​យុវវ័យ​មាន​សុខ​ភាពល្អ​កម្លាំង​មាំមួន​នឹង​ក្លាយជា​ធនធាន​ប្រកបដោយ​គុណភាព​

495
ចែករម្លែក

​ដោយ​បូកគោ​/​កំពត​:​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​បាន​អះអាងថា​ការកសាង​ប្រទេសជាតិ​ឆាប់​រីកចម្រើន​ជឿនលឿន​បាន​គឺ​អាស្រ័យ​លើ​ស្រទាប់​យុវវ័យ​ពោរពេញ​ដោយ​កាយសម្បទា​ខ្លាំងក្លា​ហ៊ាន​សុខភាព​មាំមួន​។​

​កម្លាំងចលករ​ដ៏​សំខាន់​នេះ​ប្រាសចាក​អំពី​ជំងឺ​គ្រប់​ប្រភេទ​ពិសេស​ជៀសផុត​នូវ​ការរួមរស់​ជាមួយ​មេរោគ​អេដស៍​/​ជំងឺអេដស៍​។​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបង្ការ​និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍ ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍ ធ្វើឡើង​នៅ​វិទ្យាល័យ​ហ៊ុន សែន​បរិវាស ក្នុង​ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត​។

កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​លោក​រស់​សីល​វាត់​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ពិសេស​យុវវ័យ​គឺជា​ធនធាន​ដ៏​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ឆាប់រហ័ស​។
​ផ្អែកលើ​អត្ថន័យ​នេះ​ការស្វែងយល់​នូវ​ច្បាប់​ស្តីពី​ការបង្ការ​និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​ជា​កត្តា​សំខាន់​សម្រាប់​យុវវ័យ ក៏ដូចជា​ពលរដ្ឋ​ទូទៅ​។

​លោក​អនុប្រធាន​បាន​បន្តថា​ពេល​ពលរដ្ឋ​គ្រប់រូប​ជ្រួតជ្រាប​និង​អនុវត្តបាន​រាល់​ខ្លឹមសារ​ក្នុង​ច្បាប់​ដែលមាន​១១​ជំពូក​ស្មើនឹង​៥៣​មាត្រា​នេះនោះ​គ្រប់គ្នា​នឹង​ជៀស​ផុតពី​ភាព​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍​/​ជំងឺអេដស៍​ដែលជា​ក្តីកង្វល់​របស់​រាជ​រដ្ឋ​ភិ​បាល និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងឡាយ​។

​បច្ចុប្បន្ន​មាន​អ្នក​កំពុង​រួមរស់​ជាមួយ​មេរោគ​អេដស៍​ប្រមាណ​ប្រាំពីរ​ម៉ឺន​នាក់​មានន័យថា​ក្នុង​កម្រិត​ប្រហែល​០,៦​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ខណៈដែល​ការចម្លង​ថ្មី​មាន​អត្រា​បីនាក់​អំឡុង ពីរ​ថ្ងៃ​។

ក្នុង​មួយឆ្នាំ​អ្នក​បាត់​បង់ជីវិត​ប្រមាណ​២.៣០០​នាក់​ដោយសារ​ជំងឺអេដស៍​។​ម្ល៉ោះហើយ​នៅពេល​ពលរដ្ឋ​គ្រប់រូប​យល់ច្បាស់​និង​អនុវត្តបាន​នូវ​ច្បាប់​ស្តីពី​ការបង្ការ​និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​នោះ​ការចម្លង​ព្រមទាំង​ការបាត់​បង់ជីវិត​ដោយសារ​ជំងឺអេដស៍​ក៏​ត្រូវបាន​កាត់បន្ថយ​ផងដែរ​៕S/​

#