​រកឃើញ​កូន​ក្រពើ​៥​ក្បាល​ក្នុង​ប្រឡាយទឹក​នៅ​ក្រុង​សៀមរាប

241
ចែករម្លែក

​ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​លែង​កូន​ក្រពើ​មួយ​ក្បាល​ចូលទៅក្នុង​ទឹក​កស្សិណ​អង្គរ​បំណង​ឱ្យ​ក្រពើ​នោះ​កាន់​ធម៌អាថ៌​។​តែ​ត្រូវបាន​មហាជន​នាំគ្នា​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ផ្អើល​ពេញ​ប្រទេស​ព្រោះ​ខ្លាច​នៅពេល​សត្វ​ក្រពើ​នោះ​ធំ​បង្ក​គ្រោះថ្នាក់​ដល់​អ្នករស់នៅ​ទីនោះ​និង​ភ្ញៀវ​ទេសចរណ៍​។ តែ​ក្រោយមក កូន​ក្រពើ​នោះ ត្រូវគេ​ចាប់បាន​មកវិញ​។​

​ប៉ុន្តែ​អ្វី​ធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​សាជាថ្មី​រឿង​សត្វ​ក្រពើ​នោះ​គឺ​កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​មាន​បុរស​ម្នា​ក់បាន​ឈប់​នោម​នៅក្នុង​ប្រឡាយ​ផ្លូវ​សម្ដេច​ជាស៊ីម​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​។​ស្រាប់តែ​ប្រទះឃើញ​កូន​ក្រពើ​ចំនួន​២​ក្បាល​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​លុះ​ពេល​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​រុករក ក៏​ចាប់​កូន​ក្រពើ​បាន​ទៅដល់​៥​ក្បាល​ឯណោះ​។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កូន សេក​មាស​ទី​វុ​ឌ្ឍី ដែល​ថត​កូន​ក្រពើ​បង្ហោះ កាលពី​១៩​ម៉ោង មុន ភ្ជាប់​ជាមួយ​សំណេរ​ថា​«​ឈប់​នោម​ឃើញ​កូន​ក្រពើ​២​ក្បាល​ក្នុង​ប្រឡាយ​»​។​លុះ​៦​ម៉ោង​ក្រោយមក​ហ្វេ​ស​ប៊ុ​ក​ដដែល​បង្ហោះ​ថា​«​កូន​ក្រពើ​ដែល​បានឃើញ​នោះ​គឺមាន​ពលរដ្ឋ​យកមក​ព្រលែង​នៅ​ម្ដុំ​ប្រឡាយ​ផ្លូវ​សម្ដេច​ជាស៊ីម​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

​មូលហេតុ​ដោយ​កូន​ក្រពើ​នោះ​មាន​ជំងឺ​និង​ខ្វាក់ភ្នែក​លក់​មិន​ចេញ​ក៏​មក​ព្រលែង​ចោល​តែ​ពេលនេះ​ក្រុមការងារ​និង​មន្ត្រី​ជំនាញ​មាន​រដ្ឋបាល​ក្រុង​ជលផល​សង្កាត់​និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ​ធ្វើការ​រុករក​ចាប់បាន​អស់ហើយ​។​ដោយឡែក​កូន​ក្រពើ​ចំនួន​ប្រាំ​ក្បាល​គឺមាន​១​ក្បាល​បាន​ស្លាប់​ហើយ​បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​យកទៅ​ហើយ​។​

សូមបញ្ជាក់ថា​នៅ​ទីនោះ​គឺ​ទឹក​ដក់​តែ​ក្នុងកំឡុងពេល​ភ្លៀង​ធ្លាក់​តែប៉ុណ្ណោះ​គឺ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​នោះឡើយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ហើយក៏​សូម​អរគុណ​បងៗ​សមត្ថកិច្ច​ដែល​បាន​រុះ​រាន់​ចុះទៅ​ត្រួតពិនិត្យ​យ៉ាង​លឿន ដើម្បី​ជម្រះ​នូវ​មន្ទិលសង្ស័យ​៕S/

​រូបភាព​÷ មានការ​ភ្ញាក់ផ្អើល​រក​ឃើញ​កូន​ក្រពើ​៥​ក្បាល​នៅ​ប្រឡាយ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ៕ បាយ័ន​