​យន់ យ៉ោ​ង ៖ ជីវិត​មនុស្ស​តាំងពី​កើត​រហូតដល់​ស្លាប់ គឺ​ត្រូវការ​ព្រៃឈើ​

492
ចែករម្លែក

​ដោយ​: សួត វិចិត្រ បុគ្គលិក​ស្ម័​គ​ចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​
​ភ្នំពេញៈ​«​ឆ្មាំ​ព្រៃ​» ត្រូវបាន​ចាក់​បញ្ចាំង​ជា​សាធារណៈ​លើក​ទី​២​នៅលើ​ទឹកដី​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ ដោយមាន​ការចូលរួម​ពី​ទស្សនិកជន​ប្រមាណ​ជាង​១.០០០​នាក់ រួមមាន ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះ​មេគុណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ស្ថិតនៅ​ក្នុងចំណោម​ខ្សែភាពយន្ត​ឯកសារ​ប្រមាណ​ជាង​២០​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ខ្សែភាពយន្ដ​ឯកសារ «​ឆ្មាំ​ព្រៃ​» បាន​សង្កត់ធ្ងន់​ទៅលើ​តួនាទី​ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងការ​ផ្តួចផ្តើម​ថែរក្សា​ការពារ ព្រមទាំង​ផ្សព្វផ្សាយ​អំពី «​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​» ដែល​មួយ​ភាគ​ធំ​នៃ​ព្រៃ​អភិរក្ស​នេះ​មាន​ទីតាំងនៅ​ក្នុងស្រុក​អន្លង់វែង ដែលជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ខ្មែរក្រហម​។ ក្រៅពី​ការបង្ហាញ​អំពី​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ស្រុក​អន្លង់វែង​តំបន់​នេះ​ក៏​ជា​សហគមន៍​ដ៏​សុខដុម​មួយ​របស់​ប្រជាជន​ប្រមាណ​៦​ម៉ឺន​នាក់ ដែល​ក្នុងចំណោម​ប្រជាជន​ទាំងនេះ ចំនួន​ពី​៧០​ទៅ​៨០​ភាគរយ ធ្លាប់ជា​សមាជិក​នៃ​ចលនា​ខ្មែរក្រហម និង​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ ព្រមទាំង​រក​អនុផល​ព្រៃឈើ​ដើម្បី​ចិញ្ចឹមជីវិត​។

​ដូច​ទៅនឹង​អំឡុងពេល​នៃ​សង្គ្រាមស៊ីវិល​រយៈពេល​បី​ឆ្នាំ (១៩៧៩-១៩៩៨) ដែរ ខ្មែរក្រហម​បាន​ប្រើប្រាស់​ព្រៃឈើ​ធម្មជាតិ​ដ៏​ក្រាស់​ដែល​ស្ទើរតែ​ពន្លឺ​ថ្ងៃ​មិនអាច​ជ្រៀត​ចូលដល់ ធ្វើជា​ខែល​យុទ្ធសាស្ដ្រ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​ខ្លួន ឬ​បើក​ការវាយប្រហារ​បែប​សង្គ្រាម​ទ័ពព្រៃ​ទៅលើ​កងកម្លាំង​របស់រ​ដ្ឋា​ភិ​បាល និង​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម​នៅ​កម្ពុជា​។
​ព្រៃឈើ​ដ៏​ក្រាស់​នេះ​ប្រៀបបាន​ទៅនឹង​ជីវិត​តស៊ូ​របស់​ខ្មែរក្រហម​ដែរ ដើម្បី​អូសបន្លាយ​ឆាកជីវិត នៃ​ចលនា​របស់ខ្លួន​ដោយ​ឥត​រួញរា និង​ផ្សាភ្ជាប់​ទៅនឹង​ព្រៃឈើ​មួយកន្លែង​ដែល​ត្រូវបាន​ស្គាល់​ថា «​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​»​។ ភ្នំ​ដងរែក​ដ៏​ខ្ពស់សន្លឹម ត្រូវបាន​ខ្មែរក្រហម​ប្រើប្រាស់​ក្នុងការ​ប្រ​មើ​មើល​ទីតាំង​យុទ្ធសាស្ដ្រ​សម្រាប់​បម្រើ​ដល់​ទស្សនវិស័យ​ដ៏​វែងឆ្ងាយ​របស់ខ្លួន និង​ជា​តំបន់​ការពារ​ចុងក្រោយ​នៅ​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

បណ្ឌិត លី សុខ​ឃាង នាយក​នៃ​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ឡើង​ថ្លែង​សុន្ទរកថា និង​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែល​ចូលរួម​ទស្សនា​ការចាក់​បញ្ចាំង​កុន​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នៅ​សួនច្បារ​វិមានឯករាជ្យ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ

​ព្រៃឈើ​នៅក្នុង​តំបន់​អន្លង់វែង បាន​ក្លាយជា​ប្រភព​សេដ្ឋកិច្ច​ចម្បង​របស់​ចលនា​នេះ បន្ទាប់ពី​ភាគី​ជម្លោះ​នៅ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ តា​ម៉ុក ដែលជា​មេទ័ព​នៅ​អន្លង់វែង បាន​សហការ​ជាមួយ​ឈ្មួញ​ថៃ កាត់ឈើ​ប្រណិតៗ​មុខកាត់​ធំៗ ដើម្បី​ដូរ​យក​រូបិយប័ណ្ណ​សម្រាប់​ផ្គត់ផ្គង់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​យោធា​របស់ខ្លួន​រហូតដល់​ដង្ហើមចុងក្រោយ​។
​បន្ទាប់ពី​សង្គ្រាម​បាន​ផុតរលត់​ទៅ ហើយ​ពន្លឺ​នៃ​សន្ដិភាព​បាន​ចាប់ពី​ឆ្នាំ​១៩៩៨​មក អន្លង់វែង​បាន​ប្រែ​មុខមាត់​ទៅជា​សហគមន៍​មួយ​នៃ​ការចងចាំ​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ និង​រឿងរ៉ាវ​អតីតកាល​ដ៏​ជូរចត់​ដែល​ប្រជាជន​ក្នុង​សហគមន៍​នេះ​បាន​ជួបប្រទះ​។

​កេរ្ដិ៍ឈ្មោះ​របស់​អន្លង់វែង បាន​បន្សល់ទុក​នូវ​រឿងរ៉ាវ​ដ៏​សោកសង្រេង​ជាច្រើន ហើយ​ការរៀបចំ​ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ​ឡើងវិញ ដែលមាន​ស្រាប់​ក្នុង​តំបន់​អន្លង់វែង​នោះ ក៏​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ជីវិត​នៃ​ទេសចរណ៍​បែប​អន្ធការ​ដែរ ដែល​អាចជា​គុណប្រយោជន៍​សម្រាប់​សហគម​ន៍​អន្លង់វែង​នាពេល​អនាគត​។

លោកស្រី រី​ប៊ែ​កា ប្លេ​ក នាយិកា​ស្ដីទី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្ដរជាតិ (USAID) បាន​ឡើង​ថ្លែង​នូវ​ចំណាប់អារម្មណ៍​ក្នុង​កម្មវិធី​ចាក់​បញ្ចាំង​កុន​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នៅ​សួនច្បារ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ទស្សនវិស័យ​ទាំងនេះ មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏បាន​បង្កើត​នូវ​ប្លង់គោល​ស្រុក​អន្លង់វែង​ឡើង ដោយ​ផ្សាភ្ជាប់​ទៅនឹង​ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ​ទាំង​១៤​កន្លែង​ក្នុងស្រុក​អន្លង់វែង និង​ការតភ្ជាប់​ផ្លូវ​ដើរ​ថ្មើរជើង​របស់​ខ្មែរក្រហម​ដែលមាន​ក្នុង​ជំនាន់​សង្គ្រាម ដើម្បី​បង្ក​ឲ្យ​មាន​ភាពរស់រវើក​សម្រាប់​វិស័យ​ទេសចរណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​ក្នុង​សហគមន៍​។

​ដោយ​ឈរលើ​ទស្សនាទាន​បែបនេះ ព្រះពុទ្ធសាសនា​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការថែរក្សា​ព្រៃឈើ​ដែរ ដែល​ខ្សែភាពយន្ដ «​ឆ្មាំ​ព្រៃ​» នេះ​បានបង្ហាញ​ពី​តួនាទី​របស់​ព្រះសង្ឃ​ក្នុង​កិច្ចការ​នេះ​។​
​ដើម្បី​ជាការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​សក្ដានុពល​នៃ​តំបន់​អន្លង់វែង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ស្លឹករឹត​ភាពយន្ដ ធ្វើ​ការចាក់​បញ្ចាំង​នូវ​ខ្សែភាពយន្ដ​រឿង «​ឆ្មាំ​ព្រៃ​» ដែលជា​ផ្ទាំងទស្សនីយភាព​ឯកសារ​មួយ​ទៅកាន់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​យល់ដឹង​ពី​បរិស្ថាន ដែល​ផ្សារភ្ជាប់​ទៅនឹង​ប្រ​វ​ត្ដិ​សាស្ដ្រ​នៅក្នុង​តំបន់​អន្លង់វែង​ផ្ទាល់​តែម្ដង​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ការដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​បុព្វហេតុ​ការពារ​ព្រៃឈើ​ធម្មជាតិ និង​សត្វព្រៃ របស់​ព្រះ​តេជគុណ ប៊ុន សា​លួត ដែល​ព្រះអង្គ​បាន​ផ្សារភ្ជាប់​ជីវិត​របស់​ព្រះអង្គ​ទៅនឹង​ពុទ្ធសាសនា ដើម្បី​ប្រ​មើ​មើ​លពី​ដំណើរ​ជីវិត​តាម​ធម៌​ព្រះពុទ្ធ​ដែល​ព្រះពុទ្ធ​ទ្រង់​បានដាក់​អាយុសង្ខារ ដើម្បី​បុព្វហេតុ​ស្រោចស្រង់​ជីវិត​មនុស្សលោក​។ ម្ល៉ោះហើយ ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះអង្គ​បានសម្រេច​ចិ​ត្ដ​បួស​ជាស​ង្ឃ ដើម្បី​ប្រ​មើ​មើល និង​កសាង​អ្វី​ដែលជា​គុណប្រយោជន៍​ដល់​មនុស្សលោក​ដែរ​។​

ឯកឧត្ដម ហួន វ៉ាន់​និ​ត អភិបាលរង នៃ​គណៈ​ភិ​បាល​ខេត្ដ​ឧត្ដរមានជ័យ​។

​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ «​ឆ្មាំ​ព្រៃ​» នៅក្នុង​ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ បាន​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ​ដើម្បី​ជា​សារ​យ៉ាង​ទូលំទូលាយ​សម្រាប់​មហាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ប្រសិនបើ​យើង​ក្រឡេក​ទៅ​មើល​ពី​ទិដ្ឋភាព​ក្រុង​សំរោង នៃ​ខេត្ដ​ឧត្ដរមានជ័យ​វិញ គឺមាន​ភាព​មមាញឹក ដែល​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​ភាគច្រើន​នៅក្នុង​តំបន់​នេះ ក៏​មិន​ខុសប្លែក​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ផ្សេងៗ​ទៀត​ប៉ុន្មាន​ដែរ ហើយ​ការលក់ដូរ និង​ការប្រកប​របរ​ធ្វើស្រែ​ចម្ការ គឺ​បាន​ធ្វើឡើង​ជាធម្មតា​។ ចំណែកឯ​ទេស ភាព គឺមាន​បឹង​ស្នោរ ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គមរាស្ដ្រនិយម ដោយ​រំលេច​នូវ​ភាពស្រស់​បំព្រង​នៃ​ជីវិត​ដែល​លូតលាស់​នៅ​ជុំវិញ​ប្រភពទឹក​។​

​បើ​យើង​ទាញ​ចំណាប់អារម្មណ៍​ទៅលើ​ការរៀបចំ​នៃ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» គឺ​បាន​ប្រ​ព្រឹ​ត្ដទៅ​អស់​រយៈពេល​ជាច្រើន​ម៉ោង រហូតដល់​ព្រះអាទិត្យ​បាន​ទន់ទាប​ទៅកាន់​ជើងមេឃ​នៅវេលា​ប្រហែល​ម៉ោង​៥​ល្ងាច ពេលនោះ​ព្រះសង្ឃ ប្រជាជន និង​សិស្សានុសិស្ស​បានធ្វើ​ដំណើរ​មក​បណ្ដើរៗ ដែល​បង្កើតបាន​នូវ​ទិដ្ឋភាព​ដ៏​អ៊ូអរ​មួយ​នៅក្នុង​ក្រុង​សំរោង​។ ប្រជាជន​បានធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ផ្សេងៗ​គ្នា ដោយ​អ្នកខ្លះ​ធ្វើដំណើរ​ដោយ​ម៉ូតូ ខណៈពេលដែល​អ្នកខ្លះ​ទៀត​ធ្វើដំណើរ​ដោយ​កង់ និង​ថ្មើរជើង​។ ប្រជាជន និង​ព្រះសង្ឃ​ជាច្រើន​អង្គ បានមក​កាន់​ទីលាន​ប​ញ្ចាំ​ង​កុន ដោយ​ទឹកមុខ​ញញឹម​ពព្រាយ ព្រមទាំង​ហែហម​ដោយ​សិស្សានុសិស្ស​ជាច្រើន​នាក់​ដែល​ទើប​ចេញពី​រៀន​។​

​កម្មវិធី​នៃ​ការចាក់​បញ្ចាំង​កុន​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» បានចាប់ផ្ដើម​ឡើង​ដោយ​ការ​បន្លឺឡើង​នូវ​សំឡេង​ស្គរ និង​ការ​ច្រៀង​បទ​ពង្សាវតា​ខ្មែរ​យ៉ាង​គ្រលួច​របស់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​តេ​ជោ សែន ខេត្ដ​ឧត្ដរមានជ័យ​។​

​ក្រោយ​ការ​ច្រៀង​ចម្រៀង​ជាតិ​ត្រូវបាន​បញ្ចប់​កញ្ញា យ៉េន សុ​សម្ផស្ស​» ដែលជា​ពិធីការនី​មួយរូប​នៅក្នុង​អង្គពិធី​ទាំងមូល​បាន​បញ្ចេញ​សារសព្ទ​ទៅកាន់​មហាជន ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​ប្រ​ព្រឹ​ត្ដទៅ​មុខ​បាន​យ៉ាង​ល្អ​។​

​ពិធីការនី យ៉េន សុ​សម្ផស្ស បាន​អញ្ជើញ បណ្ឌិត លី សុខ​ឃាង គឺជា​នាយក​នៃ​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ឡើង​ថ្លែង​សុន្ទរកថា និង​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​។ តាមរយៈ​មតិ​ស្វាគមន៍​នេះ បណ្ឌិត លី សុខ​ឃាង បាន​រំលេច​នូវ​ចំណងជើង​នូវ​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» ដែល​ត្រូវបាន​ដកស្រង់​ចេញពី​ស្រុក​អន្លង់វែង ដែលជា​តំបន់​តស៊ូ​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម ជាពិសេស ភាពយន្ដ​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» បាន​រំលេច​ចេញ​នូវ​គំរូ​វីរភាព​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត នៅក្នុង​បុព្វហេតុ​ការពារ និង​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ដែល​ត្រូវបាន​ស្គាល់​ថា​ជា «​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​» ដែលជា​ព្រៃ​អភិរក្ស ស្ថិត​នៅជាប់​ស្រុក​ចំនួន​៣​គឺ ៖ ស្រុក​ចុងកាល់ ស្រុក​សំរោង និង​ស្រុក​អន្លង់វែង​។

ទេសភាព​បឹង​អន្លង់វែង ក្នុង​ខេត្តឧត្ដរមានជ័យ​។​

​ឆ្លៀតឱកាស​នោះ បណ្ឌិត លី សុខ​ឃាង ក៏បាន​ទាញ​ចំណាប់អារម្មណ៍​ទាក់ទង​នឹង «​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង​» ដែលជា​ស្ថាប័ន​ឈានមុខ​ក្នុងការ​សិក្សា​ស្រាវជ្រាវ និង​បោះពុម្ពផ្សាយ​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​សហគមន៍​អន្លង់វែង​។ ការបញ្ចប់​សង្គ្រាមស៊ីវិល​និង​ការនាំមក​នូវ​សន្ដិភាព គឺជា​សមិទ្ធផល​ជាតិ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​សង្គម​ទាំងមូល​។ ការថែរក្សា​សន្ដិភាព គឺជា​កាតព្វកិច្ច​មួយទៀត​ដែល​ប្រជាជាតិ​ទាំងមូល​ត្រូវការ​ពេល​យូរអង្វែង​ត​ទៅមុខទៀត​។

​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង​បាន​បំពេញការងារ​ឆ្ពោះទៅរក​ការលើកកម្ពស់​ការអប់រំ​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​ចលនា​ខ្មែរក្រហម​ក្នុង​គោលបំណង​ដើម្បី​បម្រើ​ឲ្យ​ការចងចាំ ការផ្សះផ្សា និង​ការកសាង​សន្ដិភាព​។ មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ក៏បាន​បំពេញ​កាតព្វកិច្ច​មួយទៀត ដោយ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រ​វ​ត្ដិ​សាស្ដ្រ​ទាំង​១៤​កន្លែង​នៅក្នុង​ស្រុក​អន្លង់វែង និង​បង្កើត​ប្លង់គោល​ដើម្បី​ត​ភ្ជាប់​តំបន់​១៤​កន្លែង ទៅជា​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​នាពេល​អនាគត​។ ប្លង់​ទិដ្ឋភាព​រួម​នេះ ក៏បាន​ផ្ដោតលើ​ចក្ខុវិស័យ​ក្នុងការ​អភិវឌ្ឍ​តំបន់​អន្លង់វែង​ឲ្យ​ទៅជា​ទីក្រុង​នៃ​សន្ដិភាព និង​ការបង្កើត​ជីវិត​ថ្មី​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែរ​។

​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង​បាន​កំពុង​រិះរក និង​បង្កើត​គំនិត​ផ្សេងៗ​ទៀត​ជាមួយនឹង​ថ្នាក់ដឹកនាំ​ទេសចរណ៍ ដើម្បី​លើកកម្ពស់​ការផ្សព្វផ្សាយ​ពី​អន្លង់វែង តាមរយៈ​ការរៀបចំ​ជា​ព្រឹ​ត្ដិ​ការណ៍​រត់​ម៉ារ៉ាតុន​នៅលើ​ភ្នំ​ដងរែក ដែលមាន​មនុស្ស​ប្រហែល​ជាង​១.០០០​នាក់​បាន​ចូលរួម​។ ក្រៅពីនេះ មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ក៏បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ម​គ្គុ​ទេ្ទ​ស​ក៏​ទេសចរណ៍ សម្រាប់​សហគមន៍​អន្លង់វែង​ចំនួន​ពីរលើក​រួចមកហើយ ហើយ​មាន​សិក្ខាកាម​ចូលរួម​ប្រហែល​៣១​នាក់ និង​មានការ​តាំងពិព័រណ៍​រូបថត​១០០​សន្លឹក​នៅក្នុង​សារមន្ទីរ​ប្រ​វ​ត្ដិ​សាស្ដ្រ​អន្លង់វែង ឬ​សារមន្ទីរ​អតីត​ផ្ទះ​តា​ម៉ុក​ដែរ​។ មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង បាននិងកំពុង​បង្កើត​វេទិកា​ថ្នាក់រៀន ដើម្បី​បង្រៀន​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​សហគមន៍​អន្លង់វែង នៅតាម​វិទ្យាល័យ និង​អនុវិទ្យាល័យ​នៃ​ស្រុក​អន្លង់វែង​។

​លោក​បណ្ឌិត លី សុខ​ឃាង ក៏បាន​ទាញ​ចំណាប់អារម្មណ៍​ថា ទោះបីជា​សិល្បៈ​ស្ថិតនៅក្នុង​ទម្រង់​ជា​លោ្ខ​ន ជា​ភាពយន្ដ ឬ​ជា​គំនូរ​ក្ដី ក៏​អាច​ចូលរួមចំណែក​ក្នុងការ​យល់ដឹង​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​បានដែរ​។ ដូច្នេះហើយ​ទើប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​សហការ​រៀបចំ​ផលិត​ខ្សែភាពយន្ដ​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» ដែល​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ ដោយ​ផ្សារភ្ជាប់​ទៅនឹង​ការអប់រំ និង​ការយល់ដឹង​ជា​សាធារណៈ​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរក្រហម ធម្មជាតិ ព្រៃព្រឹក្សា និង បឹងបួរ​ក្នុងស្រុក​អន្លង់វែង​។ ការបង្ហាញ​អំពី​ព្រៃឈើ​នៅក្នុង​តំបន់​អន្លង់វែង ពុំ​គ្រាន់តែ​ជា​គោលបំណង​មួយ​របស់​ខ្សែភាពយន្ដ «​ឆ្មាំ​ព្រៃ​» ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅជា​ស្មារតី​ជាតិ​រួមមួយ ដែលមាន​យូរលង់​ដំណាលគ្នា​ទៅនឹង​ការកកើត​ព្រៃឈើ​នៅក្នុង​តំបន់​នេះ​។

ដើម​ច្បោះ ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​។​

​គំរូ​វីរភាព​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត នឹង​ជំរុញ​ទឹក​ចិ​ត្ដ​ឲ្យ​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ទាំងអស់​ចូលរួម​ក្នុងការ​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ និង​ព្រៃព្រឹក្សា​ដែរ​។​
​ជា​កិច្ច​បន្ទាប់ លោកស្រី រី​ប៊ែ​កា ប្លេ​ក នាយិកា​ស្ដីទី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្ដរជាតិ (USAID) បាន​ឡើង​ថ្លែង​នូវ​ចំណាប់អារម្មណ៍​នៅលើ​អង្គ​វេទិកា​ទាំង​មូលនៃ​ការចាក់​បញ្ចាំង​កុន​នេះ​ថា​៖ «​ខ្ញុំ​មាន​កិ​ត្ដិ​យស​ណាស់​ដែល​បាន​ចូល​រួមការ​បញ្ចាំង​ខ្សែភាពយន្ដ​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នៅក្នុង​ក្រុង​សំរោង​នេះ​។ ទាំងនេះ​គឺជា​ការបង្ហាញ​នូវ​ការថែរក្សា​ព្រៃឈើ​ដែលជា​សម្បត្ដិ​ធម្មជាតិ​ដ៏​មានតម្លៃ​បំផុត ដែល​យើង​បាន​អនុវត្ដ​កន្លងមក​។ កំឡុងពេល​បំពេញការងារ​នៅក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​បាន​រៀនសូត្រ​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដែលមាន​តម្លៃ​ក្នុងប្រទេស​កម្ពុជា​។ ខ្ញុំ​សូម​ស្ងើចសរសើរ​ពី​ឆន្ទៈ​របស់​ព្រះសង្ឃ​នៃ​ព្រះពុទ្ធសាសនា ដែល​ផ្សាភ្ជាប់​យ៉ាង​ស្អិតរ​មួ​តទៅ​នឹង​សកម្មភាព​ថែរក្សា​ព្រៃឈើ​ដែល​ទាក់ទង​នឹង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ដែលជា​ភ្នាក់ងារ​ឯករាជ្យ​មួយ​ក្នុងការ​ការពារ​បរិស្ថាន​សង្គម​។​»

​លោកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​មើលឃើញថា ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការថែរក្សា​ព្រៃឈើ ដើម្បី​ទប់ស្កាត់​នូវ​ផល​ប្រឈម​ផ្សេងៗ ដែល​កើតមានឡើង​នៅពេលដែល​ព្រៃឈើ ដ៏​ស្រស់ត្រកាល​ត្រូវបាន​បំផ្លាញ​។ ចំពោះ​បទពិសោធន៍​របស់ខ្ញុំ ដែល​បាន​ដើរ​កម្សាន្ដ​នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​យល់ថា វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ពិតជា​បាន​ថែរក្សា​មនុស្ស​ដែល​រស់នៅ​ក្នុងព្រៃ​យ៉ាងពិត​ប្រាកដ​។ ខ្ញុំ​សូម​ចូលរួម​នូវ​ការអបអរសាទរ​ទៅកាន់​ព្រះ​តេជគុណ ប៊ុន សា​លួត ក៏ដូចជា​ព្រះសង្ឃ​ឯទៀត​ដែល​បានរួម​ចំណែក​ការពារ​បរិស្ថាន​ព្រៃឈើ​ធម្មជាតិ នេះ​។ ខ្ញុំ​ក៏​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះ​តេជគុណ​ដែល​ប្រឆាំង ទៅនឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ក៏ដូចជា​ការធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ធម្មជាតិ​នៅលើ​ភពផែនដី​។​»

​ឆ្លៀតឱកាស​នេះ លោកស្រី បាន​គូស​បញ្ជាក់ទៀតថា ៖ «​ខ្ញុំ​ក៏​សូម​ទាញ​ចំណាប់អារម្មណ៍​អ្នកចូលរួម​ដែរ​ថា ក្នុងនាម​ជា​ជាតិ​សាសន៍​អាមេរិក ក៏មាន​ការលំបាក​ដែរ​ចំពោះ​បញ្ហា នៃ​ការថែរក្សា​ព្រៃឈើ​នៅក្នុង​ប្រទេស​អាមេរិក​ដូចគ្នា​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី ប្រជាជន​ទាំងអស់​នៅក្នុង​ទឹកដី​នៃ​សហរដ្ឋអាមេរិក បាន​ខិតខំ​ប្រឹងប្រែង​ការពារ​តំបន់​ព្រៃឈើ និង​ឧទ្យាន​ជាតិ​ផ្សេងៗ​ដែរ​។

​លោកស្រី​បាន​និយាយថា «​កន្លងមក ក្រុមការងារ​របស់ខ្ញុំ​បាន​ចូលរួម​ក្នុងការ​គាំទ្រ​ទៅលើ​ការការពារ​បរិស្ថាន​ដូចគ្នានេះដែរ​។ ហេតុដូច្នេះ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ ក៏បាន​គាំទ្រ​លើ​ទំហំ​ទឹកប្រាក់​ចំនួន​២១​លាន​ដុ​លា្ល​រ​នៅក្នុង​ការថែរក្សា​ព្រៃ​ឡង់ ដែល​មនុស្ស​ជាច្រើន​បាន​កំពុង​ពឹង​ផ្អែកលើ​ប្រភព​ធម្មជាតិ​មួយ​នេះ​។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ ក៏បាន​សហការ​ជាមួយ​ដៃគូ​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្ដ​មណ្ឌលគិរី​ក្នុងការ​ថែរក្សា​សត្វព្រៃ និង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដែរ​។ ដូចនេះ សង្គម​មួយ​ដែល​រឹងមាំ គឺ​ពឹង​ផ្អែកទៅលើ​ការការពារ និង​ការគ្រប់គ្រង​ព្រៃឈើ ហើយ​ជាពិសេស​គឺ​ធនធានធម្មជាតិ ដែលជា​វត្ថុ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ផ្លូវ​ដើរ​ដ៏​វែងឆ្ងាយ​មួយ​ក្នុង​គោលដៅ​និរន្ដរភាព​ពេញបរិបូរណ៍​»​។
​ក្នុង​ខ្សែភាពយន្ដ​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នេះ បាន​ផ្ដល់នូវ​ផ្ទាំងទស្សនីយភាព​ថ្មី​មួយ​នៃ​ស្រុក​អន្លង់វែង ទាក់ទង​នឹង​ប្រ​វ​ត្ដិ​សាស្ដ្រ​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​។ នេះ​គឺជា​ការបង្ហាញ​មួយ​យ៉ាង​ល្អិតល្អន់​ថា អន្លង់វែង បាន​ក្លាយជា​តួអង្គ​មួយ​យ៉ាងសំខាន់​នៅ​ខាងក្រោយ​ខ្សែភាពយន្ដ​នេះ ដែល​បានលើកឡើង​ពី​តម្លៃ​នៃ​សន្ដិភាព ក៏ដូចជា​ជីវិត នៃ​ការ​រស់នៅក្នុង​ពិភព​ធម្មជាតិ​បៃតង​ដ៏​ស្រស់ត្រកាល​មួយ​។​

​លោកស្រី​បាន​បន្ដថា​៖ នៅ​ថ្ងៃស្អែក​នេះ ខ្ញុំ​នឹង​បន្ដទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ដែលមាន​ទីតាំង​នៅលើ​ខ្នងភ្នំ​ដងរែក ជាប់​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​។ មជ្ឈមណ្ឌល​សនិ្ដ​ភាព​អន្លង់វែង​នេះ​បានធ្វើ​កិច្ចការងារ​ជាច្រើន​ដើម្បី​រក្សាបាន​នូវ​ឯកសារ​ប្រ​វ​ត្ដិ​សាស្ដ្រ​ដែល​តំបន់​នេះ​បាន​ជួបប្រទះ ទាក់ទង​ទៅនឹង​អំពើ​ប្រល័យពូជសាសន៍​។ តាមរយៈ​ការ​ទស្សនា​ខ្សែភាពយន្ដ​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» និង​ការធ្វើ​ទស្សនកិច្ច​នេះ នឹងធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ច្រើន​បន្ថែមទៀត​។
​បច្ចុប្បន្ន​សហរដ្ឋអាមេរិក​បាន​គាំទ្រ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុងការ​ចងក្រង​នូវ​មេរៀន​ពី​អតីតកាល ដើម្បី​បង្កើត​នូវ​ការចេះ​អន់ឱន អធ្យាស្រ័យ និង​ការផ្សះផ្សា​នៅ​កម្ពុជា​។ ខ្ញុំ​បាន​មើលឃើញ​ពី​តួនាទី​របស់​ព្រះពុទ្ធសាសនា ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការដឹកនាំ​ការផ្សះផ្សា​ជាតិ​មួយ​នេះ បន្ទាប់ពី​របប​ដ៏​ខ្មៅ​ងងឹត​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។​»

​ជា​កិច្ច​បន្ទាប់ ជាការ​សម្ដែង​មតិ​សំណេះ​របស់លោក ហួន វ៉ាន់​និ​ត អភិបាលរង នៃ​គណៈ​ភិ​បាល​ខេត្ដ​ឧត្ដរមានជ័យ​។ ឯកឧត្ដម ហួន វ៉ាន់​និ​ត បាន​ថ្លែង​នាឱកាស​ចាក់​បញ្ចាំង​កុន​នេះ​ថា «​ឆ្មាំ​ព្រៃ​» គឺជា​ខ្សែភាពយន្ដ​មួយ​ដែល​បង្ហាញ​អំពី​វីរៈភាព​របស់​ព្រះអង្គ ប៊ុន សា​លួត ដែល​ព្រះអង្គ​បាន​លះបង់​កម្លាំងកាយ​ចិ​ត្ដ​ដើម្បី​ថែរក្សា​ប្រភពធនធាន​ធម្មជាតិ​ព្រៃឈើ​នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ដែល​ស្ថិតនៅក្នុង​ខេត្ដ​ឧត្ដរមានជ័យ​នាពេល​បច្ចុប្បន្ន​។​លោក​មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​ខ្សែភាពយន្ដ​ឯកសារ​នេះ​បាន​បំផុស​ឡើង​នូវ​បេសកកម្ម​នៃ​ការ​បេ្ដ​ជា្ញ​ចិ​ត្ដ​យ៉ាង​មុះ​មុត​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​គឺ​ធនធាន​ព្រៃឈើ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែលមាន​សិស្សានុសិស្ស​គឺជា​ទំពាំង​ស្នង​ឬ​ស្សី និង​ថា​តើ​ខ្សែភាពយន្ដ​នឹង​បង្ហាញ​នូវ​សារសំខាន់​យ៉ាងដូចម្ដេច​ចំពោះ​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​។ ឯកឧត្ដម ហួន វ៉ាន់​និ​ត បាន​បញ្ជាក់ដែរថា ការទប់ស្កាត់ និង​ការអភិរក្ស​ព្រៃឈើ​នៅក្នុង​សហគមន៍​សង្ឃ​រុក្ខា​វ័​ន្ដ គឺជា​សកម្មភាព​ដ៏​សំខាន់​មួយ ដែលជា​ពិសេស គឺមាន​ការសហកា​រយ៉ា​ង​ជិតស្និត​ជាមួយ​កម្លាំង​អន្ដរាគមន៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​តែម្ដង​។ ក្នុងឱកាស​នៃ​ការចាក់​បញ្ចាំង​នូវ​ខ្សែភាពយន្ដ​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នេះដែរ លោក ហួន វ៉ាន់​និ​ត ក៏បាន​ទាញ​ចំណាប់អារម្មណ៍ អំពី​ស្រុក​អន្លង់វែង​ដែរ​ថា អន្លង់វែង គឺជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ក្រុមខ្មែរក្រហម​។ ហើយ​ព្រឹ​ត្ដិ​ការណ៍​ទាំងឡាយ​ដែល​កើតឡើង​នៅក្នុង​តំបន់​តស៊ូ​ចុង​ក្រោយនេះ គឺ​ពោរពេញ​ទៅដោយ​ភាពឈឺចាប់ និង​ភាព​សោក​ស​ង្រែ​ង នៃ​ការ​បង្ហូរឈាម​រវាង​ភាគី​ខ្មែរក្រហម និង​ខ្មែរ​។ ការចាក់​បញ្ចាំ​ខ្សែភាពយន្ដ​នេះ គឺជា​ព្រឹ​ត្ដិ​ការណ៍​មួយ​ដ៏​អស្ចារ្យ និង​ដ៏​កម្រ ទម្រាំ​តែ​យើង​អាចឈាន​មកដល់​ថ្ងៃនេះ​។ អ្វី​ដែលជា​គោលបំណង​សំខាន់​សម្រាប់​ព្រឹ​ត្ដិ​ការណ៍​នៅថ្ងៃនេះ គឺជា​ការ​បំផុស​ឡើង​នូវ​សន្ដិភាព តាមរយៈ​ការរួបរួម​គ្នា ការ​សាម​គី្គ​គ្នា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ អង្គការ​ជាតិ និង​អន្ដរជាតិ ដើម្បី​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ​នៅក្នុង​ស្រុក​ចំនួន​៣ គឺ​ស្រុក​ចុងកាល់ ស្រុក​សំរោង និង​ស្រុក​អន្លង់វែង ដែលជា​ព្រៃឈើ​ចុងក្រោយបង្អស់​ដែល​ទទួលបាន​ការអភិរក្ស​នៅក្នុង​ខេត្ដ​ឧត្ដរមានជ័យ​។

ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ការចាក់​បញ្ចាំង​កុន​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នៅ​សួនច្បារ​វិមានឯករាជ្យ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ក្នុងឱកាស​នោះ លោក​ហួន វ៉ាន់​និ​ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូលរួម​ក្នុងការ​ការពារ​ព្រៃឈើ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ​។ ជាមួយនឹង​ព្រឹ​ត្ដិ​ការណ៍​នៃ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នេះ ក្នុងនាម​លោក​តំណាង​ឲ្យ​អភិបាលខេត្ដ​ឧត្ដរមានជ័យ ក៏​សូម​ចូលរួម​យោបល់​មួយចំនួន​សម្រាប់​ការបំពេញ​ការងារ​ទាំង​អស់​គ្នា ជាពិសេស​ប្រជាពលរដ្ឋនៅក្នុង​ខេត្ដ​ឧ​ត្ត​រ​មានជ័យ ដែល​ត្រូវ​រួបរួមគ្នា​ក្រោម​ម្លប់​នៃ​សន្ដិភាព ត្រូវយក​ចិ​ត្ដ​ទុកដាក់ និង​ពង្រឹង​បន្ថែមទៀត​លើ​បញ្ហា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ តាមរយៈ​ការ​អនុវត្ដ​គោលការណ៍​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ដោយ​ឥត​ខកខាន​។ លោក ហួន វ៉ាន់​និ​ត ក៏បាន​ក្រើន​រំឭកថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម និង​ត្រូវ​លុបបំបាត់​ជាដាច់ខាត​ព្រោះ​វា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្មួយៗ​សិស្សានុសិស្ស​។ ក្រៅពីនេះ បញ្ហា​ក្មេង​ទំនើង​ក៏​ជា​សញ្ញាណ​មួយ​ដ៏​អាក្រក់​ដែរ​។ ដូច្នេះ​ការរួបរួម​គ្នា​ក្រោម​ដំបូល​នៃ​សន្ដិភាព គឺជា​ធ្លុង​មួយ​ដែល​មិនអាច​កាច់​បំបាក់​បាន និង​រក្សាបាន​នូវ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ក្នុងភូមិ​-​ឃុំ ក៏ដូចជា​ក្រុង​ទាំងមូល​ដែរ​។​

​បន្ទាប់ពី​លោក ហួន វ៉ាន់​និ​ត ថ្លែង​នូវ​សុន្ទរកថា​សំណេះសំណាល​ចប់ ព្រះ​តេជគុណ ប៊ុន សា​លួត គឺជា​ព្រះ​មេគណ​នៃ​ខេត្ដ​ឧត្ដរមានជ័យ បាន​មាន​សង្ឃដីកា​អំពី​ការមកដល់​ដំបូង​របស់​ព្រះអង្គ​នៅក្នុង​បុព្វហេតុ​ការពារ​សត្វព្រៃ និង​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​ដែលជា​ព្រះទ័យ​នៃ​ការស្រឡាញ់​ពេញចិត្ដ​របស់​ព្រះអង្គ​។ ព្រះអង្គ​ក៏បាន​ស្វែងយល់​ពី​ដំណើរ​ជីវិត​របស់​ព្រះពុទ្ធ ដែល​បាន​ផ្សាភ្ជាប់​ដំណើរ​ជីវិត​របស់​ព្រះអង្គ​ទៅនឹង​ព្រះពុទ្ធសាសនា និង​ខិតខំ​កសាង​អ្វី​ដែលជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

​ព្រះ​តេជគុណ មិនមាន​សង្ឃដីកា​អ្វី​ច្រើន​នោះដែរ ដោយ​ទុក​ឱកាស និង​ពេលវេលា​នេះ ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​ទស្សនា​ខ្សែភាពយន្ដ​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» ដោយ​ខ្លួនឯង​។​

​ខ្សែភាពយន្ដ «​ឆ្មាំ​ព្រៃ​» ប្រៀបបាន​ទៅនឹង​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​ខ្សែជីវិត​បៃតង​នៅក្នុង​សហគមន៍​មួយ ដែល​បាន​ពឹង​ផ្អែកទៅលើ​ធម្មជាតិ ព្រៃឈើ​ដោយ​ឥត​ស្រាក​ស្រា​ន ហើយ​ពណ៌​បៃតង​នេះ​គឺជា​សញ្ញា​មួយ​បង្ហាញថា ជាការ​បើកផ្លូវ​ឲ្យ​មនុស្ស និង​សង្គមជាតិ ឲ្យ​ធ្វើដំណើរ​ទៅមុខ បើទោះបីជា​កាលពី​អតីតកាល​យើង​បាន​ជួប​នូវ​គ្រោះ​ហួតហែង​ដោយសារ​ភ្លើងសង្គ្រាម​ក៏ដោយ​។​

​បន្ទាប់ពី​ការចាក់​បញ្ចាំង​កុន​បានបញ្ចប់ មនុស្សម្នា​ជាច្រើន​បាន​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ព្រៃឈើ និង​ភាពស្រស់​ត្រកាល​នៃ​ធម្មជាតិ ដែល​ប្រៀបបាន​ទៅនឹង​ដង្ហើម​ចេញចូល​របស់​ម​នុស្ស ហើយ​បាន​បញ្ចេញ​នូវ​ចំណាប់អារម្មណ៍​ផ្សេងៗ​គ្នា ដូចខាងក្រោម ៖
«​អាត្មា​ព្រះនាម យន់ យ៉ោ​ង ព្រះ​ជន្មាយុ​៧១​ព្រះវស្សា គង់នៅ​វត្ដ​ប្រាសាទ​រាជា​សំរោង គឺជា​សិស្ស​គុណ​របស់​ព្រះ​មេគណ ប៊ុន សា​លួត មាន​សង្ឃដីកា​ថា ៖ អាត្មាភាព មាន​សេចក្ដីត្រេកអរ​ណាស់ ប៉ុន្ដែ​ដោយ​វ័យ​អាត្មា​កាន់តែ​ចាស់ជរា​ពុំ​អាច​ទៅ​ជួយ​លោក​បាន​។ អាត្មា​មានទឹក​ព្រះទ័យ​ណាស់​ក្នុងការ​ថែរក្សា​ព្រៃឈើ ប៉ុន្ដែ​អាត្មា​ពុំ​អាចធ្វើ​ដំណើរ​ទៅក្នុង​ព្រៃ​ជាមួយ​លោក​បាន​។ អ​ត្មា​សំណូមពរ​ទៅ​ប្រជាជន​ដែល​អញ្ជើញ​មក​ទីនេះ សូមជួយ​ផ្សព្វផ្សាយ​ដល់​កូនចៅ​របស់ខ្លួន​អំពី​ការថែរក្សា​ព្រៃឈើ ព្រោះ​ព្រៃឈើ​គឺជា​ជម្រក​របស់​មនុស្ស ហើយ​ជីវិត​មនុស្សលោក​តាំងពី​កើត​រហូតដល់​ស្លាប់ គឺ​ត្រូវការ​ព្រៃ និង​ឈើ​ជា​រៀងរហូត​។ ដូច្នេះ​យើង​ត្រូវ​ដាំ និង​ថែទាំ​ព្រៃឈើ​បន្ដ​ទៅមុខទៀត ព្រោះ​សព្វថ្ងៃ ព្រៃឈើ​កំពុងតែ​ទទួលរង​ការវិនាស​។ បើ​យើង​មិន​ថែរក្សា​ទេ នោះ​ព្រៃឈើ​នឹង​សាបសូន្យ​នៅ​ថ្ងៃក្រោយ​ជាក់​ជាពុំខាន​»​។

ទេសភាព​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ក្នុង​ខេត្តឧត្ដរមានជ័យ​។​

​សួន សុធា ជា​សិស្ស​នៃ​វិទ្យាល័យ​ហ៊ុនសែន​ឧត្ដរមានជ័យ បង្ហាញ​ចំណាប់អារម្មណ៍​ថា «​ខ្ញុំ​ពិតជា​មានការ​យល់ដឹង​ច្រើន​អំពី​ព្រៃឈើ និង​សត្វព្រៃ​ដែល​ទទួលរង​នូវ​ការកាប់បំផ្លាញ​។ សម្រាប់​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ព្រះសង្ឃ​ព្រះពុទ្ធសាសនា គឺ​ខ្ញុំ​មានការ​គាំទ្រ ដើម្បី​ជីវិត​មនុស្ស និង​សត្វព្រៃ​យូរអង្វែង​ទៅមុខទៀត​»​។​

​ម៉ន ស្រី​ណុ​ច គឺជា​សិស្ស​នៃ​វិទ្យាល័យ​តេ​ជោ​សែន ឧត្ដរមានជ័យ បាន​យល់ឃើញថា រឿងនេះ​ពិតជា​ល្អ​ខ្លាំងណាស់ និង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​បាន​យល់ដឹង​ច្រើន​ពី​សារសំខាន់​នៃ​ឈើ​និង​សត្វព្រៃ ដែល​មនុស្ស​ជាច្រើន​ក្នុង​សហគមន៍​មិន​នឹកស្មានថា​នៅ​សេសសល់​»​។​

​ម៉ៅ អាយុ​៣៥ ជា​អ្នកភូមិ​មួយរូប​ក្នុង​សំរោង បាន​រៀបរាប់ថា «​ដោយសារ​ឃើញ​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា មាន​ព្រះទ័យ​ថែរក្សា​ព្រះ​ឈើ ដូច្នេះ​ខ្ញុំ​ជា​ពុទ្ធបរិស័ទ​ក៏មាន​សេចក្ដី​រីករាយ​ក្រៃលែង​។ ខ្ញុំ​ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​នេះដែរ ហើយ​ខ្ញុំ​នឹងចូលរួម ផ្សព្វផ្សាយ​បន្ដ​អំពី​ការថែរក្សា​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន និង​ព្រៃឈើ​នៅក្នុង​សហគមន៍​ផ្សេងៗ​ទៀត​៕