​យុវជន​ប្រមាណ​៦០០​នាក់​ចូលរួម​ក្នុងការ​ប្រកួត​បាល់ទាត់​នៅ​ខេត្តកំពង់ស្ពឺ​

358
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​យុវជន​ប្រមាណ​៦០០​នាក់​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​ចូលរួម​ក្នុងការ​ប្រកួត​បាល់ទាត់​ខ្នាតតូច​អាយុ​ក្រោម ១៨ ឆ្នាំ​ដែល​រៀបចំ​ដោយ​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅថា​”​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​”​។​

បន្ទាប់ពី​ការប្រកួត​៤​ថ្ងៃ​បាន​រកឃើញ​ក្រុម​ឈ្នះ​ចំនួន​៦​ក្រុម​ដែល​ពួកគេ​ទទួលបាន​ពានរង្វាន់​និង​មេដាយ​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​កាលពី​ថ្ងៃ​១១​ខែកុម្ភៈ​ឆ្នាំ​២០១៨​ដែលមាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​សហគមន៍​មន្ត្រី​កីឡា​គណៈ​គ្រប់គ្រង​របស់​ណាហ្គា​វើ​លដ៍ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​។

​ការប្រកួត​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​ដែលជា​គំនិត​ផ្តួចផ្តើម រយៈពេល​២​ឆ្នាំ​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដើម្បី​ជួយ​បណ្តុះបណ្តាល​កីឡាករ​-​កីឡាការិនី​បាល់ទាត់​ជំនាន់​ក្រោយ​នៅតាម​សហគមន៍​។

​ក្នុង​ខែវិច្ឆិកា​កាលពី​ឆ្នាំមុន​គ្រូ​កីឡា​១២០​នាក់​មកពី​អនុវិទ្យាល័យ​និង​វិទ្យាល័យ​៩៤​ក្នុង​ខេត្តកំពង់ស្ពឺ​បានទទួល​ការបណ្តុះបណ្តាល​បច្ចេកទេស​បង្ហាត់កីឡា​បាល់ទាត់​អាជីព​ដែល​ផ្តល់​ដោយ​ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍​ដែលជា​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ ២០១៨​។​

បន្ទាប់ពី​ការហ្វឹកហាត់​រយៈពេល ២ ខែ មាន​ក្រុម​សរុប​២៨​ក្រុម​(​ក្រុម​កុមារា​មាន​១៩​ក្រុម​និង​កុមារី​មាន​៩​ក្រុម​)​បាន​ចូលរួម​ក្នុងការ​ប្រកួត​បាល់ទាត់​ខ្នាតតូច​អាយុ​ក្រោម​១៨​ឆ្នាំ​ដែល​ធ្វើឡើង​នៅ​ទីលាន​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ស្ពឺ​ពីថ្ងៃ​ទី ២៨ ដល់ ៣១ ខែមករា​។ ក្នុង​ប្រភេទ​កុមារា ៖ ជើងឯក បាន​ទៅលើ​វិទ្យាល័យ​កំពង់ស្ពឺ លេខ ២ បាន​ទៅលើ​វិទ្យាល័យ​ហ៊ុន សែន ភ្នំស្រួច និង​លេខ ៣ បាន​ទៅលើ​វិទ្យាល័យ​វាល​ពង់​។

ចំណែក​ប្រភេទ​កុមារី ៖ ជើងឯក បាន​ទៅលើ​វិទ្យាល័យ​អន្លង់​ជ្រៃ លេខ ២ បាន​ទៅលើ​វិទ្យាល័យ​ឱ​រ៉ា​ល់ និង​លេខ ៣ បាន​ទៅលើ​វិទ្យាល័យ​វាល​ពង់​។​នាយក​គ្រប់គ្រង​ណាហ្គា​វើ​ល​ដ៍លោក Pern Chen បាន​មានប្រសាសន៍ថា​“​ការអភិវឌ្ឍ​វិស័យ​កីឡា​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​សំខាន់​ទាំង​៤​របស់​ក្រុមការងារ​សង្គម​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​។​យើង​មាន​គោលបំណង​អភិវឌ្ឍ​កម្មវិធី​កីឡា​សម្រាប់​សហគមន៍​និង​លើកទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​លេង​កីឡា​ដើម្បី​បង្កើន​សាមគ្គី​ភាពជា​ក្រុម​មិត្តភាព​និង​ភាពជា​អ្នកដឹកនាំ​។​យើង​ក៏មាន​គោលបំណង​អភិវឌ្ឍ​កីឡាករ​-​កីឡាការិនី​បាល់ទាត់​ដ៏​មាន​សក្តានុពល​និង​ជួយ​បង្កើន​សមត្ថភាព​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត​ជាង​មុន​ក្នុងការ​ប្រកួត​ក្នុង​ទីលាន និង​ក្រៅ​ទីលាន​ផងដែរ​”​។

​លោក ថន ថា​រិ​ន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍ថា “​យើង​គាំទ្រ​ពេញទំហឹង​ដល់​គំនិត​ផ្តួចផ្តើម​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ក្នុង​ការជួយ​ធ្វើ​ឲ្យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​កាន់តែខ្លាំង​។​ការបង្កើន​គុណភាព​នៃ​ការបង្ហាត់​នៅតាម​សាលារៀន​គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​ជំនាញ​បាល់ទាត់​ក្នុងចំណោម​កីឡាករ​វ័យក្មេង​នៅតាម​ខេត្ត​”​។

​អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លោក ម៉ៃ​តុលា​បាន​មានប្រសាសន៍ថា​“​កម្មវិធី​នេះ នឹង​ជួយ​បង្កើន​ស្តង់ដារ​នៃ​ការ​បង្ហាត់កីឡា​នៅតាម​សាលារៀន​ទូទាំង​ខេត្តកំពង់ស្ពឺ​និង​បង្កើត​ឲ្យ​មាន​កីឡាករ​-​កីឡាការិនី​ឆ្នើម​ជាច្រើន​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​យើង​រីករាយ​ដែល​ឃើញ​ការអភិវឌ្ឍ​បែបនេះ​”​។​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក​វ៉ី​សំណាង​បាន​មានប្រសាសន៍ថា​“​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ណាហ្គា​វើ​លដ៍​និង​អង្គភាព​ពាក់ព័ន្ធ​រៀបចំ​កម្មវិធី​ដ៏​ល្អ​នេះ​ឡើង​ក្នុង​ខេត្ត​របស់​យើង​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សិស្សានុសិស្ស​អាយុ ១៤ ដល់ ១៨ ឆ្នាំ​ប្រមាណ ១៨.៥០០ នាក់​”​។

​ចំណែក​លោក​ហ៊ុន​ម៉ា​នី​ប្រធាន​គណៈកម្មការ​ជាតិ​អប់រំ​យុវជន​និង​កីឡា​ធម្មការ​សាសនា​កិច្ចការ​វប្បធម៌ និង​ទេសចរណ៍​សមាជិក​រដ្ឋ​សភាតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានបង្ហាញ​ការគាំទ្រ​ចំពោះ​កម្មវិធី​អភិវឌ្ឍ​យុវជន​របស់​ណាហ្គា​វើ​លដ៍​នៅក្នុង​សុន្ទរកថា​នៃ​ពិធី​ប្រគល់​រង្វាន់​ថា​“​រាជរដ្ឋាភិបាល​ប្តេជ្ញា​អភិវឌ្ឍ​អត្ត​ព​លិ​ក​និង​លើកកម្ពស់​ស្តង់ដារ​នៃ​ការ​បង្ហាត់កីឡា​នៅតាម​សាលារៀន​ដែល​វា​នឹង​អាច​ផលិត​កីឡាករ​ឆ្នើម​សម្រាប់​ក្លឹប​ក្នុងស្រុក​ក៏ដូចជា​ក្រុម​ជម្រើសជាតិ​”​។​

​គួរឱ្យ​ដឹងផង​ដែរ​ថា ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ណាហ្គា​វើ​លដ៍​បាន​សហការ​ជា​លក្ខណៈ​យូរអង្វែង​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយនឹង​បន្ត​ផ្តល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ដែល​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ធំៗ ដូចជា​កីឡា​ទ្វីបអាស៊ី និង​កីឡា​អាស៊ីអាគ្នេយ៍ ជាដើម​៕S/

​យុវជន​ប្រមាណ​៦០០​នាក់​ចូលរួម​ក្នុងការ​ប្រកួត​បាល់ទាត់​នៅ​ខេត្តកំពង់ស្ពឺ​