​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ចំនួន​៨​នៅ​កោះកុង​ត្រូវ​ក្រសួង​រ៉ែ​ដក​អាជ្ញាប័ណ្ណ​

583
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​លុបចោល​ម្ចាស់​អាជ្ញាប័ណ្ណ​ធ្វើ​សិប្បកម្ម​បូម​ខ្សាច់​ចំនួន​៨​ក្នុងភូមិ​សាស្ត្រ​ស្រុកស្រែ​អំបិល​និង​ស្រុក​កោះកុង​។​តាម​លិខិត​ជូនដំណឹង​របស់​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ការដែល​សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ប្រមូល​ធនធាន​រ៉ែ​យ៉ាង​ដូច្នេះ​ក៏​ព្រោះតែ​គ្មាន​សកម្មភាព​ដំណើរការ​។​

​ម្ចាស់​សិប្បកម្ម​ប្រមូល​ផល​ធនធាន​រ៉ែ​ចំនួន​៨​ត្រូវបាន​មន្ទីរ​រ៉ែ​ខេត្តកោះកុង​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​និង​ថាមពល​សុំ​គោលការណ៍​លុបចោល​អាជ្ញាប័ណ្ណ​ធ្វើ​សិប្បកម្ម​បូម​ខ្សាច់​តាម​ដងព្រែក​ស្ថិតនៅតាម​ដងព្រែក​ស្រែអំបិល​ស្រុកស្រែ​អំបិល​និង​ព្រែក​ត្រពាំងរូង​ស្រុក​កោះកុង​។​

​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ ដែល​រស្មី​កម្ពុជា​ទើប​ទទួលបាន លោក ប៉ិច ស៊ី​យុន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកោះកុង​បានឱ្យដឹងថា​ក្រសួង​រ៉ែ​និង​ថាមពល​សម្រេច​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំងនោះ​ដោយសារតែ​គ្មាន​សកម្មភាព​ដំណើរការ​ឡើយនិង​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធិភាព​។​

គួរ​កត់សម្គាល់ថា ម្ចាស់​សិប្បកម្ម​ចំនួន​៨​ខាងលើ ដែល​ត្រូវ​លុប​អាជ្ញាប័ណ្ណ​ចោល​ពី​បញ្ជី​គឺ​ទី​១​ក្រុមហ៊ុន​- លោក​លឹម សុខ​ឃាង ទី​២​ក្រុមហ៊ុន​-​លោក​ជិ​ទុន​ទី​៣​ក្រុមហ៊ុន​-​លោក​ផាត់​ប៊ុន​ហ៊ួ​រ​ទី​៤​ក្រុមហ៊ុន​-​លោក ជិ ឈួ​ង ទី​៥​ក្រុមហ៊ុន​-​លោក ឡោ សុ​ថុល ទី​៦​ក្រុម​-​លោក ជៀម សៀម​ឆាយ ទី​៧​ក្រុមហ៊ុន​-​លោក ឡេង សូ​យ​ទ្រី និង​ទី​៨​ក្រុមហ៊ុន​-​លោក ជា គឹម​រ៉ុង ។​

​ទោះបីជា​ក្រសួង​រ៉ែ​និង​ថាមពល​សម្រេច​លុបចោល​អាជ្ញាធរ​អាជីវកម្ម​រ៉ែ​ក្នុង​ខេត្តកោះកុង​ជា​ច្រើនដង​មកហើយ​ក្តី​ប្រជាពលរដ្ឋ​សង្កេតឃើញ​មាន​ក្រុមហ៊ុន​មួយចំនួន​ពិសេស​ឈ្មោះ​ឡេង​ជិន​កំពុង​បន្ត​ការ​បូម​ខ្សាច់​ដោយ​អត់​ច្បាប់​ដដែល​នៅតាម​ដងព្រែក​ស្រែអំបិល​និង​បើក​ទីតាំង​លក់​យ៉ាង​អនាធិប្បតេយ្យ​។ ការចុះ​បិទ​និង​លុប​ការធ្វើ​អាជីវកម្ម​និង​អាជ្ញាប័ណ្ណ​របស់​សិប្បកម្ម​ចំនួន​៨​នេះ​ដោយ​យោងតាម​គោលការណ៍​ណែនាំ​ពី​ក្រសួង​រ៉ែ​និង​ថាមពល​និង​ចំណារ​ឯកភាព​របស់លោក​ស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​។

លោក​ជា​សូវី​អភិបាលស្រុក​កោះកុង​គូសបញ្ជាក់ថា​បច្ចុប្បន្ន​លោក​ពុំ​ឃើញ​មាន​សកម្មភាព​នៃ​ការ​បូម​ខ្សាច់​អ្វី​ទេ​។ក្រោយពី​ក្រសួង​និង​ក្រុមមន្ត្រី​ជំនាញ​រ៉ែ​ដក​អាជ្ញាប័ណ្ណ​ក៏ដូចជា​ពិនិត្យ​ហាមឃាត់​ដំណើការ​អាជីវកម្ម​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​ក្នុង​លិខិត​។

​អភិបាលស្រុក​កោះកុង​បានឱ្យដឹង​ទៀតថា​សម្រាប់​មូលដ្ឋាន​របស់លោក​កន្ល​ង​ទៅ​មាន​អាជីវកម្ម​បូម​ខ្សាច់​ខ្នាត​សម្រាប់តែ​បម្រើ​ការងារ​សាងសង់​សំណង់​ក្នុងស្រុក​ប៉ុណ្ណោះ​មិនមាន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ខ្នាត​អ្វី​ទេ​។​

​ដោយឡែក​លោក​ប៉ិច​ស៊ី​យុន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកោះកុង​ពន្យល់ថា​លោក​ទទួលស្គាល់ថា មាន​ម្ចាស់​សិប្បកម្ម​បូម​ខ្សាច់​មួយចំនួន​ដែលមាន​ឈ្មោះ​លុប​អាជ្ញាប័ណ្ណ​ហើយ​បន្ត​លួច​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ផ្ទុយទៅនឹង​អ្វីដែល​ពួកគេ​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​។

​បច្ចុប្បន្ន​លោក​បាន​ចាត់​ឱ្យ​មន្ត្រី​ចុះ​ហាមឃាត់​ម្ចាស់​សិប្បកម្ម​ល្មើស​ទាំងនោះ​ដោយ​ជំរុញ​ឱ្យទៅ​សុំ​អាជ្ញាប័ណ្ណ​ថ្មី​តាម​ទំហំ​សម្ភារៈ​អាជីវកម្ម​ពី​ក្រសួង​រ៉ែ​និង​ថាមពល​។​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​អះអាងថា​«​កន្លងទៅ​មាន​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ខ្លះ​ធ្វើ​សកម្មភាព​លើសពី​អាជ្ញាប័ណ្ណ​ដែល​ពួកគេ​សុំ​ពី​ក្រសួង​មានន័យថា​ក្បាល​បូម​ខ្សាច់​លើសពី​១​តឹក​និង​ម៉ាស៊ីន​លើស​៣០​សេះ​ឡើងទៅ​។​ចំណុច​ទាំងនេះ​ដែល​ច្បាប់​មិន​អនុញ្ញាត​បន្ត​អាជីវកម្ម​នាំឱ្យ​ប៉ះពាល់​ផ្សេងៗ​រួមមាន​៖​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​បរិស្ថាន​ជីវចម្រុះ​ជាដើម​”​។​

​យោងតាម​លិខិត លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចុះ​កាលពី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨ បាន​ស្នើសុំ​ក្រុមហ៊ុន​សហគ្រាស លឹម បុក ខន​ស្ត្រា​ក់សិន មេធៀ​រៀល​ដែលមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​រហូតដល់​ឆ្នាំ​២០២០​ត្រូវ​សន្យា​ពី​កិច្ចការពារបរិស្ថាន​បានឱ្យ​ល្អប្រសើរ​សម្រាប់​អាជីវកម្ម​ខ្សាច់​សំណង់​របស់ខ្លួន​លើ​ផ្ទៃដី​ទំហំ​៩,៤​ហិកតា តាម​ដងព្រែក​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​៕S/​