​យុវជន​ពីរ​ខេត្ត​រួមគ្នា​បោះជំរំ​លើ​កោះ​ប៉ែន​ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍​ ​ ​

1561
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​: ក្រុមយុវជន​ស្ម័គ្រចិត្ត​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម​ជា​ខេត្ត​ម្ចាស់ផ្ទះ បានរួម​សហការ​គ្នាប​ង្កើ​ត​ព្រឹ​ត្ត​ការ​បោះជំរំ​ប្រមូលផ្តុំ​នៅលើ​តំបន់ឆ្នេរ​ខ្សាច់ នៃ​ទឹកដី​កោះ​ប៉ែន ស្ថិតក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​។​ប្រមូលផ្តុំ​នៅលើ​តំបន់ឆ្នេរ​ខ្សាច់ នៃ​ទឹកដី​កោះ​ប៉ែន​ក្នុង​គោលបំណង​បង្ហាញ​កត្តា​សាមគ្គីភាព​និង​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​នៅលើ​កោះ​មួយ​នេះ ក្នុង​ដង​ទន្លេមេគង្គ​។​
​ ​
​លោក​គួ​ចវេង​ស្រ៊ុន​ជា​ប្រធាន​ជុំរុំ​និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិ​តំបន់​អង្គរ​នៃ​ព្រឹ​ត្ត​កា​រស​ង្ត្រា​ន្ត​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ក្រុមយុវជន​ដែល​បាននាំគ្នា​បង្កើត​ព្រឹ​ត្ត​បោះជំរំ​ប្រមូលផ្តុំ​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​នៅ​យប់​ថ្ងៃ​សៅរ៍​ទី ១២ ឧសភា​នេះ​មាន​គ្នា​សរុប​ចំនួន ៨៥ នាក់​។

ក្នុងនោះ​មកពី​ខេត្តសៀមរាប​ចំនួន ៥៥ នាក់ និង​ខេត្តកំពង់ចាម​ចំនួន ៣០ នាក់​។ ក្រៅពី​កម្សាន្ត​សប្បាយ​នា​ឳ​កាស​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​កត្តា​សាមគ្គីភាព យ៉ាងរឹងមាំ​រវាង​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ និង​ខេត្ត​អច្ឆរិយ​តំបន់​អង្គរ បំណង​ផ្សព្វផ្សាយ​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​លើទឹក​ដី​តំបន់​កោះ​ប៉ែន​ទាំងមូល​។​
​ ​
​លោក​ប្រធាន​ជំរំ​បាន​ឲ្យ​ដឹង​ទៀតថា ជាមួយ​នោះ​យើង​បាន​អញ្ជើញលោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោកស្រី អ៊ូ ធីតា​ពៅ ជា​ភរិយា រួមទាំង​សហការី​បាន​ចូល​កម្សាន្ត​សប្បាយ​នៅក្នុង​ព្រឹ​ត្ត​ការ​ជំរំ​។ ដូចជា​ចូលរួម​អុជ​ភ្លើង​គុប​នៃ​ការបើក​ព្រឹ​ត្ត​ការ​បោះជំរំ ច្រៀង​បទ​នគ​រាជ​គោរព​ទង់ជាតិ​ច្រៀង​បទ​អញ្ជើញ​ព្រះ​អគ្គី ចូលរួម​ភ្លក់​មុខម្ហូប​ដែល​ចម្អិន​ដោយ​ចុងភៅ​ក្រុមយុវជន ចូលរួម​អុជ​ទៀន​«​ខ្ញុំ​ស្រឡាញ់​កំពង់ចាម​» និង​ចូលរួម​រាំ​កម្សាន្ត ជាដើម​។​
​ ​
នា​ឳ​កាស​នោះ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​លើកឡើងថា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្អូនៗ និង​ក្មួយៗ ជា​ក្រុមយុវជន​ស្ម័គ្រ​ទាំងអស់​ដែល​នាំគ្នា​ជ្រើស​រើសយក​ទីតាំង​ឆ្នេរ​ខ្សាច់​ទឹកដី​កោះ​ប៉ែន ខេត្តកំពង់ចាម ជា​ព្រឹ​ត្ត​ការ​បោះជំរំ ។ ពិសេស​យុវជន​យើង​បាន​តស៊ូ​អំណត់​នឹង​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង​ជាច្រើន​ម៉ោង​ក្នុង​ថ្ងៃទី ១២​ឧសភា​នេះហើយ​នៅពេល​យប់​នេះ​បន្តទៀត​ក្រុម​យើង​នឹង​អាច​ប្រឈម​អាកាសធាតុ​ភ្លៀងខ្យល់​ម្តង​ហើយ​។​

​លោ​កម​អភិបាលខេត្ត​បានលើកឡើង​ទៀតថា សកម្មភាព និង​កាយវិការ​បស់​ក្រុមយុវជន​យើង​នា​ឳ​កាស​នេះ​បញ្ជាក់​យ៉ាងច្បាស់​ពី​ការរីកចម្រើន របស់​រាជរដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ពី​ហេ​ដ្ឋា​រចនា​សម្ព​ព័ន្ធ​ស្ពាន និង​ផ្លូវថ្នល់​ខ្វែងខ្វាត់​គ្របដណ្តប់​លើ​ផ្ទៃដី​កោះ​ប្រវត្តិសាស្ត្រ​អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត ផ្សារភ្ជាប់​នឹង​ក្រុង​កំពង់ចាម​។​ក៏​ជា​ព្រឹ​ត្ត​ការសំខាន់​មួយទៀត​គឺ​បាន​ជួយ​ផ្សព្វផ្សាយ​ពី​សត្តា​នុព​ល​ដ៏​សម្បូរបែប​នៃ​វិស័យ​ទេសចរណ៍​ជាក់ស្តែង​នៅលើ​កោះ​មួយ​នេះ និង​បាន​ឆ្លុះបញ្ចាំង​ផងដែរ​ពី សុខសន្តិភាព និង​សាមគ្គីភាព​យ៉ាង​ពេញ​បរិបូរ​៕S/

#