​យកចិត្តទុកដាក់​ចំពោះ​យុវជន​គឺជា​ការគិតគូរ​អំពី​ធនធានមនុស្ស​ដើម្បី​សេដ្ឋកិច្ច​រីកចម្រើន​

203
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ក្នុង​ពិធី​អបអរ​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​១២​សីហា​ខួប​លើក​ទី​២០​នៅ​សាលប្រជុំ​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​”​ការយកចិត្តទុកដាក់​ចំពោះ​យុវជន​គឺជា​ការគិតគូរ​ដ៏​ចម្បង​ដើម្បី​កសាង​សង្គមជាតិ​មួយ​ប្រកបដោយ​សន្តិភាព​ព្រមទាំង​ទទួលបាន​នូវ​ធនធានមនុស្ស​ឈានឆ្ពោះ​ទៅកាន់​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​”​។

នា​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​និង​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​បង្កើន​ការលើកកម្ពស់​សិទ្ធិ​ក៏ដូចជា​សុខុមាលភាព​សម្រាប់​ពល​រដ្ឋ​កម្ពុជា​។​ក្នុងនោះ​រាជរដ្ឋាភិបាល​បានផ្តល់​ជា​អាទិភាព​ចំពោះ​កុមារ​និង​យុវជន​ដែលជា​ប្រភពធនធាន​និង​ជា​កម្លាំង​បន្តវេន​របស់​ប្រទេសជាតិ​ឱ្យមាន​វិសាលភាព​កាន់តែ​ធំធេង​ឡើង​ថែមទៀត​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ការយកចិត្តទុកដាក់​ស​ម្រា​ប់​យុវជន​ជា​ទស្សនាទាន​ចម្បង​របស់​រាជរដ្ឋាភិបាល​ដោយ​តម្រូវឱ្យ​ក្រសួង​ពាក់ព័ន្ធ​ដំណើរ​កិច្ចការងារ​របស់ខ្លួន​ក្នុងការ​ឈានទៅ​សម្រេច​គោលនយោបាយ​តាមរយៈ​ការរៀបចំ​កម្មវិធី​បន្ត​ស្របតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ប្រទេសជាតិ​។​

រាជរដ្ឋាភិបាល​ដែល​បាននិងកំពុង​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សុខុមាលភាព​ពលរដ្ឋ​ជា​ឆ្លើយតប​នូវ​សំណូមពរ​របស់​យុវជន​ធ្លាប់​ស្នើឡើង​នាពេល​កន្លងមក​។​ដូច្នេះ​មានតែ​យុវជន​ប៉ុណ្ណោះ​ដែលជា​កម្លាំង​បន្តវេន​របស់​ប្រទេសជាតិ​ហើយ​ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យបាន​ច្បាស់​ក្នុង​ការធ្វើ​អ្វីមួយ​សម្រាប់​ជា​ប្រយោជន៍​ជាតិ​។

លោក​ជាវ​តា​យ​បានបញ្ជាក់​ទៀតថា​មានតែ​ការអប់រំ​និង​ហ្វឹកហាត់​គ្រប់គ្រង​ចិត្តគំនិត​ឱ្យ​ប្រកបដោយ​គុណធម៌​និង​គតិបណ្ឌិត​ប្រាសចាក​ឆ្ងាយ​ពី​អំពី​អបាយមុខ​ផ្សេងៗ​ទើប​នាំ​ផ្លូវ​យុវជន​គ្រប់រូប​បាន​ដល់​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​។

​លើសពីនោះ​យុវជន​ត្រូវខិតខំ​សម្រប​ខ្លួន​ដើម្បី​ចូលរួម​កសាង​មហា​គ្រួសារ​កម្ពុជា​ដែល​គ្មាន​គ្រឿងញៀន​គ្មាន​ជំងឺអេដស៍​គ្មាន​អំពើហិង្សា​គ្មាន​គ្រោះថ្នាក់​ចរាចរ និង​ប្រកបដោយ ព្រហ្ម​វិហារធម៌​៕S/​