“​យើង​រួមគ្នា​លើកកម្ពស់​អាហារ​សុវត្ថិភាព​និង​អាហារូបត្ថម្ភ​កាត់បន្ថយ​ភាពអត់ឃ្លាន​ឱ្យដល់​កម្រិត​សូន្យ​សម្រាប់​អនាគត​នៃ​យើង​”

221
ចែករម្លែក

ដោយៈ​សុផល​/​ពោធិ៍សាត់​៖​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កាលពី​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៩​បានរៀបចំ​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​ក្រោម​ប្រធានបទ​“​យើង​រួមគ្នា​លើកកម្ពស់​អាហារ​សុវត្ថិភាព​និង​អាហារូបត្ថម្ភ​ដើម្បី​កាត់បន្ថយ​ភាពអត់ឃ្លាន​ឱ្យដល់​កម្រិត​សូន្យ​សម្រាប់​អនាគត​របស់​យើង​”​។​

​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​នៅ​បរិវេណ​វត្ត​មុន្នី​ឧ​ត្ត​ម ភូមិ​ជ្រែង ឃុំ​ស្វាយ​លួង​ស្រុក​កណ្តៀង​ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​, លោក ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិសាត់​និង​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក​លោកស្រី​ឯកអគ្គរាជទូត​ឯកអគ្គរដ្ឋទូត​លោក​លោកស្រី​ថ្នាក់ដឹកនាំ​ក្រសួង​។​លោកស្រី​FrancescaErdelmann​តំណាង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP)​លោក​AlexandreHUYNH​តំណាង​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ​ប្រជាជាតិ​(FAO)​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់​។​

​លោក​អា​ឡិច​ហ្ស​ង់​ហ្វី​ន​តំណាង​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ​បាន​មានប្រសាសន៍ថា​៖​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០១៩​គឺ​អបអរសាទរ​ដល់​ខួប​ទី​៧៤​នៃ​ការបង្កើត​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ​(FAO)​។​ទិវា​នេះ​គឺជា​ទិវា​សំខាន់បំផុត​របស់​អង្គការ​សហ​ប្រជា​តិ​ដែល​ត្រូវបាន​ប្រារព្ធ​ដោយ​អង្គការ​FAO​រាជរដ្ឋាភិបាល​អាជ្ញាធរ​មូលដ្ឋាន​និង​ដៃគូ​នានា​នៅក្នុង​ប្រទេស​ប្រមាណ ១៥០ ប្រទេស​ជុំវិញ​ពិភពលោក​។​ដើម្បី​អំពាវនាវ​ឱ្យមាន​សកម្មភាព​ដើម្បី​ញុំ​ា​ង​ឱ្យ​របប​អាហារ​សុខភាព​ប្រកបដោយ​និរន្តរភាព​ដែល​ប្រជាជន​គ្រប់រូប​អាចមាន​លទ្ធភាព​ទទួល​បាន​។​

​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំនេះ​ផ្តោតទៅលើ​របប​អាហារ​ប្រកបដោយ​សុខភាព​គឺ​សំដៅ​ទៅដល់​សុវត្ថិភាព​និង​អាហារូបត្ថម្ភ​។​ការលុបបំបាត់​ភាពអត់ឃ្លាន​គឺជា​អាទិភាព​ចំបង​បំផុត​របស់​អង្គការ​FAO​ប៉ុន្តែ​យើង​ក៏​ត្រូវតែ​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​ទាំងអស់​ផងដែរ​។​បញ្ហា​អាហារូបត្ថម្ភ​គឺ​កំពុងតែ​កើនឡើង​ទាំង​នៅ​ថ្នាក់​តំបន់ និង​ទាំង​គ្រួសារ​អ្នកមាន និង​អ្នកក្រ ។

​លោក​បាន​គូសបញ្ជាក់ថា​“​កសិករ ត្រូវការ​ការលើកទឹកចិត្ត ដើម្បី​ពង្រីក និង​បង្កើន​ប្រភេទ​នៃ​ផលិតកម្ម អាហារ​ប្រកបដោយ​គុណភាព​ខ្ពស់​ឱ្យបាន​កាន់តែច្រើន​មុខ​ថែមទៀត​។​រដ្ឋាភិបាល​មាន​តួនាទី​អនុម័ត​គោលនយោបាយ​បទដ្ឋាន​អាហារ​និង​បទបញ្ញត្តិ​នានា​ដែល​កំណត់​អាទិភាព​ទៅលើ​ភាព​ទទួលបាន​ស្បៀង​ប្រកបដោយ​សុវត្ថិភាព​និង​មាន​អាហារូបត្ថម្ភ​។​

​ចំណែក​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​មាន​តួនាទី​ផ្តល់នូវ​ការណែនាំ​បែប​វិទ្យាសាស្ត្រ​និង​ពង្រីក​ចំណេះដឹង​និង​បច្ចេកវិទ្យា​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​រីឯ​វិស័យ​ឯកជន​អាចជួយ​ជំរុញ​បរិយាកាស​វិជ្ជមាន​នៃ​ស្បៀងអាហារ​ដោយ​អនុវត្តតាម​អនុសាសន៍​ស្តីអំពី​អាហារ​ដែលមាន​សា​ធាតុ​ចិញ្ចឹម​តាមបែប​ទំនើប​។​អង្គការ​FAO​នឹង​បន្ត​គាំទ្រ​រាល់​សកម្មភាព​ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​អាហារ​មាន​សុវត្ថិភាព​និង​អាហារូបត្ថម្ភ​សម្រាប់​មនុស្សលោក​នៅ​គ្រប់​បណ្តា​ប្រទេស​ជា​សមាជិក រួមទាំង​កម្ពុជា​ផងដែរ​”​។​

​ព្រម​ជាមួយគ្នានេះ​លោកស្រី​FrancescaErdelmann​តំណាង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​មានប្រសាសន៍ថា​នេះ​គឺជា​លើក​ទី​៣៩​នៃ​ទិវា​ស្បៀងអាហារ​ពិភពលោក​ហើយ​ការ​ប្រារព្ធ​ទិវា​នាពេលនេះ​គឺជា​ព្រឹត្តិការណ៍​សាកល​របស់​អង្គការសហប្រជាជាតិ​ដែល​ពិភពលោក​បាន​ប្រារព្ធ​ឡើង​។​ក្នុងន័យ​បំផុសស្មារតី​ឲ្យ​យល់ដឹង​និង​ទទួលស្គាល់​អំពី​តួនាទី​សំខាន់​នៃ​វិស័យ​កសិកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង​សុវត្ថិភាព​ចំណីអាហារ​ដែល​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​ចូលរួម​ឱ្យបាន​សកម្ម​សំដៅ​ឈានទៅ​បញ្ចប់​ភាពអត់ឃ្លាន​នៅ​ទូទាំង​សាកលលោក​។

​លោក ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​បា​ន​ជម្រាប​អំពី​ស្ថានភាព​ន​ដំណើរការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​នៅ​ខេត្តពោធិ៍សាត់​ដែលមាន​សក្តានុពល​ក្នុងការ​វិនិយោគ​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ធានា​សុវត្ថិភាព​អាហារូបត្ថម្ភ​និង​កាត់បន្ថយ​ភាពអត់ឃ្លាន​សមស្រប​តាម​ប្រធានបទ​នៃ​ទិវា​នា​ថ្ងៃនេះ​។​
​ថ្លែង​ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០១៩​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍ថា​៖​ប្រជាជន​ជាង​១៥០​ប្រទេស​នៅលើ​ពិភពលោក​បានរៀបចំ​ទិវា​នេះ​ឡើង​គឺមាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​និង​សកម្ម​ភាពជា​សាកល​សម្រាប់​អ្នក​ដែល​ទទួលរង​គ្រោះ​ដោយ​ការអត់ឃ្លាន​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​។​

​របប​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​មនុស្សលោក​។​នៅ​ទូទាំង​ពិភពលោក​មាន​ប្រជាជន​ជាង​៨២០​លាន​នាក់​កង្វះ​អាហារូបត្ថម្ភ​ជំងឺ​រ៉ាំរ៉ៃ​ដែល​ក្នុងនោះ​៦០​ភាគរយ​គឺជា​ស្ត្រី​និង​កុមារ​ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំ​ជិត​៥​លាន​នាក់​បាន​ស្លាប់​ដោយសារតែ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ជា​រៀងរាល់ថ្ងៃ​និង​រាប់លាន​នាក់​ទៀត​កំពុងតែ​ប្រឈម​នឹង​ការស្រេកឃ្លាន​អាហារ​។

​ឈ្វេងយល់​ពី​បញ្ហា​ខាងលើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានផ្តល់​អាទិភាព​ចម្បង​ទៅលើ​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​និង​ចាត់ទុក​ការវិនិយោគ​លើ​វិស័យនេះ​គឺជា​“​កម្លាំង​ព​ន្លឿ​ន​”​ក្នុង​ការជួយ​បង្កើនល្បឿន​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​និង​សុខុមាលភាព​របស់​ប្រជាជន ជួយ​អភិវឌ្ឍន៍​មូលធន​មនុស្ស និង​សេដ្ឋកិច្ចជាតិ​។

​លើសពីនេះ​រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​២០១៩២០២៣​ដែល​យុទ្ធសាស្ត្រ​ជាតិ​នេះ​មាន​គោលដៅ​ធ្វើយ៉ាងណា​នៅ​ឆ្នាំ​២០២៣​ត្រូវ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​កង្វះ​អាហារូបត្ថម្ភ អត្រា​នៃ​ភាព​ក្រេស​ក្រិន​របស់​កុមារ និង​អត្រា​នៃ​ភាពស្គម​ស្គាំង​តាម​ការរំពឹងទុក ។​ដែល​យុទ្ធសាស្ត្រ​នោះ​រួមមាន​៖​លើកកម្ពស់​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​តាមរយៈ​កសិដ្ឋាន​គ្រួសារ​ខ្នាតតូច​និង​សហគមន៍​(​កសិកម្ម​នេសាទ​និង​ព្រៃឈើ​)​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ការ​បន្សាំ​នូវ​បម្រែបម្រួល​អាកាសធាតុ​លើកកម្ពស់​ប្រព័ន្ធ​ផលិតកម្ម​ពិពិធ​កម្ម​និង​ក​សិ​-​ធុរកិច្ច​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​“​ដើម្បី​ឲ្យ​គោលដៅ​នៃ​ការលុបបំបាត់​ភាពអត់ឃ្លាន​នៅ​ឆ្នាំ​២០៣០​សម្រេច​ទៅបាន​ចាំបាច់​ត្រូវធ្វើ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​គឺ​ធានា​សន្តិសុខ​ស្បៀង​ធើ្វ​ឲ្យ​ប្រសើរឡើង​អាហារូបត្ថម្ភ​ជំរុញ​អភិវឌ្ឍ​វិស័យ​កសិកម្ម​អនុលោម​ទៅតាម​ផែនការ​សកម្មភាព​ជាតិ​២០១៦=២០២៥​ស្តីពី​គំនិត​ផ្តួចផ្តើម​សម្រាប់​កាត់បន្ថយ​ភាពអត់ឃ្លាន​ឲ្យ​ដល់​កម្រិត​សូន្យ​នៅ​កម្ពុជា​តាម​គោលដៅ​រំពឹងទុក​។​

​ឆ្លៀត​យក​ឱកាស​នេះ​លោក​រដ្ឋមន្ត្រី​បាន​រំឭក​ជូន​នូវ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ថា​“​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​មិន​ត្រឹមតែ​ជាការ​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បាន​ដាក់ចេញ​កន្លងមក​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ការដោះស្រាយ​នូវ​ទុក្ខលំបាក​ការលើកស្ទួយ​កម្រិតជីវភាព​និង​ការលើកកម្ពស់​សុខុមាល​ភាព​ទៀតផង​”​។​

​ទាក់ទង​នឹង​គោលដៅ​នេះ​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។ ផ្តោតលើ “​កំណើន ការងារ​សមធម៌​និង​ប្រសិទ្ធភាព​”​ដែល​ផ្តល់​អាទិភាព​ឱ្យ​វិស័យ​កសិកម្ម​ដើរតួនាទី​លើកកម្ពស់​ផលិតភាព​ពិពិធ​ភាវូបនីយកម្ម​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​។​ការលើកកម្ពស់​ការចិញ្ចឹម​សត្វ​វារីវប្បកម្ម​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​ភាព​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ធានា​តុល្យភាព​និង​រួមចំណែក​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ​”​។

​រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ភាពអត់ឃ្លាន​នោះឡើយ​។​ឆ្លើយតប​ទៅនឹង​អនុសាសន៍​ដ៏​ប្រពៃ​នេះ​និង​ដើម្បី​អបអរសាទរ​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០១៩​លោក​បានផ្តល់​អនុសាសន៍​សំខាន់ៗ​សម្រាប់​ទុកជា​ទុន​ពុទ្ធិ​ដើម្បី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់ធ្វើ​ការដោះស្រាយ​នូវ​រាល់​ចំណង​បញ្ហា​ដែលជា​ឧបសគ្គ​ចំបង​ក្នុងការ​អភិវឌ្ឍ​គោលនយោបាយ​។​

​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​របស់​ក្រសួង​ក្នុងទិសដៅ​ដ៏​មុខស្រួច​គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រធានបទ​“​យើង​រួមគ្នា​លើកកម្ពស់​អាហារ​សុវត្ថិភាព​និង​អាហារូបត្ថម្ភ​ដើម្បី​កាត់បន្ថយ​ភាពអត់ឃ្លាន​ឲ្យ​ដល់​កម្រិត​សូន្យ​សម្រាប់​អនាគត​របស់​យើង​”​សម្រេច​ទទួលបាន​ជោគជ័យ​តាម​ការរំពឹងទុក​៕S/