​យ៉ា​ម ខេមរា និង ន​ន់ ជំនិត ប្រជែង​កៅអី​ពី​ថៃ និង​អ៊ីរ៉ង់ បាន​ឬទេ ?

235
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire លើស​ង្វៀន​អាស៊ីអាគ្នេយ៍ សម្រាប់​ព្រឹក​ថ្ងៃទី​២៨ កក្កដា ខាងមុខនេះ គឺជា​ការប្រកួត​វគ្គ ៨ នាក់ ចុងក្រោយ​ហើយ ។​

​អ្នក​ប្រដាល់​កម្ពុជា ២ រូប បាន​កក់​កៅអី សម្រាប់​វគ្គ ៤ នាក់ ចុងក្រោយ​ហើយ​គឺ ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ដែល​ផ្ដួល​អ្នក​ប្រដាល់​ថៃ ឈូក ណាំ​ឆៃ (Chhuok Namchhai) នៅ​ទឹក​ទី​១ និង វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​យកឈ្នះ​អ្នក​ប្រដាល់​អូស្ត្រាលី ដា​រិ​ន ចិន (Darin Chen) ដោយ​ពិន្ទុ ។ ពេលនេះ អ្នក​ប្រដាល់​កម្ពុជា ២ រូប​ទៀត ដែល​ត្រូវ​ប្រជែង​ដណ្ដើម​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជាមួយ​អ្នក​ប្រដាល់​ថៃ និង អ៊ីរ៉ង់​។​

យ៉ា​ម ខេមរា និង ក្វាន់ អេក​

​យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ត្រូវ​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ថៃ ក្វាន់ អេក (Kwan Ek) ។ ខេមរា កាលពី​ជុំ​ទី​១ គេ​ផ្ដួល​អ្នក​ប្រដាល់​ចិន រូ​ន ស៊ី​អាវ​ហ៊ូ (Ruan Xiaohu) នៅមុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​១ ។ សម្រាប់​ជុំ​ទី​២​នេះ ជាមួយ​អ្នក​ប្រដាល់​ថៃ ប្រហែលជា​មិន​ស្រួល​ឡើយ ។ ក្វាន់ អេក កាលពី​ជុំ​ទី​១ គេ​បាន​យកឈ្នះ អ្នក​ប្រដាល់​កម្ពុជា ធឿន វិ​ថា​ត់ ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ដោយ​ពិន្ទុ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​ដង ឈ្នះ​៦៦​ដង ចាញ់​២៣ ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា យ៉ា​ម ខេមរា វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៥​ដង ឈ្នះ​៣៤​ដង ចាញ់​១១​ដង ។ ក្វាន់ អេក និង យ៉ា​ម ខេមរា នរណា ជា​អ្នកមាន​សមត្ថភាព ដណ្ដើមបាន​កៅអី សម្រាប់​វគ្គ ៤ រូប ចុងក្រោយ​នេះ ?​។​

ន​ន់ ជំនិត និង ហ្គា ហ្វា​រី​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​កម្ពុជា ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ហ្គា ហ្វា​រី (Ga Fari) ។ ជំនិត កាលពី​ជុំ​ទី​១ គេ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ផេ​ត ណាំ​នឹង (Phat Namneung) ដោយ​ស្វ័យប្រវត្តិ ដោយសារ​អ្នក​ប្រដាល់​ថៃ រូបនេះ រក្សា​ទម្ងន់​មិនបាន ។

​តែ​ពេលនេះ គេ​ជួប​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ហ្គា ហ្វា​រី ដែល​មិន​ត្រឹម​មាន​កម្លាំង​អស្ចារ្យ​នោះទេ សូម្បីតែ​កលល្បិច វ៉ៃ​របស់គេ ក៏​អស្ចារ្យ​ដែរ ។ កាលពី​ជុំ​ទី​១ ហ្គា ហ្វា​រី បាន​យកឈ្នះ អ្នក​ប្រដាល់​កម្ពុជា ទេស សំខាន់ ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ​ដាច់​តែម្ដង​។ ការប្រកួត​កាលនោះ ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ហ្គា ហ្វា​រី ឈ្នះ ទេស សំខាន់ គ្រប់ៗ​គ្នា ។​

​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​២៣​ដង ឈ្នះ​១៦​ដង និង​ចាញ់​៧​ដង ។ ចំពោះ ន​ន់ ជំនិត វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៩​ដង ឈ្នះ​៦១​ដង ចាញ់​១៦​ដង ស្មើ​ពិន្ទុ ២ ដង ។ ន​ន់ ជំនិត ឬ ហ្គា ហ្វា​រី ជា​អ្នកខ្លាំង​ក្នុងការ​ប្រជែង ដណ្ដើម​កៅអី វគ្គ ៤ នាពេល​ចុងក្រោយ ?៕v