​យ៉​ត វណ្ឌី ត្រឡប់មក​សងសឹក​ជាមួយ វ៉ាន់ វឿន​

1116
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ថៃ យ៉​ត វណ្ឌី (Yorth Vandy) ដែល​ធ្លាប់​ប្រកួត ក្នុង​ព្រឹត្តិការណ៍ ខ្សែក្រវាត់​ជាមួយ វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា ហើយ​ត្រូវ វ៉ាន់ វឿន វាយ​ឲ្យ​សន្លប់​នោះ បានប្រកាស​វ៉ៃ​សងសឹក នៅលើ​សង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នៅ​រសៀល​ថ្ងៃទី​៥ ឧសភា នេះ​។​

​វ៉ាន់ វឿន គឺជា​ម្ចាស់​មេដាយសំរិទ្ធ​ស៊ី​ហ្គេម ពេលនេះ គេ​វ៉ៃ​កាន់តែ​ល្អ ទោះបី​ជើង​ក្រោម​របស់គេ ជ្រាយ​បន្តិច​ក៏ដោយ តែមួយ​រយៈ​នេះ គេ​កម្រ​នឹង​ចាញ់​គូប្រកួត ដោយសារ​ខូច​ជើង​នោះទេ ។ អ្នក​ប្រដាល់​រូបនេះ មាន​ផ្លែ​វ៉ៃ​ល្អ ទាំង​កែង ជង្គង់ ទាត់ និង​កណ្ដាប់ដៃ មិនតែប៉ុណ្ណោះ គេ​ការពារ​បាន​រឹងមាំ​ទៀតផង ។​

វ៉ាន់ វឿន និង យ៉​ត វណ្ឌី​

​ចំពោះ យ៉​ត វណ្ឌី វិញ ទោះបី​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​ខ្សែក្រវាត់ កន្លងមក គេ​ធ្វើ​មិនបាន​ល្អ ក៏ពិតមែន តែ​គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ ។ គេ​មាន​កណ្ដាប់ដៃ​ធ្ងន់ ហើ​គេ​ធ្លាប់ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន ៧៥​ដង ឈ្នះ​៥៨​ដង ចាញ់​១៧​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា វា់ន់ វឿន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៦០​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ គេ​ជឿថា វ៉ាន់ វឿន នឹង​ឈ្នះ យ៉​ត វណ្ឌី ម្ដងទៀត ។​

​សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​មួយរយៈ​នេះ ការប្រកួត​របស់គេ មិនសូវ​ជួប​សំណាងល្អ​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត ឆាក់​ផេ​ត (Yorth Chakphat) ។

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ទេ មិនដឹងថា គេ​មាន​ស្ទីល​វ៉ៃ បែបណា​ឡើយ ។ ចំពោះ សារឿន ចាន់ គេ​ជា​អ្នក​ប្រដាល់ ដែល​រហ័សរហួន និង​មាន​ផ្លែ​វ៉ៃ​ល្អ តែ​ប៉ុន្មាន​ឆ្នាំនេះ គេ​ហាក់ដូចជា​ស្រុតចុះ ច្រើនណាស់ ។​

​សារឿន ចាន់ និង យ៉​ត ឆាក់​ផេ​ត​

​សារឿន ចាន់ មាន​ប្រវត្តិ​ប្រកួត ចំនួន​១០២​ដង ឈ្នះ​៨១​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ ២​ដង​។ ចំពោះ​អ្នក​ប្រដាល់​ថៃ​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៣​ដង ឈ្នះ​៥៥​ដង ចាញ់​៨​ដង ។ សារឿន ចាន់ ឬ យ៉​ត ឆាក់​ផេ​ត ជា​អ្នកឈ្នះ ?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សេក គឹម​រូ​ន ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង បេន​ឡឿ​ន ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល ប្រកួត​ជាមួយ លន់ សៀក ឡេង ក្លិប​ព្រៃទទឹង​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v