​ម៉េង ឆេង មន្ត្រីរដ្ឋបាល​អាកាសយានដ្ឋាន​

1769
ចែករម្លែក

ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ខ្ញុំ​មានសំណាង​ខ្លាំងណាស់ ដែលមាន​ជីវិត​នៅរស់​ពី​របប​ខ្មែរក្រហម​។ ម្តាយ​ខ្ញុំ​និង​បងប្អូន​ប្រាំ​នាក់​ទៀត​ក្នុងចំណោម​ប្រាំបី​នាក់​បាន​ស្លាប់​។ ខ្ញុំ​បាន​កុហក​អង្គការ​ថា​ខ្ញុំ​ជា​អ្នកធាក់ស៊ីក្លូ​។

​ឈ្មោះ​ដើម​ខ្ញុំ​គឺ ម៉េង ឆេង ជា​ឈ្មោះ​ចិន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ខ្លាំងណាស់ ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​។ នៅមុន​របប លន់ នល់ ខ្ញុំ​បាន​ប្តូរ​ឈ្មោះ​ខ្ញុំ​ទៅជា គា សុធី ជំនួស​វិញ​។​

ម៉េង ឆេង អាយុ​២៧​ឆ្នាំ ភ្នំពេញ ឆ្នាំ​១៩៧១

​បន្ទាប់ពី​ខ្ញុំ​បាន​រៀបការ​ជាមួយ តាំង សុ​ផានី នៅ​ឆ្នាំ​១៩៧០ យើង​រស់នៅ​ក្បែរ​អាកាស​យានដ្ឋាន​ពោធិចិនតុង​(​ព្រលានយន្តហោះ​ពោធិចិនតុង​) ខាងលិច​ទីក្រុង​ភ្នំពេញ​។ បងប្រុស​ខ្ញុំ ឈុន និង​ខ្ញុំ​បានចាប់ផ្តើម​ធ្វើការ​នៅ​ព្រលានយន្តហោះ នៅ​ឆ្នាំ​១៩៧១​។ ខ្ញុំ​ជា​អ្នកត្រួតពិនិត្យ​មើល​អ្នក​ធ្វើដំណើរ និង​ផលិតផល​ទំនិញ ចេញចូល​។ នៅពេល​ទំនេរ ខ្ញុំ​បាន​រៀន​ភាសា​បារាំង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ងាយស្រួល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អាកាសយានិក ដែលជា​ជនជាតិ​លាវ​។​

​នៅ​ឆ្នាំ​១៩៧៣ ការធ្វើដំណើរ​បានចាប់ផ្តើម​ជួប​គ្រោះថ្នាក់​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​អ្នកធ្វើដំណើរ​តាមផ្លូវ​គោក និង​ផ្លូវទឹក​។ ផ្លូវ​ជាច្រើន​ត្រូវ​បានដាក់​គ្រាប់បែក​បំផ្លាញ និង​ជា​សមរភូមិ​ប្រយុទ្ធ​នៅតាម​បណ្តោយ​ផ្លូវ​ទាំងពីរ​។ ដូច្នេះ អ្នកធ្វើដំណើរ​ដែលមាន​ប្រាក់​អាចធ្វើ​ដំណើរ​តាម​យន្តហោះ​វិញ​។ ជា​ញឹកញាប់​មាន​ភ្ញៀវ​ពី​៣៥ ទៅ​៦០​នាក់ បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ទៅកាន់​បណ្តា​ខេត្ត​នានា​។​

​នៅ​ព្រឹក​ថ្ងៃទី​១៧ មេសា ១៩៧៥ ខ្ញុំ​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ទៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ទៅ​មើល​ទំនិញ​ខ្លះ​ដែល​ត្រូវ​ផ្ញើរ​មក​ទីក្រុង​ភ្នំពេញ​។ យ៉ាងណាក៏ដោយ នៅពេលដែល​យើង​ព្យាយាម​ត្រឡប់មកវិញ យន្តហោះ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ហោះហើរ​ទៀត​ទេ​។ អាកាសយានិក​ជា​ជាតិ​លាវ​បាន​និយាយថា គាត់​នឹង​ត្រឡប់​ទៅ​ប្រទេស​លាវ​វិញ និង​បាន​សួរ​ខ្ញុំ​ថា​ចង់ទៅ​ជាមួយ​គាត់​ទេ​? ពេលនោះ ខ្ញុំ​បានប្រកែក​ថា​មិន​ចង់ទៅ​ទេ ខ្ញុំ​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្ញុំ នៅ​ខេត្តកណ្តាល​វិញ​។ ពេលខ្លះ​ខ្ញុំ​បានដឹងថា ប្រទេសជាតិ​កើតមាន​អសន្តិសុខ ហើយ​ខ្ញុំ​បាន​ពិភាក្សា​រឿងនេះ​រួចហើយ​ជាមួយ​ប្រពន្ធ​ខ្ញុំ​។

​សុ​ផានី ត្រូវបាន​ជម្លៀសចេញ​ទៅមុន​ខ្ញុំ នាង​បាន​ពរ​កូនប្រុស​យើង​រហូត​នៅតាម​ផ្លូវ ប៉ុន្តែ​កូនប្រុស​ខ្ញុំ​បាន​ស្លាប់​ដោយសារ​កម្តៅថ្ងៃ និង​ការអត់ឃ្លាន​មុនពេល​ទៅដល់​ស្រុកភូមិ​យើង​។ ខ្ញុំ​បាន​ចំណាយពេល​មួយខែ​ជាង​ទើបបាន​ជួប សុ​ផានី​។ ប៉ុន្តែ​បន្ទាប់ពី​ខ្ញុំ​បាន​ទៅដល់ អង្គការ​បាន​ឲ្យ​យើង​ចេញទៅ​ខេត្តបាត់ដំបង​។ នៅពេលដែល​អង្គការ​សួរ​ខ្ញុំ​អំពី​ប្រវត្តិរូប ខ្ញុំ​បាន​ប្រាប់ថា ខ្ញុំ​ជា​អ្នកធាក់ស៊ីក្លូ​។​

​យើង​ត្រូវបាន​បញ្ចូល​ទៅក្នុង​សហករណ៍​មួយ​នៅ​បាត់ដំបង​។ នៅ​ទីនោះ​ប្រជាជន​មូលដ្ឋាន​មិន​ធ្វើការ​ធ្ងន់ធ្ងរ​ដូច​ប្រជាជន​ថ្មី​ទេ​។ ប្រជាជន​មូលដ្ឋាន មាន​របប​អាហារ​ច្រើន ហើយ​អនុញ្ញាត​ឲ្យ​ទុកដាក់​ស្រូវ អង្ករ​នៅក្នុង​ផ្ទះ​ផង​។ ប្រជាជន​មូលដ្ឋាន ហូបបាយ​ស្ទើរតែ​រាល់ពេល ខណ​:​ដែល​ប្រជាជន​ថ្មី​បាន​ហូបបាយ​នៅពេល​មានឱកាស​ពិសេស​ប៉ុណ្ណោះ មិន​ដូច្នោះ យើង​ហូប​បបរ​រាវ​។ យើង​រស់នៅ​ដាច់ដោយឡែក​ពី​គ្រួសារ ខ្ញុំ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ទៅ​ជួប​ប្រព​ន្ឋ​ខ្ញុំ​ទេ​។

​គណ​:​សហករណ៍​ឈ្មោះ អេ​ន ជា​មនុស្ស​កាច​សាហាវ និង​ឃោរឃៅ​ណាស់​។ គាត់​បាន​ចាប់រំលោភ​កូនស្រី​អ្នកភូមិ​ជាច្រើន​នាក់​។ ខ្ញុំ​បានឃើញ អេ​ន រំលោភ​ក្មេងស្រី​ម្នាក់​រួច​សម្លាប់​នាង​ចោល​។ ពេលខ្លះ​គាត់​បាន​វះ​ពោះ​មនុស្ស​ហើយ​យក​ថ្លើម​ទៀត​។ ភ្នែក​របស់គាត់​ឡើង​ក្រហម​ខ្លាំង​។​

​បងប្រុស​ខ្ញុំ​ឈ្មោះ គា ឈុន មាន​ឋាន​:​ខ្ពស់​ជាងគេ​នៅក្នុង​ចំណោម​កូនៗ​នៅក្នុង​គ្រួសារ​របស់ខ្ញុំ​។ គាត់​ឆ្លាត​ណាស់ និង​អាច​និយាយ​ភាសាបរទេស​បាន​ច្រើន​ភាសា​ទៀតផង​។ គាត់​បាន​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ អាមេរិក បារាំង អូស្ត្រាលី និង ប៊ុលហ្គារី​។ ឈុន ជា​អ្នកគ្រប់គ្រង​នៅ​ព្រលានយន្តហោះ បាន​ជួយ​ខ្ញុំ​រកបាន​ការងារ​ធ្វើ​នៅ​ទីនោះ និង​ជួយ​ប្អូនប្រុស​ខ្ញុំ​ឈ្មោះ គា ម៉េង​លាង បាន​ចូល​ធ្វើជា​ភ្នាក់ងារ​ទេសចរ​ណ៏​ឯកជន​មួយកន្លែង​។ គាត់​បាន​ជួយ​ប្អូនស្រី​ខ្ញុំ​ពីរ​នាក់​ទៀត ឲ្យ​បាន​ចូល​ធ្វើជា​អ្នក​អ្នកបម្រើ​ការ​តាម​យន្តហោះ​។ ឈុន មានផ្ទះ​វីឡា​ធំ​មួយ​នៅក្នុង​ក្រុងភ្នំពេញ​។​

​នៅពេលដែល​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង ឈុន បាន​ទៅ​ស្រុកកំណើត​ខាង​ប្រពន្ធ​របស់គាត់​នៅ​ខេត្តកណ្តាល​។ គាត់​បានដាក់​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ចូលទៅក្នុង​រថយន្ត ប៉ុន្តែ​បាន​បោះបង់​វា​ចោល​នៅពេល​ទៅដល់​តំបន់​ដែលមាន​ទឹកជំនន់​មួយ​។ មុនដំបូង ឈុន ប្រពន្ធ និង​កូន​គាត់​ប្រាំ​នាក់ បានរស់នៅ​ត្រើយម្ខាង​ពី​គ្រួសារ​យើង ប៉ុន្តែ​បន្ទាប់មក​គាត់​ត្រូវបាន​ជម្លៀស​ទៅ​បាត់ដំបង​។​

​នៅ​ទីនោះ​បុរស​ម្នាក់​ធ្លាប់​បានធ្វើការ​ជាមួយ ឈុន បាន​ប្រាប់​អង្គការ​ថា ឈុន ជា​វរសេនីយ៍ឯក​នៅ​ព្រលានយន្តហោះ​។ បងប្រុស​ខ្ញុំ មានការ​ហត់នឿយ​ខ្លាំង​ដោយសារ​កង្វះ​ម្ហូបអាហារ​។ គាត់​បានសម្រេច​ចិត្តរ​ត់​ចេញ នៅពេលដែល​បានដឹង​ពី​រឿងនេះ ។ គាត់​បាន​ព្យាយាម​រត់​នៅ​លើកទីមួយ និង​បានរ​ង្វេ​ង​ផ្លូវ​នៅក្នុង​ព្រៃ​។ អង្គការ​ចាប់គាត់​បាន ហើយ​ប្រាប់ថា “​កុំ​រត់​ទៀត ប្រសិនបើ​ហូប​មិន​គ្រប់គ្រាន់ ប្រាប់​អង្គការ​ឲ្យ​ដឹង​”​។ នៅពេលដែល​គាត់​រត់ចេញ​ជា​លើក​ទី​ពីរ គាត់​ត្រូវបាន​ចាប់ខ្លួន​ម្តងទៀត​។ កម្មាភិបាល​បានដាក់​ទោស​គាត់​ឲ្យ​រែក​ទឹក​បំពេញ​ពាង​ធំ​មួយ​ឲ្យ​ពេញ​ក្នុង​មួយថ្ងៃ​។ ឈុន មិនអាច​បំពេញការងា​រ​នោះបានទេ ពីព្រោះ​គាត់​អស់កម្លាំង​យ៉ាងខ្លាំង រួម​នឹង​ការ​អត់បាយ​ផង​។ កម្មាភិបាល​បានសម្លាប់​គាត់​នៅក្បែរ​ពាងទឹក​ធំ​នោះ​។ កម្មាភិបាល​ក៏បាន​ចាប់​ប្រពន្ធ​គាត់​ទៀត ព្រោះ​ប្រពន្ធ​របស់គាត់​បាន​លួច​អង្ករ​ពី​ផ្ទះបាយ​សហករណ៍ ហើយ​បន្ទាប់មក​ក៏​សម្លាប់ចោល​ទៅ​។​

​បន្ទាប់​ពីនេះ នៅ​ឆ្នាំ​១៩៧៨ ម្តាយ​ខ្ញុំ​និង​បងប្រុស​ម្នាក់ទៀត​បាន​ស្លាប់​ដោយសារ​ការអត់ឃ្លាន​។ នៅក្នុង​ខែមករា ឆ្នាំ​១៩៧៩ ប្រធាន​អង្គភាព​យើង​បាន​ហៅ​អ្នកភូមិ​ទាំងអស់​ឲ្យ​ចូលរួម​ប្រជុំ​មួយ គាត់​បាន​និយាយថា “​ប្រទេស​របស់​យើង​នឹងមាន​សន្តិភាព​ឆាប់ៗ​នេះ សូមមេត្តា​កុំ​ប្រកាន់​អី ខ្ញុំ​មិនអាច​នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​បានទេ ព្រោះ​ខ្ញុំ​ត្រូវ​ចេញទៅ​ឆ្ងាយ​”​។ ពីរ​បី​ថ្ងៃ​បន្ទាប់មក នៅ​ទីនោះ​មាន​ស្នូរ​កាំភ្លើង​ធំ និង​រថយន្ត​ច្រើន​គ្រឿង​ផ្ទុក​កម្មាភិបាល​ខ្មែរក្រហម​ពេញ​ណែន បាន​បើក​យ៉ាង​លឿន​ចូលទៅ​ក្នុងព្រៃ​។ ខ្ញុំ​បាន​លាក់ទុក​វិទ្យុ​មួយ​នៅ​នឹង​ដើមឈើ ហើយ​យក​វា​មក​បើក​ស្តាប់ វិទ្យុ​បានប្រកាសថា​ប្រទេស​កម្ពុជា​នឹងត្រូវ រំដោះ​ឆាប់ៗ​នេះ​។​

​បន្ទាប់មក ប្រពន្ធ​របស់ខ្ញុំ និង​ខ្ញុំ​បាន​វិល​ត្រឡប់មក​ភ្នំពេញ​វិញ​។ នៅក្នុង​ចំណោម​បងប្អូន​យើង​ទាំងអស់ មានតែ​ប្អូនស្រី​ខ្ញុំ​ពីរ​នាក់ និង​ខ្លួន​ខ្ញុំ​បាន​រស់រានមានជីវិត​។ ក្រោយមក​ខ្ញុំ​បានដឹងថា កូនៗ​របស់ ឈុន បីនាក់​នៅរស់​។ ខ្ញុំ​បាន​រកឃើញ​ពួកគេ និង​យកមក​ចិញ្ចឹម​ថែរក្សា​តាំងពី​ពេលនោះ​មក​៕

​ថោង សួត​, ម្តាយ​របស់ ម៉េង ឆេង​
​គ្រួសារ​របស់ ម៉េង ឆេង​, ម្តាយ​គាត់ អ្នក​ទី​ពីរ​រាប់​ពី​ខាងឆ្វេង និង​ជីដូន​គាត់​អ្នក​ទី​បួន​រាប់​ពី​ខាងឆ្វេង​
​ព្រលាន​យន្ត​ពោធិចិនតុង​ក្នុង​របប​ខ្មែរក្រហម​