​យុទ្ធ​នារី​ពេទ្យ​បដិវត្តន៍​

426

នារី​ខ្មែរក្រហម​(​រូប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ព្រំ ណៃ បាន​ស្ម័គ្រចិត្ត​ចូលរួម តស៊ូ​បដិវត្តន៍​តាំងពី​អាយុ​១២​ឆ្នាំ រហូតដល់​របប​ខ្មែរ ក្រហម​ដួលរលំ​នៅ​ដើមឆ្នាំ​១៩៧៩​។ ណៃ ជា​កូនច្បង ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​៨​នាក់ (​ស្រី​៣​នាក់​) ដែលមាន​ឪពុក​ឈ្មោះ វ័រ សៀង (​ស្លាប់​) និង​ម្តាយ​ឈ្មោះ ព្រំ ឈាក (​ស្លាប់​)​។ ឪពុកម្តាយ ណៃ ជា​កសិករ​រស់នៅ​ភូមិ​ប្រាំង ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​ដោយសារតែ​ជីវភាព​គ្រួសារ​ទីទាល់ក្រ ណៃ មិនបាន​រៀនសូត្រ​ទេ​។ គាត់​ជួយ​ធ្វើស្រែ​ចម្ការ​ឪពុកម្តាយ​រហូតដល់​ឆ្នាំ ១៩៧៣ ទើប​ស្ម័គ្រចិត្ត​ចូលរួម​ចលនា​តស៊ូ​របស់​ខ្មែរក្រហម​។ ណៃ បាន​ចូលធ្វើ​ពេទ្យ​បដិវត្តន៍​តាម​ការជ្រើសរើស​របស់​ខ្មែរក្រហម ទាំង​គាត់​មិនដែល​បានដឹង​ទាល់តែសោះ​អំពី​វិធី​ព្យាបាល​អ្នកជំងឺ ឬ​របៀប​ចាក់​ថ្នាំ​។ ណៃ បាន​រំឭកថា គាត់​បាន​ចូលធ្វើ​ពេទ្យ​ដំបូង​នៅ​ឆ្នាំ ១៩៧៣ នៅ​ពេទ្យ​ឃុំ​ដង​ពែង​។ អំឡុង​ពេលនោះ ការប្រយុទ្ធ​គ្នា​រវាង​ខ្មែរក្រហម និង​កងទ័ព លន់ នល់ កើតមាន​ឡើងជា​ញឹកញយ ហើយ​អ្នករបួស​ក៏​ច្រើន​។ យុទ្ធ​នារី​ពេទ្យ បាន​បង្ហាត់បង្រៀន ណៃ អំពី​របៀប​ចាក់​ថ្នាំ​ឲ្យ​អ្នកជំងឺ និង​លាង​របួស​ជាដើម ហើយ​បន្ទាប់មក ក៏​ចាត់តាំង​ឲ្យ ណៃ អនុវត្ត​ទៅលើ​អ្នកជំងឺ​ផ្ទាល់​តែម្តង​។

​នៅ​ឆ្នាំ​១៩៧៤ ណៃ បាន​ផ្លាស់​មក​ធ្វើ​ពេទ្យ​នៅ​ស្រុក​ស្រែអំបិល​វិញ ព្រោះ​ពេលនោះ អ្នកជំងឺ និង​អ្នករបួស​មាន​ចំនួន​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។ នៅ​ឆ្នាំ​១៩៧៥ បន្ទាប់ពី​ជ័យជម្នះ របស់​ខ្មែរក្រហម​ទូទាំងប្រទេស ណៃ ត្រូវបាន​អង្គ​ការដក​ពី​ពេទ្យ​ស្រុក ឲ្យ​មក​ធ្វើ​ពេទ្យ ព្យាបាល​ប្រជាជន​តាម​ភូមិ និង​សហករណ៍​វិញ​។​

​នៅ​អំឡុង​ឆ្នាំ​១៩៧៦-៧៧ ណៃ ត្រូវបាន​អង្គការ​ផ្លាស់​ឲ្យ​មក​ធ្វើ​នៅ​ពេទ្យ​តំបន់ ដែល​ស្ថិតក្នុង​ភូមិភាគ​បស្ចិម​វិញ​។ ការងារ​របស់ ណៃ គឺ​ដើរ​ព្យាបាល​មនុស្ស តាម​ភូមិ ឃុំ សហករណ៍ នៅក្នុង​ភូមិភាគ​បស្ចិម​។ ណៃ បាន​ឲ្យ​ដឹងថា ការងារ​ជា​ពេទ្យ គឺ នឿយហត់​ណាស់ និង​សម្រាក​បាន​តិចតួច ព្រោះ​មាន​អ្នកជំងឺ​ច្រើនណាស់ ហើយ ត្រូវធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ អំឡុង​ពេលដែល ណៃ ដើរ​ព្យាបាល​អ្នកជំងឺ គាត់​បានឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​សង្វេគ​ជាច្រើន​ដែល​ប្រជាជន​ទទួលរង ជាពិសេស ប្រជាជន ១៧ មេសា​។ កងចល័ត​បុរស នារី ដែលជា​ប្រជាជន​១៧​មេសា ត្រូវបាន​អង្គការ​ចាត់​ឲ្យ​មក លើក​ទំនប់​បឹង​ព្រាវ ហើយ​ពេលនោះ មាន​មនុស្ស​ស្លាប់​ជាច្រើន ដោយ​ការធ្វើការ​លើស កម្លាំង និង​ជំងឺ​។ នៅ​ទីនោះ មាន​គុក​មួយ ប៉ុន្តែ ណៃ មិន​ចាំ​ថា គុក​នោះ​ឈ្មោះ​អ្វី​ទេ​។ គាត់​នៅចាំ​បាន​ថា ពេល​គាត់​កំពុង​ក្រឡេក​មើលទៅ​អ្នកទោស​ដោយ​ក្តី​អាណិតអាសូរ ក​ម្មា ភិ​បាល​ខ្មែរក្រហម​ម្នាក់​បាន​និយាយ​បែប​លេងសើច​ជាមួយ​គាត់​ថា «​បង​ពេទ្យ មើល​ហ្នឹង បែប​ចង់​ចូលខ្លួន​ឯង​ហើយ​មើលទៅ​»​។ រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​មួយទៀត​ដែល ណៃ បំភ្លេច​មិនបាន គឺ​មិត្ត​រួម​ក្រុម​របស់គាត់​ឈ្មោះ វ៉ាន់ បាន​ស្រឡាញ់គ្នា​ជាមួយ​យោធា​ម្នាក់ រហូតដល់ មានកូន ហើយ​បែកការណ៍​។ អង្គការ​បាន​ចោទ​អ្នក​ទាំងពីរ​ថា បានធ្វើ​ខុសសីលធម៌ រួច​ក៏​នាំ យោធា​ដែល​ខុសសីលធម៌​នោះ​ទៅ​សម្លាប់ ហើយ​បាន​យក​ពេទ្យ វ៉ាន់ ទៅ វះ​ពោះ​យក​កូន នៅ​ប្រឡាយទឹក​ខាងក្រោម​ទំនប់​បឹង​ព្រាវ​។ ទាំងនេះ​ជាការ​ដាក់ទណ្ឌកម្ម និង​ជា​គំរូ​ចំពោះ អ្នកណា​ដែល​ហ៊ាន​ប្រព្រឹត្ត​ខុសសីលធម៌​។​

​ណៃ បាន​រំឭកថា ទោះបីជា​គាត់​បម្រើ​បដិវត្តន៍​ក៏ពិតមែន ប៉ុន្តែ​អង្គការ​បានសម្លាប់ ឪពុក និង​តា​របស់គាត់​ដោយ​គ្មាន​ការលើកលែង​ឡើយ​។ ឪពុក​របស់ ណៃ ត្រូវបាន អង្គ​ការយកទៅ​សម្លាប់​ដោយ​ចោទថា ខុសសីលធម៌​។ ចំណែក​តា​របស់គាត់ ត្រូវបាន​អង្គ ការចាត់​ឲ្យ​មើល​គោ​ជាមួយនឹង​ចាស់ៗ​បីនាក់​ទៀត​។ ក្រោយមក តា​របស់គាត់​បានធ្វើ​ឲ្យ​បាត់​កូន​គោ​ពីរ​បី​ក្បាល ហើយ​អង្គការ​បាន​ចោទ​តា​របស់គាត់ និង​អ្នក​នៅក្នុង​កង​បីនាក់​ទៀតថា លួច​កាប់​គោ​ស៊ី រួច​ក៏​បញ្ជា​ឲ្យ​កងឈ្លប​យកទៅ​សម្លាប់ចោល​ទាំងអស់​។ អ្វីដែល​គួរ​ឲ្យ​តក់ស្លុត គឺ​មុនពេល​សម្លាប់ ឈ្លប​បាន​បញ្ជា​ឲ្យ​តាៗ​ទាំង​បួន ហូប​ស្លឹក​អំពៅ​ឲ្យ​អស់​មួយ​បាច់​។ បន្ទាប់ពី​ហូប​រួច ឈ្លប​បានសម្លាប់​តាៗ​ទាំង​បួន នៅក្នុង​ចម្ការ​អំពៅ​នោះ​តែម្តង​។​

​អំឡុង​ពេលដែល ណៃ ព្យាបាល​នៅ​ការដ្ឋាន​ទំនប់​បឹង​ព្រាវ អ្នកជំងឺ​ភាគច្រើន​ឈឺ រាគ​មួល គ្រុនចាញ់ គ្រុនក្តៅ ហើម និង​ខ្យល់គ ដែល​បណ្តាលមកពី​ការបរិភោគ​អាហារ​មិន​គ្រប់គ្រាន់ និង​ខ្វះ​អនាម័យ​។ ចំពោះ​របប​អាហារ​ដែល​ប្រជាជន​ទទួលបាន​នៅ​សហករណ៍ ឬ​ការដ្ឋាន​ការងារ ណៃ បាន​ឲ្យ​ដឹងថា គ្មានអ្វី​ក្រៅពី​បបរ​រាវ​មួយ​វែក​ម្នាក់​នោះទេ​។ ចំពោះ ណៃ ដែលជា​គ្រូពេទ្យ បានទទួល​របប​គ្រាន់បើ​ជាង​ប្រជាជន​បន្តិច ដោយមាន​សម្ល ត្រី សាច់ ហូប​ខ្លះ ។​

​ចាប់តាំងពី ណៃ ចូល​បដិវត្តន៍ គាត់​បាន​ទៅលេង​ស្រុកកំណើត​បាន​ម្តង​ប៉ុណ្ណោះ​។ អ្វីដែល​តក់ស្លុត​នោះ ពេលដែល​គាត់​ទៅដល់​ភូមិ យាយ​របស់គាត់​បាន​ស្លាប់​ទៅហើយ​។ ចំណែកឯ​ផ្ទះ​របស់គាត់ ត្រូវបាន​អង្គការ​រុះ​យក​ឈើ​ទៅ​ដាក់​សហករណ៍​អស់ ដោយ​ឲ្យ​យាយ​របស់គាត់​ទៅ​រស់នៅ​ផ្ទះ​ខ្ទម​ជំនួស​វិញ​។ តាំងពី​ពេលនោះ​មក​គាត់​មិនដែល​បាន ត្រឡប់​ទៅ​ភូមិកំណើត​ទៀត​ទេ​។

​មួយរយៈ​ក្រោយមក បន្ទាប់ពី​អង្គការ​សម្លាប់​ឪពុក ក៏ដូចជា​ជីតា​របស់គាត់​ហើយ គាត់​ត្រូវបាន​អង្គការ​ចាត់​ក្នុង​សមាសភាព​មិនល្អ ដែល​អង្គការ​ត្រូវ​តាមដាន និង​លត់​ដំ​។ ប្រធាន​ពេទ្យ​តំបន់​ឈ្មោះ អែម និង ធា​រី បាន​ចាត់​ឲ្យ ណៃ ទៅ​រែក​ដី​ជាមួយ​ប្រជាជន​ដទៃ ព្រមទាំង​បាន​និយាយ​ចំអក​ថា «​ចាំ​មើលថា ពេទ្យ​ចេះ​រែក​ដី​ដែរឬទេ​?» ។ ប្រធាន​ពេទ្យ ស្រុក​ឈ្មោះ វឿន ដែល​ស្រឡាញ់​រាប់អាន ណៃ ដូច​បងប្អូន​បង្កើត បាន​អប់រំ​គាត់​ថា ឲ្យ​ខិត ខំធ្វើការ​ឲ្យ​បាល​ល្អ អង្គការ​នឹងមិន​យក​ទៅណា​នោះទេ​។ ណៃ បាន​ឲ្យ​ដឹងថា មិន​ត្រឹមតែ​កន្លែង​រែក​ដី​ទេ សូម្បី​ពេល​គាត់​ព្យាបាល​អ្នកជំងឺ ក៏មាន​ឈ្លប​ទៅតាម​ដាន​ដែរ​។ ទោះជា​យ៉ាងណា ណៃ ខិតខំ​ធ្វើការ និង​រក្សា​ជីវិត​គាត់​រហូតដល់​របប​ខ្មែរក្រហម​ដួលរលំ​។​

​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ដើមឆ្នាំ​១៩៧៩ ណៃ ក៏ដូចជា​អ្នក​ឯទៀត បាន ភៀសខ្លួន​ទៅ​រស់នៅ​ជំរំ​ម៉ៃ​រ៉ូ​ត នៅក្នុង​ទឹកដី​ថៃ​។ គាត់​រស់នៅ​ជំរំ​ជាមួយ​ម្តាយមីង​ឈ្មោះ ឡៃ ដែល​ពេលនោះ​ប្តី​មីង ឡៃ ធ្វើជា​ប្រធាន​ជំរំ ព្រោះ​ប្តី​គាត់​ចេះ​ភាសា​ថៃ​ច្បាស់​។ មិនយូរ ប៉ុន្មាន មាន​អង្គការ​បរទេស​មក​ធ្វើការ​សម្ភាស​អ្នក​ដែល​ចង់​ចាក​ចេញទៅ​រស់នៅ​ប្រទេស​ទី បី​។ ណៃ មិន​ចាំ​ថា​អ្នក​ទាំងនោះ​មកពី​ខាង​ណា​នោះទេ​។ ម្តាយមីង​របស់ ណៃ និង​ប្តី បាន សម្ភាស​ជាប់​ទៅ​ប្រទេស​អាមេរិក ហើយក៏ ណៃ ក៏បាន​សម្ភាស​ជាប់​ដែរ ប៉ុន្តែ គាត់​ប្រែចិត្ត មិន​ទៅវិញ ព្រោះ​គាត់​គិតថា ទៅដល់​ស្រុក​គេ​តែម្នាក់ឯង មិនមាន​ឪពុកម្តាយ គ្រួសារ​នៅ ជាមួយ​។

​នៅ​ឆ្នាំ​១៩៨១ ណៃ បាន​ត្រឡប់មក​រស់នៅក្នុង​ដី​ខ្មែរ​វិញ និង​បាន​រៀបការ​ជាមួយ​ប្តី ឈ្មោះ ឡេង ភាព នៅ​ថ្មដារ​។ ក្រោយមក គាត់ និង​ប្តី រួមជាមួយ​កូនប្រុស ស្រី​៨​នាក់ បាន​ផ្លាស់​មក​រស់នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍ ដោយ​ប្រក​បរបរ​ធ្វើ​ចម្ការ​។ ក្នុង​របប ខ្មែរក្រហម បានបញ្ចប់ ណៃ បាន​បាត់បង់​សមាជិកគ្រួសារ​៥​នាក់ គឺ យាយ​តា ឪពុក និង​ប្អូនប្រុស​ពីរ​នាក់ ចំណែក​ម្តាយ​របស់គាត់​បាន​ស្លាប់​ក្រោយ​របប​ខ្មែរក្រហម​៕L ដោយៈ ទាវ សារៈ​មុនិន្ទ បុគ្គលិក​ជ​ម្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​