​រកឃើញ​ទំនិញ​ហួសកំណត់​ក្នុង​បរិមាណ​តិចតួច​នៅ​ផ្សារ​ដងទង់​

680
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង​បាន​ចុះ​ត្រួតពិនិត្យ​រាល់​មុខទំនិញ​ទាំងឡាយ​ដែល​អាជីវករ​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​ដងទង់ ក្រុង​ខេមរភូមិន្ទ​។ បើតាម​សមត្ថកិច្ច​ជំនាញ គឺ​ពិនិត្យ​រកឃើញ​មាន​ផលិតផល​នំ​កញ្ចប់​និង​ភេសជ្ជៈ​កម្រិត​បរិមាណ​តិច​តូច​ដែល​ដាក់តាំង​លក់​ផុត​ថ្ងៃខែ​កំណត់​ប្រើប្រាស់​។​

ផលិតផល​ទំនិញ​ភេសជ្ជៈ​និង​នំ​កញ្ចប់​មួយចំនួន​តិចតួច​ប៉ុណ្ណោះ​ត្រូវ​សមត្ថកិច្ច​សាខា​កាំកុងត្រូល​ប្រចាំខេត្ត​កោះកុង​រកឃើញ​និង​ដកហូត​យកទៅ​រក្សាទុក​ធ្វើ​វត្ថុតាង​កំណត់សម្គាល់​។ ដោយឡែក អាហារ​កំប៉ុង បន្លែ ផ្លែឈើ ត្រី​សាច់ និង​អាហារ​សមុទ្រ កំពុង​តាំង​លក់​នៅលើ​ទីផ្សារ​ដងទង់ ពុំបាន​រកឃើញថា មាន​សារ​ធាតុគីមី​ឡើយ​។

​លោក ហ៊ុយ ភារ​ម្យ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​១៩ មិថុនា​ឆ្នាំ​២០១៨ នេះ​ថា ផលិតផល​មុខម្ហូប​ស្រស់ ភេសជ្ជៈ និង​នំ​កញ្ចប់​ហួស​កាលកំណត់​ប្រើប្រាស់ ជា​ក្តី​ព្រួយបារម្ភ​ចំពោះ​សុខភាព​អ្នកប្រើប្រាស់​សាធារណៈ​។​ដូច្នេះ​ការចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ចំណីអាហារ​នៅលើ​ទីផ្សារ ពិត​ជាមាន​សារៈសំខាន់​ណាស់​។​

​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង​បាន បញ្ជាក់ទៀតថា មួយរយៈ​ចុងក្រោយ មន្ត្រី​ជំនាញ​របស់លោក ចុះ​ពិនិត្យ និង​រឹប​អុស​យក​ទំនិញ​ខូចគុណភាព​នៅតាម​ទីផ្សារ​នានា​ក្នុង​ខេត្ត បាន​ថយចុះ​ដោយសារតែ​អាជីវករ​ឬ​អ្នកលក់ដូរ​ទាំងនោះ​មានការ​យល់ដឹង​អំពី​ការដាក់​លក់ទំនិញ​ដែល​គុណភាព​ដោយបាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​យល់ដឹង​មិន​លក់ទំនិញ​ផ្ទុក​សារធាតុ​គីមី និង​ហួស​ថ្ងៃខែ​កំណត់​ទេ​។​

​បន្ថែម​លើ​នេះដែរ លោក ហ៊ុយ ភារ​ម្យ ក៏​ស្នើ​ដល់​ដល់​អាជីវករ ពិសេស​អាណាព្យាបាល​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការជ្រើសរើស​អាហារ​មក​ទទួលទាន​ឬ​លក់ដូរ​បន្ត​ជៀសវាង​រង​ផលប៉ះពាល់​ដោយសារតែ​ការប្រើប្រាស់​ទំនិញ​ខូចគុណភាព​ដែល​នាំ​អ្នកប្រើប្រាស់​មាន​ជំងឺ​ផ្សេងៗ ដូចជា រាករូស ក្អូ​ត​ចង្អោរ​ចុកពោះ​និង​អាច​ឈានដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​នៅ​ឆ្នាំ​២០១៧​មន្ត្រី​កាំកុងត្រូល​ខេត្តកោះកុង​បាន​ចុះ​អង្កេត​និង​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ទំនិញ​នានា​នៅតាម​ហាង​លក់ដូរ​លើ​ទីផ្សារ​បាន​ចំនួន​៤៥​លើក​។​ក្នុងនោះ​ដកហូត​ទំនិញ​ចំនួន​២២​មុខ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​គ្មាន​អនាម័យ គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ហើយ​ខ្លះទៀត​នោះ​ផ្ទុក​សារធាតុ​គីមី​រួមមាន​៖ សាច់មាន់ ប្រហិត​សរុប​ចំនួន​១​ពាន់​៦​រយ​គីឡូ​ក្រោម​ដែល​នាំចូល​ពី​ប្រទេស​ថៃ​។​

​យោងតាម​ច្បាប់​ស្តីពី​សុវត្ថិភាព​ចំណីអាហារ គ្រប់​ម្ចាស់​ក្រុមហ៊ុន អ្នក​ដឹកជញ្ជូន ទំនិញ​ជា​គ្រឿងឧបភោគ បរិភោគ​នាំចូល​តាម​ច្រកព្រំដែន ក៏ដូចជា​នៅលើ​ទីផ្សារ​ទាំងអស់ ត្រូវតែ​នាំចូល​ទំនិញ​ទាំងឡាយណា​ដែលមាន​លក្ខណៈ​អនុលោមភាព​ខ្ពស់​គ្មាន​សារធាតុ​គីមី ហើយ​មាន​សំបក​តាម​បទដ្ឋាន​បច្ចេកទេស​ស្តង់ដារ​ត្រឹមត្រូវ​ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ទាំង​ផ្នែក​សុខុមាលភាព និង​សេដ្ឋកិច្ច​៕S/

​រកឃើញ​ទំនិញ​ហួសកំណត់​ក្នុង​បរិមាណ​តិចតួច​នៅ​ផ្សារ​ដងទង់​