​រកឃើញ​អ្នកបើកបរ​រថយន្ត​និង​ជំនួយការ​៣៦​នាក់​ផ្ទុក​សារធាតុ​ញៀន​

2234
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ប្រើ​ថេរវេលា​មួយ​យប់ និង​មួយថ្ងៃ​ចាប់​ឃាត់​រថយន្ត​ធុន​ធំ​ដែល​សង្ស័យ​អ្នកបើកបរ​និង​ជំនួយការ​មាន​ផ្ទុក​សារធាតុ​គ្រឿងញៀន​ជា​បុរស​ចំនួន​១៨៧​នាក់មក​ធ្វើតេស្ត​ទឹក​ម៉ូត​ឬ​ទឹកនោម​។​ជា​លទ្ធផល​បាន​រកឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន ៣៦ នាក់​។ ក្នុង​នោះបាន​អនុវត្តន៍​វិធានការ​អប់រំ និង​ចេញ​ដីកា​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​ផ្តាច់ ឬ​បន្សាប​សារធាតុ​ញៀន នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

​លោក​វរសេនីយ៍​អ៊ឹម​ស៊ា​ង​ឌី​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ខាង​មន្ត្រី​ជំនាញ​គ្រឿងញៀន ចរាចរណ៍ និង​មន្ត្រី​មូលដ្ឋាន ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ ចុះ​អនុវត្តន៍​វិធានការ​រដ្ឋបាល​ឃាត់​រថយន្ត​ធុន​ធំ​កំពុង​ធ្វើចរាចរ​លើផ្លូវ​ជាតិ​លេខ​៦ និង​ជាតិ​លេខ​៧ ដែល​សង្ស័យ​អ្នកបើកបរ ជំនួយការ​បើកបរ និង​កម្មករ​តាម​រថយន្ត គឺ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​លើ​បុរស​ចំនួន ១៨៧​នាក់ ក្នុង​ពេលយប់ ថ្ងៃទី​១២ និង​ក្នុងពេល​ថ្ងៃ ថ្ងៃទី ១៣ ខែឧសភា​។ ដើម្បី​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​គ្រឿងញៀន ក្នុង​ខ្លួន​នៃ​ជន​ទាំងនោះ​ម្នាក់ៗ​។​

​លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា​ជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​យើង​បាន​ស្វែង​រកឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​គ្រឿង​ញៀ​ញ​សរុប​ចំនួន ៣៦ នាក់​។ មាន​អ្នកបើកបរ​ចំនួន ១៥ នាក់ ,​ជំនួយការ​បើកបរ​(​ព្រូ​)​ចំនួន ១២ នាក់ និង​កម្មករ​តាម​រថយន្ត​ចំនួន ០៩ នាក់ នៃ​បុរស​ដែល​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​សរុប​ចំនួន ១៨៧ នាក់​។ ក្នុងនោះ​ចំណោម​នោះ​មាន​អ្នក​ខេត្តកំពង់ចាម​ចំនួន ១១ នាក់ និង​អ្នក​ខេត្ត​ដូចជា ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តព្រះវិហារ​ជាដើម​ចំនួន ២៥ នាក់​ផ្សេងទៀត​។​
​ ​
ជាមួយ​នោះ​នៅ​ព្រឹក​ថ្ងៃទី ១៤ ឧសភា​នេះ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ទៅដោយ​ផ្ទាល់ ដែល​បាន​អមដំណើរ​ជាមួយ​លោក ហួត វុទ្ធី ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នេះ ជួប​ជាមួយ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ទាំង ៣៦ នាក់​ក្នុង​ស្នងការ​នគរបាល បាន​ថ្លែង​ប្រាប់ថា នេះ​ជា​វិធានការ​សាកល្បង គឺ​គ្រាន់តែ​ធ្វើការ​អប់រំ ហើយ​លោក​ព្រះរាជអាជ្ញា​ចេញ​ដីកា និង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ចែក​ថ្នាំ​ព្យាបាល​ផ្តាច់​គ្រឿងញៀន ប​ញ្ជួ​ន​ទៅ​ព្យាបាល និង​ផ្តាច់ ឬ​បន្សាប​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​តែម្តង​។​
​ ​
លោក គួច ចំរើន បានដាក់​កម្រិត​ទៅកាន់​អ្នក​ទាំង​៣៦​នាក់​ថា នេះ​ជា​ចំណាត់ការ​លើកដំបូង​ប្រើ​ត្រឹម​វិធាន​ការអប់រំ និង​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​ព្យាបាល​ផ្តាច់​គ្រឿងញៀន​នៅឯ​មូលដ្ឋាន​ភូមិ​ឃុំ​។ ប៉ុន្តែ​ចំណាត់​ការបន្ត ពោលគឺ​បើ​ត្រួតពិនិត្យ​ប៉ះចំ​មុខសញ្ញា​ដដែល​មាន​ក្នុង​បញ្ជី​នេះ​ម្តងទៀត​នោះ គឺ​យើង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​គ្មាន​លើកលែង​ទៀតឡើយ​។ ដោយ​លោក​អភិបាលខេត្ត​បាន​អាន​នូវ​មាត្រា ៣៦ នៃ​ច្បាប់​ស្តីពី គ្រឿងញៀន ឲ្យ​ស្តាប់​បន្ថែមទៀត និង​ប្រាប់​ទិញ​ច្បាប់​នេះ​អាន​ឲ្យ​យក​ច្បាស់​ដោយ​ខ្លួនឯង​។​

​លោក អេង ពៅ អាយុ ២៩ ឆ្នាំ​ជា​អ្នកបើកបរ​រថយន្ត​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ស្ថិត​ក្នុងចំណោម ៣៦ នាក់​នោះបាន​និយាយថា ខ្លួន​ពិតជា​មានការ​សោកស្តាយ ដែល​បាន​ប្រព្រឹត្ត​កំហុស​សេព​គ្រឿងញៀន​នេះ​បាន​ម្តងគត់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ស្រុក​ជើងព្រៃ​។ ខណ​:​នេះ​ខ្លួន​នឹង​ព្យាយាម​ព្យាបាល​ផ្តាច់​ឲ្យ​អស់​សារធាតុ​ញៀន​ពី​ក្នុង​ខ្លួន​ឲ្យ​បាន​ជោគជ័យ​។​
​ ​
លោក គឹម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា ខេត្តកំពង់ចាម​យើង​បាន​អនុវត្តន៍​សេវា​ព្យាបាល​ផ្តាច់​គ្រឿងញៀន​នៅ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ និង​នៅតាម​មណ្ឌល​សុខភាព​ឃុំ​សង្កាត់​សរុប​ចំនួន ៨៨ កន្លែង​។ ដោយ​ការព្យាបាល ពិគ្រោះ និង​ផ្តល់​ថ្នាំ មិនចាំបាច់​បង់ប្រាក់​ចាប់តាំងពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ​២០១៨​មក​ម្លេះ​។ រយ​:​ពេល​មួយ​ត្រីមាស​ដើមឆ្នាំ​នេះ​យើង​បាន និង​កំពុង​ផ្តល់ជូន​ជនរងគ្រោះ​ជា​អ្នកញៀន​គ្រឿងញៀន​នេះ​ចំនួន ១១៨ នាក់​៕S/

​រកឃើញ​អ្នកបើកបរ​រថយន្ត​និង​ជំនួយការ​៣៦​នាក់​ផ្ទុក​សារធាតុ​ញៀន​

#