​យុវជន​ចំនួន​១០​ប្រទេស​មក​ចូលរួម​វេទិការ​បរិស្ថាន​អាស៊ី​នៅ​ខេត្តសៀមរាប​

366
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុមយុវជន​មកពី​បណ្តា​ប្រទេស​អាស៊ី​ចំនួន​១០​ប្រទេស​បាន​សហការគ្នា​រៀបចំ​វេទិការ​បរិស្ថាន​អាស៊ី​(ASEP)​នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​៣=៦​ខែសីហា​ឆ្នាំ​២០១៩​ដើម្បី​សិក្សា​ស្វែងយល់​គ្នា​ទៅវិញទៅមក​បញ្ហា​បរិស្ថាន​ក៏ដូចជា​កិច្ច​រួមគ្នា​ដើម្បី​ថែរក្សា​បរិស្ថាន​ពិភពលោក​។​

បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​កម្ពុជា​-​ជប៉ុន​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩ លោក យក់ ង៉ុ​យ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងឱ្យដឹងថា​ការរួបរួម​គ្នា របស់​យុវជន​អាស៊ី​ក្នុង​ការគិតគូ​អំពី​បញ្ហា​បរិស្ថាន​គឺជា​រឿង​មួយ​ដ៏​មាន​សារៈសំខាន់​។​ដើម្បី​ជួយ​កិច្ចការពារបរិស្ថាន​ក៏ដូចជា​ផ្លាស់ប្តូរ​បទពិសោធន៍​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ជួយ​គាំពារ​ក៏ដូចជា​បំផុស​ឱ្យ​យុវជន នៅក្នុង​តំបន់​ជួយ​គ្នា​ថែរក្សា​បរិស្ថាន​។​

​លោក​បាន​មានប្រសាសន៍ថា ការរួបរួម​គ្នា​របស់​យុវជន​លើ​ការយកចិត្តទុកដាក់​ទៅលើ​បរិស្ថាន​នេះ គឺជា​កិច្ចការ​មួយ​សំខាន់​ហើយ​សង្ឃឹមថា​បញ្ហា​បរិស្ថាន​នឹង​ល្អប្រសើរ​បើសិន​យុវជន​បានរួម​គ្នា​អភិរក្ស​និង​រួមគ្នា​ការពារ​នោះ​។​លោក​រដ្ឋលេខាធិការ​បា​ន​ចាត់ទុកថា​បញ្ហា​បរិស្ថាន​ជា​បញ្ហាសំខាន់​ពាក់ព័ន្ធ​ទៅនឹង​អាយុជីវិត​សត្វលោក​រស់នៅ​លើ​ផែនដី​។​ម្ល៉ោះហើយ​ប្រសិនបើ​មាន​បរិស្ថាន​ល្អ​នឹងមាន​សុខភាព​ល្អ​នោះ​នឹងធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​ផងដែរ​។​

​លើកឡើង​ដូចគ្នានេះដែរ​កញ្ញា​ចាវ​ទឹ​ត​ដា​នី​ន​និស្សិត​តំណាងឱ្យ​កម្ពុជា​ដែល​បាន​សិក្សា​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានឱ្យដឹងថា​ការជួយ​គ្នា​ថែរក្សា​បរិស្ថាន​វា​ពិតជា​រឿង​មួយ​ដែល​ល្អ​បំផុត​ព្រោះ​យើង​រស់នៅក្នុង​បរិស្ថាន​ហើយ​បើ​បរិស្ថាន​អាក្រក់​នោះ​យើង​ក៏ត្រូវ​ប្រឈម​បញ្ហា​ចំពោះ​សុខភាព​និង​អាយុជីវិត​។​

​កញ្ញា​បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា​”​បើសិនជា​បរិស្ថាន​មិនល្អ​បរិស្ថាន​កខ្វក់​អញ្ចឹង​សុខភាព​យើង​ក៏​ពុំ​ល្អ​ដែរ​។​អញ្ចឹង​ជីវិត​លើ​ផែនដី​របស់​យើង​ក៏​រស់នៅ​អត់​បាន​សេចក្ដីសុខ​ដែរ​។​យើងទាំងអស់គ្នា​ជួយ​ម្នាក់​បន្តិច​ទៅ ដើម្បី​ការពារ និង​ថែរក្សា​បរិស្ថាន របស់​យើង​ឱ្យបាន​ល្អ​”​។​

​គួរ​បញ្ជាក់ថា​ក្រុមនិស្សិត​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ​ចំនួន​១០​ប្រទេស​ក្នុង​អាស៊ី​ដែលមាន​គ្នា​ជាង​១០០​នាក់​នឹង​រួមគ្នា​ចែករំលែក​ពីបទ​ពិសោធន៍​និង​បរិ​ស្ថា​ធម្មជាតិ​ក្នុងប្រទេស​ពួកគេ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ពី​ផល​ល្អ​និង​អាក្រក់​ទៅកាន់​យុវជន​ប្រទេស​ដទៃទៀត​ក្នុង​វេទិការ​នេះ​៕S/

​ក្រុមយុវជន​មកពី​បណ្តា​ប្រទេស​អាស៊ី​ចំនួន​១០​ប្រទេស​បាន​ចូលរួម​ក្នុង​វេទិការ​បរិស្ថាន​អាស៊ី​(ASEP)​នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី ៣-៦​ខែសីហា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​