​យន្តហោះ Airbus A220 បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​

184
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​យន្តហោះ​ដឹក​អ្នកដំណើរ​AirbusA220​ដ៏​ថ្មី​សន្លាង​បានមក​ដល់​ប្រទេស​កម្ពុជា​ហើយ​ដែលជា​សកម្មភាព​មួយ​នៃ​កម្មវិធី​ដំណើរ​កម្សាន្ត​ផ្សព្វផ្សាយ​បង្ហាញ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ យន្តហោះ​ដែល​កំពុង​ដាក់តាំង​បង្ហាញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ គឺជា​យន្តហោះ airBaltic A220=300​មាន​បំពាក់​កន្លែង​អង្គុយ​ចំនួន​១៤៥​កៅអី​ដែល​បាន​រចនា​ប្រកបដោយ​ផាសុកភាព​នៅក្នុង​កាប៊ីន​អ្នកដំណើរ​កម្រិត​ថ្នាក់​ទោល (single class)​។​

​នៅក្នុង​បទ​បង្ហាញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នា​២០១៩ លោក​ConnerBuott​អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ផ្នែក​យន្តហោះ​ខ្នាតតូច​របស់​ក្រុមហ៊ុន​Airbus​បានឱ្យដឹងថា​ដូច​នៅក្នុង​យន្តហោះ​ធុន​A220​ទាំងអស់​ប្លង់​កៅអីអង្គុយ​ខាងក្នុង​បាន​រចនា​ដោយមាន​បី​កៅអី​សម្រាប់​ចំហៀង​ម្ខាង​នៃ​ច្រក​ដើរ និង​ពីរ​កៅអី​សម្រាប់​ចំហៀង​ម្ខាង​ទៀត​។

​កាប៊ីន​នេះ​គឺមាន​ទំហំ​ធំជាងគេ​នៅក្នុង​ក្រុម​របស់​វា​ដែលមាន​កៅអី​ថ្នាក់​Economy​យ៉ាង​ធំ​ដ៏​ទូលាយ​និង​កន្លែង​ដាក់​ឥ​វ៉ាន់​នៅ​ខាងលើ​ធំ​ទូលាយ​។​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ផ្ដល់ជូន​ថ្នាក់​ប៊ី​ស៊ី​នី​ស​(Business)​កន្លែង​ខណ្ឌ​ចែក​នៅក្នុង​យន្តហោះ​ផ្ដល់ជូន​នូវ​ប្លង់​កៅអី​បួន​បាំង​ប្រកបដោយ​ផាសុកភាព​ខ្ពស់​ដោយនៅ​ម្ខាងៗ​នៃ​ច្រក​ដើរ​មាន​ពីរ​កៅអី​។​

​យន្តហោះ​ធុន​A220​គឺជា​យន្តហោះ​ដែល​រចនា​ថ្មី​តែមួយគត់​នៅក្នុង​ទីផ្សារ​យន្តហោះ​១០០=១៥០​កៅអី​និង​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត​ឌី​ណា​មី​ក​អាកា​សបែប​សិល្បៈ​និង​ម៉ាស៊ីន​ទំនើប​ជំនាន់​ចុងក្រោយ​គេ​បង្អស់​។​ជាមួយគ្នានេះ​មា​ស៊ីន​និង​បច្ចេកវិទ្យា​ទាំងនេះ​ជួយ​សន្សំសំចៃ​ប្រេ​ឥន្ធនៈ​បាន​យ៉ាងតិច​២០​ភាគរយ​បើ​ធៀប​ទៅនឹង​យន្តហោះ​ជំនាន់​មុនៗ​ដែលមាន​ទំហំ​ស្រដៀង​គ្នា​។​

​ជាមួយនឹង​សមត្ថភាព​ហោះហើរ​មិន​ឈប់​នៅលើ​គន្លង​ផ្លូវ​រហូតដល់​ចម្ងាយ​៣.៤០០ រ​ម៉ា​យល៍ (៦.៣០០ គ​.​ម​)​យន្តហោះ​ធុន​A220​ផ្ដល់នូវ​សមត្ថភាព​ហោះហើរ​ចម្ងាយ​ឆ្ងាយ​ជាងគេ​ដែល​អាចធ្វើ​ការហោះហើរ​ភ្ជាប់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​អាស៊ី​ខាងជើង និង​មជ្ឈិមបូព៌ា​។

​លោក​ConnerBuott​បាន​ឱ្យដឹងទៀតថា​បច្ចុប្បន្ន​យន្តហោះ​A220=300​កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​KoreanAir​សម្រាប់​បម្រើ​សេវាកម្ម​ហោះហើរ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ផងដែរ​។​ក្រុមហ៊ុន​អាកាសចរណ៍​AirVanuatu​ក៏បាន​បញ្ជា​ទិញ​យន្តហោះ​ធុន​A220s​ចំនួន​បួន​គ្រឿង​ផងដែរ​។​រួមមាន យន្តហោះ A220-100s​ចំនួន​ពីរ​គ្រឿង​និង​យន្តហោះ​A220=300​ចំនួន​ពីរ​គ្រឿង​។​

​យន្តហោះ​ធុន A220 គឺមាន​ពីរ​ម៉ូ​ឌែ​ល គឺ​យន្តហោះ A220-100 អាច​ដឹក​អ្នកដំណើរ​ចន្លោះ​ចាប់ពី ១០០ ទៅ ១៣០ នាក់ និង​យន្តហោះ A220=300 ដែល​ធំ​ជាង​អាច​ដឹក​អ្នកដំណើរ​បាន​ចន្លោះ​ចាប់ពី ១៣០ ទៅ ១៦០ នាក់​នៅក្នុង​ប្លង់​រចនា​ពិ​សេ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​។ គិត​ត្រឹម​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០១៩ អតិថិជន​មកពី​ទូទាំង​ពិភពលោក​បានធ្វើ​ការបញ្ជា​ទិញ​យន្តហោះ​ធុន A220 ចំនួន​៥២៥ គ្រឿង ។​ក្នុងនោះ​មាន​យន្តហោះ​ចំនួន​៩០​គ្រឿង​បាន​កំពុង​ដាក់ឱ្យ​ប្រតិបត្តិការ​ជាមួយនឹង​ប្រតិបត្តិ​ករ​ចំនួន​ប្រាំមួយ​ហើយ​។​

​លោក​បាន​បញ្ជាក់ថា​៖​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​គឺជា​ទីផ្សារ​ស្នូល​សម្រាប់​ក្រុមហ៊ុន​Airbus​និង​ទីផ្សារ​ដឹកជញ្ជូន​តាម​យន្តហោះ​ដែលមាន​កំណើន​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន​ដែលមាន​អត្រាកំណើន​ប្រចាំឆ្នាំ​៥.៥​ភាគរយ ក្នុង​វិស័យ​ដឹកជញ្ជូន​អ្នកដំណើរ (​ប្រៀបធៀប​ជាមួយនឹង​កំណើន​មធ្យម​សកល​ដែលមាន​កំណើន ៤.៣​ភាគរយ​)​។​បច្ចុប្បន្ន​តំបន់​នេះ​មាន​ចំនួន​មួយ​ភាគបី​នៃ​ចំនួន​កក់​បញ្ជា​ទិញ​សរុប​នៃ​រោងចក្រ​ផលិត​នៅ​អឺរ៉ុប និង​ស្មើនឹង​មួយ​ភាគបី​នៃ​ចំណូល​របស់​ក្រុមហ៊ុន​ផងដែរ​។​

​នៅក្នុង​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​Airbus​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​អាកាសចរណ៍​ដែលមាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​កំពុង​ប្រតិបត្តិការ​យន្តហោះ​ត្រកូល A320 របស់​ក្រុមហ៊ុន Airbus ចំនួន​២៧ គ្រឿង​។​ក្នុងនោះ​មាន​៖ ក្រុមហ៊ុន Bassaka Air (២) ក្រុមហ៊ុន Cambodia Airways (៤) ក្រុមហ៊ុន Cambodia Angkor Air (៤)​ក្រុមហ៊ុន JC International Airlines (៥) ក្រុមហ៊ុន Lanmei Airlines(៧)​និង​ក្រុមហ៊ុន Sky Angkor Airlines(៥)​។​

​ក្រុមហ៊ុន​Airbus​បាន​ព្យាករណ៍​ថា​នឹងមាន​ការរីកចម្រើន​ខ្ពស់​នៅក្នុង​ទីផ្សារ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅក្នុង​ប្រទេស​កម្ពុជា​ខណៈ​ដែល​ការដឹកជញ្ជូន​អ្នកដំណើរ​ក៏​ត្រូវបាន​រំពឹងថា​មាន​អត្រាកំណើន​ច្រើនជាង​ប្រាំពីរ​ភាគរយ​ក្នុង​មួយឆ្នាំ​សម្រាប់​រយៈពេល​២០ ឆ្នាំ​ខាងមុខ​៕S/

​ចំណងជើង​រូបថត​៖​យន្តហោះ Airbus A220 បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​