​រកឃើញ​អ្នកមាន​សមត្ថភាព​ពិតប្រាកដ​ទើប​លទ្ធផល​ការងារ​ប្រកបដោយ​គុណភាព​

201
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ដើម្បីឱ្យ​លទ្ធផល​ការងារ​ដែល​ទទួលបាន​ពោរពេញ​ដោយ​គុណភាព​រាជរដ្ឋាភិបាល​ត្រូវការ​មន្ត្រី​មានចំណេះ​ជំនាញ​និង​សមត្ថភាព​ពិតប្រាកដ​តាមរយៈ​ការប្រឡងប្រជែង​បែប​យុត្តិធម៌​តម្លាភាព​។​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ចូល​កាត់​ប្រអប់​វិញ្ញាសា​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​កំពត​ក្រុង កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩​។​

​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​ត្រូវការ​មន្ត្រី​មានចំណេះ​ជំនាញ​និង​សមត្ថភាព​ពិតប្រាកដ​ដើម្បី​បំពេញការងារ​តាម​មន្ទីរ​អង្គភាព​នានា​ពោរពេញ​ដោយ​គុណភាព​។ ផ្អែកលើ​ខ្លឹមសារ​នេះ​ទើប​ក្រសួងមហាផ្ទៃ​បើក​ឱ្យមាន​ការប្រឡងប្រជែង​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ដើម្បី​សម្រិតសម្រាំង​យក​បេក្ខជន​ជ័យលាភី​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ការផ្តល់​ក្របខ័ណ្ឌ​ជូន​។

លោក​អភិបាលខេត្ត​បានក​ក្រើន​រំលឹកថា​ឆ្លើយតប​ចំពោះ​គោលការណ៍​នេះ​បេក្ខជន​ទាំងអស់​ត្រូវខិតខំ​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​និង​ចំណេះ​ដែលមាន​ដើម្បី​ជោគជ័យ​សម្រាប់​ខ្លួន​ផ្តោតលើ​គោលការណ៍​អ្នកចេះ​គឺជា​ប់​។​ជាមួយគ្នានេះដែរ​មេ​ប្រយោគ​ក៏ដូចជា​អនុរក្ស​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​ប្រឡង​នេះ​ត្រូវ​រក្សា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​។​ពិនិត្យ​តាមដាន​យ៉ាង​ល្អិតល្អន់​រាល់​គ្រប់​សកម្មភាព​បំណង​ឱ្យ​ការប្រឡង​នេះ​មានដំណើរ​ការល្អ ហើយ​ទទួលយកបាន​ទាំងអស់គ្នា​។​

​ពាក់ព័ន្ធ​នឹង​ការប្រឡង​នេះ​លោកស្រី​យូ​សុគន្ធ​អភិបាលរង​ខេត្តកំពត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡង​បាន​បញ្ជាក់ថា​ឆ្នាំនេះ​ខេត្តកំពត​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ក្នុងការ​ប្រឡង​មន្ត្រីរាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​ដែលមាន​បេក្ខជន​មកពី​ខេត្តកំពត​,​ខេត្ត​កែប​,​ខេត្ត​ព្រះសីហនុ​,​ខេត្តកំពង់ស្ពឺ​,​និង​ខេត្តតាកែវ​,​ចំនួន​៥១០​នាក់​។

​ការប្រឡង​នេះ​សម្រាប់​ខេត្តកំពត​និង​ខេត្ត​កែប​គឺ​ជ្រើសរើស​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​មន្ត្រី​ក្រមការ​មន្ត្រី​លេខាធិការដ្ឋាន​រដ្ឋបាល​និង​មន្ត្រី​ស្មៀនឃុំ​សង្កាត់​។​ចំណែក​ខេត្ត​បី​ទៀត​សម្រាប់តែ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ និង​មន្ត្រី​ក្រមការ​ប៉ុណ្ណោះ​៕S/​