​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​របួស​៥​នាក់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

880
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ចំនួន​៥​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​។​ក្នុងនោះ​មាន​ស្ត្រី​ពោះធំ​៦​ខែ​ផងដែរ​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​តាមផ្លូវ​៣០​ម៉ែត្រ​ភូមិ​ព្រៃ​ល្ងរ​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៨ ។​

​សាក្សី​បានឱ្យដឹងថា​ភាគី​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1L-8495 ជិះ​គ្នា​៣​នាក់​បងប្អូន បើកបរ​ដោយ​ឈ្មោះ​តឿ សុភាព ភេទ ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​។ រួម​ដំណើរ​ជាមួយ បងស្រី រងរបួស​ស្រាល និង​ប្អូនប្រុស​ម្នាក់ទៀត ឈ្មោះ គង់ ក្រូច អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ រងរបួស​ធ្ងន់ បាក់​ស្មា​ខាងឆ្វេង ។ ជនរងគ្រោះ​ទាំង​៣​នាក់ ស្នាក់នៅ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ មាន​ស្រុកកំណើត ខេត្តស្វាយរៀង ។​

​ចំណែក​ភាគី​ម៉ូតូ ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1S-7633 ជិះ​គ្នា​២​នាក់ ប្តី​ប្រពន្ធ បើកបរ​ដោយ​ឈ្មោះ លាង ជូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រងរបួស​ស្រាល​។ ចំណែក​ប្រពន្ធ រងរបួស​ធ្ងន់ បាក់ជើង​ស្តាំ ខណៈដែល​កំពុងមាន​ផ្ទៃពោះ​៦​ខែ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ ព្រៃ​ល្ងរ សង្កាត់​ចោមចៅ​២ មាន​ស្រុកកំណើត ស្រុក​មេសាង ខេត្តព្រៃវែង ។​

សាក្សី​បានឱ្យដឹង​ទៀតថា​មុន​កើតហេតុ​ភាគី​ខាង​ម៉ូតូ​ជិះ​២​នាក់​ប្តី​ប្រពន្ធ​បើក​លើផ្លូវ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ពី​លិចទៅ​កើត​។​លុះដល់​ចំណុច​ចំណុចកើតហេតុ​ម៉ូតូ​ស៊ីញ៉ូ​បត់​ឆ្លងផ្លូវ​ស្រាប់តែ​ភាគី​ម៉ូតូ​ជិះ​គ្នា​៣​នាក់​បងប្អូន​លើផ្លូវ​អ​ថិ​ភាព​ពី​កើ​តទៅ​លិច​ជ្រុល​បុក​ពេញទំហឹង​បណ្តាលឱ្យ​ដួល​រងរបួស​ធ្ងន់​២​នាក់​ស្រាល​៣​នាក់ ។​

​ក្រោយ​កើតហេតុ ស្ត្រី​ពោះធំ​របួសធ្ងន់​ត្រូវបាន​គ្លីនិក​សួគ៌ា ដឹកបញ្ជូន​យកទៅ​ព្យាបាល ។​ចំណែក​យុវជន​ម្នាក់​របួស​បាក់​ស្មា ត្រូវបាន​សាច់ញាតិ ដឹក​តាម​ម៉ូតូ​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង ។ ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​របួស​៥​នាក់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​