​យុវជន​ម្នាក់ បើក​ម៉ូតូ​លឿន ជ្រុល​បុក​ដើម​គគីរ បណ្តាលឱ្យ​បាត់បង់​ជីវិត​

897
ចែករម្លែក

​ដោយ​៖ បូកគោ /
​កំ​ពតៈ យុវជន​ម្នាក់ បាន​ស្លាប់ ក្រោយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយសារ​ជិះ​ម៉ូតូ ក្នុង​ល្បឿន​លឿន រួច​ជ្រុល​បុក​ដើម​គគីរ កាលពី​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត​។​

​មន្ត្រីនគរបាល​ចរាច​រ នៃ​អធិការដ្ឋាន​ក្រុង​កំពត បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​នេះ ឈ្មោះ ចាន់ ជុ​តិ​ម៉ា អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អម្ពិល ក្រុង​កំពត ខេត្តកំពត​។

​ប្រភព​ដដែល បាន​រៀបរាប់ថា កាលពី​ម៉ោង ៣:២០ រសៀល​ថ្ងៃទី​១៩ ខែឧសភា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ កើតឡើង ត្រង់ចំណុច​មុខ​អគារ​សម្ភព នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត បណ្តាលឱ្យ​យុវជន​ម្នាក់ រងរបួស​ធ្ងន់ ហើយ​ក្រោយមក បាន​ស្លាប់ បន្ទាប់ពី​សាច់ញាតិ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​។

​ប្រភព បាន​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់ បើក​ម៉ូតូ​ដោយ​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះដល់​ចំណុច​ផ្លូវ​លេខ ៧២០ ម៉ូតូ បាន​បត់​ឆ្វេង បម្រុង​ទៅ​ទិស​ខាងលិច ទើប​ជ្រុល​បុក​គល់​ដើម​គគីរ ពេញទំហឹង បណ្តាលឱ្យ​អ្នកបើកបរ រងរបួស​ធ្ងន់ ពិសេស​ប៉ះពាល់​ត្រង់​ក្បាល​។

​មន្ត្រីនគរបាល​ដដែល បាន​បញ្ជាក់ថា បន្ទាប់ពី​សាច់ញាតិ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជនរងគ្រោះ ក៏​បាត់​បង់ជីវិត​តែម្តង​៕​v

#