​យូ​សេដ ផ្តួចផ្តើម​គម្រោង​បី​លាន​ដុល្លារ​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ដល់​កម្ពុជា​

145

​ភ្នំពេញ​៖​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ឬ​យូ​សេដ (USAID) កាលពី​ថ្ងៃទី​១២ ខែ តុលា ឆ្នាំ​២០១៧​បានប្រកាស​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ដែលមាន​ទឹកប្រាក់​ចំនួន បី​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​លុបបំបាត់ គម្លាត​ហិរញ្ញប្បទាន​សម្រាប់​ការផ្តល់សេវា​អនាម័យ និង​ការផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ទឹកស្អាត និង​អនាម័យ (WASH-FIN) នឹង​ជួយ​ដល់​វិស័យ​ឯកជន​អាច​ដល់​អ្នក​ដែលមាន​តម្រូវការ​ប្រើប្រាស់​។
​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុ​ជានា​ថ្ងៃទី​១២ ខែ តុលា​បានឱ្យដឹងថា​គោលបំណង​ចំបង​របស់​គម្រោង WASH-FIN ក្នុងប្រទេស​កម្ពុជា​គឺ​ផ្តល់​ការគាំទ្រ​ដល់ ប្រតិបត្តិ​ករ​ឯកជន​ដែល​ផ្គត់ផ្គង់​ទឹកស្អាត​អាច​ទទួលបាន​នូវ​ប្រាក់​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ពង្រីក​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវា​ទឹកស្អាត​និង​អនាម័យ​។​
គម្រោង WASH-FIN នឹង​ផ្តល់ជំនួយ​បច្ចេកទេស និង​ជួយ​ពង្រឹងសមត្ថភាព​ប្រតិបត្តិ​ករ​ដែល​ផ្គត់ផ្គង់​ទឹក​នៅតាម​បណ្តា​ខេត្ត ស្ថាប័នហិរញ្ញវត្ថុ​ក្នុងស្រុក និង​តួអង្គ​ដទៃ​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទឹកស្អាត​និង​អនាម័យ​។ គម្រោង​នេះ​នឹង​គាំទ្រ​ដល់​ការប្រើប្រាស់​ឥណទាន​ឲ្យ​កាន់តែ​ប្រសើរឡើង​ដូចជា​អាជ្ញាធរ​ឥណទាន​អភិវឌ្ឍន៍​យូ​សេដ​ដើម្បី​បន្ត​បង្កើន​កាលានុវត្តភាព​សម្រាប់​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​។
​គម្រោង​WASH-FIN​រំពឹងថា​កម្ចី​ធនាគារ​ក្នុងស្រុក​ដែល​កើតចេញពី​លទ្ធផល​នៃ​គម្រោង​នេះ​នឹង​ជួយ​ពង្រីក​ការវិនិយោគ​លើ​វិស័យ​ទឹកស្អាត​និង​អនាម័យ​ព្រមទាំង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​ប្រជាជនមាន​សុខភាព​កាន់តែ​ប្រសើរឡើង​។
​លោកស្រី ផលី ដាន់​ហ្វ៊​ត នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ​យូ​សេដ បាន​មានប្រសាសន៍ថា​៖ “​ទីភ្នាក់ងារ​យូ​សេដ​មាន​មោទនភាព​ក្នុងការ​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន​ដែល​ប្រតិបត្តិការ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ក្នុងប្រទេស​កម្ពុជា​”​។​លោកស្រី​បាន​បន្ថែមថា “​ទឹកស្អាត និង​អនាម័យ គឺ​សំខាន់​ចំពោះ​សហគមន៍​ទាំងអស់ ហើយ​យើង​មានការ​ជឿជាក់ថា​គម្រោង​នេះ​នឹង​គាំទ្រ​យ៉ាង​សម្បើម​ចំពោះ​កំណើនសេដ្ឋកិច្ច ក៏ដូចជា​សុខភាព​របស់​ប្រជាជន​កម្ពុជា​ផងដែរ​”​។
​សូមបញ្ជាក់ថា​ក្រៅពី​បំពេញការងារ​នៅក្នុង​ប្រទេស​កម្ពុជា​គម្រោង​WASH-FIN​ក៏​បំពេញការងារ​នៅតាម​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅក្នុង​តំបន់​អាស៊ី​និង​អាហ្វ្រិក​ផងដែរ​។​ជាស​កល គម្រោង​WASH-FIN ដែលមាន​រយៈពេល​៥​ឆ្នាំ​និង​មាន​ទឹកប្រាក់​ចំនួន​៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន Tetra Tech ដោយមាន​ការគាំទ្រ​ពី Open Capital Advisors, Segura Consulting and Global Credit Rating៕MN/ដោយៈសុផល

​សេចក្តីត្រូវការ​ទឹកស្អាត​នៅ​ទីជនបទ គឺ​ផ្នែក​មួយ​នៃ​ជីវភាព​រស់នៅ​(​រូបថត កែ នុ​ភាព​)