​យក​អាវុធ​កែច្នៃ​ប្រគល់ជូន​សមត្ថកិច្ច​ដោយ​ស្ម័គ្រចិត្ត​និង​ភ្ញាក់រលឹក​ដើម្បី​សន្តិសុខ​

372
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រះវិហារ​ដោយ​ទទួលបាន​ការអប់រំ​ជា​បន្ត​បន្ទាប់ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្រភេទ​អាវុធ​កែច្នៃ​។​ពួកគាត់​មួយចំនួន​នៅ​ភូមិ​ពោធិ​ខឿន​ឃុំ​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​មានការ​ស្ម័គ្រចិត្ត​យក​អាវុធ​កែច្នៃ​ចំនួន​១៤​ដើម​ប្រគល់ជូន​សមត្ថកិច្ច​ក្នុងការ​ភា្ញ​ក់រ​លឹក​ដើម្បី​សន្តិសុខ​ផ្ទាល់ខ្លួន​និង​ក្នុង​មូលដ្ឋាន​។​

​លោក​វរសេនីយ៍ទោ​រិ​ទ្ធ​សូ​ណា​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ដែលមាន​ការ​ភ្ញាក់រលឹក​យក​អាវុធ​កែច្នៃ​មក​ប្រគល់ជូន​សមត្ថកិច្ច​នៅពេលនេះ​។​លោក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ដែលមាន​អាវុធ​កែច្នៃ​ដែល​កំពុង​លាក់ទុក​នៅក្នុង​ផ្ទះ​ត្រូវ​យកមក​ប្រគល់ជូន​សមត្ថកិច្ច​ចៀសវាង​កូនចៅ​បងប្អូន​យកទៅ​ប្រើ​ដោយ​ខុសច្បាប់​។​

​លោក​អធិការ​ស្រុក​ត្បែងមានជ័យ​បាន​បញ្ជាក់ថា​ការរក្សា​ទុក​អាវុធ​គ្រប់​ប្រភេទ​គឺជា​អំពើ​ខុសច្បាប់​។​លោក​ក៏បាន​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រួតជ្រាប​៕S/​