​រកឃើញ​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រេង​អត់​ច្បាប់​អនុញ្ញាត​៨​ទីតាំងនៅ​ស្រុក​ចំនួន​ពីរ

677
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ក្រុមការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប​បាន​ចុះ​ពិនិត្យ​និង​បាន​រកឃើញ​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ ចំនួន ៨​ទីតាំង ដែល​គ្មាន​លិខិតអនុញ្ញាត​ក្នុងស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង​។ ការចុះ​ត្រួតពិនិត្យ​នេះ បានធ្វើ​ឡើង​រយ​:​ពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៩​និង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៦៧ ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង និង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​លោក ហែ​ន ពុ​ទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត បាន​និយាយថា ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត សៀមរាប​ដោយមាន​សមាសភាព​ចូលរួម​ពី​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​។​បាន​ចុះ​ពិនិត្យ​ការសាងសង់​ស្ថានីយប្រេងឥន្ធនៈ គ្រប់​ប្រភេទ ដែល​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ពី​ក្រសួង​ជំនាញ​សមត្ថកិច្ច ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៦៧ ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង និង​ស្រុក​បន្ទាយស្រី បាន​ចំនួន ៨ ទីតាំង ។

​លោក​បាន​បន្តថា​ក្រុមការងារ​ចម្រុះ​បានធ្វើ​កំណត់ហេតុ​បញ្ឈប់​ការសាងសង់​សំណង់​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ទៅ​បំពេញបែបបទ​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​តាមរយៈ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​និង​ក្រសួង​ស្ថាប័ន​ជំនាញ​ជាមុន​និង​មុន​ដំណើរ​ការសាងសង់​ស្ថានីយ៍​។​

លោក​បាន​បន្តទៀតថា​ក្រុមការងារ​របស់​យើង​ក៏បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ស្រុក​ពាក់ព័ន្ធ​និង​មន្ទីរជំនាញ​បន្ត​តាមដាន​លើ​ទីតាំង​ទាំងអស់​ដែល​បាន​បញ្ឈប់​។​ជាមួយ​នោះ​ក្រុមការងារ​ចម្រុះ​នឹង​បន្ត​ចុះ​ពិនិត្យ​រាល់​ទីតាំង​ទាំងអស់​ក្នុង​ខេត្តសៀមរាប​ផងដែរ​៕S/


​រូបភាព​: រកឃើញ​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ ចំនួន ៨​ទីតាំង ដែល​គ្មាន​លិខិតអនុញ្ញាត ៕​គូលែន​