​យុវជន​កុំ​ស្រឡាញ់​វប្បធម៌​បរទេស​ភ្លេច​តម្លៃ​សិល្បៈ​ប្រពៃណីជាតិ​ខ្លួន​

335
ចែករម្លែក
  • 12
    Shares

អត្ត​បទ​៖​សុ​ផានី​តា​/​កោះកុង​៖​ក្រសួង​វប្បធម៌​និង​អាជ្ញាធរ​បាន​ដាស់តឿន​ដល់​សិស្សានុសិស្ស​និង​យុវជន​ទាំងអស់​សុំ​កុំឱ្យ​ឆាប់​ទទួលយក​វប្បធម៌​បរទេស​អវិជ្ជមាន​បែរជា​ភ្លេច​ការស្រឡាញ់​និង​ផ្តល់​តម្លៃ​ដល់​វប្បធម៌​សិល្បៈ​ប្រពៃណីជាតិ​របស់ខ្លួន​ឯង​។​ជៀសវាង​ត្រេក​ត្រា​ល​នឹង​ភាពទំនើប​នៃ​វប្បធម៌​បរទេស​ខ្លាំងពេក​។​

លោកស្រី មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​បាន​ដាស់​ស្មារតី​ដល់​យុវជន​នៅ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៩ ថា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​សុំ​កុំ​ឆាប់​ទទួលយក​វប្បធម៌​បរទេស​ដោយ​ភ្លេច​ស្រឡ​ញ់​និង​ផ្តល់​តម្លៃ​ដល់​វប្បធម៌​សិល្បៈ​ប្រពៃណី​របស់ខ្លួន​។​ខណៈ​រាជរដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​បណ្តុះ​ស្មារតី​ដល់​ពលរដ្ឋ​ព្រមទាំង​យុវជន​លើកកម្ពស់​វប្បធម៌​ជាតិ​និង​បារម្ភ​ពី​លំហូរ​វប្បធម៌​អវិជ្ជា​មាន​ទំនើប​ទាន់សម័យ​ពី​ក្រៅប្រទេស​។​

លោកស្រី​អភិបាលខេត្ត​កោះកុង ក៏បាន​ពន្យល់​បន្ថែម​ក្នុង​ទិវា​វប្បធម៌​ជាតិ ក្រោម​ប្រធានបទ​៖ «​យុវជន​ដើម្បី​ជាតិ​» លើក​ទី​២១ សម្រាប់​ឆ្នាំ​២០១៩​ថា កុមារ និង​យុវជន​ប្រុស​ស្រី​គ្រប់រូប ជា​សមាសភាព​ដ៏​សំខាន់​ក្នុងការ​ចូលរួម​ថែរក្សា​ការពារ លើកតម្កើង និង​អភិវឌ្ឍន៍ វប្បធម៌​ជាតិ សំដៅ​រួមចំណែក​កាត់បន្ថយ​ឥទ្ធិពល​វប្បធម៌​អវិជ្ជា​មាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ តាមរយៈ​បង្កើន​ការអប់រំ បណ្តុះបណ្តាល​យល់ដឹង​ដល់​ពួកគេ​។​

​លោកស្រី​មិថុនា​ភូ​ថង​បន្ត​ប្រាប់​ដល​យុវជន​ត្រូវមាន​ទំនួល​ខុសត្រូវ​ចេះ​ស្រឡាញ់​និង​ថែរក្សា​កេ​ត្តិ៍​ដំណែល​វប្បធម៌​ដែល​បន្សល់​ពី​ដូនតា​របស់ខ្លួន​ដោយ​ប្រជាពលរដ្ឋ​និង​យុវជន​ទាំងឡាយ​ចាំបាច់​មាន​មនសិការ​ស្វែងរក​និង​ផ្ទេរ​ចំណេះដឹង​វប្បធម៌​អោយ​គ្នា​ទៅវិញទៅមក​ដើម្បី​អភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​ស្ថិតស្ថេរ​គង់វង្ស​។​

​លោកស្រី​សួន​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក៏​លើកឡើង​ដែរ​ថា​ជាការ​បំផុស​ឱ្យ​យុវជន​ចេះ​ស្រឡាញ់​វប្បធម៌​ជាតិ​ខ្លួន​ក្រសួង​បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​និង​បណ្តា​រាជធានី​ខេត្ត​ទាំង​២៥​រៀបចំ​ជាការ​ប្រឡង​ប្រកួតប្រជែង​សម្តែង​សិល្បៈ​ស្ទើរតែ​គ្រប់​ទម្រង់​របស់​ខ្មែរ​ជា​រៀងរាល់ឆ្នាំ​។​ជៀសវាង​ការ​ត្រេក​ត្រា​ល​នឹង​ភាពទំនើប​នៃ​វប្បធម៌​បរទេស​។​

​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​រូបនេះ​បាន​បន្តថា​មហោស្រព​យុវជន​ដោយ​លើកយក​នូវ​ទម្រង់​សិល្បៈ​វប្បធម៌ រួមមាន​៖ ល្ខោនខោល ល្ខោននិយាយ របាំ​ព្រះរាជ​ទ្រព្យ ចាប៉ីដងវែង អា​យ៉ៃ និង​សូត្រ​កំណាព្យ ជាដើម​។​ក្នុង​គោលបំណង​នៃ​ការទាក់ទាញ​ការចូលរួម​អភិរក្ស​សិល្បៈ​បូ​រណ​និង​តន្ត្រីសម័យ​ផ្សេងទៀត​។ ក្រោយ​ការ​ដាស់តឿន​ស្មារតី​ដល់​ពលរដ្ឋ ពិសេស​យុវជន​កម្ពុជា ឃើញថា ពួកគេ​បាន​យល់ដឹង និង​គាំទ្រ​ផ្តល់​តម្លៃ​ដល់​វប្បធម៌​សិល្ប​និង​កាត់បន្ថយ​ការទទួលយក​វប្បធម៌​អវិជ្ជា​មានបាន​ច្រើន​គួរសម​។​

​ជា​ទិសដៅ​របស់​ក្រសួង​ស្ថាប័ន​និង​អង្គភាព​ពាក់ព័ន្ធ នឹង​ខិតខំ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​បន្ថែមទៀត​ដើម្បី​រួមគ្នា​ការពារ​ថែរក្សា​សម្បត្តិ​វប្បធម៌​ដូនតា​ហើយ​បន្ត​ជំរុញ​ដល់​យុវជន​ខ្មែរ​ផលិត​ស្នាដៃ​សិល្បៈ​នានា​តាម​លទ្ធភាព​ស្រឡាញ់​និង​ជ្រើសរើស​ដែល​ចំណង់​ចំណូលចិត្ត​។​

​យុវតី​វង្ស​សុនី​និង​យុវជន​យឿន​សុ​ភី​ជា​សិស្សានុសិស្ស​នៅ​មធ្យមសិក្សា​ក្នុង​ទី​រួម​ខេត្តកោះកុង​ស្វាគមន៍​ចំពោះ​ការ​ដាស់តឿន​ក្រើនរំលឹក​របស់​ក្រសួង​និង​អាជ្ញាធរខេត្ត​មកកាន់​ពួកគេ​ក៏ដូចជា​យុវជន​ដ៏​ទ​ទៀត​ឱ្យ​ងាក​មក​ស្រឡាញ់​និង​ថែរក្សា​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​។​រាល់​វប្បធម៌​អវិជ្ជា​មាន​ពី​បរទេស​គឺ​ពួកគេ​បដិសេធ​មិន​ទទួលយក​នោះទេ​គឺ​នឹង​ខិតខំ​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​លាស់​ពី​តម្លៃ​វប្បធម៌​ជាតិ​ដែល​បន្សល់​ពី​ដូនតា​តាមរយៈ​ហាត់​សមនិង​លេងល្បែង​របាំ​ប្រជាប្រិយ​ពេល​មាន​ពិធីបុណ្យ​សំខាន់ៗ​។​

​គួរ​កត់សម្គាល់ថា​ការបណ្តុះ​គំនិត​មោទនភាព​ជាតិ​និង​បណ្តុះ​គំនិត​ស្រឡាញ់​វប្បធម៌​ជាតិ​ឲ្យ​បាន​រឹងមាំ​ដល់​យុវជន​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ​គឺជា​រឿង​ចាំបាច់​ពីព្រោះថា​ប្រសិនបើ​កូន​ខ្មែរ​ស្គាល់​តម្លៃ​ខ្លួនឯង​ច្បាស់​ពួកគេ​ច្បាស់​ជា​នឹង​ចេះ​ស្រឡាញ់​វប្បធម៌​បុរាណ​របស់ខ្លួន​ហើយ​មិន​ងាយ​ងាករេ​តាម​វប្បធម៌​បរទេស​ឡើយ​៕S/

​ ​