​ម៉ូតូ​បុក​រថយន្ត​ពេល​បត់​ឆ្លងផ្លូវ​ស្លាប់​ម្នាក់​និង​របួស​ពីរ​នាក់​នៅ​ខណ្ឌទួលគោក​

872
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ពីរ​នាក់​ទៀត​បាន​រងរ​បួស​ធ្ងន់​ស្រាល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខណៈ​ពួកគេ​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ជាមួយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ដែល​កំពង់​បត់​ឆ្លងផ្លូវ​។​

ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​គល់ស្ពាន​អាកាស​៧​មករា​ខាងកើត​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្ស៊ី​ស្ថិតក្នុង​សង្កាត់​ទឹកល្អក​១​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ឈ្មោះ​ឈួន វិសាល ភេទ​ប្រុស​អាយុ​១៨ ឆ្នាំ​មុខរបរ​កាត់ដេ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិធំ ឃុំ​កំពែង ស្រុក​គី​វង់ ខេត្តតាកែវ​។​ជន​នោះ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AW8036​ជិះ​គ្នា​៣​នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។

​សាក្សី​បាន​បន្តថា​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហៃ​ឡែ​ន​ឌ័​រ ពណ៍ ទឹកប្រាក់​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ចុះ​ពី​ស្ពាន​អាកាស​៧​មករា​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ហើយ​បាន​បត់​ត្រឡប់​ឆ្វេង​ដៃ​បម្រុង​បត់​ត្រឡប់ក្រោយ​វិញ​ដោយ​មិនបាន​ប្រុងប្រយ័ត្ន​ក៏ត្រូវ​ម៉ូតូ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ម្នាក់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​ភ្លាមៗ​នោះ​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​ចំណែក​អ្នករងរបួស​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ចុះ​វាស់វែង​យក​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រង់ចាំ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​រថយន្ត​បង្ក​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ចំណែក​សព​ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​