​យុវជន​ប្រមាណ​ជាង​៦០០​នាក់ ចូលរួម​កម្មវិធី​យល់ដឹង​អំពី​ព្រះពុទ្ធសាសនា​

340
ចែករម្លែក
  • 8
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​យុវជន យុវនារី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស ប្រមាណ​ជាង​៦០០​នាក់​បាន​ចូលរួម​កម្ម​វី​ធី​យល់ដឹង​អំពី​ព្រះពុទ្ធសាសនា​ក្រោម​ប្រធានបទ​”​ក្តី​ស្រឡាញ់​របស់​យុវជន​សម្រាប់​យើងទាំងអស់គ្នា​”​។​

​កម្មវិធី​នេះ​បានរៀបចំ​ឡើង​នា​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តក្រចេះ​ដែលមាន​លោក​វ៉ា​ថន​អភិបាលខេត្ត​ជា​ប្រធាន​សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត និង​គណៈ​គ្រប់គ្រង​វិទ្យាល័យ​សិលា​វេទី គាត ឈន់ ក្រោម​អធិបតីភាព​លោក ហឿ ស៊ី​យ៉ែម អភិបាលរង​ខេត្ត​ស្ដីទី ។​

​កម្ម​វី​ធី​យល់ដឹង​អំពី​ព្រះពុទ្ធសាសនា​គឺធ្វើឡើង​ក្នុង​គោលបំណង​បញ្ជ្រាប​ការយល់ដឹង​អំពី​អត្ថន័យ​នៃ​ទិវា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ទៅដល់​ប្អូនៗ​សិស្សានុសិស្ស​និង​យុវវ័យ​ឲ្យ​យល់​ឲ្យ​កាន់តែច្បាស់​កុំ​ឲ្យ​មានការ​យល់ច្រឡំ​។​ព្រោះ​កន្លងមក​ស្រទាប់​យុវវ័យ​មួយចំនួន​បានចាត់ទុក​ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃបុណ្យ​សង្សារ​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ។​

​លោក​ហឿ​ស៊ី​យ៉ែម​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​វ៉ា​ថន​អភិបាលខេត្ត​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តក្រចេះ​បាន​ថ្លែងថា​កម្មវិធី​នៅថ្ងៃនេះ​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ក្មួយៗ​សិស្ស​ទាំង​នៅក្នុង​វិទ្យាល័យ​សិលា​វេទី​គាត​ឈន់​និង​ទូទាំង​ខេត្តក្រចេះ​ផងដែរ​។​ដើម្បី​ឲ្យ​យុវវ័យ​ដែល​យល់ច្រឡំ​ថា​ថ្ងៃទី​១៤​កុម្ភៈ​ជា​“​ថ្ងៃបុណ្យ​សង្សា​”​មាន​ស្មារតី​ភ្ញាក់រលឹក​ឡើងវិញ​។​

​ជៀសវាង​ការនាំគ្នា​ធ្វើ​អ្វីមួយ​ដែល​ប្រាស់ចាក់​ពី​សីលធម៌​សង្គម​នាំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ដ្រី​បាត់បង់​អ​នា​គត់​ក្នុង​វ័យ​សិក្សា​បាត់បង់​កិត្តិយស​សេចក្តីថ្លៃថ្នូ​ររ​បស់​ក្រុមគ្រួសារ​ជាពិសេស​ធ្វើ​ឲ្យ​អាប់ឱន​ដល់​ទំនៀមទម្លាប់​ប្រពៃណី​ជាតិខ្មែរ​។​លោក​បាន​ថ្លែងបន្តថា​បុណ្យ​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​រាជរដ្ឋាភិបាល​មិនបាន​ទទួលស្គាល់ថា​ជា​បុណ្យជាតិ​ហើយ​រដ្ឋសភា​ក៏​មិនទាន់​អនុម័ត​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ជា​ផ្លូវការ​នោះដែរ​។​

​ដូច្នេះហើយ​លោក​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា​ក្រោយពី​កម្មវិធី​នេះ​ចប់​ក្មួយៗ​ដែលជា​យុវជន​យុវនារី​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​ជា​ធនធានមនុស្ស​ដ៏​សំបូរបែប​របស់​ប្រទេសជាតិ​នឹងមាន​ការយល់ដឹង​ច្បាស់​ពី​អត្ថន័យ​នេះ​បន្ថែមទៀត​និង​ធ្វើខ្លួន​ឲ្យ​ក្លាយជា កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ ទាំងអស់គ្នា​៕S/


#