ៉ៃ​ទៀត រហូត​ជាង​១០​ដៃ​បណ្តាល​ឲ្យ​ប្អូនប្រុស​រងរបួស​ទន់​ខ្លួន​ទើប​ឈប់​។ ក្រោយពេល​វ៉ៃ​ហើយ នាំខ្លួន​ប្អូនប្រុស​យកទៅ​កាន់​ស្នាក់ការ​លេខ​៦៧២ សម្រួល​បញ្ចប់រឿង ដោយ​មិន​សង សូម្បីតែ​១០០​រៀល​។ ពេល​សួរថា ក្នុងពេល​ជនដៃដល់​វ៉ៃ​ប្អូនប្រុស តើ​ឪពុក​ជន​នោះ​ចុះ​ពី​ឡាន​មកឃាត់​ទេ​? ស្ត្រី​ដដែល​បញ្ជាក់ថា តាមពិត​មិន​ឃាត់​ទេ មានតែ​ញ៉ុះ​ឲ្យ​វ៉ៃ តែ​គាត់​(​ឪពុក​)​ប្រាប់​នាង​ថា ចុះមក​ដែរ​តែ​ឃាត់​មិនទាន់​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ណូយ ក៏បាន​បញ្ជាក់​ប្រហាក់ប្រហែល​ស្ត្រី​ខាងលើ​ដែរ​ថា ជាការ​ពិតណាស់​មាន​ក​រ​ណី​សមត្ថកិច្ច ថយ​ឡាន​មក​វ៉ៃ​ពលរដ្ឋ​ម្នាក់​ឲ្យ​រងរបួស ដោយសា​រឿង​ស៊ី​ផ្លេ​ឡាន​សុំ​វ៉ា​។ តែ​ខាង​ប៉ុស្តិ៍​ទៅ​មិនទាន់ ព្រោះ​ក្រោយ​កើតហេតុ​គេ​នាំខ្លួន​ជនរងគ្រោះ យកទៅ​កាន់​ស្នាក់ការ​របស់គេ​បាត់ទៅហើយ​។

ចឹ​ង​ទេ​ខាង​ខ្ញុំ​មិនបាន​ស្គាល់ឈ្មោះ​ជនដៃដល់​ឡើយ តែ​ដឹងថា ជា​កូនប្រុស​លោក​ស័ក្តិ​៤ ហេ យ៉ែម ហៅ​ដូ មេ​ស្នាក់ការ​៦៧២ អាវុធហត្ថ​ស្រុក​វ៉ារិន ម្យ៉ាងទៀត​ខាង​រងគ្រោះ​មិន​ប្តឹង​ចឹ​ង ខាង​ខ្ញុំ​ពិបាក​ចាត់ការ​។ មន្ត្រីនគរបាល​ដែល​សុំ​លាក់​ឈ្មោះ​បន្តថា តាម​ការសាកសួរ​ពល​រដ្ឋ​ក្បែរ​ខាង​ដែល​ឃើញ​ហេតុការណ៍ ក្នុង​គ្រានោះ​លោក​ស័ក្តិ​៤​មិនបាន​ចុះ​ឃាត់​កូន​នោះទេ ថែមទាំង​បញ្ជា​ឲ្យ​វ៉ៃ ចាំ​ឪពុក​ដោះស្រាយ​។​

នៅ​រសៀល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨​នេះ លោក​វរ​សេនី​យ៏​ត្រី​ហេ យ៉ែម ហៅ​ដូ មេបញ្ជាការ​ង​និង​ជា​មេ​ស្នាក់ការ​សន្តិសុខ​លេខ​៦៧២ កង​រាជ​ងា​វុ​ធ​ហត្ថ​ស្រុក​វ៉ារិន បាន​ឆ្លើយ​យ៉ាងខ្លី​តាម​ទូរ​សព្ទ័​ថា រឿងនេះ​ក្មេងៗ​បានបញ្ចប់​គ្នា​ហើយ តើ​លោក​ឯង​(​អ្នកកាសែត​)​ចង់បាន​អី​ទៀត​?​។ ពេល​បញ្ជាក់ជូន​ថា ខ្លាចក្រែង​មានការ​បង្ខូច​កិត្តិយស ឬ​ផ្តល់ព័ត៌មាន​មិន​ពិត​ពី​ភាគី​ម្ខាង ព្រោះ​ខ្ញុំ​អ្នកកាសែត​សុំ​ត្រឹមតែ​ដឹង​អំពី​ព័ត៌មាន​ពិត​ប៉ុណ្ណោះ លោក​មេ​ស្នាក់ការ​៦៧២​ឆ្លើយថា កំពុង​រវល់​។

​លោក​កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​មាន​ប្រសា​ស​ន៏​តាម​ទូរ​សព្ទ័​ថា លោក​ពុំទាន់​ទទួលបាន​រាយការណ៍​ទេ​។ ពេលនេះ​លោក​កំពុង​រង់ចាំ​រា​បាយ​ការណ៍​ពី​សមត្ថកិច្ច​។ លោក​ព្រះរាជអាជ្ញា​បញ្ជាក់ថា រឿងនេះ​មិនអាច​បញ្ចប់​បាន​នោះទេ​។​
យោងតាម​ប្រសា​ស​ន៏​របស់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប គេ​រំពឹងថា​ជនដៃដល់​ត្រូវតែ​ប្រឈម​តាមផ្លូវ​ច្បាប់​។

ចំណែក​ឪពុក​ក៏​អាច​ចាប់​ពាក់ព័ន្ធ​ប្រសិនបើ​រកឃើញថា ញ៉ុះ​ឲ្យ​កូន​វ៉ៃ​គេ​ដូច​មហាជន​ដែល​ឃើញ​ហេតុ​ការ​ណ៏​អះអាង​។ ពីព្រោះថា​កាដូរ​ឆ្លង​ឆ្នាំ​មួយ​នេះ ពិតជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ភ័យខ្លាច និង​ញាក់សាច់​៕S/​ដោយៈ​អង្គរតូច