​យាយ សៀម ទៅ​វត្ត​ដើម្បី​ឧទ្ទិស​កុសល​ដល់​ដូនតា និង​សាច់ញាតិ ដែល​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​ឲ្យ​ទៅ​ចាប់ជាតិ​ថ្មី

2027
ចែករម្លែក

ដោយ​: ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ ពិធីបុណ្យ​ភ្ជុំបិណ្ឌ បានចាប់ផ្ដើម​ចន្លោះ​ពីថ្ងៃ​១​រោច រហូតដល់​១៥​រោច ខែភទ្របទ ដែលមាន​រយៈពេល​១៥​ថ្ងៃ​។ មូល​ហេតុដែល​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​ទាំងឡាយ ដែល​បាន​ចែក​ឋាន​ដោយ​មិនបាន​ដឹងថា​បានចាប់កំណើត​ជា​អ្វី តាម​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅពេល ដែល​ខ្លួន​នៅ​រស់រានមានជីវិត​។ ប្រជាជន​កម្ពុជា​បាននាំគ្នា​ប្រារព្ធ​ពិធី​នេះ​ទាំងចាស់ទាំងក្មេង ដោយ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅតាម​វត្ត​អារាម ស្តាប់​ព្រះសង្ឃ​សូត្រ​បរាភវ​សូត្រ និង​ទៅ​បោះ​បាយបិណ្ឌ​នៅពេល​ទៀបភ្លឺ​ជាដើម​។

​ដូចជា​ប្រជាជន​កម្ពុជា​ទូទៅ​ដែរ យាយ សៀម តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​រៀងរាល់ឆ្នាំ​។ សព្វថ្ងៃនេះ ដោយសារ យាយ សៀម មាន​វ័យ​កាន់តែ​ចាស់ជរា​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក ដូច្នេះហើយ​ទើប​គាត់​បានមក​ស្នាក់នៅ​វត្ត​ដោយមាន​ត្រៀម អង្ករ ត្រីងៀត ឧស ទឹក ចាន ឆ្នាំង និង​បង្អែម ដើម្បី​ទុក​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ​តាមបែប​ប្រពៃណី​ខ្មែរ​នេះ​។ យាយ សៀម បាន​មានប្រសាសន៍ថា “​គាត់​មក​វត្ត​ក្ដី​ដូង​ធ្វើបុណ្យ​នេះ​គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដូនតា និង​សាច់ញាតិ​របស់គាត់​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​វេទនា​នៅក្នុង​របប​ខ្មែរក្រហម ដោយសារ​ការចោទប្រកាន់ ការអត់ឃ្លាន គ្មាន​អាហារ​ហូប​គ្រប់គ្រាន់ ឲ្យ​ទៅ​ចាប់កំណើត​ថ្មី និង​ទទួលបាន​សេចក្ដីសុខ​ទៅជា​តិ​មុខ​។ ការ​មក​ស្តាប់ធម៌​នៅ​វត្ត​នេះ ក៏បាន​ធ្វើ​ឲ្យ​គាត់​កាត់បន្ថយ​ភាព​តានតឹង​ផ្លូវចិត្ត និង​ធ្វើ​ឲ្យ​អារម្មណ៍​របស់គាត់​បាន​ធូរស្បើយ​ដែរ​”​។

​យាយ សៀម

​យាយ សៀម បាន​រំឭក​ពី​ប្រវត្តិ​គ្រួសារ និង​រឿងរ៉ាវ​ដែល​គាត់​បាន​ជួបប្រទះ​នៅក្នុង​របប​ខ្មែរក្រហម​ថា​៖ គាត់​មាន​ឪពុក​ឈ្មោះ សេរី និង​ម្ដាយ​ឈ្មោះ យ៉ាំ​។ សព្វថ្ងៃ គាត់​មាន​អាយុ​៨៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​ងួន ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ គាត់​មាន​បងប្អូន​បង្កើត​ចំនួន​៤​នាក់ បង​ទី​១) គាត់ (​សៀម​) ទី​២) ឈ្មោះ ស៊ុន ទី​៣) ឈ្មោះ មី និង ទី​៤) ឈ្មោះ ប៊ី​។

​នៅ​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​កៀរ យាយ សៀម ឲ្យ​ទៅ​រស់នៅ​ក្នុងព្រៃ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ឫស្សី ក្នុង​ខេត្តកំពង់ធំ​។ ដំបូង ខ្មែរក្រហម​មិនទាន់​បានរៀបចំ​ឲ្យ​ប្រជាជន​រស់នៅ​ជា​សហករណ៍​នៅឡើយ​ទេ គឺ​ប្រជាជន​ទាំងអស់​រស់នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​។ គាត់​នៅ​មើល​កូនតូចៗ​នៅផ្ទះ​។ ក្រោយមក ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ឲ្យ​ទៅ​រស់នៅ​ភូមិ​ព្រះ​ដំរី​បន្តទៀត​។ គាត់​បាន​ទៅ​រស់នៅ​ទីនោះ​អស់​រយៈពេល​២​ឆ្នាំ​។ នៅ​ភូមិ​ព្រះ​ដំរី គាត់​ធ្វើជា​អ្នកដាំបាយ​ឲ្យ​កងកុមារ ដែលមាន​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​ជា​អ្នកគ្រប់គ្រង និង​ចាត់តាំង​ឲ្យ​គាត់​ធ្វើ​ការងារ​។ កងកុមារ​តូចៗ​មាន​ចំនួន​ប្រមាណ​ជាង​១០០​នាក់​។ គាត់​បាន​ដាំបាយ​ឆ្នាំងខ្ទះ​ទំហំ​លេខ​១០០ ដោយ​មួយ​ខ្ទះ​ដាក់​អង្ករ​២៥​កំប៉ុង និង​ឈូស​ដំឡូង​មី ប្រមាណ​ជា​២​ទៅ​៣​ចានដែក​ដាក់ចូល​បន្ថែ​ម​ទៀត​។ គាត់​បាន​ដួស​អាហារ​ចែក​ឲ្យ​ក្មេង​ម្នា​ក់មួយ​កា​ម្នាក់​។ កុមា​រទាំង​នោះបាន​យក​បបរ ដែល​គាត់​ចែក​ឲ្យ​យកទៅ​អង្គុយ​ហូប​តាម​តុ​រៀប​ជា​ជួរៗ​។ ចំណែក​ម្ហូប គាត់​បាន​ស្ល​សម្ល​រលាយ​ជាមួយ​ត្រី និង​ប្រហុក​។

សម្រាប់​មនុស្ស​ចាស់ជរា​មិនបាន​ទទួល​របប​អាហារ​ហូប​បែបនេះ​ទេ ព្រោះ​មិនបាន​បញ្ចេញ​កម្លាំង​ពលកម្ម ដូច្នេះ​ពេលខ្លះ គាត់​បាន​លួច​ប្រើ​ក្មេងៗ ឲ្យ​យក​បបរ​ទៅ​ឲ្យ​ចាស់ៗ​ទាំងនោះ ហូប​ដោយ​មិន​ឲ្យ​កម្មាភិបាល​ខ្មែរក្រហម​បានដឹង​ឡើយ​។ តា​របស់គាត់​ឈ្មោះ ឆេង ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយ​ចោទថា​ជា ខ្មាំង​។ តាមពិត តា​របស់គាត់​ជា​អ្នកលក់​ខ្លុយ និង​ចូលចិត្ត​ផ្លុំ​ខ្លុយ​ប៉ុណ្ណោះ​។ ចំណែក​ឪពុក​របស់គាត់ ត្រូវបាន​ខ្មែរក្រហម​រាយការណ៍​ឲ្យ​ថ្នាក់លើ​ឲ្យ​យកទៅ​សម្លាប់ចោល ប៉ុន្តែ​សំណាងល្អ​ឪពុក​របស់គាត់​រួច​ផុតពី​សេចក្ដីស្លាប់​។ រីឯ​ពូ​របស់គាត់​ម្នាក់ទៀត ត្រូវបាន​ខ្មែរក្រហម​បាញ់សម្លាប់​រួច​ទម្លាក់​ចូល​អណ្ដូងទឹក​។ នៅពេលដែល​សព​ពូ​រប​ស់​គាត់​អណ្ដែត ខ្មែរក្រហម​បាន​យក​ឈើ​ទៅ​សង្កត់ពីលើ​ដើម្បី​កុំ​ឲ្យ​ប្រជាជន​ឃើញ​។ ម្ដាយមីង​របស់គាត់​មួយ​គ្រួសារ​ទៀត​ក៏​ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ​បាត់​តាំងពី​ឆ្នាំ​១៩៧៧​ដែរ​។

​យាយ សៀម បាន​មានប្រសាសន៍ថា រាល់ថ្ងៃ​គាត់​មិន​ខឹង​ខ្មែរក្រហម​ទេ ដោយសារតែ​គាត់​កាន់សីល និង​ប្រ​ណិ​ប​ត្តិ​ធម៌ វិន័យ​ព្រះពុទ្ធសាសនា ដែលជា​វិធី​ដើម្បី​រម្លត់​ទុក្ខសោក ប៉ុន្តែ​គាត់​មានការ​សោកស្ដាយ ដែល​ខ្មែរក្រហម​បានសម្លាប់​ប្រជាជន​ស្លូតត្រង់ រួមទាំង​គ្រួសារ​របស់គាត់​ដែល​គ្មាន​កំហុស​៕

#