​ម្រេច​កំពត​ជា​ផលិតផល​ខ្មែរ​ដំបូង​ដែល​​ទទួលបាន​នូវ​ការការពារ​នៅ​ទីផ្សារ​អឺរ៉ុប​

1899
ចែករម្លែក

​កំ​ពតៈ​ការដាំដុះ​ដំណាំ​ម្រេច​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ប្រពៃណី​ដែលមាន​អាយុកាល​ប្រមាណ​៧០០​ឆ្នាំ​មក​ហើយ ។ ខេត្តកំពត និង​កំពង់ចាម ជា​តំបន់​ចម្ការ​ម្រេច​កម្ពុជា​ដ៏​សំខាន់​ជាងគេ​បំផុត​ដែល​មកដល់​ខែសីហា​ឆ្នាំ​២០១៧​នេះ ការនាំចេញ​ម្រេច​ទៅ​ទីផ្សារ​បរទេស បាន​ជាង​៤៥​តោន ក្នុង​ចំនួន​ផល​ម្រេច​ផលិត​បាន​ជាង​៨០​តោន ។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​ចម្ការ​ម្រេច​កំពត(រូបសម្បត្តិកញ្ញា)​
​ ​

​ ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អេ​ហ្គា​(George Edgar) ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​(១៦-១៨ ខែសីហា​ឆ្នាំ​២០១៧) នៅ​ខេត្តកំពត និង​កំពង់ស្ពឺ បាន​មាន​ប្រសា​ស​ន៏​ពេល​ជួប​ជាមួយ​ប្រធាន​សមាគម​ម្រេច​កំពត​ថា លោក​មានការ​រីករាយ​ណាស់​ដែល​សហភាព​អឺរ៉ុប​បានទទួល​ស្គាល់​ម្រេច​កំពត ជា​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ​។​នេះ​ជាការ​ទទួលស្គាល់​នូវ​គុណភាព​ផលិតផល​របស់​កសិក​រ​ក្នុងស្រុក នឹង​ជា​ឳ​កាស​ដ៏​ពិសេស សម្រាប់​ការលក់​នឹង​ការបង្កើត​ប្រាក់ចំណូល​របស់​ប្រជាកសិករ​នៅទីនេះ ។​
​ ​រីឯ​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បាន​ជម្រាបជូន​ប្រតិភូ​សហភាព​អឺរ៉ុប​និង​អ្នកសារព័ត៌មាន​ថា កាលពី​ឆ្នាំ​២០១៦ សមាគម​ម្រេច​កំពត​មាន​ជោគជ័យ​ដ៏​ធំ​មួយ ដោយសារ​ផលិតផល​នេះ​ត្រូវបាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​ការពារ​ដោយ​PGI ។​
​ ​លោក​ប្រធាន​សមាគម​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ការចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​ការពារ កាន់តែ​ត្រូវបាន​បន្ថែម​នូវ​គុណ​តម្លៃ ទៅដល់​កេរ្តិ៍ឈ្មោះ​ជា​ប្រពៃណី​របស់​ម្រេច​កំពត ។ វា​ក៏​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ផ​លិ​ផល​ក្លែងក្លាយ នឹង​បន្លំ​ម៉ាក​សញ្ញា​ដែល​កំពុង​ចរាចរ​នៅក្នុង​ទីផ្សារ​នៅក្រៅ​ប្រទេស ។​
​ ​ការចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះ​ថែមទាំង​ជួយ​លើកកម្ពស់​លក្ខណៈសម្បត្តិ​ប្រកួតប្រជែង នៃ​ផ​លិ​ផល​ម្រេច​កំពត នៅលើ​ទីផ្សារ​អឺរ៉ុប កម្ពុជា និង​នៅលើ​ទីផ្សារ​ផ្សេងៗ​ទៀត ព្រោះ​ផ​លិ​ផល​នេះ ត្រូវបាន​បិទ​និមិត្តសញ្ញា​គុណភាព​PGI រួចហើយ ។​
​ ​លោក​ប្រធាន​សមាគម​បានបញ្ជាក់​បន្ថែមថា​ដោយសារ​មានការ​ជួយ​ឩ​ប​ត្ថ​ម្ភ​គាំទ្រ ពី​សហភាព​អឺរ៉ុប និង​ក្រសួង​កសិកម្ម​កម្ពុជា បាន​លើកទឹកចិត្ត​សមាជិកសមាគម​ក្នុង​ការផលិត​ម្រេច​បាន​ប្រមាណ​១០០​តោន ក្នុង​ឆ្នាំ​២០១៧​នេះ នឹង​បាន​សម្រិតសម្រាំង​តាម​ស្តង់ដារ​នៅ​ចំនួន​៨០​តោន​សម្រាប់​ការនាំចេញ ។ ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០១៧​នេះ ការនាំចេញ​ម្រេច​កំពត​សម្រេចបាន​៤៥​តោន ក្នុង​ចំនួន​៨០​តោន ។
​ ​ជាមួយនឹង​ភាពជោគជ័យ​នេះដែរ លោក​ប្រធាន​សមាគម​បានបញ្ជាក់​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​ការនាំចេញ​ម្រេច​កំពត​ទៅ​ក្រៅប្រទេស​មានការ​យឺតយូរ​ខ្លះ ដោយសារ​មាន​គេ​លួច​នាំចេញ​ម្រេច​កំពត​ក្លែងបន្លំ​ម៉ាក​សញ្ញា​ថា ជា​ម្រេច​កំពត ។ លោក​បាន​ឲ្យ​ដឹងថា កន្លងមក មាន​គេ​ប្រាប់​លោក​ថា ការនាំចេញ​ម្រេច​កំពត​ទៅ​ក្រៅប្រទេស គឺមាន​ការចុះហត្ថលេខា​ពី​លោក ដោយ​សរសេរ​ជា​ភាសា​បារាំង ។ បើទោះបី​យ៉ាងនេះ​ក្តី​លោក​ប្រធាន​បាន​អះអាងថា​លោក​មិនដែល​ធ្លាប់បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ណា​ជា​ភាសា​បារាំង​នោះទេ ។​
​ ​ពាក់ព័ន្ធ​នឹង​កា​រលួយ​ប​ន្ឡំ​ម៉ាក​សញ្ញា​ថា​ជា​ម្រេច​កំពត​នេះ​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​សម្តែង​ការ​ព្រួយ​បា​ម្ភ​ថា បើ​មាន​ការលួចបន្លំ​ម៉ាក​សញ្ញា​ម្រេច​កំពត​ដូចនេះ ត្រូវ​ប្រុងប្រយ័ត្ន​មែនទែន ។ លោក​ទូត​បានបញ្ជាក់​បន្ថែមថា យើង​ត្រូវតែមាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ។​
​ ​ឯ​ប្រធាន​សមាគម លោក ងួន ឡាយ បាន​ជម្រាបជូន​ប្រតិភូ​សហភាព​អឺរ៉ុប​វិញ​ថា បន្ទាប់ពី​បាន​ដំណឹង​នេះ​ភ្លាម លោក​បាន​ជម្រាប​ជូនទៅ​ស្ថាប័ន​រដ្ឋាភិបាល​ដូចជា​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម​រួចហើយ ដើម្បី​សូមជួយ​រក​ដំណោះស្រាយ កុំ​ឲ្យ​មាន​បញ្ហា​ក្លែងបន្លំ​ម៉ាក​សញ្ញា​ដូចនេះ​ទៀត ។​
​បើទោះបី​យ៉ាងណាក្តី​លោក​ប្រធាន​សមាគម​បាន​សម្តែង​សុទិដ្ឋិនិយម​លើ​ការរីកចម្រើន​ទាំង​ផ្ទៃដី​ដាំ​ម្រេច និង​ផលិតផល​ម្រេច​កំពត ។ នៅ​ឆ្នាំ​២០០៨-២០០៩ សមាគម​មាន​ផ្ទៃដី​ដាំ​ម្រេច​ត្រឹមតែ​១០​ហិកតា​ប៉ុណ្ណោះ តែ​បច្ចុប្បន្ននេះ ផ្ទៃដី​ដាំ​ម្រេច​បាន​កើន​ដល់​២១០​ហិកតា ឯ​ផ្ទៃដី​៥០-៦០​ហិកតា​ទៀត កំពុង​ដាក់ពាក្យ​សុំចូល​សមាគម ។​
​ ​ចំពោះ​ទីផ្សារ​ម្រេច​កំពត​ទៀតសោត លោក​ប្រធាន​សមាគម​បាន​ឲ្យ​ដឹងថា គឺ​បាន​នាំ​ចេញទៅ​សហភាព​អឺរ៉ុប ជប៉ុន ចិន សហរដ្ឋអាមេរិក និង​ថៃ​ជាដើម ។ រីឯ​ផលិតផល​ម្រេច​កំពត​មានតម្លៃ​ចាប់ពី​១៥ ០០០​ទៅ​២៨ ០០០​ដុល្លារ​ក្នុង​មួយ​តោន តាម​ប្រភេទ​ជា​ម្រេចខ្មៅ ស និង​ក្រហម ៕MN
ដោយៈសម្បត្តិកញ្ញា