​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចាប់ផ្តើម​នៅថ្ងៃនេះ​

.​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​មហា​មិ​ទ្ទីង​ដោយមាន​អ្នកចូលរួម​មួយ​សែន​នាក់​នៅ​កោះ​ពេជ្រ​

1416
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ចាប់ផ្តើម​នៅ​ថ្ងៃទី​៧ ខែកក្កដា នេះហើយ ដោយ​គណបក្សនយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​បានរៀបចំ​កា​រ​ឃោសនា​នៅតាម​ទីតាំង​ផ្សេងៗ​ពីគ្នា​។​ខ្លះ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​។ ចំពោះ​ការចំណាយ​សម្រាប់​ឃោសនា គឺ​គណបក្ស​ខ្លះ​ចំនាយ​ច្រើន និង​ខ្លះ​ចំណាយ​តិច​ទៅតាម​ធនធាន​ដែល​ខ្លួន​មាន​។

​សម្រាប់​នៅ​រាជធានី​ភ្នំពេញ នៅក្នុង​ថ្ងៃ​បើកឆាក​ឃោសនា​ដំបូង​នេះ គឺមាន​គណបក្សនយោបាយ​ចំនួន​ប្រាំ​នឹងធ្វើ​ការហែក្បួន​នៅ​ទីតាំង​ផ្សេងៗ​គ្នា ដោយ​ក្នុងនោះ​មាន​គណបក្ស​ចំនួន​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហែ​ក្បួន​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​។​

​តាម​ការជូនដំណឹង​ស្តីពី​ការឃោសនា​របស់​គណបក្ស​នយោបាយ​ទាំង​៥ នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ទៅ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​រាជធានី​ភ្នំពេញ មានដូចជាៈ​

១.​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាប់ផ្ដើម​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​៧ ខែកក្កដា នៅ​កោះ​ពេជ្រ និង​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ចន្លោះ​ពី​ប្រាំបី​ម៉ឺន​ទៅមួយ​សែន​នាក់​។ នៅក្នុង​ក្បួន​ឃោសនា​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើប្រាស់​រថយន្ត ១.៧២០​គ្រឿង ម៉ូតូ ១៤.៤០០​គ្រឿង​។ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​រស្មី​កម្ពុជា​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹងធ្វើ​អង្គ​មិ​ទ្ទីង​មួយ​នៅក្នុង​ការបើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃទី​៧​ខែកក្កដា​។ យុទ្ធនាការ​នេះ នៅ​ថ្នាក់កណ្តាល​ដែលមាន​រាជធានី​ភ្នំពេញ គឺមាន​សមាជិក​ចូលរួម​ពី​ម្រា​ប់​ការឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជួបជុំ​នៅ​កោះ​ពេជ្រ គឺមាន​អ្នកចូលរួម​ពី​ប្រាំបី​ម៉ឺន​នាក់ ទៅមួយ​សែន​នាក់​។ មានការ​ផ្សាយ​នៅ​សុន្ទរកថា​ដែល​ប្រកាស​ជា​ជំហរ​នូវ​គោលនយោបាយ​ថ្មី ជា​ផលប្រយោជន៍​ដល់​ប្រទេសជាតិ និង​ប្រជាជន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ដ​ប្រជាជន​កម្ពុជា​។ នៅក្នុង​នោះ​គណបក្ស​ក៏បាន​ជួល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ដើម្បី​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​និង​វិទ្យុ​។ នៅ​បណ្តា​ខេត្ត ក្រុង នៅពេល​ជាមួយគ្នា​ក៏មាន​ការផ្សាយ​បន្ត​ផ្ទាល់​សុន្ទរកថា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ទូទាំងប្រទេស​។ ក្រោយ​ពេលដែល​ចប់​ពិធី​បើក​យុទ្ធនាការ​ធំ​ហើយ គឺ​សមាជិក សមាជិកា​គណបក្ស​ដែល​បាន​ចូលរួម​នៅក្នុង​មហា​មិ​ទ្ទីង នឹង​ចែកផ្លូវ​គ្នា​ទៅតាម​មុខព្រួញ​ដែល​បានកំណត់​។ លោក​បាន​បន្តថា ចំពោះ​ការចំណាយ​សម្រាប់​ឃោសនាបោះឆ្នោត​នៅ​មិនទាន់​អាច​ប៉ាន់ស្មាន​បាន​នៅឡើយ​ទេ ពីព្រោះ​ចាយ​ហើយ​បាន​បូកសរុប​លទ្ធផល​នៃ​ចំណាយ​នោះ​។ លោក​បាន​បញ្ជាក់ថា “​យើង​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​នឹង​ឈ្នះឆ្នោត ប៉ុន្តែ​យើង​មិនអាច​កំណត់ថា អាសនៈ​បាន​ប៉ុន្មាន​នោះទេ ហើយ​យើង​រង់ចាំ​ទាំងអស់គ្នា មើល​អំពី​លទ្ធផល​បោះឆ្នោត​”​។​

​ទី​២.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏​នឹង​ចាប់ផ្ដើម​ឃោសនា នៅ​ថ្ងៃទី​៧ ខែកក្កដា ដែរ ដោយ​ជួបជុំ​ហែ​ក្បួន​ចេញពី​ផ្លូវ​៦០​ម៉ែត្រ ទៅ​បញ្ចប់​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ (​មាត់ទន្លេ​) ដោយមាន​អ្នកចូលរួម ១៥០០០​នាក់ នឹង​ប្រើ​រថយន្ត​តូចធំ ចំនួន​៣០០​គ្រឿង ម៉ូតូ​កង់​បី ចំនួន ៥០០​គ្រឿង និង​ម៉ូតូ ៤០០០​គ្រឿង​។ លោក​កូវ គា អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ជួបជុំ​នៅ​ផ្លូវ ៦០​ម៉ែត្រ ដោយមាន​អ្នកចូលរួម ១៥០០០​នាក់ ឬ​អាច​លើសពីនេះ​។ ចំពោះ​ថវិកា​ដែល​គ្រោង​ចំណាយ មិនតិចជាង ៣០​ម៉ឺន​ដុល្លារ​នោះទេ​។ ថវិកា​ទាំងនោះ គឺ​សម្រាប់​ទិញ​សម្ភារៈ​ឃោសនា និង​ផ្ត​ត់​ផ្គង់ ទំនុកបម្រុង​ក្នុងការ​ហូបចុក​ដល់​អ្ន​ក​ចូលរួម​ហែ​ឃោសនា​។ អ្នកនាំពាក្យ​បានបញ្ជាក់​ទៀតថា លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ដឹកនាំ​ហែ​ក្បួន​ឃោសនា នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ឃោសនា​ដំបូង​។​

​ទី​៣.​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហែ​ក្បួន​ឃោ​សាន​ចេញពី​ទីស្នាក់ការ​គណបក្ស​នៅ​ជ្រោយចង្វារ មាន​អ្នកចូលរួម​២០០០​នាក់ ប្រើ​រថយន្ត​តូច ៤០​គ្រឿង រថយន្ត​ដឹកទំនិញ ៨០​គ្រឿង ម៉ូតូ​កង់​បី ៣០០​គ្រឿង និង​ម៉ូតូ​៥០០​គ្រឿង​។ ហើយ​បញ្ចប់​នៅ​ផ្លូវ​ហាណូយ និង​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ផ្លូវ ៦០​ម៉ែត្រ​។ តាម​របាយការណ៍ គម្រោង​ចំណាយ​សម្រាប់​ការឃោសនាបោះឆ្នោត​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា គឺ​ជាង ៨​ម៉ឺន​ដុល្លារ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់ថា នៅក្នុង​ថ្ងៃ​បើកឆាក​ឃោសនា​ដំបូង គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនមាន​វត្តមាន​នោះទេ ដោយសារ​ព្រះអង្គ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​។​

​ទី​៤.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហែ​ក្បួន​ឃោសនា ចេញពីផ្ទះ​លោក​ញឹក ប៊ុនឆៃ នៅ​ជ្រោយចង្វារ ឈប់សម្រាក​អាហារ​ថ្ងៃត្រង់​នៅ​ជើងឯក​។ ហើយ​បញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ជ្រោយចង្វារ​។ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ឲ្យ​ដឹងថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហែ​ក្បួន​ឃោសនាបោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ជាង ១០០០​នាក់​។ ចំពោះ​ការចំណាយ​សម្រាប់​ការឃោសនា គឺ​ប្រមាណ ជិត ១​លាន​ដុល្លារ​។​

​ទី​៥.​គណបក្ស​ឆន្ទៈ​ខ្មែរ ហែរ​ក្បួន​ឃោសនា ចេញពី​ទីស្នាក់ការ​កណ្តាល​នៅ​ជិត​ស្ថានទូត​រុស្ស៊ី សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​អ្នកចូលរួម​ចំនួន ៣០០​នាក់ រថយន្ត​ចំនួន ២០​គ្រឿង និង​ម៉ូតូ​២០០​គ្រឿង​។ ហើយ​បញ្ចប់​នៅ​ស្នាក់ការ​គណបក្ស​។ លោក​គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ឲ្យ​ដឹងថា គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ថ្ងៃទី​៧ កក្កដា ធ្វើ​សមាជ​លើកដំបូង​នៅ​ទីស្នាក់ការ​គណបក្ស បន្ទាប់ពី​ធ្វើ​សមាជ​រួច គឺ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមា​ពី ៤០០​ទៅ​៥០០​នាក់​។ សម្រាប់​ថវិកា​ចំណាយ​គឺ​ធ្វើ​ទៅតាម​លទ្ធភាព​របស់​បេក្ខជន សកម្មជន នឹង​ថ្នាក់ដឹកនាំ គឺ​តាម​ការចំណាយ​ជាក់ស្តែង​៕

#