​ម៉េច​ក៏​ថា ចេះតែ​ក្រ​ទៅៗ បើ​ខ្មែរ​កាន់តែច្រើន​ចេញទៅ​កម្សាន្ត​ក្រៅប្រទេស​!

315
ចែករម្លែក

​របាយការណ៍​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ​រយៈពេល​ប្រាំបី​ខែ​នៃ​ឆ្នាំ​២០១៩​នេះ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេសមក​កម្សាន្ត​ចំនួន ៤.៣៦០.៣៩៧​នាក់ កើនឡើង ១០,៤​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ។ ក្នុងនោះ ភ្ញៀវទេសចរចូល​តាម​ផ្លូវអាកាស មាន​ចំនួន ៣.១០៤.៤៨៩​នាក់ ស្មើនឹង​៧១,២​ភាគរយ នៃ​ចំនួន​ភ្ញៀវ​សរុប ដែលមាន​កើន ១៦,៦​ភាគរយ (​ក្នុងនោះ ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន ១.៤២៧.៤៨៧​នាក់ កើន ១៤,៧​ភាគរយ តាមអាកាសយានដ្ឋាន​អន្តរជាតិ​ ​សៀមរាប ១.១៨៨.២៥៤​នាក់ ថយចុះ ៩,១​ភាគរយ​និង​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ ចំនួន ៤៨៨.៧៤៨ នាក់ កើនឡើង ៣៤៣,៥​ភាគរយ​)​។​កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង​ប្រាំមួយ​លាន​នាក់​។​

​ដោយឡែក​ភ្ញៀវទេសចរ ដែល​ចូលមក​តាម​ផ្លូវគោក មាន​ចំនួន ១.១៦០.៧៤៦​នាក់ ស្មើនឹង​២៦,៦​ភាគរយ នៃ​ចំនួន​សរុប ថយចុះ ២,៩​ភាគរយ និង​ទេសចរ​ចូល​តាម​ផ្លូវទឹក មាន​ចំនួន ៩៥.១៦២​នាក់ ស្មើនឹង​២,២​ភាគរយ​នៃ​ចំនួន​សរុប កើនឡើង ២,៩​ភាគរយ​។​ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បាន​ប្រកាសថា ក្នុង​រយៈពេល​ប្រាំបី​ខែ ឆ្នាំ​២០១៩​នេះ មាន​ទេសចរ​កម្ពុជា ឬ​ប្រជាពលរដ្ឋ​កម្ពុជា បាន​ចេញទៅ​ក្រៅប្រទេស ចំនួន ១.៣៤៧.០៦០​នាក់ កើនឡើង​៤,៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។​

កំណើន​នៃ​ចំនួន​អ្នកទេសចរ​បរទេស ចូល​មកលេង​កម្សាន្ត​នៅ​កម្ពុជា ដែលមាន​ការកើនឡើង​នេះ ក៏​ដោយសារតែ​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ ខណៈដែល​តំបន់​ទេសចរណ៍ ពិសេស​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ ប្រាង្គ​ប្រាសាទ ក៏ដូចជា​តំបន់​ទេសចរណ៍​អេកូ​ធម្មជាតិ នៅ​ភូមិភាគ​ឥ​សាន្ត ក៏​សុទ្ធតែជា​កន្លែង​មាន​សក្តានុពល​។ ឆ្នេរ​កោះ នៅ​សមុទ្រ ក៏​ជា​កន្លែង​ទាក់ទាញ​អ្នក​ទេសចរណ៍​ផងដែរ​។​
​ ​
​ជាមួយនឹង​កំណើន​អ្នកទេសចរ​បរទេស ចូល​មកលេង​កម្សាន្ត​នៅ​កម្ពុជា​នេះ ក៏មាន​ការស្នើ​សូម​ដល់​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​អាជ្ញាធរ​មូលដ្ឋាន នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ បង្កើន​ការយកចិត្តទុកដាក់​លើ​សេវាកម្ម បន្ត​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ពិសេស​ផ្លូវ​ធ្វើដំណើរដែល​ខូច​ដោយ​ទឹកជំនន់ គួរតែ​ជួសជុល​ឲ្យ​បាន​ស្អាត​ឡើងវិញ ពិសេស​នៅ​ខេត្តសៀមរាប និង​នៅ​ខេត្ត​ព្រះសីហនុ ជាដើម​។​

ម្យ៉ាងវិញទៀត នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា តាម​ភោជនីយដ្ឋាន សណ្ឋាគារ ក៏​គួរតែ​បង្កើន​ការផ្តល់​សេវាកម្ម​ឲ្យ​បានល្អ ហើយ​លក់​កុំ​ដំឡើងថ្លៃ កុំ​កាប់ កុំ​កោរ​គេ ពិសេស​នៅពេល​បុណ្យទាន​។​ ​និយាយ​ពី​កំណើនប្រជាជន​កម្ពុជា​ចេញ​ទៅលេង​កម្សាន្ត​កាន់តែច្រើននៅក្រៅ​ប្រទេស​វិញ គឺ​ដោយសារតែ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​មានការ​រីកចម្រើន​អភិវឌ្ឍន៍ ដែល​នាំ​ឲ្យ​ចំណូល​របស់​ប្រជាជន​យើងកាន់តែ​កើនឡើង​ច្រើនជាង​មុន ហើយក៏​មានឱកាស ចេញទៅ​បរទេស​។ ក្នុងនោះ ប្រជាជន​យើង មួយចំនួន ចេញទៅ​ពិនិត្យ​សុខភាព​ផង និង​ឆ្លៀតពេល​ដើរលេង​ស្រុក​គេ​ផង​។

អ្នកខ្លះ ក៏​ចេញទៅ​ធ្វើ​ជំនួញ និង​សិក្សា ជាដើម​។ ជារួម បើសិនជា​ប្រទេស​កម្ពុជា​យើងមិនមាន​សុខសន្តិភាព​ទេនោះ ក៏​មិនមាន​អ្នកទេសចរ​បរទេស​ណាគេ​មកលេង​ដែរ​។ ដូចគ្នា​ដែរ បើសិនជា​ស្រុក​យើងមាន​សង្គ្រាម ហើយ​ប្រជាជនរក​ចំណូល​មិនបាន​ច្រើន តើ​ឲ្យ​ប្រជាជន​កម្ពុជា​យើងមាន​ពេល និង​មាន​លុយ​ឯណា ទៅ​ដើរលេង​នៅ​ស្រុក​គេ​នោះ​? សរុបមក អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ប្រជាជន​កម្ពុជា​យើង ក៏ដូចជា​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​សមត្ថកិច្ច សូម​បន្ត​ការប្រឹងប្រែង​ក្នុង​ការផ្តល់សេវា​កម្មដ​ល់​អ្នកទេសចរ និង​បន្ត​រក្សាសុខ​សុវត្ថិភាព​របស់​អ្នកទេសចរ មិន​ថា​ខ្មែរ ឬ​បរទេស​ទេ​។ យើង​ចូរ​រួម​ទាំងអស់គ្នា ដើម្បី​នាំ​ចំណូល​ចូល​សហគមន៍ តំបន់​ទេសចរណ៍​ដ៏​សម្បូរបែប​របស់​យើង​ផង និង​ដើម្បី​ចំណូល​ចូលជាតិ​ផង​៕ ដោយៈ​ម៉េង​ឆៃ​/Ha