​រកឃើញ​ជ័យលាភី​ប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​ឆ្នាំ​២០១៨

1127
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ការប្រកួត​ប្រឡង​ចម្រៀង​ជប៉ុន​ណូ​ដូ​ជី​ម៉ាន់ បាន​រកឃើញ​ជ័យលាភី​ហើយ​​ដោយ​លេខ​១​បាន​ទៅលើ​ក្រុម​មកពី​សមាគម​បង្កើត​ឋានសួគ៌​កុមារ​កម្ពុជា​។​ក្នុងនោះ​រួមមាន កុមារី ពេជ្រ ស្រី​យ៉ា​,​កុមារី រ៉េត ស្រី​ចិន​, កុមា​រ៉ា យឿន មេសា​, កុមារី រ៉េត ដា​វិ​ន​, កុមារី ពេជ្រ ស្រី​ប៉ុច​, កុមារី ពេជ្រ ស្រី​ពៅ​, កុមារី រ៉េត ធា​វី​, និង​កុមារី ខន លី​ល្សា​។​

​កញ្ញា​លី​សោ​ភ័​ណ្ឌ​មកពី​សាលា​ពាណិជ្ជ​សាស្ត្រ​តា​យ៉ាម៉ា​ទទួលបាន​ជ័យលាភី​លេខ​២​។​លេខ​៣​បាន​ទៅ​លោក​លោក​ញ៉​ដាំ​មកពី​សាលា​អូ​អេស​។​បេក្ខជន​ជ័យលាភី​លេខ​១​ពី​ការប្រកួត​ទទួលបាន​នូវពាន​កុលាលភាជន៍​,​ពាន​គ្រី​ស្ទាល់​, វិញ្ញាបនបត្រ និង​Tablet មួយគ្រឿង​។ រង្វាន់​ជ័យលាភី​លេខ​២ ទទួលបាន​នូវ​វិញ្ញាបនបត្រ​និង​Tablet​មួយគ្រឿង​។​ចំណែក​រង្វាន់​ជ័យលាភី​លេខ​៣​ទទួលបាន​នូវ​វិញ្ញាបនបត្រ និង​នាឡិកាដៃ​មួយគ្រឿង​។​

​គួរ​ជម្រាប​ថា​ស្ថានទូត​ជប៉ុន​រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) បានរៀបចំ​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​លើក​ទី​៩​សម្រាប់​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន​នៅ​ប្រទេស​កម្ពុជា​។​ឆ្នាំនេះ​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​បាន​ផ្លាស់ប្តូរ​ទៅជា​ការប្រកួត​រវាង​សាលា និង​សាលា មិនមែនជា​លក្ខណៈ​បុគ្គល​ទេ​។​

បេក្ខជន​ចំនួន​១៧​រូប​ឬ​ក្រុម​មកពី​គ្រឹះស្ថានសិក្សា ឬ​សាកលវិទ្យាល័យ​ចំនួន​១០ បាន​ចូលរួម​ប្រឡងប្រជែង​ដណ្តើមយក​ជ័យលាភី​ជូន​សាលា​រៀងៗ​ខ្លួន កាលពី​ថ្ងៃទី​០៦​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​CJCC​ក្នុង​ពិធីបុណ្យ​តា​ណា​បា​តា​។

​ការប្រឡង​ចម្រៀង​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​យ៉ាង​សប្បាយរីករាយ ជាមួយនិង​អ្នកចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​បេក្ខជន​ចំនួន​ជាង​៤០០​នាក់​។​ការប្រលង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន​រីករាយ​ក្នុងការ​សិក្សា​ភាសា តាមរយៈ​ការ​ច្រៀង​ចម្រៀង​ជប៉ុន​។​

តាមរយៈ​កម្មវិធី​នេះ​រំពឹងថា​ការយល់ដឹង​ពី​ប្រទេស​ជប៉ុន​និង​វប្បធម៌​ជប៉ុន​ក្នុងចំណោម​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន​គឺ​ត្រូវបាន​ជំរុញ​បន្ថែមទៀត​៕S/

​ ​

​ចំណងជើង​រូបថត​៖​ការប្រឡង​ចម្រៀង​ជប៉ុន​ណូ​ដូ​ជី​ម៉ាន់ ឆ្នាំ​២០១៨​បាន​រកឃើញ​ជ័យលាភី​ហើយ​កាលពី​ថ្ងៃទី​៦ កក្កដា​